លោក ហ៊ុន សែន ថា​ការ​តែងតាំង​កូនៗ​របស់​លោក​ឱ្យ​កាន់​ការ​ធំ​ដោយសារ​ពួកគេ​មាន​សញ្ញាប័ត្រ​ខ្ពស់

ដោយ សុ ជីវី
2018-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com


មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​សារ​នយោបាយ​របស់​ខ្លួន​អំពី​បញ្ហា​គ្រួសារ និង​បក្ខ​ពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ ដែល​លោក​ធ្លាប់​​​ចង់​លុប​បំបាត់​នោះ​ ទៅ​ជា​រឿង​ធម្មតា​ទៅ​វិញ។ លោក​ថ្លែង​ប្រាប់​សិស្ស​និទ្ទេស A ចំនួន​ ៤០៨ នាក់ នៅ​ព្រឹក​ថ្ងៃទី៨ វិច្ឆិកា ថា​ លោក​មិន​មែន​សុទ្ធ​តែ​យក​សាច់ញាតិ​មក​ធ្វើ​ជា​មន្ត្រី​នោះ​ទេ ហើយ​កូន​ៗ​របស់​លោក​ដែល​បាន​កាន់ការ​ធំ​នោះ គឺ​ដោយសារ​ពួក​គេ​មាន​សញ្ញាប័ត្រ​ខ្ពស់។ អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​សង្គម មើល​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ​របស់​កម្ពុជា​កំពុង​ចាក់​ស្រេះ​ទៅ​ដោយ​បញ្ហា​គ្រួសារ និង​បក្ខពួក​និយម​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​កែទម្រង់​ឱ្យ​បាន​ត្រឹមត្រូវ។

មេដឹកនាំ​របប​ឯកបក្ស លោក ហ៊ុន សែន ច្រាន​ចោល​ការរិះគន់​ដែល​ថា ការ​តែង​តាំង​កូន​ៗ​របស់​លោក​ឱ្យ​ទទួល​បាន​តួនាទី​គ្រាក់ៗ​នោះ ជា​ការ​ពង្រឹង​អំណាច។ លោក​ថ្លែង​ការពារ​កូន​ៗ​របស់​លោក​ និង​កូន​​មន្រ្តី​ដទៃ​ទៀត​ថា ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​ និង​ជា​មនុស្ស​មាន​សមត្ថភាព ទើប​ពួក​គេ​អាច​ទទួល​បាន​តំណែង​ជា​មន្ត្រី​សំខាន់ៗ​​ក្នុង​របប​របស់​លោក​បាន។ លោក​បន្ត​​ថា សាច់​ញាតិ​របស់​លោក​មួយ​ចំនួន​មិន​មាន​តួនាទី ឬ​តំណែង​ធំ​អ្វី​នោះ​ឡើយ​ ហើយ​ក្មួយ​ៗ​របស់​លោក​វិញ ក៏​មិន​សូ​វ​ធ្វើ​ការ​ធំ​នោះ​ដែរ។ លោក​ថែម​ទាំង​បាន​ចោទ​​គណបក្ស​ប្រឆាំង​វិញ​ថា មាន​សមាជិក​ខ្លះ​របស់​គណបក្ស​នេះ តែង​យក​ឯកសារ​មក​ស្នើសុំ​តំណែង​ពី​លោក​ថែមទៀត​ផង «និយាយ​ពី​រឿង​​តែ​ង​តាំង! ​កូន​ខ្ញុំ​​​សុទ្ធ​តែ​ថ្នាក់​បណ្ឌិត​ អនុ​បណ្ឌិត ​​តើ​យក​វា​មក​បោះ​ចោល ​​​ឬ​អ្វី​?​ តើ​ឱ្យ​ការ​ងារ​គេ​ធ្វើ​បាន​ទេ? កូន​របស់​មន្ត្រី​រាជការ​នានា ​គេ​ក៏​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​​ អ៊ីចឹង​​យក​ទៅ​ណា​?ខ្ញុំ​សូម​ជម្រាប ​បក្ស​ប្រឆាំង​​ខ្លះ​ដែល​មក​លួច​ចុះ​ចូល​ជា​មួយ​ខ្ញុំ មក​ពេល​ណា​ក៏​ដោយ​តែ​ង​តែ​កាន់​​មក​នូវ​សំណុំ​​រឿង​​​អន្តរាគមន៍​ សុំ​ឱ្យ​អ្នកនេះ​ឡើង​ទៅ​នេះ ​អ្នក​នេះ​ចូល​ទៅ​នោះ។ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​​ចំ​ឈ្មោះ​ទេ ពី​ព្រោះ​គេ​ចូល​ដោយ​លួច​លាក់»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ មាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នៅមុន​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ ដែល​នៅ​​ពេល​នោះ​លោក​បាន​ប្រកាស​ថា លោក​នឹង​ពិនិត្យ​មើល​ឡើងវិញ​អំពី​ដំណើរ​ការ​តែង​តាំង​មន្ត្រី​នៅ​តាម​ក្រសួង​ មន្ទីរ និង​ស្ថាប័ន​រដ្ឋ ដើម្បី​ឱ្យ​ដឹង​ថា តើ​ការ​តែង​តាំង​ទាំងនោះ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ ឬមួយ​ក៏​បែប​ណា។ នៅ​ពេល​នោះ​ លោក​ថែម​ទាំង​ដាស់​តឿន​មន្ត្រី​របស់​លោក​ កុំ​ឱ្យ​តែង​តាំង​មន្ត្រី​តាម​របៀប​​​គ្រួសារ ឬ​បក្ខ​ពួក​និយម​ទៀត​ផង​ ព្រោះ​អាច​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​មិន​សប្បាយ​ចិត្ត«ការ​តែង​តាំង​របៀប​គ្រួសារនិយម បក្ខពួក​និយម​ណាមួយ វា​មិន​ត្រូវ​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​សំណាក់​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​យើង​នោះ​ទេ។ ចំណុច​នេះ​ក៏​រំឭក​ដាស់​តឿន​ចំពោះ​ថ្នាក់​ដឹក​នាំ​តាម​ស្ថាប័ន និង​ថ្នាក់​ខេត្ត​រាជធានី ដែល​ត្រូវ​តែង​តាំង​យ៉ាងណា​ឱ្យ​ស្រប ហើយ​យក​ល្អ​គឺ​ការ​បើក​ឱ្យ​មាន​ការ​ប្រឡង​ប្រជែង​ដោយ​ស្មើភាព គឺ​ជា​ការ​ល្អ​បំផុត​ហើយ»

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ​ លោក ហ៊ីង សុខសាន្ត ថ្លែង​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ពិត​ប្រាកដ​ គ្មាន​នរណា​ម្នាក់​ទៅ​ស្នើ​សុំ​តំណែង​ពី​លោក​ ហ៊ុន សែន ឡើយ​ គឺ​​មាន​តែ​អ្នកខ្លះ​​ដែល​បាន​ចាក​ចេញ​ពី​គណបក្ស​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​រឿង​នេះ។ លោក​ថា ឧទាហរណ៍​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នោះ គឺ​ក្រោយ​ពេល​ដែល​លោក​ ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ​ លោក​បាន​លួងលោម​ផង និង​គំរាម​ផង​ឱ្យ​សកម្មជន​ និង​សមាជិក​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​ទៅ​នឹង​ការ​រក្សា​តំណែង​របស់​ខ្លួន​ឱ្យ​នៅ​ដដែល។ ក៏ប៉ុន្តែ​មិន​មាន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន​ច្រើន​ឡើយ ដែល​បាន​ទៅចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​នោះ។ លោក​យល់​ថា វោហារសាស្ត្រ​របស់​​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​នេះ ​គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​ឯង និង​បិទបាំង​ចំណុច​ខ្សោយ​​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​ទៅ​នេះ លោក​មិន​អាច​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ធូរ​ធារ និង​នាំមក​នូវ​ការ​អភិវឌ្ឍ​ពិត​ប្រាកដ​សម្រាប់​ជាតិ​នោះ​ឡើយ«បើគាត់​ចង់​ដឹង​ថា​ តើ​ការ​ជ្រើស​រើស​មន្ត្រី​​នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា​​កន្លង​​មក​​​ តើ​មាន​តម្លាភាព​​​ ឬ​ក៏​ផ្ដល់​​ភាព​យុត្តិធម៌​​ មានការ​ប្រកួត​ប្រជែង​ស្មើ​ភាព​​ដោយ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​ដែរ​ឬទេ​នោះ​ យើង​​ធ្វើការ​ស្ទង់​មតិ​មួយទៅ​​នៅ​តាម (ស្ថាប័ន​) ​មន្ត្រី​រាជការ​ទាំង​អស់ហ្នឹង​ទៅ។ នោះ​​យើង​នឹង​​អា​ច​​ដឹង​ការ​ពិត​ហើយ​ ថា​តើ​វា​មាន​ពុក​រលួយ​​ វា​មាន​បក្ខ​ពួក​និយម​​ គ្រួសារ​និយម​របៀប​ម៉េច​។​ ដូច្នេះ​ហើយ​អ្វី​ដែល​គាត់​ថ្លែង​នេះ​​ គ្រាន់​តែ​ដើម្បី​បិទ​បាំង​​នូវ​ទង្វើ​បក្ខ​ពួក​និយម ​គ្រួសារ​និយម​ទាំង​សាច់​ញាតិ​គាត់​ និង​សាច់​ញាតិ​របស់​​មន្ត្រី​គ្រាក់ៗ​របស់​គាត់»

កូនៗ​របស់​លោក​ ហ៊ុន សែន ទាំង​កូន​បង្កើត និង​កូន​ប្រសា បាន​ឡើង​តំណែង​យ៉ាង​លឿន​រហ័ស​ សឹង​មិន​គួរ​ឱ្យ​ជឿ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពួក​គេ​ទទួល​បាន​តួនាទី​គ្រាក់ៗ​ ទាំង​ក្នុង​ជួរ​កង​​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រីរាជការ​ស៊ីវិល រហូត​ដល់​សមាជិកសភា។ កូន​ប្រុស​ច្បង​របស់​លោក​ គឺ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​​ជា​មេបញ្ជាការ​​កង​ទ័ព​ជើង​គោក​ និង​ក្ដោបក្ដាប់​​អង្គភាពយោធា​សំខាន់ៗ​ចំនួន​ ៥ ផ្សេង​ទៀត​ ដែល​ធ្លាប់​ស្ថិត​ក្រោម​អគ្គ​បញ្ជា​ការដ្ឋាន​កង​យោធពលខេមរភូមិន្ទ។ កូន​ប្រុស​​ទីពីរ​របស់​លោក​ គឺ​លោក ហ៊ុន ម៉ានិត​ ពាក់​ផ្កាយ​​ ៣ ​កាន់​តំណែង​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​​ក្រសួង​​ការពារ​ជាតិ ខណៈ​កូន​ប្រុស​ពៅ​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ានី វិញ គឺជា​តំណាងរាស្រ្ត​មណ្ឌល​កំពង់​ស្ពឺ ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​សភា​ឯកបក្ស និង​ជា​ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា។ កូន​ប្រសា​របស់​លោក គឺ​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​ស្វាមី​អ្នក​ស្រី ហ៊ុន ម៉ាណា គឺ​​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ ខណៈ​កូន​ប្រសា​របស់​លោក​​​​ម្នាក់​ទៀត គឺ​លោក សុខ ពុទ្ធិវុធ ត្រូវ​ជា​ស្វាមី​អ្នកស្រី ហ៊ុន ម៉ាលីស គឺ​ជា​​​​អនុ​រដ្ឋលេខាធិការ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ចំណែក​ក្រសួង​ស្ថាប័ន​ខ្លះ​វិញ ត្រូវ​បាន​សាធារណជន​ហៅ​ថា ជា​ក្រសួង​ ឬ​ស្ថាប័ន​គ្រួសារ​និយម​ មាន​ជា​អាទិ៍ ក្រសួង​រ៉ែ និង​ថាមពល​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជាដើម​ ដោយសារ​មាន​ឪពុក​ជា​រដ្ឋមន្ត្រី​ ឬ​ជា​ប្រធាន​ស្ថាប័ន​ ខណៈ​កូនៗ​របស់​ពួក​គេ​គឺ​ជា​រដ្ឋលេខាធិការ ជា​ជំនួយ​ការ ឬ​ស្ថិត​ក្នុង​តួនាទី​សម្រេច​ចិត្ត​ក្នុង​ស្ថាប័ន​នោះ។ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី ​ រីឯ​កូន​ប្រុស​របស់​លោក គឺ​លោក ស៊ុយ ឌីម៉ង់ គឺជា​រដ្ឋលេខាធិការ​ក្រសួង​​រ៉ែ និង​ថាមពល។ លោក ឱម យ៉ិនទៀង ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ខណៈ​កូន​ប្រុស​របស់​លោក​ពីរ​នាក់ ឈ្មោះ​ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ជា​ជំនួយការ​​នៃ​អង្គភាព​មួយ​នេះ​ ដែល​មាន​ឋានៈ​ស្មើ​​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខាធិការ។ លោក ជា ចាន់តូ ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​កូន​ស្រី​ម្នាក់​ឈ្មោះ ជា សិរី គឺជា​អគ្គនាយក​បច្ចេកទេស​នៃ​ស្ថាប័ន​នេះ។ ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ជំនាន់​លោក ចម ប្រសិទ្ធិ ក៏​ជាប់​ឈ្មោះ​ជា​ក្រសួង​គ្រួសារនិយម​​ដែរ ដោយ​លោក​ជា​រដ្ឋមន្ត្រី ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ ចម និម្មល​ គឺ​ជា​រដ្ឋលេខាធិការ។ ចំណែក​ក្រសួង​ការបរទេស​ ជំនាន់​លោក​ ហោ ណាំហុង វិញ ក៏​ជាប់​ឈ្មោះ​​ដូច​គ្នា​នេះ​ដែរ ព្រោះ​លោក​ ហោ ណាំហុង ជា​រដ្ឋមន្ត្រី ហើយ​កូន​របស់​លោក​ឈ្មោះ ហោ ណាំបូរ៉ា ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ហើយ​កូន​ៗ​របស់​លោក​ផ្សេង​ទៀត​ក៏​ជា​មន្ត្រី​នៅ​ក្រសួងការបរទេស​ដែរ។​

និន្នាការ​បែប​នេះក៏​បាន​កើត​ឡើង​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​ផង​ដែរ ដោយ​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋសភា​ឯកបក្ស​ភាគច្រើន​​ ​មាន​​​កូនចៅ ឬ​សាច់​សារ​លោហិត​​របស់​ពួក​គេ​បម្រើការ​ជា​មន្ត្រី​នៅ​ក្នុង​នោះ​ដែរ។ អ្នក​ទាំងនោះ​មាន​ជា​អាទិ៍ អនុប្រធាន​ទី១ រដ្ឋសភា លោក ងួន ញ៉ិល មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ងួន រាសី គឺ​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ផ្ទាល់។ អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន មាន​សាច់​ញាតិ​ជាច្រើន​រាប់​ទាំង​ប្រពន្ធ កូន និង​កូន​ប្រសា​របស់​លោក​ផង​សុទ្ធ​សឹង​តែ​​​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ដែរ។

ករណី​ទាំងនេះ មិនបាន​​រាប់​បញ្ចូល​ពី​រឿង​ឪពុក​ជា​មន្ត្រី​ថ្នាក់​កំពូល​ ហើយ​កូន​ៗរបស់​ពួក​គេ​ ជា​មន្ត្រី​នៅ​ស្ថាប័ន​ដោយ​ឡែក​ពី​គ្នា​ផង។ ភាគ​ច្រើន​នៃ​មន្ត្រី​គ្រាក់ៗ​​របស់​លោក​ ហ៊ុន សែន សុទ្ធតែ​មាន​កូន​ ឬ​សាច់​សាលោហិត​ ធ្វើ​ការ​ជា​រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​ ឬ​ជា​អភិបាល​រង​ខេត្ត​ជាដើម​ ដែល​មិន​អាច​រៀប​រាប់​ឈ្មោះ​អស់ ហើយ​ពួក​គេ​ក៏​បាន​ព្យាយាម​បិទ​បាំង​សាវតារ​របស់​ខ្លួន​ដែរ ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សាធារណជន។

លោក ហ៊ីង សុខសាន្ត ថ្លែង​ថា ប្រព័ន្ធ​រដ្ឋបាល​បែប​គ្រួសារ និង​បក្ខ​ពួក​និយម​បែប​នេះ ធ្វើ​ឱ្យ​អភិបាល​កិច្ច​ចុះ​ទន់ខ្សោយ​ និង​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ជាតិ​បាន​​ពិត​ប្រាកដ​នោះ​ឡើយ​ ហើយ​ផល​វិបាក​ធំជាង​គេ​នោះ គឺ​នាំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​នោះ​តែម្ដង៖ «សង្គម​របស់​យើង​នឹង​ជួប​ហានិភ័យ​ខ្ពស់​ណាស់​ នៅ​ពេល​ដែល​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ​ ជា​ការ​ផ្សារ​​ភ្ជាប់​រវាង​សាច់​ញាតិ​មួយ​ក្រុម​​ ឬ​របស់​​បក្ខ​ពួក​មួយ។​ ដូច្នេះ​ធ្វើ​ឱ្យ​ដំណើរការ​​នៃ​អភិបាលកិច្ច​​អត់​មាន​ប្រសិទ្ធ​ភាព​​ ដោយ​សារ​ប្រព្រឹត្ត​នូវ​បក្ស​ពួក​និយម​​ និង​ពុក​រលួយ។ ទី​ពីរ​​ធ្វើ​ឱ្យ​យន្ត​ការ​នៃ​ការ​សម្រេច​ចិត្ត​ អត់​មាន​ភាព​​ល្អ​ប្រសើរ​ទេ បាន​ន័យ​ថា ​អ្នក​ណា​មេ​គេ​ ធ្វើ​អ្វី​ចេះ​តែ​ត្រូវ​រហូត​ ដោយ​សារ​តែ​ជា​សាច់​ញាតិ​របស់​ខ្លួន។ មិនមានការ​​រិះគន់​ ​​មិន​មាន​ការ​ស្ថាបនា​កែ​លម្អ​ ដូច្នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​​ដឹកនាំ​​រដ្ឋបាល​​ទាំង​មួល​ហ្នឹង​ ជួប​​​​ហានិភ័យ​​ និង​មាន​ភាព​កម្សោយ​​​នៅ​ក្នុង​ការបម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ផលប្រយោជន៍​​ប្រទេសជាតិ»

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​តែង​តាំង​កូន​ចៅ​ ឬ​សាច់​សារ​លោ​ហិត​របស់​មន្ត្រី​គ្រាក់ៗ​នៃ​របប​លោក ហ៊ុន សែន ឱ្យ​កាន់​ការ​ងារ​ធំៗ​នេះ ជា​រឿង​ពិបាក​នឹង​ចៀស​រួច ព្រោះ​ដោយសារ​កូន​ចៅ​របស់​ពួក​គេ​មាន​ឱកាស​រៀនបាន​ខ្ពស់​ ​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ បើ​ប្រៀប​ធៀប​នឹង​កូន​ចៅ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ។ ក៏​ប៉ុន្តែ​លោក​ថា មិន​មែន​ផ្អែក​លើ​ហេតុផល​នេះ​ ត្រូវ​តែ​ឱ្យ​កូន​ចៅ ឬ​សាច់​សារ​លោក​ហិត​របស់​មន្ត្រី​ធំៗ​ទាំងនោះ កាន់​តំណែង​សំខាន់​ៗ​ក្នុង​ស្ថាប័ន​តែមួយ ឬ​ស្ថាប័ន​ទីទៃ​ពី​គ្នា​ ដោយ​មិន​បាន​ឆ្លង​កាត់​យន្តការ​នៃ​ការ​ប្រកួត​ប្រជែង​សមត្ថភាព​បែប​នេះ​ឡើយ។ លោក​ជឿជាក់​​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​ទៅ​នេះ ក៏​មាន​កូន​ចៅ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​នាក់​ដែរ ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់ មាន​ចំណេះដឹង ជំនាញ និង​សមត្ថភាព​ពេញ​លេញ អាច​កាន់​ការងារ​សំខាន់ៗ​របស់​ជាតិ​បាន​ ក៏​ប៉ុន្តែ​ពួកគេ​បាន​​បាត់​បង់​ឱកាស​ដោយ​សារ​តែ​ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ ឬ​បក្ខពួក​និយម​បែប​នេះ៖ «ទោះ​បី​ជា​ពួកគេ​ត្រូវ​បាន​​​​តែង​តាំង​នៅ​​ក្នុង​តំណែង​ណាមួយ​ក៏​ដោយ​ ក៏​ត្រូវ​​រក​មធ្យោបាយ​​ដើម្បី​ធានា​​ថា​តំណែង​ ឬក៏​ការ​សម្រេច​ចិត្ត​​របស់​ពួក​គេ​ហ្នឹង​ មាន​តុល្យភាព​ជា​មួយ​នឹង​មន្ត្រី​កម្រិត​សម្រេចចិត្ត​ផ្សេងៗ​​ទៀត​ដែរ​។ ទីពីរ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​​​បញ្ចប់​ ឬ​ក៏​កាត់​បន្ថយ​ឱ្យ​បាន​នូវ​កម្រិត​នៃ​ទំនាស់​ផល​ប្រយោជន៍​​​ដែល​ខ្ពស់​ គឺ​រឿង​ឪ​ពុក​កូន​ ឬ​ម្ដាយ​កូន​​នៅ​ក្នុង​ស្ថាប័ន​តែមួយ ហើយ​នៅ​ក្នុង​តំ​ណែង​​ខ្ពស់​ៗ។ ​វា​​ដល់​ពេលវេលា​មួយ​ដែល​កម្ពុជា​គួរ​តែ​គិត​គូរ​ពិចារណា​ឱ្យ​បាន​ស៊ី​ជម្រៅ​ បើចង់​ឱ្យ​បាន​ភាព​ជា​គំរូ ​និង​ការ​ផ្ដល់​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ»

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ នៅតែ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ច្បាប់​ស្តីពី​ទំនាស់​ផល​ប្រយោជន៍ ដែល​ចែង​ឱ្យ​ច្បាស់​លាស់​អំពី​បញ្ហា​គ្រួសារ ឬ​សាច់​ញាតិ​និយម​នៅ​ក្នុង​ស្ថាប័ន​ជាតិ​ ហើយ​ច្បាប់​នេះ​ត្រូវ​ចាប់​អនុវត្ត​ពី​មន្ត្រី​ថ្នាក់​កំពូល​​មុន​គេ​ ដើម្បី​ផ្តល់​ភាព​ជា​គំរូ​ដល់​មន្ត្រី​ថ្នាក់ក្រោម។ លោក​បន្ថែម​ថា ការ​ធ្វើ​របៀប​នេះ​ក៏​អាច​ជួយ​ឱ្យ​កូន​ចៅ​មន្ត្រី​កំពូលៗ​ទាំង​នោះ អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ប្រយោជន៍​សាធារណៈ​បាន​ដែរ ដោយ​​អាច​បញ្ចៀស​បាន​នូវ​ការ​រិះគន់​ ដែល​ថា​ពួក​គេ​ទទួល​បាន​ឋានៈ​បុណ្យសក្តិ​ ដោយសារតែ​ឥទ្ធិពល​របស់​ឪពុក៕


What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថា​ការ​តែងតាំង​កូនៗ​របស់​លោក​ឱ្យ​កាន់​ការ​ធំ​ដោយសារ​ពួកគេ​មាន​សញ្ញាប័ត្រ​ខ្ពស់"

  1. roumrith says:

    decryption
    the offspring of the psychopaths hun sen his family their entourage are part of the upper castes the others are sub castes
    So hun hun fans are only sub castes, but this psychopath quickly forgot that his wife, ex mistress of phan van dong was just a fish seller
    I doubt the capacity of all these offspring they never sent their offspring in EUROPE on this subject why did not they send to study in China in russia in vietnam?

  2. Anonymous says:

    Veitcong mafia dictator is the beast and the worse in khmer history’

Leave a Reply

Submit Comment