លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ការងារ​និង​ក្រសួងយុត្តិធម៌​បន្ធូរបន្ថយ​សេរីភាព​សហជីព

ដោយ វ៉ែន សុមេធ
2018-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី។ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL)
លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី។ មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL)


លោក ហ៊ុន សែន ចាប់ផ្ដើម​បន្ទន់​ឥរិយាបថ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​ដល់​សហជីព ដើម្បី​ឲ្យ​ពួកគេ​បាន​បំពេញការងារ​នៅ​ក្នុង​តាម​រោងចក្រ​ឲ្យ​បាន​ពេញលេញ។ អ្នកវិភាគ និង​មន្ត្រី​សហភាព​ការងារ​កម្ពុជា​សាទរ​ចំពោះ​ការ​បន្ទន់​ឥរិយាបថ​នេះ ប៉ុន្តែ​លើកឡើង​ថា ដោយសារ​មាន​សម្ពាធ​ពី​សហគមន៍​អឺរ៉ុប​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ លើកឡើង​ថា មួយរយៈ​ចុងក្រោយ​នេះ​អាជ្ញាធរ​របប​លោក​ហ៊ុន សែន បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​បញ្ចេញមតិ​របស់​មេ​ដឹកនាំ​សហជីព​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​បំពេញការងារ​ជួយ​ដល់​កម្មករ ដែល​ពួកគេ​តែងតែ​រងគ្រោះ​ការរំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​រោងចក្រ​នោះ​។​លោក​អាត់ ធន់ អះអាង​ទៀត​ថា កន្លងមក​បើ​ទោះ​បីជា​លោក​នៅផ្ទះ​មិន​បាន​ធ្វើ​សកម្មភាព​ក៏ដោយ ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​តែង​រក​លេស​ប្ដឹង​ចោទប្រកាន់​មក​លើ​រូបលោក ជាប្រចាំ​ដែរ៖ «ប៉ុន្តែ​ការចោទប្រកាន់​កន្លងមក​ខ្ញុំ​គិត​ថា មិនបាន​ស៊ើបអង្កេត​ច្បាស់លាស់​នោះ​ទេ ឲ្យ​តែ​មាន​បណ្ដឹង​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​តុលាការ​ចោទ​ហើយ ដូច្នេះ​បាន​យើង​ស្រែក​ថា​អយុត្តិធម៌ ព្រោះ​មានរឿង​ជាច្រើន​ណាស់ សូម្បីតែ​យើង​អង្គុយ​ក្នុង​ការិយាល័យ​ហើយ​កម្មករ​នាំគ្នា​តវ៉ា​នៅ​ក្នុង​រោងចក្រ​ក៏​គេ​ចោទប្រកាន់​មក​ខ្ញុំ​ពី​រឿង​ព្រហ្មទណ្ឌ​ដែរ។ ប៉ុន្តែ​យើង​សប្បាយចិត្ត​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថា​នឹង​ដោះស្រាយ​រឿង​នេះ»

លោក អាត់ ធន់ បន្ថែម​ទៀត​ថា រហូត​មក​ទល់​ពេលនេះ​លោក​ជាប់​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​តុលាការ​ចំនួន​៧​ករណី និង​មន្ត្រី​សហជីព​ប្រហែល​៤០​ករណី​ទៀត ដែល​បណ្ដឹង​ទាំងនោះ​លោក​មិន​មាន​កំហុស​ទាល់តែសោះ ហើយ​ដោយ​សារ​លោក និង​មន្ត្រី​សហជីព​តែង​ជួយ​អន្តរាគមន៍​កម្មករ ដែល​ភាគី​និយោជក​បាន​រំលោភ​សិទ្ធិ​ការងារ​លើ​ពួកគាត់​នោះ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួងយុត្តិធម៌​ដោះស្រាយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​មេដឹកនាំ​សហជីព ដើម្បី​ឲ្យ​ពួកគាត់​បាន​បំពេញការងារ​ឲ្យ​បាន​ពេញលេញ។ លោក ហ៊ុន សែន ក៏បាន​ស្នើ​ទៅ​ក្រសួង​ទាំង​២​នេះ ពិនិត្យ​មើល​ប្រសិនជា​មេដឹកនាំ​សហជីព​ណា​មាន​ជាប់​បណ្ដឹង​នៅ​តុលាការ ក៏​សុំ​ឲ្យ​ពន្លឿន​នីតិវិធី​និង​ឲ្យ​ទម្លាក់​ការចោទប្រកាន់​ឲ្យ​បាន​ឆាប់​៖ «កាលពី​ពេលមុន​ដូចជា​ស្អី​លោក មឿន តុលា ជាប់​បណ្ដឹង​មួយ​ទៅ រួចហើយ​គ្រាន់តែ​លើកលែង​ការចោទប្រកាន់​លោក មឿន តុលា មួយ​ឃើញ​គេ​នាំគ្នា​ស្វាគមន៍ ហើយ​ខ្ញុំ​ក៏​នឹង​ដល់​ដូច​ជា​មាន អាត់ ធន់ ក៏មាន យ៉ាង សុភ័ណ្ឌ ក៏​មាន ឥឡូវ​នឹង​ពិនិត្យមើល​អាណា​ត្រូវ​កាត់ ហើយ​កាត់​ឲ្យ​លឿន​ទៅ ហើយ​អាណា​មិន​ត្រូវ​កាត់​លើកលែង​ការចោទប្រកាន់​ឬក៏​តុលាការ​ដង្គោល​មិន​ចាត់ការ​។​ដូច្នេះ​ក្រសួង​ទាំង​២​នេះ​ធ្វើការ​ជាមួយគ្នា​តែម្ដង​ទៅ»

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត មាស នី សាទរ​នឹង​សារ​បន្ទន់​ឥរិយាបថ​ដោយ​លោក ហ៊ុន សែន នេះ ប៉ុន្តែ​លោក​កត់សំគាល់​ថា ការ​ផ្ដល់​សិទ្ធិ​សេរីភាព​នេះ ដោយសារ​របប​លោក​ហ៊ុន សែន ចង់​កែ​ស្ថានការណ៍​មួយ​ចំនួន​ដើម្បី​ឲ្យ​ធូរស្រាល​សម្ពាធ​អន្តរជាតិ​ដែល​បាន​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា​៖ «ព្រោះ​យើង​នៅតែ​មិន​ចុះសម្រុង​គ្នា ហើយ​សហគមន៍​អន្តរជាតិ​គេ​នៅតែ​រឹត​បន្តឹង​ការ​អនុគ្រោះ​ប្រសិន​ណា ស្ថានការណ៍​ដែល​អ្នក​ខាងលើ​ថា​ផ្សេង អ្នក​ខាងក្រោយ​ធ្វើ​ផ្សេង​នោះ ហើយ​ការរំលោភ​សិទ្ធិ​សេរីភាព​ផ្សេងៗ​នៅតែ​កើតមាន​នោះ សហគមន៍​អន្តរជាតិ​គេ​នៅតែ​មានការ​រឹតត្បិត​ឬ​មាន​ដាក់ទណ្ឌកម្ម​ផ្សេងៗ​ទៀត បើ​មិន​យើង​បន្ថយ​នោះ»

អ្នកវិភាគ​រូប​នេះ បន្ថែម​ទៀតថា​កន្លងមក មន្ត្រី​ថ្នាក់ក្រោម​តែងតែ​រឹតត្បិត​សិទ្ធិ​សេរី​បញ្ចេញ​របស់​សង្គម​ស៊ីវិល​និង ប្រជាពលរដ្ឋ​ហួស​ពី​ច្បាប់​កំណត់ ហើយ​មិន​រំពឹង​ថា​សម្ដី​របស់​លោក​ហ៊ុន សែន​នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment