
លោក ព្រហ្ម ឌិន និងលោក ប៊ូ ជុំសេរី ពេលមកដល់ព្រលានយន្ដហោះ។ ស្រេង ម៉េងស្រ៊ុន
Wed, 5 July 2017
ឈន ណន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ដែលសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ប្រគល់ឲ្យសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានលោក ព្រហ្ម ឌិន និងលោក ប៊ូ ជុំសេរី នាំយកពីប្រទេសបារាំង មកដល់មាតុប្រទេសវិញ កាលពីថ្ងៃអង្គារម្សិលមិញ ជាមួយការបង្ហាញមោទនភាពយ៉ាងខ្លាំង ព្រោះក្រៅពីពានមួយនេះ កម្ពុជាក៏ទទួលបានប្រយោជន៍ជាច្រើនទៀត ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ ២០១៩ ផងដែរ។
លោក ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងនៅពេលនាំពានរង្វាន់លេខ ១ ពិភពលោក មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីម្សិលមិញថា៖ «យើងឃើញថា ពាននេះតូច ប៉ុន្តែតម្លៃរបស់វាគឺថ្នាក់ពិភពលោក ហើយមានប្រទេសត្រឹម ៦ ប៉ុណ្ណោះ បានទទួលពានរង្វាន់នេះមុនយើង»។
គួររំឭកថា លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ បានសម្រេចផ្តល់ពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជានេះ ក៏ព្រោះតែសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានស្នាដៃ និងមានការដឹកនាំបានល្អជាងគេនៅលើពិភពលោក ដែលធ្វើឲ្យក្រុមប៉េតង់កម្ពុជា អាចឈ្នះមេដាយមាសលើឆាកអន្តរជាតិបន្តបន្ទាប់ ពិសេសការឈ្នះមេដាយមាសចំនួន ៤ លើកជាប់ៗគ្នាពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក កន្លងមក។
លោក ព្រហ្ម ឌិន បន្តថា៖ «ក្រៅពីការទៅទទួលពាននេះ យើងបានទៅជួបពិភាក្សាគ្នាច្រើនជាមួយអនុប្រធានទី ១ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ទទួលបន្ទុកផ្នែកបច្ចេកទេស ហើយនាជំនួបនោះ គាត់ប្រាប់ថា ខាងភាគីបារាំង ត្រៀមជួយយើងគ្រប់បែបយ៉ាង នៅពេលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅឆ្នាំ ២០១៩»។
លោកបានបន្ថែមថា៖ «គេក៏ឲ្យយើងទៅធ្វើទស្សនកិច្ច នៅចិន ដែលត្រូវធ្វើជាម្ចាស់ការប្រកួតប៉េតង់ជើងឯកពិភពលោក ក្នុងឆ្នាំ ២០១៧ នេះផងដែរ ដើម្បីយើងបានសិក្សាពីប្លង់ ពីតារាង និងការរៀបចំផ្សេងៗទៀត។ លើសពីនេះបារាំង ដែលជាស្តេចប៊ូល និងប៉េតង់ នឹងមកជួយបំពាក់បំប៉នគ្រូៗកម្ពុជាចំនួន ៣ កម្រិត ដែលពួកគេ នឹងចុះមកនៅក្នុងខែកញ្ញា ខាងមុខដើម្បីឲ្យគ្រូបង្វឹករបស់យើងមានសមត្ថភាពកាន់តែខ្លាំង ក្នុងការបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីកម្ពុជា បន្ថែមទៀត»។
ចំណែកលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបន្ថែមថា៖ «ចំពោះការធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៩ នេះ ខ្ញុំនិងឯកឧត្តម ព្រហ្ម ឌិន បានពិភាក្សាគ្នាច្រើនជាមួយអនុប្រធានទទួលបន្ទុកផ្នែកបច្ចេកទេសពិភពលោក ហើយបញ្ហាសំខាន់ គឺការធ្វើសៀវភៅបន្ទុក»។
លោកបានបញ្ជាក់ថា៖ «ប្រទេសមួយៗ ដែលត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិ ត្រូវធ្វើសៀវភៅបន្ទុក ដោយមានការចុះហត្ថលេខាត្រឹមត្រូវ អមជាមួយលិខិតផ្លូវការចំនួន ២ ទៀតគឺពីក្រសួងអប់រំមួយ និងសហព័ន្ធមួយ រួចផ្ញើជូនទៅសហព័ន្ធអន្តរជាតិ ដើម្បីឲ្យគេទទួលយើងជាផ្លូវការ។ បើបានសម្រេចហើយ គេនឹងប្រកាសនៅក្នុងមហាសន្និបាតសហព័ន្ធអន្តរជាតិ នៅប្រទេសចិន ខែ ១១ ឆ្នាំ ២០១៧ នេះ ដូច្នេះយើងត្រូវតែទៅចូលរួម ដើម្បីការពារ និងបង្ហាញខ្លួននៅក្នុងមហាសន្និបាតនោះ ក្នុងនាមសហព័ន្ធ ជាសមាជិក»៕