លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
RFI
ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលបានធ្វើឡើងរយៈពេល១០ថ្ងៃ បានឈានចូលមកដល់ទីបញ្ចប់ហើយ នៅថ្ងៃទី០៤មិថុនានេះ។ តាមរយៈការប្រកួតដ៏ស្វិតស្វាញពេញមួយព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា បច្ចេកទេសនៃការប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបនឹងកម្រិតបច្ចេកទេសរបស់អត្តពលិកនៃប្រទេសដែលចូលរួមប្រកួតកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម។
អគ្គលេខាធិការគណៈកម្មារធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៤ ខែមិថុនានេះ ថាកម្រិតបច្ចេកទេសនៅក្នុងការប្រកួតរបស់កីឡាករពីតាមបណ្តាខេត្តមួយចំនួនរីកចម្រើនហើយមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ប៉ុន្តែកីឡាករពីខេត្តមួយចំនួនធំទៀត នៅមានគម្លាតកម្រិតបច្ចេកទេសនៅឆ្ងាយពីកីឡាករ នៅរាជធានីភ្នំពេញ និងខេត្តជាប់រាជធានីភ្នំពេញនៅឡើយ។
តាមរយៈការកត់សម្គាល់នេះ លោក វ៉ាត់ ចំរើន បានវាយតម្លៃថា កម្រិតបច្ចេកទេសនៃការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ធៀបជាមួយនឹងកម្រិតបច្ចេកទេសរបស់កីឡាករក្នុងកម្រិតស៊ីហ្គេម គឺកម្ពុជានៅឃ្លាតឆ្ងាយពីគេខ្លាំង។ ប៉ុន្តែលោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជាក៏មានកីឡាមួយចំនួនទៀត ដែលមានកម្រិតបច្ចេកទេសអាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានាក្នុងកីឡាស៊ីហ្គេម ដូចជា តេក្វាន់ដូ ចំបាប់ ប្រដាល់គុណខ្មែរជាដើម ខណៈកីឡាជិត២០ប្រភេទទៀត មានកម្រិតបច្ចេកទេសប្រកួតនៅឆ្ងាយពីគេនៅឡើយ។
គិតមកដល់ថ្ងៃចុងក្រោយនេះ តារាងមេដាយដែលផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថាក្រសួងមហាផ្ទៃបាននាំមុខគេលើចំនួនមេដាយ ហើយបន្ទាប់មកគឺមានតែរាជធានីភ្នំពេញទេ ដែលឈរនៅលំដាប់ថ្នាក់បន្ទាប់។ ប៉ុន្តែខេត្តប៉ៃលិន ឯណោះវិញ បានធ្លាក់ដល់បាតតារាងមេដាយ ពោលគឺមិនទទួលបានមេដាយនោះទេ។
សូមជម្រាបជូនថា ការប្រកួតកីឡាជាតិលើកទី២ បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ដែលប្រើថវិកាអស់ប្រមាណ១លានដុល្លារ និងមានកីឡាករ កីឡាការិនី និងគ្រូបង្វឹកចូលរួម សរុប៤.១៦៣ នាក់ លើប្រភេទកីឡាចំនួន២៧ រួមមានវិញ្ញាសាចំនួន២៧៤ មកពីក្រសួង រាជធានី-ខេត្តចំនួន២៥។ ការប្រកួតកីឡាជាតិរយៈពេល២ឆ្នាំម្តងនេះ គឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឡើង ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ៕