លោកនាយករដ្ឋ​ម​ន្ដ្រី ហ៊ុន សែន ចាត់​ទុក​ចិន​ជា​ខ្នង​បង្អែក​របស់​កម្ពុជា

ដោយ អ៊ឹម រចនា
03/11/2018
RFI

media
លោក ចាង ឈុនហ្ស៊ាន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន ជួប​ជាមួយ​លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ឯ​វិមាន​សន្តិភាព ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៨
សហការី


លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចាត់​ទុក​ចិន​ជា​ខ្នង​បង្អែក​របស់​កម្ពុជា។ និង​ថា ជំនួយ​របស់​ចិន បាន​ជួយ​ពង្រឹង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅថ្ងៃ​សុក្រ​ទី​០២​វិច្ឆិកា ​ក្នុង​ជំនួប​សវនាការ​ជាមួយអនុ​ប្រធាន​សភា​តំណាង​ប្រជាជន​ចិន ​លោក ចាង ឈុនហ្ស៊ាន ​។ លោក ចាង ឈុនហ្ស៊ាន ដែល​កំ​ពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​នៅ​កម្ពុជា​​។​

«បើ​គ្មាន​ប្រទេស​ចិន​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​ទេ នោះ​កម្ពុជា​មិន​អាច​ឈរ​រឹង​មាំ​ដូច​សព្វ​ថ្ងៃ​បាន​ទេ​»​។ នេះ​គឺ​ជាអ្វី​ដែល​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែង​ប្រាប់​លោក ចាង​ ឈុនហ្ស៊ាន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា នៅ​វិមាន​សន្តិភាព​។ បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រី​ក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន មិន​អាច​កើត​មាន​បាន​ទេ បើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ចិន ទាំង​ជំនួយ​ឥត​សំណង ប្រាក់​កម្ចី​សម្បទាន និង​ជំនួយ​ផ្សេង​ៗ​ទៀត​។ សម្រាប់​លោក ហ៊ុន សែន ជំនួយ​របស់​ចិន​ទាំង​អស់​នេះ បាន​ជួយ​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ជំនួប​ដដែល​នោះ ប្រមុខរដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រទេស​ចិន បន្ត​ជួយ​ទិញ​ផលិតផល​ពី​កម្ពុជា ខណៈ​កម្ពុជា​កំពុង​រង​ការ​គំរាម​កំហែង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សំណាក់​សហភាព​អឺរ៉ុប​។

ជុំ​វិញ​បញ្ហា​ពាណិជ្ជកម្ម​នេះ អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក ចាង ឈុនហ្ស៊ាន បានសន្យា​ថា លោក​នឹង​ពាំនាំ​សំណើ​របស់​លោក ហ៊ុន សែន ទៅ​ប្រាប់​រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន និង​ថ្នាក់​ដឹក​នាំ​ចិន​។ លោក ចាង ឈុនហ្ស៊ាន ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​ស្វែង​រក​ទីផ្សារ​បន្ថែម នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​រុស្ស៊ី​ផង​ដែរ ព្រោះ​លោក​យល់​ថា ទំនិញ​របស់​កម្ពុជា​មាន​គុណភាព​ខ្ពស់ អាច​នាំ​ចេញ​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ​បាន​។

ចំពោះ​ទំនាក់ទំនង​ទ្វេ​ភាគី លោក ចាង ឈុនហ្ស៊ាន ចាត់​ទុក​ទំនាក់ទំនង​កម្ពុជា​ចិន ថា​ជា​មិត្តភាព​ដែក​ថែប មិន​អាច​បំបែក​បំបាក់​បាន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​និង​គ្រប់​បែប​យ៉ាង​រួម​គ្នា​នា​ពេល​កន្លង​មក​។ នៅ​ពេល​បណ្ដា​ប្រទេស​លោក​ខាង​លិច​មាន​មតិ​ចម្រុះ​ពី​កម្ពុជា ​លោក ចាង ឈុនហ្ស៊ាន អះអាង​ថា ប្រទេស​ចិន​នឹង​គាំទ្រ​លោក ហ៊ុន សែន ជា​រៀង​រហូត​។

គួរ​ជម្រាប​ថា ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​រវាង​លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​លោក ចាង ឈុនហ្ស៊ាន ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​លោក ស្រ៊ី ថាមរុង្គ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ដ្រី នៅ​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​។ ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ចាង ឈុនហ្ស៊ាន ដែល​អញ្ជើញ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០១​វិច្ឆិកា នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​សៀមរាប មុន​នឹង​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​០៤​វិច្ឆិកា​។

សូម​រំឭក​ជូន​ថា កម្ពុជា​និង​ចិន បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​១៩៥៨​។ រហូត​មក​ទល់​បច្ចុប្បន្ន ចិន​បាន​ក្លាយ​ជា​ប្រទេស​ដែល​ដាក់​ទុន​រក​ស៊ី​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​ច្រើន​ជាង​គេ​​ផង​ដែរ​៕

What Next?

Recent Articles

Leave a Reply

Submit Comment