ក្រសួងបរិស្ថាន​ដាក់​បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​នៃ​បឹង​ទន្លេសាប​ជា​តំបន់​រ៉ាមសារ

ដោយ វ៉ែន សុមេធ
2018-11-07
RFA

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នា​ទីស្ដីការ​ក្រសួង។ RFA/Tin Zakariya
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤ នា​ទីស្ដីការ​ក្រសួង។ RFA/Tin Zakariya


ក្រសួងបរិស្ថាន​បាន​ដាក់​បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន បឹង​ទន្លេសាប​ជា​តំបន់​រ៉ាមសារ។ តំបន់​ស្នូល​ស្ទឹងសែន​បឹង​ទន្លេសាប ជា​តំបន់​ដី​សើម​ទឹកសាប ដែល​មាន​ធនធាន​ព្រៃ​លិច​ទឹក​ដ៏​ល្អ និង​មាន​ក្រឡា​ផ្ទៃ​សរុប​ចំនួន ៩.២៩៣​ហិកតារ​ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​ដី​សើម​មាន​សារៈសំខាន់។ កាលពី​ថ្ងៃ​ទី៦ វិច្ឆិកា ក្រសួង​បរិស្ថាន​បាន​ជូនដំណឹង​អំពី​ការ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​បឹង​ទន្លេសាប​ជា​តំបន់​ដី​សើម​ដ៏​មាន​សារៈសំខាន់ ដែល​ទទួលស្គាល់​លក្ខណៈ​ជា​អន្តរជាតិ ជា​តំបន់​រ៉ាមសារ។

រ៉ាមសារ (RAMSAR) គឺជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដែល​ផ្ដល់​នូវ​ក្របខ័ណ្ឌ​សម្រាប់​សកម្មភាព​ជាតិ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស និង​ការប្រើប្រាស់​ដីគោក​និង​ប្រព័ន្ធ​អេកូឡូស៊ី ឬ​តំបន់​ដី សើម។

តំបន់​រ៉ាមសារ​ស្ទឹងសែន ស្ថិតនៅ​ប៉ែក​អាគ្នេយ៍​បឹង​ទន្លេសាប​ជា​ប្រភេទ​តំបន់​ដី​សើម​ទឹកសាប​សម្បូរ​ដោយ​ព្រៃ​លិច​ទឹក និង​ជាទី​ជម្រក​ដ៏​សំខាន់​សម្រាប់​ជីវចម្រុះ​គ្រប់​ប្រភេទ​។ លើស​ពី​នេះ​ទៅ​ទៀត ព្រៃ​គុម្ពោត និង​វាលស្មៅ​ក្នុង​តំបន់​រ៉ាមសារ​ស្ទឹងសែន គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ដល់​ពពួក​សត្វ​ស្លាប​ទឹក ថនិកសត្វ និង​មច្ឆា​ជាតិ ជាច្រើន​ប្រភេទ​ផ្សេងទៀត​។ តំបន់​រ៉ា​ម​សារ​នេះ​ក៏​មាន​សារៈសំខាន់​ក្នុង​ការ​កាត់បន្ថយ​ទឹកជំនន់​នៅ​រដូវវស្សា រក្សា​ទឹក រក្សា​លំនឹង​ទឹក​ក្រោម​ដី​បន្សុទ្ធ​ទឹក​តាមរយៈ​រុក្ខជាតិ​ក្នុង​ទឹក និង​ព្រៃ​លិច​ទឹក និង​ជា​ប្រភព​ទឹក​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ និង​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​នៃ​ក្រសួងបរិស្ថាន​ជប៉ុន លោក ម៉ាសារូ ហូរីកាម៉ា (Masaru Horikami) បាន​គាំទ្រ​ការ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ាមសារ​នេះ ហើយ​ភាគី​ជប៉ុន​នឹង​ជួយ​បណ្ដុះបណ្ដាល ដល់​មន្ត្រី​ឧទ្យាន​រក្ស​ក្នុង​ការ​អភិរក្ស​តំបន់​ដី​សើម និង​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ស្នូល​ស្ទឹងសែន ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន។

កម្ពុជា​មាន​ផ្ទៃដី​គ្របដណ្ដប់​ជាង​៣០​ភាគរយ ជា​តំបន់​ដី​សើម ដោយសារតែ​តំបន់​ទាំងនោះ​បាន​ផ្ដល់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​ទ្រទ្រង់​ដល់​ពពួក​សត្វ​ដែល​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ។

កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​រ៉ាមសារ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩៩ និង​បាន​ដាក់​បញ្ចូល​តំបន់​ដី​សើម​មួយ​ចំនួន​ជា​តំបន់​រ៉ាមសារ មាន​ដូចជា តំបន់​រ៉ាមសារ​បឹង​ឆ្មារ តំបន់​រ៉ាមសារ កោះ​កាពិ តំបន់​រ៉ាមសារ ស្ទឹងត្រែង និង​តំបន់​រ៉ាមសារ​ព្រែក​ទាល់។

បច្ចុប្បន្ន​តំបន់​ដី​សើម​សំខាន់ៗ​ដែល​បាន​ដាក់​បញ្ចូល​ជា​តំបន់​រ៉ាមសារ​មាន​ចំនួន ២.៣៣១​កន្លែង​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​បង្កើត​ជា​បណ្ដាញ​ដ៏​ធំ​ជាង​គេ​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​ជា​តំបន់​ដី​សើម៕


What Next?

Recent Articles

Leave a Reply

Submit Comment