ពលរដ្ឋ​រិះគន់​ការ​ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​​ព្រះកុសុមៈ​ដោយ​សារ​ទទួល​ជំនួយ​ពី​​ចិន

ដោយ វ៉ែន សុមេធ
2018-11-02
RFA

គម្រោង​ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ (ពេទ្យ​លោក​សង្ឃ) ដែល​រង​ការ​រិះគន់។ Screenshot
គម្រោង​ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ (ពេទ្យ​លោក​សង្ឃ) ដែល​រង​ការ​រិះគន់។ Screenshot


ព្រះសង្ឃ និង​ពលរដ្ឋ រិះគន់​របប​ក្រុងភ្នំពេញ ដែល​បានសម្រេច​ផ្លាស់ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​គេ​ស្គាល់​ថា​ជា មន្ទីរពេទ្យ​លោកសង្ឃ ទៅជា​ឈ្មោះ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន ព្រះកុសុមៈ ក្រោយពី​ទទួល​បាន​អំណោយ ជា​អគារ​ពី​រដ្ឋាភិបាល​ចិន។

ព្រះសង្ឃ និង​យុវជន​យល់ថា របប​ក្រុងភ្នំពេញ មិន​គួរ​ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ដ៏​ធំ​មួយ ដោយ​គ្រាន់តែ​ទទួល​បាន​ជំនួយ​ជា​អគារ​ពី​រដ្ឋាភិបាល​ចិន​ទេ។

ព្រះតេជព្រះគុណ សឿន សេងហុង គង់នៅ​វត្ត​ពិភទ្ទរង្ស៊ី ហៅ​វត្ត​ចិន​ដំដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ មាន​ព្រះ​ថេរដីកា​ថា ការផ្លាស់ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ អាច​ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មិន​ស្គាល់​ឈ្មោះ​ដើម​នៃ​មន្ទីរពេទ្យ​លោកសង្ឃ និង​ហាក់​បញ្ជាក់​ថា ក្រោម​ការដឹកនាំ​នៃ​របប ក្រុងភ្នំពេញ ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្រោម​អាណានិគម​របស់​ចិន​កុម្មុយនិស្ត៖ «គេ​អាច​ប្ដូរ​ឈ្មោះ​បាន​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ហើយ​មក​ដាក់​មន្ទីរ​ពេទ្យ​កម្ពុជា​មិត្តភាព​ចិន​អ៊ីចឹង​ទៅ​វា​អាច​បញ្ជាក់​បាន​ថា​យើង​កំពុង​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​ចិន​កុម្មុយនិស្ត»

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​សាសនា ដើម្បី​បើក​ការដ្ឋាន​សាងសង់​អគារ​ថ្មី ដែល​ត្រូវ​សង់​លើ​ផ្ទៃដី ជាង​១​ម៉ឺន (១៣.៧៤០) ម៉ែត្រការ៉េ ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ អគារ​ថ្មី​នេះ ឈ្មោះ អគារ​មិត្តភាព​កម្ពុជា​ចិន ព្រះកុសុមៈ ហើយ​មាន​ទំហំ ជាង​២​ម៉ឺន (២៨.៩០០) ម៉ែត្រការ៉េ នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន ៥៥០​លាន​យ័ន ស្មើនឹង​ប្រមាណ ៨០​លាន​ដុល្លារ​អាមេរិក។ មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​គេ​ស្គាល់​ថា​ជា​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិត ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​បាន​កសាង​នៅ​ឆ្នាំ​១៩៥៣ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៥៦ ដោយ​យក​តាម​ព្រះនាម​ព្រះមហាក្សត្រិយ៍​ខ្មែរ​មួយ​អង្គ ព្រះនាម ស៊ីសុវត្ថិ​មុនីវង្ស កុសុមៈ នារីរ័ត្ន​សេរីវឌ្ឍនា ដែល​បាន​សោយរាជ្យ នៅ​ចន្លោះ​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០។

នៅ​ថ្ងៃ​ទី​៣០ តុលា ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ក៏បាន​ចេញផ្សាយ​វីដេអូ​ឃ្លីប រយៈពេល​ជិត ៨​នាទី បង្ហាញ​ថា ក្រោយ​ការសាងសង់​អគារ​ថ្មី មន្ទីរពេទ្យ​ព្រះកុសុមៈ នឹង​ត្រូវ​ផ្លាស់ប្ដូរ​ឈ្មោះ ជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ព្រះកុសុមៈ៖ «មន្ទីរពេទ្យ​ព្រះកុសុមៈ​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ​កម្ពុជា​មិត្តភាព​ចិន​ព្រះកុសុមៈ​ដែល​ចាប់ផ្ដើម​សាងសង់​ចាប់ពី​ដំណាច់ខែ តុលា​ឆ្នាំ ២០១៨​មាន​រយៈពេល​៤០​ខែ​ដែល​មាន​គ្រោង​ចំណាយ​អស់​ប្រាំ​រយ​សែសិប​លាន​យន់​ស្មើ ប្រមាណ ប៉ែតសិប​មួយ​លាន​ដុល្លារ​អាមេរិក»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ និង​អ្នកស្រី ឱ វណ្ណឌីន បានទេ នៅ​ថ្ងៃ​ទី​៣១ តុលា ដោយសារ​មិន​លើក​ទូរស័ព្ទ។

ហ្វេសប៊ុក​ក្រសួងសុខាភិបាល បង្ហាញ​ថា អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះកុសុមៈ នឹង​ត្រូវ​ចំណាយ​ពេល​សាងសង់​រយៈពេល​៤០​ខែ មាន​កម្ពស់ ៥៣​ម៉ែត្រ ១១​ជាន់។ អគារ​នេះ នឹង​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក អគ្គិសនី និង​ប្រព័ន្ធ​បង្ហូរ​លូ​ទឹក​ស្អុយ ហេដ្ឋារចនាសម្ព័ន្ធ​ស្ដង់ដារ​ប្រទេស​ចិន ហើយ​អាច​សម្រប​តាម​អាកាសធាតុ​រដូវប្រាំង និង​រដូវវស្សា។

អគារ​ថ្មី​នេះ ត្រូវ​ចែកចេញជា​ផ្នែក ដូចជា ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​វះកាត់ ព្រមទាំង​សេវា​ជំនួយ​ផ្សេងៗ​ទៀត។ អគារ​នេះ មាន​សមត្ថភាព​អាច​ដាក់​គ្រែ​ទទួល​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន​សរុប​៤០០​គ្រែ។

យុវជន​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ខាន់ ភូមិន្ទ សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រោះ​ជា​ការ​បាត់បង់​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។ យុវជន​រូប​នេះ យល់ថា ប្រសិនបើ​ភាគី​ចិន ចង់​ផ្ដល់​ជំនួយ​ជួយ​សុខាភិបាល​កម្ពុជា​ដោយ​ស្មោះ​ស​មែន​គួរ​ទុក​ឈ្មោះ​មន្ទីរពេទ្យ​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ខ្មែរ​ទុក​សិទ្ធិ​ឲ្យ​ភាគី​ខ្មែរ​គ្រប់គ្រង​ទាំងស្រុង និង​មិន​ត្រូវ​មាន​ភាគហ៊ុន​របស់​ចិន​ទេ៖ «និយាយ​តាម​ត្រង់​សូម្បីតែ​ក្មេង​ដែល​ទើបតែ​រៀន ក៏​គេ​ដឹង​ថា​ជា​ជំនួយ​ដែល​ចង់បាន​កេរ្តិ៍ ឈ្មោះ ជា​ជំនួយ​សម្លឹង​រក​ផលប្រយោជន៍ ជា គំនិត​ខ្ញុំ​ជំនួយ​ចង់បាន​អ្វី​ម្យ៉ាង​ទៅវិញ»

អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់ ព្រះបាទ នរោត្តម សីហនុ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រំលឹក​ថា មន្ទីរពេទ្យ​នេះ បាន​យក​ព្រះនាម​របស់ ព្រះ​មាតា​របស់​ព្រះបាទ​នរោត្តម សីហនុ ហើយ​ទ្រង់​បាន​សោយ​ទិវង្គត​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ​១៩៧៥។ ទោះ​យ៉ាង​ណា​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចង់​ឃើញ​គុណភាព​វិស័យ​សុខាភិបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ មាន​ភាព​រីកចម្រើន​ជាង​មុន ក្រោយ​ទទួល​បាន​ជំនួយ​ពី​ចិន៖ «ហេតុដូច្នេះ​ប្រសិនបើ​មានការ​ដូរ ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទៅជា​មន្ទីរពេទ្យ​កម្ពុជា​មិត្តភាព​ចិន​ព្រះកុសុមៈ ក៏​វា​អត់​មានការ​ឆ្គាំឆ្គង​អ្វី​ដែរ ព្រោះ​លោក​បានជា​សាក្សី​មិត្តភាព​កម្ពុជា​ចិន​ផង​ដែរ អ៊ីចឹង​សូមទោស​ហើយ​ណា​មិន​មាន​អ្វី​ខុស​ទេ ខ្ញុំ​សូម​ពន្យល់​ដល់​មហាជន​វីរៈជន​ថា មិន​មាន​អ្វី​ប៉ះ​ព្រោះ​អតីត​ព្រះមហាក្សត្រ​ចិន​គេ​ធ្លាប់​ជា​ម្ចាស់ ផ្ទះ​ទទួល​កម្ពុជា​យើង​ជា​មហាមិត្ត​របស់​ចិន អ៊ីចឹង​មិន​មាន​អ្វី​ជា​ផល​ប៉ះពាល់​មកដល់​កម្ពុ​ជា​នោះ​ទេ»

ពលរដ្ឋ និង​ព្រះសង្ឃ ចង់​ឲ្យ​របប​ក្រុងភ្នំពេញ ទទួល​ជំនួយ​ផ្នែក​សុខាភិបាល​ពី​រដ្ឋាភិបាល​ចិន យក​ទៅ​បង្កើត​មន្ទីរពេទ្យ​ថ្មី ដាក់ឈ្មោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ជាជាង​ការ​ប្ដូរ​ឈ្មោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment