អ្នកវិភាគ​ថា កម្ពុជា​មិន​ទាន់​មាន​ឯករាជ្យភាព​ពេញលេញ​ពី​វៀតណាម និង​ចិន

ដោយ មួង ណារ៉េត
2018-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ VOD
លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ VOD


សម្ភាសន៍​លោក គឹម សុខ​ ស្តី​ពី​ឯករាជ្យ​ភាព​របស់កម្ពុជា


អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា​កម្ពុជា​មិនទាន់​មាន​ឯករាជ្យភាព និង​អធិបតេយ្យភាព​ពេញលេញ​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​បែប​ថ្មី​ពី​ប្រទេស​វៀតណាម និង​មហាអំណាច​ចិន​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​។ ការ​លើកឡើង​នេះ ខណៈ​កម្ពុជា រៀបចំ​រម្លឹក​ខួប ៦៤​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ វិច្ឆិកា។ មន្ត្រី​របប​លោក ហ៊ុន សែន ចាត់​ទុក ការ​លើកឡើង​ទាំងនោះ​ថា ខ្វះ​ការ​យល់ដឹង មាក់ងាយ​ជាតិ​សាសន៍​ខ្លួន និង​ជា​ក្រុម​រស់នៅ​ក្នុង​ភាព​អតីតកាល។

អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ យល់ថា ទោះបីជា​កម្ពុ ជា ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​បារាំង​ក្ដី ប៉ុន្តែ​ឯករាជ្យភាព និង​បូរណភាព​ទឹកដី​រវាង​ប្រទេសជិតខាង​នៅ​មាន​បញ្ហា​នៅឡើយ​នា​ពេល​បច្ចុប្បន្ន។ លោក​បាន​ចោទ​ថា របប​លោក​ហ៊ុន សែន គឺជា​អ្នក​បំផ្លាញ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ ដោយសារ​របប លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ចាប់​យក​ចិន និង​វៀតណាម​ជា​ខ្នងបង្អែក​សម្រាប់​ការពារ​អំណាច។ លោក​បន្ថែម​​ថា ឯករាជរាជ្យ​ជាតិ ដែល​ចេញពី​មាត់​ក្រុម​លោក ហ៊ុន សែន គ្រាន់តែ​ពាក្យ​បោកប្រាស់ ដើម្បី​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ។ «»

លោក គឹម សុខ បន្ថែម​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ងាក​ទៅ​រក​នីតិ​ប្រជាធិបតេយ្យ​ជាតិ ពិតប្រាកដ​វិញ​ទេ​នោះ កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត នឹង​អាច​ក្លាយ​ជា​ប្រទេស​មាន​ត្រឹមតែ​ឈ្មោះ ប៉ុន្តែ​ផលប្រយោជន៍​ជាតិ អត្តសញ្ញាណ​ជាតិ និង​ខ្លឹម​សារជាតិ​ទាំងឡាយ នឹង​បាត់បង់​ឬ​ធ្លាក់​ចូល កណ្តាប់​ដៃ​ចិន និង​វៀតណាម។ «»

រីឯ​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា ពិធី​បុណ្យខួប​ឯករាជ្យ ជាតិ គឺជា​មោទនភាព​ជាតិ​មួយ​ដែល​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ខិតខំ​ប្រឹងប្រែង​គ្រប់បែប យ៉ាង​ជាមួយ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ ដើម្បី​ទាមទារ​ឯករាជ្យ​ភាព​ពី​បារាំង ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥ រហូត​ទទួល​បាន​ឯករាជ្យ​ភាព​ពេញលេញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ លោក សំបូរ ម៉ាណ្ណារ៉ា យល់ថា នៅ​ពេល​នេះ គឺ​កម្ពុជា អាច​ធ្វើ​អ្វីៗ​គ្រប់​បែបយ៉ាង​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង ក្រោម​បញ្ជា​ប្រទេស​ណា​នោះ​ទេ ដូច្នេះ​បង្ហាញ​ថា កម្ពុជា មាន​ឯករាជ្យ​ភាព​ពេញលេញ។ លោក អំពាវនាវ​ឲ្យ​ភាគី​ពាក់​ពន្ធ​ទាំងអស់ គួរតែ​មាន​ស្មារតី​រួបរួម​គ្នា មាន​ឆន្ទៈ​ជាតិ​រួមគ្នា និង​កសាង​សមត្ថភាព អោយ​ខ្លាំង ដើម្បី​ទប់ទល់​ជាមួយ​ក្តី​បារម្ភ​ផ្សេងៗ ក្នុង​បំណង​ថែរក្សា​ការពារ​ឯករាជ្យភាព និង​អធិបតេយ្យ​ភាព​អោយ​កាន់តែ​រឹងមាំ​ជា​រៀង​រហូត។ «»

ថ្វីត្បិតតែ​អ្នកនយោបាយ​ជំនាន់​មុន​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​ក្តី ប៉ុន្តែ​បារាំង​ក៏បាន​កាត់​ទឹកដី កម្ពុជា​ក្រោម ចំនួន​២១​ខេត្ត ឲ្យ​ទៅ​វៀតណាម គ្រប់គ្រង រហូត​បច្ចុប្បន្ន ដែល​របប​លោក ហ៊ុន សែន មិនដែល​ហា​មាត់​ទាមទារ​មកវិញ​នោះ​ទេ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទទួល​ស្គាល់​ថា រហូតមកដល់​ពេលនេះ កម្ពុជា មិន​ទទួល​បាន​ឯករាជ្យភាព​ពេញលេញ​នោះ​ទេ ព្រោះ​របប​លោក ហ៊ុន សែន រណប​ប្រទេស ជិតខាង ហើយ​បាន​ដាក់​កម្ពុជា អោយ​ស្ថិត​ក្នុង​របប​អាណានិគម​បែប​ថ្មី​ពី​ប្រទេស​វៀតណាម និង​ចិន ទាំង​ផ្នែក​នយោបាយ និង​ផ្នែក​សេដ្ឋកិច្ច។ «»

លោក អ៊ុំ សំអាន យល់ថា ដើម្បី​ធានា​អោយ​កម្ពុជា មាន​ឯករាជ្យភាព​ឡើងវិញ លុះត្រាតែ​របប​លោក ហ៊ុន សែន កុំ​រណប​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ចិន ហើយ​ត្រូវ​វិល​ទៅ​រក​ការ​ឯកភាព​ជាតិ បង្រួបបង្រួម​ជាតិ គោរព​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​រៀបចំ​ការបោះឆ្នោត​តាម​បែប ប្រជាធិបតេយ្យ​ឡើងវិញ។

ឆ្លើយតប​បញ្ហា​នេះ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា អ្នក​ដែល​មើល​ឃើញ​កម្ពុជា​ថា​គ្មាន​ឯករាជ្យភាព​លេញ​នោះ គឺជា​ក្រុម​រស់នៅ​ក្នុង សម័យ​អតីតកាល ខ្វះ​ការ​យល់ដឹង ហើយ​និយាយ​មាក់​ងាយ​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ ខណៈ ដែល​ស្ថាន​ទូត​អាមេរិក ក៏​ចេញ​លិខិត​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ដែរ។ លោក​អះអាង ថា កម្ពុជា​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន គឺ​ប្រកាន់យក​គោលការណ៍​ពហុ​និយម​ដែល ធ្វើ ការ​សហការ​ជាមួយ​គ្រប់​ភាគី​ទាំងអស់។ ម្យ៉ាងទៀត លោក​បញ្ជាក់​ថា បរទេស​ជាពិសេស​វៀតណាម​ក្តី គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​នោះ​ទេ ព្រោះ​ការ​គ្រប់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ អាស្រ័យ​លើ​ការ​សម្រេចចិត្ត​នានា​របស់​រដ្ឋសភា​កម្ពុជា ដែល​មាន​ការបោះឆ្នោត​គាំទ្រ ពី​ប្រជាពលរដ្ឋ​ខ្មែរ។ «»

នៅ​ក្នុង​សារ​អបអរសាទរ​ខួប​៦៤​ឆ្នាំ​នោះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏​ចែករំលែក​ក្តី​សង្ឃឹមថា សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា នឹង​ឆ្ពោះ​ទៅ​រក​សង្គម​ដែល​មាន​សេរីភាព វិបុលភាព ប្រជាធិបតេយ្យ និង​យុត្តិធម៌។

បើទោះ​បី​ជា​របប​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មាន​ឯករាជ្យភាព និង​អធិបតេយ្យភាព​យ៉ាង ណា​ក្តី ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា លោក ហ៊ុន សែន ខ្លួន​ឯង​បាន​សារភាព និង​អះអាង​ថា ប្រទេស​ចិន​កុម្មុយនិស្ត បាន​ជួយ​ឱ្យ​មាន​ឯករាជ្យភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា ហើយ​ដោយ​សារ​មាន​ចិន​ជា​ខ្នងបង្អែក​នេះ​ហើយ ទើប​កម្ពុជា​អាច​រឹងមាំ​បាន។

លោក គឹម សុខ យល់ថា ដើម្បី​ការពារ​ឯករាជ្យ និង​ការពារ​ផលប្រយោជន៍​ជាតិខ្មែរ គឺ​របប​លោក ហ៊ុន សែន ត្រូវ​វិល​ទៅ​នីតិ​ប្រជាធិបតេយ្យ​ជាតិ​ជា​ដំណាក់​កាលៗ​ឡើងវិញ ដូចជា​ចាប់ផ្ដើម​ផ្សះ​ផ្សា ជា​មួយ​គ្រប់​ភាគី​នយោបាយ​ប្រឆាំង និង​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​អន្តរជាតិ ទទួលស្គាល់​ឡើងវិញ។ «»

បន្ថែម​ពីលើ​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​សង្គម​យល់ថា កម្ពុជា​ត្រូវ​កសាង​ធនធានមនុស្ស​អោយ​បាន រឹងមាំ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ ហើយ​ក្រុម​មេដឹកនាំ ត្រូវតែ​ជា​អ្នក​ស្រឡាញ់​ជាតិ ពិតប្រាកដ ពោល​គឺ​ធ្វើការ​បម្រើ​ជាតិ មិន​បម្រើ​បរទេស។ ទន្ទឹម​គ្នា​នេះ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​អោយ​បាន​ខ្លាំងក្លា ដើម្បី​ឈាន​ទៅ​ឈប់​ពឹង​ជំនួយ​បរទេស​ជាដើម៕


What Next?

Recent Articles