កម្ពុជា​ដាក់​បញ្ចូល​ខ្មែរ​អាមេរិកាំង​ក្នុង​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​ ដើម្បី​ប្រកួត​ស៊ីហ្គេម

ខ្មែរ​នៅ​អាមេរិក

ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួត​ក្នុង​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។


29 កក្កដា 2017
ឯក ម៉ានីឡែន
វីអូអេខ្មែរ

«ពួកគេ​ផ្អាក​ការងារ និង​ចាកចេញ​ពី​គ្រួសារ​ ដើម្បី​មក​ជួយ​​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ។ នេះ​ជា​ស្មារតី​ខ្មែរ​ជា​ធ្លុង​មួយ»។

ដើម្បី​ក្លាយ​ជា​ក្រុម​ឈ្នះ​មួយ​ គឺ​ត្រូវ​ការ​កម្លាំងចិត្ត​ប្ដេជ្ញា​មុតមាំ។ ហើយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ គឺ​មាន​ពោរពេញ​កម្លាំង​ចិត្ត​ខ្លាំង ចំពោះ​ការ​ចូលរួម​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា «ស៊ី​ហ្គេម» (SEAP Games)​ នៅ​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៨ ដល់​ ៣០ ខែ​សីហា ខាង​មុខ​នេះ។

ប្រធាន​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ លោក​ Pek Mith អាយុ ៣១​ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ថា ក្រុម​របស់​លោក​នឹង «លេង​ឲ្យ​អស់​ពី​កម្លាំង​ចិត្ត»។ លោក Pek ដែល​ជា​កីឡាករ​លេង​នៅ​ទីតាំង​កណ្តាល បាន​បន្ត​ថា៖

«ពួក​យើង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទាំង​មូល។ ហើយ​ពួក​យើង​ក៏​តំណាង​ឲ្យ​ជន​រួម​ជាតិ​នៅ​មាតុភូមិ​យើង និង​នៅទី​នេះ​ផង​ដែរ គឺ​នៅ​សហរដ្ឋ​អាមេរិក»។

យ៉ាង​ណា​ក្តី ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​យល់ស្រប​ថា កម្ពស់​ខ្ពស់​នឹង​ជា​កត្តា​មួយ​ជួយ​ដល់​ការ​ប្រកួត​របស់​ពួកគេ។ កីឡា​ស៊ី​ហ្គេម​ ជា​កម្មវិធី​ប្រកួត​កីឡា​ច្រើន​ប្រភេទ​មួយ ស្រដៀង​ទៅ​នឹង​កីឡា​អូឡាំពិក ដែល​អនុញ្ញាត​ឲ្យ​ក្រុម​កីឡា​នានា​ដាក់​បញ្ចូល​កីឡាករ​កើត​នៅ​បរទេស ឬ​ធំ​ដឹង​ក្តី​នៅ​បរទេស ដរាប​ណា​កីឡាករ​ទាំង​នោះ​លេង​ឲ្យ​ប្រទេស​កំណើត​របស់​ម្តាយ​ឪពុក​ខ្លួន។

ស្រប​ពេល​ក្រុម​កំពុង​ត្រៀម​លក្ខណៈ​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នា​ឆ្នាំ​នេះ ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​កំពុង​រំពឹង​លើ​កីឡាករ​ផ្នែក​ប្រយុទ្ធ​ លោក Sophoeun Oeun កម្ពស់​១,៩៣​ម៉ែត្រ ដែល​លោក​ជា​កីឡាករ​ប្រចាំ​ក្រុម​បាល់បោះ Saigon Heat។

ចុចទស្សនា៖ កម្ពុជា​ដាក់​បញ្ចូល​ខ្មែរ​អាមេរិកាំង​ក្នុង​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​ ដើម្បី​ប្រកួត​ស៊ីហ្គេម


ប៉ុន្តែ​លើស​ពី​ការ​ចូលរួម​ប្រកួត​ ក្រុមបាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ចង់​បាន​មេដាយ​មាស​ផង​ដែរ។ ប្រសិន​ជា​ទទួល​បាន​ជោគជ័យ ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា នឹង​កា្លយ​ជា​ក្រុម​ការពារ​ជើង​ឯក​ នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣។

បន្ថែម​ពី​លើ​នេះ​ទៀត វា​នឹង​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ប្រសិន​បើ​ក្រុម​បាល់​បោះ​ជម្រើស​ជាតិ​កម្ពុជា​ អាច​បំបាក់​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​ហ្វីលីពីន ដែល​ជា​ក្រុម​ឈ្នះ​មេដាយ​មាស​ជាប់​ជានិច្ច​ តាំង​ពី​ការ​ប្រកួត​បាល់បោះ​ក្នុង​កីឡា​ស៊ីហ្គេម​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ១៩៧៧ លើកលែង​តែ​ក្នុង​ឆ្នាំ ១៩៨៩ ដែល​ម៉ាឡេស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ។

ជាមួយ​នឹង​មហិច្ឆតា​ដូចនេះ​ហើយ ទើប​ក្រុម​បាល់បោះ​កម្ពុជា​ ដាក់បញ្ចូល​កីឡាករ​ ១០​រូប​ ដែល​មាន​ប្រាំបួន​នាក់​ពី​សហរដ្ឋអាមេរិក និង​ម្នាក់​ពី​កាណាដា ដែល​កីឡាករ​ទាំងអស់​មាន​កម្ពស់​រវាង ១,៦៥ ម៉ែត្រ ដល់​ ១,៩៣​ម៉ែត្រ។ កីឡាករ​ទាំង​ ១០​រូប​នេះ នឹង​ជួយ​ក្រុម​បាល់បោះជម្រើស​ជាតិ​កម្ពុជា ដែល​មាន​កីឡាករ​សរុប​ ១២​នាក់ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ ដែល​ធ្វើ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្តង​ នៅ​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ដែល​មាន​ សរុប ១១ ប្រទេស។

ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​សិង្ហបុរី​អំឡុងពេល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​សិង្ហបុរី​ ឆ្នាំ​២០១៥។ លោក Pek Mith (កំពុងលោត) កំពុង​ព្យាយាម​រក​ពិន្ទុ​ឲ្យ​ក្រុម។

ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​សិង្ហបុរី​អំឡុងពេល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​សិង្ហបុរី​ ឆ្នាំ​២០១៥។ លោក Pek Mith (កំពុងលោត) កំពុង​ព្យាយាម​រក​ពិន្ទុ​ឲ្យ​ក្រុម។


លោក Rayvon Fouche សាស្រ្តាចារ្យ​រង និង​ប្រធាន​ផ្នែក​សិក្សា​ពី​សហរដ្ឋអាមេរិក​នៅ​មហាវិទ្យាល័យ​ Purdue បាន​ប្រាប់​ VOA ថា ​ប្រវត្តិ​កីឡា​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា ក្រុម​ ដែល​ទទួល​បាន​ជ័យជម្នះ គឺ​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ «កិច្ចប្រឹងប្រែង និង​បំណង​ប្រាថ្នា» របស់​សាម៉ី​ខ្លួន​កីឡាករ​ម្នាក់ៗ។

លោក​បាន​ថ្លែង​ថា៖ «ហើយ​ខ្ញុំ​គិត​ថា កម្លាំង​ចិត្ត​គឺ​ សំខាន់​ខ្លាំង​ណាស់»។

ការ​សិក្សាស្រាវជ្រាវ​របស់​លោក Fouche ទៅ​លើ​ទំនាក់ទំនង​រវាង​កីឡា បច្ចេកវិទ្យា និង​វប្បធម៌ នៅ​សតវត្ស​ទី​២១ បាន​បង្ហាញ​ថា ក្រុម​ដែល​មាន​កីឡាករ​មិន​សូវ​ខ្លាំង ប៉ុន្តែ​មាន​ឆន្ទៈ​ខ្ពស់ តែងតែ​យក​ឈ្នះ​ក្រុម​ ដែល​គ្រាន់តែ​មាន​កីឡាករ​មាន​ទេពកោសល្យ។

«នេះ​ជា​ហេតុផល​ ដែល​វប្បធម៌ និង​សហគមន៍ ក៏ដូចជាអត្តសញ្ញាណ​នៅ​ក្នុងកីឡា មាន​សារៈសំខាន់»។

កីឡាករ Dominic Dar នៃ​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា បោះបាល់បញ្ចូល​ទី។

កីឡាករ Dominic Dar នៃ​ក្រុម​បាល់បោះ​ជម្រើសជាតិ​កម្ពុជា បោះបាល់បញ្ចូល​ទី។


លោក​បាន​បន្ថែម​ថា៖

«ហេតុ​ដូច្នេះ​ហើយ ទើប​មនុស្ស​ទូទៅ​ស្រឡាញ់​កីឡា​ស៊ីហ្គេម​ និង​កីឡា​អូឡាំពិក ដោយសារ​តែ​ការប្រកួត​ គឺ​ដើម្បី​មាតុភូមិ​របស់​អ្នក និង​សម្រាប់​ពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ និង​វប្បធម៌​ដូច​អ្នក។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ព្យាយាម​ប្រកួត​ តាម​របៀប​ ដែល​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក»។

នៅ​ក្នុង​ឆ្នាំ ២០០៧ កីឡាករបាល់បោះ​ផ្នែក​ការពារ​ លោក Sophean Toun អាយុ ៣១​ឆ្នាំ គឺ​ជា​កីឡាករ​ខ្មែរ​អាមេរិកាំង​ដំបូង​គេ​ នៅ​ក្នុង​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា។ លោក​និយាយ​ថា មោទនភាព​ជាតិ​ ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​កីឡាករ​កើត​នៅ​បរទេស​ឲ្យ​មក​ចូលរួម​ប្រកួត។ លោក​បាន​ថ្លែង​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​ជា​កាតព្វកិច្ច​របស់​យើង​ ដែល​ត្រូវ​ប្រឹងប្រែងនៅ​ក្នុង​ការ​ប្រកួត​បាល់បោះ ដើម្បី​មោទនភាព​ ដែល​គ្រប់គ្នា​មានជា ពលរដ្ឋ​កម្ពុជា»។

មោទនភាព​ជាតិ ជាកត្តា​ជំរុញ​ចិត្ត​មួយ​ដល់​លោក Sokhary Chau អាយុ ៤៤ឆ្នាំ ដែល​លោក​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ក្រុង Boston។ នា​ពេល​បច្ចុប្បន្ន ជា​ប្រធាន​សមាគម​បាល់បោះ​អាមេរិក​កម្ពុជា​ ទើប​តែ​បង្កើត​ថ្មី​មួយ​ នៅ​ក្រុង Lowell រដ្ឋ Massachusetts។ លោក​កំពុង​ស្នើ​ដល់​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ឲ្យ​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ខ្មែរ​អាមេរិកាំង។ យ៉ាងណាក្តី កីឡាករ​ខ្មែរ​អាមេរិកាំង ត្រូវ​រ៉ាប់រង​លើ​ចំណាយ​ដោយ​ខ្លួន​ឯង ដើម្បី​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​ស៊ីហ្គេម។

លោក Sokhary យល់​ថា កីឡា​បាល់បោះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រឹង​កម្លាំង​សាមគ្គីភាព​នៅ​ក្នុង​សហគមន៍។ លោក​បាន​និយាយ​ថា៖

«សម្រាប់​អ្នក​ដែល​លេង​កីឡា​ជា​ទូទៅ ពួកគេ​ធ្វើ​បាន​ល្អ​នៅ​សាលា ក៏ដូចជា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ»។

លោក​បាន​បន្ថែម​ថា៖

«ហើយ​ពួកគេ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ។ នៅ​ពេល​ពួកគេ​ប្រកួត ពួក​គេ​គិត​ពី​សីលធម៌​ល្អ​ក្នុង​ការ​ប្រកួត និង​របៀប​លេង​ស្រុះ​គ្នា​ក្នុង​ក្រុម»។

លោក Sokhary បាន​លើកឡើង​ថា ការ​ចូលរួម​ប្រកួត​កីឡា​បាល់បោះ​នេះ​មាន​ផល​ប្រយោជន៍​មួយ​ទៀត គឺជួយ​លុប​បំបាត់​ភាព​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង។ លោក​បាន​និយាយ​ថា៖

«កីឡា​នាំ​ឲ្យ​មនុស្ស​រួម​សាមគ្គី​គ្នា។ មិន​ថា អ្នក​ជា​អ្នកមាន​ ឬ​អ្នក​ក្រ​ទេ… គឺ​ទាំងអស់​គ្នា​គាំទ្រ​ក្រុម​ខ្លួន​ឯង​ផ្ទាល់។ ហើយ​ក្នុង​ករណី​នេះ យើង​គាំទ្រ​ប្រទេស​របស់​យើង»។

កីឡាករ​បាល់បោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ថត​រូប​ជាមួយ​ស្ថាបនិក​សមាគម​បាល់បោះ​អាមេរិក​កម្ពុជា នៅ​មជ្ឈមណ្ឌល​ Costello Athletic Center ក្នុង​ក្រុង Lowell រដ្ឋ​ Massachusetts កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។

កីឡាករ​បាល់បោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ថត​រូប​ជាមួយ​ស្ថាបនិក​សមាគម​បាល់បោះ​អាមេរិក​កម្ពុជា នៅ​មជ្ឈមណ្ឌល​ Costello Athletic Center ក្នុង​ក្រុង Lowell រដ្ឋ​ Massachusetts កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៧។


លោក Austin Koledoye អាយុ​ ៥០​ឆ្នាំ ជា​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០៧​មក។ លោក​ជា គ្រូ​បង្វឹក​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​ផ្ទាល់។ លោក​បាន​ថ្លែង​ថា មិនមែន​ជា​រឿង​ខុស​ពី​ធម្មតា​នោះ​ទេ ដែល​ប្រទេស​នានា​ស្វះស្វែង​រក​កីឡាករ​ល្អ​បំផុត​នោះ មិន​ថា កីឡាករ​ទាំងនោះ​មាន​សញ្ជាតិ​ណា​មួយ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា កីឡាករ​ ដែល​លោក​បាន​នាំ​មក​ចូល​ក្នុង​ក្រុម​មិនមែន​ជា «ជនបរទេស» ឡើយ។ កីឡាករ​ទាំង​នោះ​ជា ជនជាតិ​ខ្មែរ ហើយ​ការ​ចូលរួម​របស់​ពួកគេ​ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ដែល​ឥឡូវ​នេះ មាន​ឈ្មោះ​មួយ​នៅ​ក្នុង​វិស័យ​បាល់បោះ​អន្តរជាតិ។ លោក Austin បាន​និយាយ​ថា៖

«នេះ​ជា​រឿងរ៉ាវ​ជោគជ័យ​មួយ។ គ្មាន​នរណា​ម្នាក់​គិត​ស្មាន​ថា ប្រទេស​កម្ពុជា​នឹង​មាន​ជោគជ័យដូច​នេះ​ កាល​ពី​ ១៥​ឆ្នាំ​មុន​ទេ»។

លោក Fouche និយាយ​ថា កីឡាករ​ ដែល​មក​ពី​សហរដ្ឋ​អាមេរិក មាន​កាយ​សម្បទា និង​បច្ចេកទេស​ខ្លាំង​ជាង​កីឡាករ​ក្នុង​ស្រុក ពីព្រោះ​ពួកគេ​មាន​កម្ពស់​ខ្ពស់ អាហារ​បំប៉ន​ល្អ និង​ទទួល​បាន​ការ​បង្វឹក​ល្អ។ ទាំង​នេះ​ហើយ​ជា​កត្តា​ ដែល​នាំ​ឲ្យ​មាន​ការ​អាក់អន់​ចិត្ត​នៅ​ក្នុង​ក្រុម​ ដែល​មាន​កីឡាករ​ចម្រុះ​គ្នា។ លោក​បាន​និយាយ​ថា៖


«គេ​អាច​គិត​ថា នេះ​ជា​ប្រទេស​របស់​ខ្ញុំ។ វប្បធម៌​របស់​ខ្ញុំ។ អត្តសញ្ញាណ​របស់​ខ្ញុំ។ តែក្រោយ​មក មាន​អ្នក​ដទៃ​ ដែល​មិន​សូវ​យល់​ដឹង​ពី​អ្វី​ទៅ​ជា​ ការ​រស់​នៅ​ប្រចាំ​នៅ​កម្ពុជា ឬ​មាន​អ្នក​ពី​ស្រុក​ផ្សេង​ មក​ចូលរួម ហើយ​និយាយ​ថា ឥឡូវ​នេះ គឺ​ពួកគេ​ជា​អ្នក​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ ពិត​ណាស់ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​ក្នុង​ក្រុម»។

លោក Sok Tour អាយុ ៣០​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ រស់​នៅ​ក្រុង​ភ្នំពេញ។ លោក​បាន​ចូលនិវត្តន៍ពី​វិស័យ​កីឡា បន្ទាប់​ពី​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ ២០១៥ ហើយ​ឥឡូវ​នេះ​លោក​ជា គ្រូ​បង្វឹក​ក្រុម​បាល់បោះ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ១៧​ឆ្នាំ។ លោក​បាន​និយាយ​ថា មិនមាន​ការ​ខឹង​ ឬ​អន់​ចិត្ត​ណាមួយ​ ចំពោះ​កីឡាករ​កើត​នៅ​បរទេស​នោះ​ទេ។ លោក​បាន​ថ្លែង​ថា៖

«បច្ចេកទេស​របស់​កីឡាករ​កម្ពុជា​ នៅ​មាន​កម្រិត​នៅឡើយ។ នៅ​ពេល​យើង​ប្រកួត​ដើម្បី​តំណាង​ឲ្យ​កម្ពុជា យើង​ចង់​បាន​ខ្មែរ​នៅ​អាមេរិក ពី​ព្រោះ​ ពួកគេ​មាន​ជំនាញ​ក្នុង​ការ​ប្រកួត​បាល់បោះ។ យើង​ចង់​បាន​អ្នក​មាន​បទពិសោធន៍ និង​ចង់​បាន​ជំនួយ​ពី​ពួកគេ»។

លោក Koledoye និយាយ​ថា កីឡាករ​ខ្មែរ​អាមេរិកាំង​ ដើរ​តួ​សំខាន់​ជា​គំរូ​ដល់​កីឡាករ​ខ្មែរ​ក្នុង​ស្រុក។ លោក​បាន​លើកឡើង​ថា៖

«ពួកគេ​ផ្អាក​ការងារ និង​ចាកចេញ​ពី​គ្រួសារ​ ដើម្បី​មក​ជួយលេង​ក្នុង​ក្រុម​ជម្រើស​ជាតិ។ នេះ​ជា​ស្មារតី​ខ្មែរ​ជា​ធ្លុង​មួយ»៕

What Next?

Recent Articles