កូនស្រី​ពីរ​នាក់​ត្រូវ​រំលោភ​សម្លាប់​ពេល​ឱពុកម្តាយ​ធ្វើ​ចំណាក​ស្រុក

កម្ពុជា


រូបថត​រំឭក​ដួង​ព្រលឹង​ក្មេងស្រី​ពីរនាក់​ដែល​ជា​បងប្អូន ដែល​ត្រូវបាន​សម្លាប់​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រោយ​ឃាតក​រំលោភ​កូនស្រី​ច្បង។ (ស៊ុន ណារិន/VOA)


02 វិច្ឆិកា 2018
ស៊ុន ណារិន
វីអូអេខ្មែរ

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «មនុស្ស​ស្រី​ម្តាយ​នីមួយៗ​ គ្មាន​នរណា​ចង់​បែក​ពី​កូន​ដែល​កំពុង​ពេញ​ស្រឡាញ់​ហ្នឹង​ទេ។ ចង់​តែ​នៅ​ជិត​កូន ប៉ុន្តែ​ដោយ​លក្ខណៈ វា​ជីវភាព​វា​ក្រ​មែន​ទែន ដល់​ថ្នាក់​ដល់​យើង​មិន​ដឹង​រក​អី​នៅ​នេះ ដែល​អាច​សង​គេ​បាន»។

អ្នកស្រី អុល ធីតា ទើប​តែ​បាត់​បង់​កូន​ស្រី​ពីរនាក់។ ពួកគេ​ត្រូវ​បាន​រំលោភសម្លាប់​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែតុលា​ ក្រោយ​ឪពុក​ម្តាយ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ និង​នៅ​ប្រទេស​ថៃ។

អ្នកស្រី ធីតា អាយុ​៣៤​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកស្រី​ទៅ​ភ្នំពេញ​បាន​រយៈពេល​៤ថ្ងៃ​ ហើយ​ប្តី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បានរយៈពេល​៥​ថ្ងៃ មុន​នឹង​មាន​ហេតុការណ៍​នេះ​កើត​ឡើង។

អង្គុយ​នៅ​ក្បែរ​ផ្ទះ ដែល​ជា​កន្លែង​កូន​របស់​អ្នកស្រី​ត្រូវ​បាន​រំលោភ​សម្លាប់​ដាក់​ក្នុង​ហិប​ឈើ​មួយ អ្នកស្រី ធីតា បាន​រៀបរាប់​ប្រាប់​ VOA ​ថា អ្នកស្រី​ត្រូវ​សង​បំណុល​គេ​ជិត​១​លាន​រៀល​នៅ​ចុង​ឆ្នាំ​នេះ ទើប​អ្នកស្រី​សម្រេច​ចាក​ចេញ​ពី​ភូមិ​កំណើត ស្ថិត​ក្នុង​ភូមិថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ជំពាក់​បំណុល​គេ​ជិត​៧​ឆ្នាំ​មក​ហើយ និង​មិន​បាន​បង់​ការ​ប្រាក់​សង​គេ ជិត​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នេះ​នាំ​ឲ្យ​អ្នកស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កូន​ទៅ​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «មនុស្ស​ស្រី​ម្តាយ​នីមួយៗ​ គ្មាន​នរណា​ចង់​បែក​ពី​កូន​ដែល​កំពុង​ពេញ​ស្រឡាញ់​ហ្នឹង​ទេ។ ចង់​តែ​នៅ​ជិត​កូន ប៉ុន្តែ​ដោយ​លក្ខណៈ វា​ជីវភាព​វា​ក្រ​មែន​ទែន ដល់​ថ្នាក់​ដល់​យើង​មិន​ដឹង​រក​អី​នៅ​នេះ ដែល​អាច​សង​គេ​បាន»។

អ្នកស្រី អុល ធីតា អាយុ៣៤ឆ្នាំ ម្តាយ​ជន​រងគ្រោះ​ជា​ក្មេងស្រី ដែល​ត្រូវបាន​រំលោភ​សម្លាប់​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

អ្នកស្រី អុល ធីតា អាយុ៣៤ឆ្នាំ ម្តាយ​ជន​រងគ្រោះ​ជា​ក្មេងស្រី ដែល​ត្រូវបាន​រំលោភ​សម្លាប់​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)


អ្នកស្រី ធីតា មិន​មាន​ដី​ស្រែ ឬ​ដី​ភូមិ​នោះ​ទេ។ ដី​កំពុង​នៅ​បច្ចុប្បន្ន គឺ​ជា​ដី​របស់​បង​ប្អូន ដោយ​អ្នកស្រី​បាន​សង់​ខ្ទម​ប្រក់​ស្លឹក​ត្នោត​មួយ​សម្រាប់​រស់​នៅ​ជាមួយ​កូន​ស្រី​ពីរ​នាក់។ អ្នកស្រី​មាន​មុខរបរ​មិន​ប្រាកដ​នោះ​ទេ គឺ​ប្រមូល​ស្លឹក​ធ្វើ​កន្រ្តក កញ្ជើ និង​ដើរ​រក​សត្វ​អង្រង​ក្នុង​ព្រៃ យក​ទៅ​លក់​នៅ​ទីផ្សារ។

ចំណាក​ស្រុក​រក​ការងារ​ធ្វើជា​បញ្ហា​ទូទៅ​របស់​ប្រជាជន​កម្ពុជា ដែល​រស់នៅ​តាម​ជនបទ ដោយសារ​ពួកគេ​ពិបាក​ក្នុង​ការ​រក​ចំណូល​ពី​ក្នុង​តំបន់​ដែល​ពួកគេ​កំពុង​រស់​នៅ។ ពួកគេ​បាន​ផ្ញើ​កូន​ទុក​ឲ្យ​យាយតា បងប្អូន ឬ​សាច់ញាតិ មើល​ថែទាំ។ ករណី​នេះ​ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ពី​ការ​បៀត​បៀន​ផ្លូវ​ភេទ​ ការ​រំលោភ​សម្លាប់​ជា​ដើម។

កុមារ​នៅ​តាម​ជនបទ ​ងាយ​រង​គ្រោះ​ដោយសារ​ពួកគេ​ត្រូវ​ឃ្វាលគោ​ទៅ​ស៊ី​ស្មៅ និង​ពេល​ខ្លះ​ត្រូវ​ទៅ​ប្រមូល​អនុផល​ធម្មជាតិ​ពី​តំបន់​ឆ្ងាយៗ​ផង​ដែរ។

លោកស្រី ឆន សុគន្ធា មន្រ្តី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​ស្រ្តី និង​កុមារ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍ថា កុមារ​ដែល​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ និង​ឪពុក​ម្តាយ​ធ្វើ​ចំណាក​ស្រុក គឺ​ជា​ក្រុម​គ្រោះ​ថ្នាក់​ជាង​គេ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ លោកស្រី​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ នេះ ករណី​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ គឺ​ជា​ករណី​រំលោភ​សាហាវ។ លោកស្រី​មើល​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន ការ​សេព​គ្រឿង​ស្រវឹង និង​ការ​មើល​វីដេអូ​អាសអាភាស ជា​កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ទទួល​ស្គាល់ ចំពោះ​អ្នក​ទីក្រុង និង​អ្នក​ជនបទ គាត់​អាច​Access (ចូល​មើល) មើល​បាន​ដូច​គ្នា ប៉ុន្តែ​ចំពោះ​អ្នក​នៅ​ទីក្រុង​ គាត់​អាច​មាន​សេវា​(ផ្លូវ​ភេទ)។ ប្រសិន​បើ​គាត់​មាន​ចំណង់​អីចឹង គាត់​អាច​ទៅ​រក​សេវា​ផ្សេងៗ។ ប៉ុន្តែ​នៅ​ជន​បទ នៅ​តំបន់​ជនបទ​ដាច់​ស្រយាល នៅ​ពេល​ដែល​គាត់​មាន​ចំណង់​អញ្ចឹង គាត់​ទៅ​ណា?»

នៅ​ក្នុង​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​២​នាក់​ក្នុង​ខេត្ត​កំពង់​ឆ្នាំង កាល​ពី​២​សប្តាហ៍​មុន កុមារ​ជា​ជន​រង​គ្រោះ ​ម្នាក់ អាយុ​១៤​ឆ្នាំ រៀនថ្នាក់​ទី៧ និង​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំ​ រៀន​ថ្នាក់​ទី២។ ពួកគេ​ជា​បងប្អូន​ម្តាយ​តែ​មួយ ឪពុក​ផ្សេង​គ្នា។

បើ​តាម​សមត្ថកិច្ច​ ជន​ដៃ​ដល់​បាន​រំលោភ​កូន​ច្បង​នៅ​ខ្ទម​តូច​មួយ​ក្នុង​ភូមិ​ដែល​ពួកគេ​ស្នាក់​នៅ។ បន្ទាប់​មក​ដោយ​សារ​ប្អូនស្រី​ដឹង ខ្លាច​បែក​ការណ៍​ ជន​ដៃ​ដល់​ក៏​បាន​សម្លាប់​ពួកគេ​តែ​ម្តង។

ម្តាយ​ជន​រង​គ្រោះមាន​ប្រសាសន៍​ថា​ឃាតក​ និង​ក្មេងស្រី​ទាំង​ពីរ​នាក់ ​ត្រូវ​ជា​សាច់​ញាតិ​នឹង​គ្នា ដូចពូ​និង​ក្មួយ។ ឃាតក​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​ក្រោយ​មក។​

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «បង​ប្អូន​ញាតិ​ជិត​ខាង​ គេ​មក​មើល​អញ្ចឹង គេ​ថា​អា​ឆ្កែ អា​ឆ្មា​អា ស៊ី​បាយ​បោក​ឆ្នាំង។ គេ​និយាយ​គេ​ដៀល​អញ្ចឹង។ កុំ​បូលិស​នៅ​ជុំវិញ កុំ​អី​ងាប់​បាត់​ហើយ ព្រោះ​ប្រជាជន​ខឹង​មែន​ទែន វា​មិន​សម​ណា​ស៊ី​បាយ​បោក​ឆ្នាំង។ អត់​បាយ​ហូប​មីង អត់​លុយ​ចាយ​មីង អត់​បារី​ជក់​មីង»។

ការ​សេពគ្រឿងស្រវឹង គ្រឿង​ញៀន ការ​មើល​វីដេអូអាសអាភាស កង្វះ​ការ​អប់រំ​ និង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម ត្រូវ​បាន​មើល​ឃើញ​ថា​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ។

​មេឃុំ​ផ្សារ លោក ប៊ិន សុផាន មាន​ប្រសាសន៍​ថា​ ជន​ដៃដល់​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង មុន​នឹង​រំលោភ និង​សម្លាប់​កុមារ។ ចំណែក​សមត្ថកិច្ច​បាន​អះអាង​ថា ជន​ដៃ​ដល់​ក៏​បាន​ប្រើប្រាស់​គ្រឿង​ញៀន​ផង​ដែរ។

លោក​មេឃុំ​បាន​ថ្លែង​ថា៖ «មនុស្ស​ជិត​មួយ​ម៉ឺន​នាក់ មាន​មនុស្ស​តែ​ម្នាក់​ហ្នឹង សកម្មភាព​បែប​ហ្នឹង ខ្ញុំ​អត់​ទម្លាក់​ទៅ​លើ​សង្គម​ទេ ទម្លាក់​ទៅ​លើ​អារម្មណ៍​ខ្លួន​ឯង​ដែល​វា​ព្រៃផ្សៃ​ អារម្មណ៍​ព្រៃ​ផ្សៃ​របស់​បុគ្គល»។

បើ​តាម​លោក​មេឃុំ ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​៧​ពាន់​នាក់​ក្នុង​ឃុំ​ផ្សារ ប្រជាជន​ពេញ​កម្លាំង​ដែល​ធ្វើ​ចំណាក​ស្រុក មាន​ទៅ​ដល់​ជាង​៥០០នាក់ ដែល​ពួកគេ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​ចំណាក​ស្រុក​ទៅ​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ។

មេឃុំ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​អប់រំ​យុវជន​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​ទាំង​នេះ។

ខ្ទម​ដែល​ក្មេងស្រី​ពីរនាក់ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបាន​សម្លាប់​ដាក់​ក្នុង​ហិបឈើ​មួយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រោយ​ឃាតក​រំលោភ​កូនស្រីច្បង។ (ស៊ុន ណារិន/VOA)

ខ្ទម​ដែល​ក្មេងស្រី​ពីរនាក់ ក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបាន​សម្លាប់​ដាក់​ក្នុង​ហិបឈើ​មួយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រោយ​ឃាតក​រំលោភ​កូនស្រីច្បង។ (ស៊ុន ណារិន/VOA)


អង្គភាព​ការពារ​កុមារ(Child Protection Unit) ដែល​ជា​គំនិត​ផ្តួច​ផ្តើម​រវាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​កុមារ​ដែល​រង​ការ​រំលោភ​បំពាន បាន​រាយការណ៍​ថា ក្នុង​ឆ្នាំ​២០១៦ ករណី​រំលោភ​លើ​កុមារ​មាន​ចំនួន​២០៥ករណី ហើយ​បាន​ធ្លាក់​ចុះ​មក​១៤៧​ករណី​ ក្នុង​ឆ្នាំ​២០១៧។ ប៉ុន្តែ​ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​សម្លាប់ ​បាន​កើន​ឡើង​ពី​២១​ទៅ​២៤​នាក់។

លោក​ មាស ប៊ុនលី ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ​យូនីសេហ្វ(UNICEF) មាន​ប្រសាសន៍​ថា ការ​រំលោភ និង​ការ​បំពាន​ផ្លូវ​ភេទ​នៅ​តែ​ការ​គំរាម​ទៅ​ដល់​កុមារ។

លោក​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក ឬ​អ៊ីម៉េល​ថា៖ «ឧបសគ្គ​ក្នុង​ការ​ការពារ​កុមារ គឺ​ថា​នៅ​ពេល​គ្រួសារ ឬ​សហគមន៍ មិន​និយាយ​ចេញ​មក បើ​ទោះ​នៅ​ពេល​ពួកគេ​បាន​ដឹង​អ្វី​កំពុង​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួកគេ ពីព្រោះ​ពួកគេ​គិត​ថា នេះ​មិន​មែន​ជា​ការងារ​របស់​ពួកគេ​ក្នុង​ការ​សួរ​សំណួរ។ ការ​មិន​និយាយ​នេះ​នាំ​ឲ្យ​ជន​បំពាន កេង​ប្រវ័ញ្ច និង​រំលោភ​ក្មេង»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «វា​មាន​សារៈ​សំខាន់​ដែល​ឪពុក​ម្តាយ និង​អ្នក​មើល​ថែ ធានា​ថា​ក្មេងៗ​នឹង​មិន​ត្រូវ​ទុក​នៅ​ផ្ទះ​តែ​ឯង ដែល​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ក្មេងៗ​គួរ​តែ​ត្រូវ​មើល​ថែ​គ្រប់​ពេល​វេលា»។

ករណី​រំលោភ​សម្លាប់​ក្មេងស្រី​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ពួកគេ​ចាត់​ទុក​ថា​ នេះ​ជា​ករណី​សាហាវ​ព្រៃផ្សៃ​មួយ​ ហើយ​អ្នក​ខ្លះ​ទាមទារ​ឲ្យ​មាន​ការ​ដាក់ទោស​ទណ្ឌ​លើស​ពី​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។​ ប៉ុន្តែ​កម្ពុជា​មិន​មាន​ច្បាប់​ប្រហារជីវិត​នោះ​ទេ។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​កុមារ​នៅ​តាម​ជនបទ ដែល​នេះ​ដោយសារ​ពួកគេ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ឪពុក​ម្តាយចំណាក​ស្រុក ទុក​កូន​នៅ​កន្លែង​មិន​មាន​សុវត្ថិភាព។

លោកស្រី​បន្ថែម​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ឲ្យ​មាន​ច្បាប់​កិច្ច​ការពារ​កុមារ ដែល​នឹង​ផ្តោត​គ្រប់ជ្រុង​ជ្រោយ​ទៅ​លើ​កិច្ចការ​ពារ​កុមារ បន្ថែម​លើ​ច្បាប់​ និង​បទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សុវត្ថិភាព​កុមារ។

លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ការ​គោរព​ច្បាប់​ដែល​មាន ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​កំហឹង​ដែល​មាន​នោះ​ទេ។

លោកស្រី​បាន​បញ្ជាក់​ថា៖ «ប្រទេស​យើង យើង​មាន​ច្បាប់ ហើយ​យើង​គោរព​តាម​សិទ្ធិ​មនុស្ស។ មិន​មែន​ថា​យើង​មិន​ខឹង​គាត់​ឈឺ​ចាប់​ទេ យើង​អាច​ដាក់​ទោស​ទណ្ឌ​គាត់​មួយ​ជីវិត មិន​អាច​ធ្វើ​អី​ទៅ​តាម​កំហឹង​ខ្លួន​ឯង​បាន​ទេ»។

ក្រោយ​ហេតុ​ការណ៍​រំលោភ​សម្លាប់​កើត​ឡើង អ្នក​ភូមិ​និយាយ​ថា ​ពួកគេ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ជាង​មុនទៅ​លើ​សុវត្ថិភាព​របស់​ក្មេងៗ។ អ្នកស្រី ធីតា ម្តាយ​ជន​រង​គ្រោះ បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អ្នកស្រី​ដែល​បាន​ផ្ញើ​កូន​ឲ្យ​បង​ប្អូន​មើល​ថែ ហើយ​អ្នកស្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​សុវត្ថិភាព​របស់​ក្មេង​ផង​ដែរ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចូល​ក្នុង​ផ្សារ​កំពង់​ឆ្នាំង គេ​និយាយ​ដូច​បង្ហោះ​ហ្វេស​ប៊ុក​ដែរ។ បង​អី​ម្នាក់​ហ្នឹង គេ​ស្គាល់​ខ្ញុំ ​ព្រោះ​ខ្ញុំ​ធ្លាប់​លក់​អង្ក្រង​នៅ​ហ្នឹង។ គេ​ថា​អ្ហែង​ កូន​ប៉ុណ្ណា​ណី​អស់​ហើយ មិន​សម​ណា​អ្ហែង​ដើរ​ចេញ​ចោល​កូន​ឲ្យ​នៅ​តែ​ឯង។ ធ្វើ​ម្តាយ​គេ ទុក​ឲ្យ​កូន​ស្រី​ពីរ​នាក់​នៅ​តែ​ឯង។ ខ្ញុំ​ដើរ​ចេញ​មក ខ្ញុំ​អត់​តប​ជាមួយ​គេ​ទេ ព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា​ ខ្លួន​ខ្ញុំ​វា​ខុស​ដែរ ប៉ុន្តែ​លក្ខណៈ​ដែល​ខ្ញុំ​ខុស​ហ្នឹង គឺ​ខ្ញុំ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ»៕

What Next?

Recent Articles

Leave a Reply

Submit Comment