2018-09-04
RFA

រូបសញ្ញាក្រសួងសុខាភិបាល (រូប៖ គេហទំព័រក្រសួងសុខាភិបាល)
អង្គការសង្គមស៊ីវិលស្នើសុំឱ្យក្រសួងសុខាភិបាលទទួលខុសត្រូវខ្ពស់លើប្រភេទវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនាំចូលពីប្រទេសចិន ដែលត្រូវបានរកឃើញថា ខុសស្តង់ដារ ហើយដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា។ វ៉ាក់សាំងនោះមានឈ្មោះ រែប៊ីស វែកស៊ីន (Rabies Vaccine) និងត្រូវបានអាជ្ញាធរចិនរកឃើញថា ផលិតឡើងដោយគ្មានស្តង់ដារត្រឹមត្រូវ ហើយអាជ្ញាធរចិនបានផ្អាកសកម្មភាពក្រុមហ៊ុនផលិតឱសថនោះ តាំងតែពីចុងខែកក្កដាមកម៉្លេះ ក៏ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជា ទើបនឹងបានប្រកាសហាមឃាត់ឱសថនេះ កាលពីចុងសប្តាហ៍មុនប៉ុណ្ណោះ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ចំណាត់ការរបស់ក្រសួងសុខាភិបាលកម្ពុជារឿងវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនាំចូលពីប្រទេសចិននោះ ជារឿងយឺតពេល ខណៈឱសថប្រភេទនេះទំនងជាត្រូវបានចែកចាយពេញប្រទេសរួចទៅហើយ។ ម្យ៉ាងវិញទៀត លោកថា ក្រសួងមិនបានបញ្ជាក់ឱ្យច្បាស់ទេថា តើឱសថប្រភេទនេះមានផលប៉ះពាល់ដូចម្តេចចំពោះសុខភាពរបស់អ្នកប្រើប្រាស់ ជាហេតុធ្វើឱ្យការហាមឃាត់ការប្រើប្រាស់ឱសថនោះ អាចនឹងគ្មានប្រសិទ្ធភាព។ ក្រៅពីនេះ កង្វះយន្តការនៃការប្រមូល និងទូទាត់សំណង ក៏ជាមូលហេតុដែលធ្វើឱ្យឱសថប្រភេទនេះអាចនឹងត្រូវបានប្រើប្រាស់បន្តទៅទៀតនៅកម្ពុជាផងដែរ៖ «»
ក្រសួងសុខាភិបាលបានជូនដំណឹងកាលពីថ្ងៃទី៣១ សីហាថា ប្រភេទវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតឈ្មោះ រែប៊ីស វែកស៊ីន (Rabies Vaccine) នេះ ត្រូវបានផលិត និងចែកចាយដោយខុសលក្ខណៈស្តង់ដារ ហើយឱសថប្រភេទនេះកំពុងចរាចរនៅលើទីផ្សារកម្ពុជា។ ក្រសួងបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ ផលិតដោយរោងចក្រ ឆាងឈុន ឆាងសឹង ឡាយហ្វ សាយអ៊ិន (Changchun Changsheng Life Sciences Ltd.) របស់ចិន និងត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន ខេ–មេន (K-Man Co. Ltd.)។ ក្រសួងបានបញ្ជាឱ្យគ្រឹះស្ថានលក់ឱសថទាំងអស់បញ្ឈប់ការលក់វ៉ាក់សាំងនេះតទៅទៀត និងត្រូវប្រមូលវ៉ាក់សាំងប្រភេទនេះត្រឡប់មកវិញ។ លើសពីនេះ ក្រសួងក៏បានហាមគ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ និងសេវាសុខាភិបាលផ្សេងៗ ទៀត មិនឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះតទៅទៀតឡើយ។ ក្រសួងសុខាភិបាលអះអាងថា ខ្លួននឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន និងកន្លែងលក់ថ្នាំពេទ្យណា ដែលនៅតែបន្តលក់ថ្នាំវ៉ាក់សាំងប្រភេទនេះតទៅទៀត។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលមិនបានបញ្ជាក់ទេថា តើឱសថនេះមានផលប៉ះពាល់អ្វីខ្លះទៅលើអ្នកប្រើប្រាស់? ហើយថាតើមកទល់នឹងពេលនេះ ឱសថនេះត្រូវបានប្រើប្រាស់ច្រើនដល់កម្រិតណាហើយនៅកម្ពុជា? ហើយថា តើក្រសួងនឹងមានចំណាត់ការបែបណាទៅលើក្រុមហ៊ុននាំចូល និងមន្ត្រីជំនាញ ដែលទទួលខុសត្រូវពិនិត្យគុណភាពឱសថមុននាំចូលនោះ?
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ ជាច្រើនដងនៅថ្ងៃទី៣ កញ្ញា ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ករណីវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ មិនមែនជារឿងតូចតាចឡើយ ផ្ទុយទៅវិញនេះជារឿងដ៏កក្រើកពេញប្រទេសចិនទាំងមូល ហើយសូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏បានសម្តែងការសោកស្តាយចំពោះបញ្ហានេះដែរ។
អាជ្ញាធរចិនបានរកឃើញថា វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ ឈ្មោះ រែប៊ី វែកស៊ីន (Rabies Vaccine) នេះ ត្រូវបានផលិតឡើយដោយគ្មានស្តង់ដារត្រឹមត្រូវ ហើយករណីនេះបានផ្ទុះឡើងកក្រើកប្រទេសចិន តាំងតែពីចុងខែកក្កដាមកម្ល៉េះ រហូតឈានដល់ការចាប់ខ្លួននាយកប្រតិបត្តិ និងថ្នាក់ដឹកនាំក្រុមហ៊ុន ឆាងឈុន ឆាងសឹង ឡាយហ្វ សាយអ៊ិន (Changchun Changsheng Life Sciences Ltd.) ចំនួន ១៥នាក់ដាក់ពន្ធនាគារផងដែរ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) បានទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ដែលជាការឆ្លើយតបនឹងកំហឹងរបស់មហាជនជុំវិញរឿងអាស្រូវស្តីពីបញ្ហាសុខភាពសាធារណៈ ដែលកើតឡើងជាបន្តបន្ទាប់។ អាជ្ញាធរចិនបានប្រមូលយកវ៉ាក់សាំងទាំងនោះមកវិញ និងបានផ្អាកផលិតកម្មរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន។
អង្គការសុខភាពពិភពលោក (WHO) សម្តែងការសោកស្តាយចំពោះហេតុការណ៍នេះ និងបានប្រកាសគាំទ្រចំណាត់ការរបស់អាជ្ញាធរចិន ដែលបានធានាថា នឹងគ្មានឱសថប្រភេទនេះដាក់លក់នៅលើទីផ្សារឡើយ។ អង្គការនេះចាត់ទុកការអនុវត្តច្បាប់ទៅលើករណីវ៉ាក់សាំង ដែលគ្មានស្តង់ដារនេះ ជារឿងដ៏ចាំបាច់ ហើយថា រដ្ឋាភិបាលចិនត្រូវធានាឱ្យបានថា វ៉ាក់សាំងដែលត្រូវបានផលិត និងប្រើប្រាស់នៅក្នុងប្រទេសចិន ត្រូវតែមានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព។ អង្គការអន្តរជាតិមួយនេះ អះអាងថា នឹងតាមដានករណីនេះបន្តទៅទៀត និងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអាជ្ញាធរសុខាភិបាលចិន។
លោក សន ជ័យ សង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា ត្រូវតែមានចំណាត់ការឱ្យបានច្បាស់លាស់ចំពោះរឿងនេះ ព្រោះវាជារឿងសុខភាពរបស់ប្រជាពលរដ្ឋ មិនមែនត្រឹមតែចេញសេចក្តីជូនដំណឹងតែមួយមុខនោះទេ។ លោកបន្តថា ក្រសួងបានស្គាល់ឈ្មោះឱសថ ក្រុមហ៊ុននាំចូល និងរោងចក្រផលិតទៀតផង។ ដូច្នេះករណីនេះត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចឱ្យអ្នកពាក់ព័ន្ធរួចខ្លួនឡើយ ដើម្បីជាការព្រមានកុំឱ្យក្រុមហ៊ុនដទៃទៀត នាំចូលឱសថគ្មានគុណភាព ឬឱសថក្លែងក្លាយបែបនេះទៀត។ លោកបន្ថែមថា ក្រសួងសុខាភិបាលក៏ត្រូវពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនដែរ មិនអាចចេះតែបណ្តោយឱ្យមានការនាំឱសថខុសស្តង់ដារចូលក្នុងប្រទេសឡើយ៖ «»
អតីតនិស្សិតផ្នែកសុខាភិបាល និងជាចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅខេត្តសៀមរាប លោក ជិន សុងង៉េង ថ្លែងថា លោកមានការសោកស្តាយ ចំពោះការចរាចរវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតខុសស្តង់ដារពីប្រទេសចិនចូលមកកម្ពុជានេះ។ លោកថា នេះជាកំហុសរបស់ក្រសួងសុខាភិបាល ដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យនាំចូលឱសថប្រភេទនេះធ្វើឱ្យពលរដ្ឋរបស់ខ្លួនត្រូវក្លាយជាជនរងគ្រោះនៃការប្រើប្រាស់ឱសថក្លែងក្លាយ។ លោកថ្លែងទៀតថា ឱសថជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋគ្រប់រូបដើម្បីព្យាបាលជំងឺ ហើយពលរដ្ឋមិនអាចដឹងបានឡើយថា តើឱសថណាខ្លះ ឬប្រភេទណាមួយ ដែលជាឱសថក្លែងក្លាយ ឬមិនត្រូវតាមស្តង់ដារនោះទេ។ ដូច្នេះ ក្រសួងសុខាភិបាលត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពរបស់ពលរដ្ឋខ្លួនឯង មិនមែនធ្វើដូចសព្វថ្ងៃនេះឡើយ៖ «»
ជំងឺឆ្កែឆ្កួតបានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរប្រមាណ ៨០០នាក់ជារៀងរាល់ឆ្នាំ ហើយប្រហែល ៥០% នៃជនរងគ្រោះ គឺជាកុមារអាយុក្រោម ១៥ឆ្នាំ។ កម្ពុជាបានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺនេះ និងគ្រោងឈានដល់ការលុបបំបាត់ជំងឺនេះនៅឆ្នាំ២០៣០ តាមរយៈការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ និងវិធីបង្ការជំងឺឆ្កែឆ្កួត ព្រមទាំងការបង្កើតមជ្ឈមណ្ឌលបង្ការជំងឺនេះនៅតាមបណ្តាខេត្តមួយចំនួនផង។
កម្ពុជាបានក្លាយជាទីកន្លែងចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញក្លែងបន្លំម៉ាកយីហោរជាច្រើនប្រភេទ ដែលក្នុងនោះរាប់ចាប់តាំងពីគ្រឿងសម្អាង គ្រឿងឧបភោគបរិភោគ រហូតដល់ថ្នាំពេទ្យជាច្រើនមុខច្រើនម៉ាក។ អ្នកឃ្លាំមើលសង្គមអះអាងថា ឫសគល់នៃបញ្ហានេះ គឺដោយសារអំពើពុករលួយ និងការអនុវត្តច្បាប់នៅទន់ខ្សោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។