លោកស្រី រ៉ូណា ស្មីត អំពាវនាវថ្មីទៀតឲ្យដោះលែងលោក កឹម សុខា


|
https://www.vodhotnews.com

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត អំពា​វនាវជា​ថ្មី​ទៀ​ត​ទៅ​រដ្ឋាភិបាល​កម្ពុជា ​​​ឲ្យ​ដោះ​លែងមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយថា ការបន្តឃុំខ្លួន​​មេដឹ​កនាំ​បក្ស​​ប្រឆាំង​រូប​នេះ សេរីភាពគាត់​នៅ​តែ​​ប​​ន្ត​រឹ​ត​ត្បិត។

ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ក្រោយពីបញ្ចប់បេស​កក​ម្ម​១១​​ថ្ងៃនៅកម្ពុ​ជានៅថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត លើកឡើងថា លោកស្រី​មានការកង្វល់​អំពី​លោក កឹម សុខា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​​កន្លង​មក។ លោក​ស្រី​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ថា បាន​រឹត​ត្បិត​សេរីភាព​របស់​លោក កឹម សុខា។

លោកស្រីបន្តថា៖ «ខ្ញុំក៏សូមអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ពីការឃុំឃាំងដ៏រឹតត្បិត និងបញ្ចប់ការស៊ើ​បអង្កេត​ឲ្យ​បា​ន​​ឆា​ប់នៅក្នុងសុំណុំរឿងរបស់គាត់ ដើម្បីធានាពីសិទ្ធិរ​បស់គាត់ក្នុងការទទួលបា​នការកាត់ក្តីរយៈ​ពេលសមស្រ​បមួយដោយឈរ​លើកា​រ​វាយ​ត​ម្លៃពីភស្តុតាងមួយច្បាស់លាស់ និងមានតម្លាភាព ឬបើមិនដូច្នេះ​ ត្រូវទម្លាក់បទចោទប្រឆាំងនឹងរូបគាត់»

លោកស្រី រ៉ូណា ស្មីត បានអះអាងទៀតថា កង្វល់នេះ ក៏ត្រូវបានលោក​ស្រី​លើកយកទៅជជែកជាមួយក្រសួងយុត្តិធម៌ និង​គណៈកម្មា​ធិការ​​សិទ្ធិម​នុស្សរបស់រដ្ឋាភិបាលផងផងដែរ។

ទោះជាយ៉ាងណា អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិរូបនេះ បានបង្ហាញការខក​ចិត្តទៅនឹងចៅ​ក្រមដែលមិនអនុ​ញ្ញា​​តិ​ឲ្យ​​លោកស្រី បានជួបលោក កឹម សុខា ដែលកំពុងត្រូវបានបង្គាប់ឲ្យឃុំខ្លួនក្នុងផ្ទះ។

លោកស្រីថា៖ «ក្នុងនាមខ្ញុំជាអ្នកជំនាញ​របស់អង្គការសហប្រជាជាតិឯករាជ្យ ដែលតែងតាំងដោយរដ្ឋជាសមាជិក គឺ​ខ្ញុំ​មាន​សិទ្ធិ​ចូល​​គ្រប់ក​​ន្លែ​ង​ទាំងអស់ ដែលមានការឃុំឃាំង។ នេះជាសិទ្ធិរបស់ខ្ញុំ ហើយសិទ្ធិមនុស្សត្រូវបានបដិសេធចោល ហើយអ្វីដែលខ្ញុំ​ត្រូវ​ធ្វើប​ន្ត គឺ​ខ្ញុំត្រូវរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអំពីការបដិសេធនេះ»

លោកស្រីរ៉ូណា ស្មីត ក៏អំពាវនាវឲ្យទម្លាក់បទចោទលើមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ផងដែរ៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment