ពលរដ្ឋដែលចាញ់បោក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន ដាក់ញត្តិសុំអន្តរាគមន៍ពីខុទ្ធកាល័យនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី ១១ មិថុនា ២០១៨
ប្រជាពលរដ្ឋប្រមាណ ២០នាក់ មកពីខេត្ត-ក្រុងចំនួន ៧ បានស្នើសុំទៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយដល់ពួកគេ ដោយចោទថា ក្រុមហ៊ុនមួយបានបោកយកប្រាក់ពួកគាត់ ដោយធានានាំទៅធ្វើការនៅក្រៅប្រទេស។
ក្នុងញត្តិមួយដែលដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រីនៅថ្ងៃចន្ទនេះ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេបានចាញ់បោកក្រុមហ៊ុននាំពលករទៅក្រៅប្រទេសមួយ ឈ្មោះ «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន» តាំងពីឆ្នាំ២០១៥ និងចោទថា បុគ្គល ៣នាក់ មានពាក់ព័ន្ធនឹងករណីឆបោកប្រាក់នេះ គឺលោក សុខ ប្រសិទ្ធ អគ្គនាយកមជ្ឈមណ្ឌលនេះ រួមទាំងមនុស្ស ២នាក់ផ្សេងទៀត។
ពលរដ្ឋម្នាក់ដែលចូលរួមដាក់ញត្តិនៅព្រឹកនេះ អ្នកស្រី កា សារីម ដែលអះអាងថាមកពីខេត្តតាកែវនោះ បានប្រាប់ថា អ្នកស្រីបានបង់ប្រាក់ឲ្យក្រុមហ៊ុនចំនួន ៤ពាន់ដុល្លារ ប៉ុន្ដែបានប្ដឹងទាមទារបានមកវិញខ្លះ។
អ្នកស្រីបានស្នើឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយអន្ដរាគមន៍ករណីនេះ ដោយថាលុយដែលបង់ទៅក្រុមហ៊ុន គឺបានមកពីការខ្ចីបុលធនាគារ និងអ្នកខ្លះទៀត បានយកដីកេរ្តិ៍ទៅដាក់បញ្ចាំនៅធនាគារ។
ពលរដ្ឋម្នាក់ទៀត លោក ងែត សំអឿន មកពីខេត្តកំពត អះអាងថា លោកបានបង់ប្រាក់ឲ្យក្រុមហ៊ុននេះចំនួន ៧ពាន់ដុល្លារអាមេរិក និងប្ដឹងផ្ដល់ក្រុមហ៊ុនជាបន្ដបន្ទាប់ ក្រោយពីមិនបានទៅធ្វើការនៅប្រទេសជប៉ុន ហើយទទួលបានមកវិញតែ ២៥០០ដុល្លារប៉ុណ្ណោះ។
VOD មិនទាន់អាចស្វែងរកការបំភ្លឺពីលោក សុខ ប្រសិទ្ធ អគ្គនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញថែទាំកម្ពុជា-ជប៉ុន បាននៅឡើយទេ។
បើតាមញត្តិដែលដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី លោក សុខ ប្រសិទ្ធ បានឲ្យក្រុមការងារប្រកាសជ្រើសរើសពលរដ្ឋខ្មែរទាំងពីរភេទ ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនកាលពី២០១៥ និងតម្រូវឲ្យពួកគេបង់ប្រាក់ជាមុន ៤ពាន់ដុល្លារ និងតម្រូវឲ្យបង់ប្រាក់ ៤ពាន់ដុល្លារបន្ថែមទៀត បើបានជាប់ទៅធ្វើការនៅក្រៅប្រទេស។
ប៉ុន្ដែ ប្រជាពលរដ្ឋអះអាងថា ក្នុងចំណោមនុស្សជាង ៣០នាក់ មានតែ ១០នាក់ប៉ុណ្ណោះ បានទៅធ្វើការនៅប្រទេសជប៉ុន ចំណែក អ្នកមិនបានទៅ បានតវ៉ាសុំដកយកលុយនោះត្រឡប់មកវិញ ប៉ុន្ដែ ក្រុមហ៊ុនមិនព្រមប្រគល់ឲ្យមកទល់សព្វថ្ងៃ៕