អ្នកវិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​ ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​​​ដោះ​​ស្រាយ​​​បញ្ហា​ ​ដើម្បី​បញ្ចៀស​ពី​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA

ដោយ មាន ឫទ្ធិ
2018-11-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


កម្ពុជា​ ​នៅ​សល់​រយៈពេល​តែ ១១ខែ​ទៀត​តែ​ប៉ុណ្ណោះ​ ​មុននឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំងអស់​លើក​លែង​តែ​អាវុធ​» ឬ​ EBA ​ដោយសារតែ​របប​នេះ​នៅតែ​រឹង​ទទឹង​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើងវិញ​។ ​អ្នកវិភាគ​បញ្ជាក់​ថា​ របប​ក្រុង​ភ្នំពេញ​ ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​ ក្នុង​ការដោះស្រាយ​បញ្ហា​នានា ​ដើម្បី​បញ្ចៀស​កម្ពុជា​ពី​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប​នេះ។

អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី ថ្លែង​ក្នុង​នាទី​វេទិកា​អ្នកស្តាប់​អាស៊ី​សេរី​កាលពី​ថ្ងៃ​ ​អង្គារ ​ទី ០៦ ​វិច្ឆិកា​ ​សង្កត់ធ្ងន់​ៗ​ថា​ របប​ក្រុង​ភ្នំពេញ​ ​ត្រូវតែ​ហ៊ាន​ប្រឈម​ចេញមុខ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​ ​ដើម្បី​បញ្ចៀស​កម្ពុជា​ពី​វិបត្តិ​បណ្តាល​មកពី​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ៖ «ទោះបីជា​គណបក្ស​ទាំង​ពីរ​ហ្នឹង​ ​អ្នកណា​ធ្វើ​ខុស​ធ្ងន់​ខុស​ស្រាល​យ៉ាងម៉េច​ក៏​ដោយ​ ​ប៉ុន្តែ​កាល​ណា​ប្រទេស​មួយ​ ​ឈាន​ចូល​ទៅក្នុង​វិបត្តិ​នយោបាយ​ រហូត​ដល់​មាន​ការ​គាប​សង្កត់​ពី​បរទេស ​វា​នៅតែ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ដដែល​ទេ ហើយ​បើ​យើង​មើល​ទៀត​ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​ ​គឺ​មាន​បក្ស​តែ​មួយ​ទេ ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​តួនាទី​មួយ​ក្នុង​ការ​ប្រឈម ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​កំពុងតែ​កើតមាន​ ​ដូចជា​ការ​ព្យួរ​នូវ​ការ​អនុគ្រោះ​ពន្ធ​អី​នេះ​ ​គឺ​មិន​មែន​ជា​តួនាទី​អ្នក​ណា​មួយ​ទេ ​ហើយក៏​មិន​មែន​ជា​ឱកាស​ ដែល​គណបក្ស​ណា​មួយ​ត្រូវ​អះអាង​យក​ត្រូវ​រៀង​ខ្លួន​ទេ ​ត្រូវ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុសត្រូវ​ ​ហើយ​ត្រូវ​ប្រឈម​ក្នុង​ការ​ដោះ​ស្រាយ​ថា​ តើ​ត្រូវ​នាំ​នាវា​ប្រទេស​មួយ​នេះ ចេញ​ច្រក​ណា ​ដើម្បី​ឲ្យ​គេច​ផុត​អំពី​វិបត្តិ​ដែល​យើង​មាន​សព្វ​ថ្ងៃ​ ​ហើយ​ការ​ព្យួរ​នូវ​ការ​អនុគ្រោះ​ពន្ធ​នេះ»

ការលើកឡើង​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​អ្នក​នយោបាយ​ខ្មែរ​កំពុង​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ករណី​កំហុស​ឆ្គង ដែល​បណ្តាល​ឲ្យ​សហភាព​អឺរ៉ុប​ឈាន​ទៅ​រក​ចំណាត់​ការ​ជាក់​ច្បាស់​យ៉ាង​ដូច្នេះ​ ​ចៀស​ជាង​នាំ​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​រួម​ជា​ធ្លុង​មួយ ដើម្បី​ផល​ប្រយោជ៍​រួម​របស់​ពលរដ្ឋ​ខ្មែរ។ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន បាន​បរាជ័យ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​បញ្ចៀស​ កុំ​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​នីតិវិធី​ឈាន​ទៅ​រក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា ក្នុង​ជំនួប​ទ្វេ​ភាគី​មួយ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា កន្លង​ទៅ នៅ​ទីក្រុង​ប៊្រុច​សែល ​ប្រទេស​ប៊ែលហ្ស៊ីក។ សហភាព​អឺរ៉ុប ទុក​រយៈ​ពេល​ឲ្យ​របប​ក្រុង​ភ្នំពេញ​កែ​លម្អ និង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​មិន​លើស​ពី ១២ខែ​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង កាលពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ ប្រសិន​បើ​មិន​ចង់​ទទួល​រង​នូវ​ផល​វិបាក​ធ្ងន់ធ្ងរ​ណា​មួយ​នោះ។

លោក​បណ្ឌិត​ ​មាស​ នី ​ថ្លែង​បន្ត​ថា​ ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ព្រម​ទាំង​ ​ខ ​និង​លក្ខខណ្ឌ​នានា ​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១​ រដ្ឋាភិបាល​ណា​ក៏​ដោយ​ដែល​កើត​ចេញ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នេះ​ ត្រូវ​តែ​មាន​តួនាទី​ក្នុង​ការ​ធានា​ឲ្យ​មាន​ឯកភាព​ជាតិ​ទាំង​មូល។ លោក​បន្ត​ថា ដរាប​ណា​មាន​ការ​បរាជ័យ​ ក្នុង​ការ​ធ្វើឲ្យ​មាន​ការ​ឯកភាព​ជាតិ ការ​ទទួល​ខុស​ត្រូវ​នេះ នឹង​ធ្លាក់​មក​ជា​បន្ទុក និង​កំហុស​របស់​អ្នក​នយោបាយ​ខ្មែរ។

ដូចគ្នា​នេះ​ដែរ​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​លោក​ ​រ៉ុង ​ឈុន​ ​ថ្លែង​ថា​ ​ផ្អែក​តាម​លក្ខខណ្ឌ​នានា​ដាក់​ចេញ​ជា​បន្តបន្ទាប់​ដោយ​សហភាព​អឺរ៉ុប​ ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​វិបត្តិ ​ដែល​ចាំបាច់​ ត្រូវ​តែ​នាំ​គ្នា​ដោះ​ស្រាយ៖ «បើ​យើង​មើល​ទៅ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ គឺ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ហើយ​ ពីព្រោះ​យើង​មើល​ឃើញ​លក្ខខណ្ឌ​សហភាព​អឺរ៉ុប​បាន​ដាក់​មក​ឲ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ហ្នឹង​ ធ្វើ​ការ​សម្របសម្រួល​ឲ្យ​មាន​ការ​លើក​លែង​ទោស​លោក សម ​រង្ស៊ី ​ដោះ​លែង​លោក​ ​កឹម ​សុខា ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើងវិញ ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ហើយ​ផ្តល់​សិទ្ធិ​ទៅ​ដល់​អ្នក​នយោបាយ​ទាំង ១១៨នាក់ ហើយ​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត មាន​សិទ្ធិ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ក៏​ដូចជា​សារព័ត៌មាន​ឯករាជ្យ​បាន​ផ្សាយ​ឡើង​វិញ។ នេះ​ជា​លក្ខខណ្ឌ​ដែល​គេ​ដាក់​ឲ្យ​រដ្ឋាភិបាល​ទទួល​យក»

លោក​ ​រ៉ុង ​ឈុន​ ​បន្ត​ថា​ ​ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​ទទួលយក​នូវ​លក្ខខណ្ឌ​នានា ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​នោះ​ ​ពេល​នោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​នឹង​មិន​ត្រូវ​បាន​ដក​ពី​កម្ពុជា​នោះ​ទេ។

ជុំវិញ​ការ​ស្វែង​រក​ដំណោះស្រាយ​នេះ​ លោក​បណ្ឌិត​ ​មាស​ នី ​នៅ​តែ​មើល​ឃើញ​ថា​ ដរាបណា​អ្នក​នយោបាយ​ខ្មែរ​ ​មាន​សុច្ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​រួម​ដើម្បី​រក្សា​ឯកភាព​ជាតិ​មែន​នោះ​ ​នោះ​បញ្ហា​ទាំងនេះ​ ​នឹង​មិន​ត្រូវ​ការ​ចំណាយ​ពេល​វេលា​យូរ​ ដើម្បី​ដោះ​ស្រាយ​នោះ​ឡើយ។ លោក​បណ្ឌិត​ ​មាស​ នី ​ផ្តល់​អនុសាសន៍​ថា​ ​អ្នកនយោបាយ​ ​គួរ​ជៀសវាង​យក​កំហឹង​ផ្ទាល់ខ្លួន​ ​ឬ​ទំនាស់​បុគ្គល​មក​ប្រើ ​តាមរយៈ​ការបញ្ចេញ​ពាក្យសម្តី​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ ​ព្រោះ​លោក​ថា ​ពេល​ខ្លះ​ពាក្យ​សម្តី​ទាំងនេះ​ ​នឹង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​បុគ្គល​ពាក់ព័ន្ធ​នោះ​ទេ ​តែ​ថែម​ទាំង​ខាត​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ ​ឬ​ពេល​ខ្លះ​ រហូត​ដល់​បណ្តាល​ឲ្យ​ខូច​ដល់​កិត្តិយស​របស់​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ។

ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​មែន​ ​នោះ​កម្ពុជា​ប្រឈម​នឹង​ការ​តម្រូវឲ្យ​បង់​ពន្ធ​ក្នុង​មួយ​ឆ្នាំៗ មិន​តិច​ជាង​ ៧០០លាន​ដុល្លារ​ ​លើ​រាល់​មុខ​ទំនិញ​ទាំងអស់​ ដែល​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។ កម្មករ​និយោជិត​មិន​តិច​ជាង ៧សែន​នាក់​ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ​ ​ខណៈ​ពលរដ្ឋ​ខ្មែរ​ជាង ២លាន​នាក់​បន្ថែម​ទៀត​ ​នឹង​ទទួលរង​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល ​ដែល​ការណ៍​នេះ​ក៏​អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅពេល​ដែល​ពលរដ្ឋ​ទាំងនោះ​មិន​អាច​រក​ប្រាក់​ដោះ​បំណុល​របស់​ពួក​គេ​បាន។ អ្នក​ជំនាញ​ព្រមាន​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ​ ​នឹង​រឹតតែ​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដំណើរ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច ហើយ​កម្ពុជា​នឹង​នៅ​តែ​មិន​អាច​រួច​ផុត​ពី​ស្ថានភាព​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​តិចតួច​បំផុត ឬ LDC បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា​ របប​ក្រុង​ភ្នំពេញ​ ​ត្រូវតែ​ចេញមុខ​ទទួលខុសត្រូវ​​​ដោះ​​ស្រាយ​​​បញ្ហា​ ​ដើម្បី​បញ្ចៀស​ពី​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA"

  1. Anonymous says:

    MEAS NY speaking right on the point that HUN SEN can not sleep . this dump evil is getting old every day CHEA SIM and SOK AN asking him to joint whit them in hell . I do not think HUN SEN will last that long his high blood pressure will lead him to be hart attack soon. his last day will come soon but so sad this animal will never give up till his last day. GOD bless KAMPOUCHEA

Leave a Reply

Submit Comment