អ្នកស្រី រ៉ូណា ស្មីត បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា ​និង​សកម្មជន​ដទៃ​ទៀត

ដោយ មាន ឫទ្ធិ
2018-11-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី រ៉ូណា ស្មីត(ឆ្វេង)(Rhona Smith) អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា (ស្ដាំ) ​ប្រធាន​បក្ស​សង្គ្រោះជាតិ ជួប​ពិភាក្សា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA
អ្នកស្រី រ៉ូណា ស្មីត(ឆ្វេង)(Rhona Smith) អ្នករាយការណ៍​ពិសេស របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​លោក កឹម សុខា (ស្ដាំ) ​ប្រធាន​បក្ស​សង្គ្រោះជាតិ ជួប​ពិភាក្សា នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA


អ្នក​ស្រី រ៉ូណា ស្មីត ស្នើ​របបលោក ហ៊ុន សែន ដោះ​លែង លោក កឹម សុខា


អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល ១១​ថ្ងៃ របស់​អ្នកស្រី​នៅ​កម្ពុជា​ហើយ​ ​នៅ​ថ្ងៃ​ទី៨ ​វិច្ឆិកា​នេះ​។ ​ជា​ថ្មី​ម្តង​ទៀត​ ​អ្នកស្រី​ ​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​មក​លើ​សកម្មជន​ដីធ្លី ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នកសារព័ត៌មាន។

ក្នុង​សេចក្ដីថ្លែងការណ៍​បិទ​បញ្ចប់​បេសកកម្ម​លើក​ទី៦ ​របស់​អ្នកស្រី រ៉ូណា ស្មីត ​មក​កាន់​កម្ពុជា​ ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ ​ជា​ថ្មី​ម្ដង​ទៀត​ ​អំពាវនាវ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ ​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ​ពី​ការ​ឃុំឃាំង​ ​ដែល​អ្នកស្រី​ចាត់​ទុក​ថា​ ​ជា​ការ​ឃុំឃាំង​ដ៏​រឹតត្បិត​បំផុត។ អ្នកស្រី​ចង់​ឃើញ​មាន​ការ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់​លោក​ ​កឹម សុខា ​ឲ្យ​បាន​ឆាប់​រហ័ស ​ដើម្បី​ធានា​ពី​សិទ្ធិ​របស់​លោក​ ​ក្នុង​ការ​ទទួល​បាន​ការ​កាត់ក្តី​ប្រកប​ដោយ​យុត្តិធម៌​ក្នុង​រយៈពេល​សមស្រប​មួយ​ ​ផ្អែក​តាម​ភស្តុតាង​ច្បាស់លាស់​ ​និង​មាន​តម្លាភាព​ ​ព្រោះថា​បើ​មិន​ដូច្នោះ​ទេ​ ​អ្នកស្រី​ថា​ របប​នេះ​ ត្រូវតែ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​រូបលោក។ ជាមួយគ្នា​នេះ​ដែរ​ ​អ្នកស្រី​ ​ក៏​អំពាវនាវ​ឲ្យ​មាន​ការលើកលែង​ការ​ផ្ដន្ទាទោស​ដល់​សកម្មជន​ដីធ្លី​អ្នកស្រី​ ​ទេព វន្នី និង​មន្ត្រី​អាដហុក (Adhoc) និង​អតីត​បុគ្គលិក​នៃ​អង្គការ​នេះ។ ​អ្នកស្រី​ក៏​សម្តែង​ការ​ព្រួយបារម្ភ​អំពី​បទ​ចោទ​ដែល​នៅ​បន្ត​ធ្វើឡើង​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប ​គឺ​លោក អ៊ួន ​ឈិន ​និង​លោក​ ​យាង សុធារិន្ទ ផង។

ឆ្លើយតប​នឹង​ការ​អំពាវ​នេះ​ មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​ ​លោក ផៃ​ ស៊ីផាន ​ហៅ​ការ​អំពាវនាវ​នេះ​ របស់​អ្នកស្រី រ៉ូណា ស្មីត ​នេះ​ថា​ជា​និន្នាការ​បែប​ប្រមាថ​ ​និង​វាយប្រហារ​របស់​អ្នកស្រី​មក​លើ​ ​ដំណើរការ​យុត្តិធម៌​នៅ​កម្ពុជា «តាម​ច្បាប់​តាម​ទម្លាប់​ ​ការ​អំពាវនាវ​នេះ​គឺ​ជា​ការប្រមាថ ​ឬ​ការវាយប្រហារ​មក​លើ​ដំណើរការ​យុត្តិធម៌​របស់​តុលាការ​ ​អាស្រ័យ​ដោយ​នៅ​ក្នុង​សាច់រឿង​នេះ​ ​យើង​មាន​អង្គហេតុ​ ​និង​អង្គច្បាប់។ ដូច្នេះ​ ​បើសិនជា​លោកស្រី​ ​លោក​យល់​ច្បាស់​អំពី​នីតិរដ្ឋ​ ​មិន​គួរ​ណា​ធ្វើ​សេចក្ដី​អំពាវនាវ​បែបនេះ​ទេ។ បើ​តាម​ខ្ញុំ​យល់​ ​គួរតែ​ស្វែងរក​មេធាវី​ល្អ​ៗ​ មក​ជួយ​ដោះស្រាយ​នៅ​ក្នុង​រឿង​ហ្នឹង​ ​មិន​ត្រូវ​យក​តុលាការ​នៅ​ក្នុង​បរិបទ​នយោបាយ​មក​លេងសើច​ជាមួយ​កម្ពុជា​នោះ​ទេ»

ជារួម លោក ផៃ ស៊ីផាន ​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត នៅ​កម្ពុជា​លើក​ទី៦ នេះ​ ​ថា​ពុំ​មាន​អ្វី​ចម្លែក ដោយ​លោក​ចាត់​ទុក​ថា អ្នកស្រី រ៉ូណា ​ស្មីត ​គ្រាន់តែ​មក​រៀន​សូត្រ​ពី​កម្ពុជា​ ​អំពី​វឌ្ឍនភាព​នៃ​វិស័យ​មួយ​ចំនួន​ដែល​កំពុង​ទទួល​បាន​តាមរយៈ​កំណែទម្រង់​ទូទៅ។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូណា ស្មីត ​នេះ​ ​មិន​មែន​ជា​ការ​មក​វាយតម្លៃ​ពី​ស្ថានភាព​របស់​កម្ពុជា​នោះ​ទេ«ដូច្នេះ​កម្ពុជា​ ​ដូចជា​មិន​ត្រូវការ​អ្នក​មក​ធ្វើ​ការវាយតម្លៃ​នោះ​ទេ ​ពីព្រោះ​យើង​ធ្វើ​ ​ដោះស្រាយ​នូវ​អ្វី​ដែល​យើង​ឃើញ​ថា​ជា​អាទិភាព​ដែល​យើង​ត្រូវតែ​ដោះស្រាយ​ ត្បិត​អី​ការងារ​រដ្ឋធំ​។ លោកស្រី​ រ៉ូណា ស្មីត ​គ្រាន់តែ​មាន​តែ​ការិយាល័យ​មួយ​ ក្នុង​ការ​គ្រប់គ្រង​ ក្នុង​ការ​ធ្វើ​របាយការណ៍​ ​ក៏ប៉ុន្តែ​រាជ​រដ្ឋាភិបាល​មាន​វិស័យ​ច្រើន​ណាស់​ដែល​ត្រូវ​ឆ្លើយតប ​រាប់​ចាប់​តាំងពី​វិស័យ​សិទ្ធិមនុស្ស​ផង​ដែរ​ដែល​យើង​តែងតែ​ឲ្យ​អាទិភាព»

ដំណើរ​ទស្សនកិច្ច​លើក​ទី៦ ​រយៈពេល ១១​ថ្ងៃ​ របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេលនេះ​ ​អ្នកស្រី រ៉ូណា ស្មីត ​ផ្ដោត​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ​និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា ​ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​ទី ១៦ ស្ដីពី​ «​សន្តិភាព​ យុត្តិធម៌​ ​និង​ស្ថាប័ន​រឹងមាំ»។ ក្នុង​នោះ​ ​អ្នកស្រី​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​សំខាន់​ៗ​របស់​របប​ក្រុង​ភ្នំពេញ​ ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត​រួមមាន​តំណាង​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​ សហគមន៍​ការទូត​ ​និង​ក្រុម​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ជាដើម។

អ្នកស្រី​បាន​សម្ដែង​នូវ​ការ​ខកចិត្ត​ដែល​អ្នកស្រី​ ​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បដិសេធ​ ​មិន​ឲ្យ​អ្នកស្រី​អាច​ចូល​ជួប​លោក​ ​កឹម ​សុខា ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​បាន។ អ្នកស្រី​ថា​ ​ក្នុងនាម​អ្នកស្រី​ជា​អ្នក​ជំនាញ​ឯករាជ្យ​មួយ​រូប​ ​ដែល​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ​អ្នកស្រី​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​ជន​ទាំងឡាយ​ ​ដែល​ត្រូវ​ដាក់ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន។

ចំណុច​សំខាន់​ៗ​ ​ដែល​អ្នកស្រី​គូស​បញ្ជាក់​ ​និង​សង្កត់ធ្ងន់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​បិទ​បញ្ចប់​បេសកកម្ម​របស់​អ្នកស្រី​ ​រួមមាន​ ​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ ​ដោយ​មាន​ការចូលរួម​ពីសំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដោយ​គ្មាន​ភាគី​ណាមួយ​ត្រូវ​បាន​ទុកចោល​ ​ដែល​នេះ​មាន​ន័យ​ថា​ជា​ការចូលរួម​ប្រកប​ដោយ​អត្ថន័យ​ក្នុង​កិច្ចការ​អភិបាលកិច្ច​ ​និង​អភិវឌ្ឍន៍។ ​អ្នកស្រី​ ​ផ្ដល់​អនុសាសន៍​ថា​ ​ដើម្បីឲ្យ​កម្ពុជា​សម្រេច​បាន​ស្រប​តាម​គោលដៅ​ទី១៦ ​ស្ដីពី​ ​សន្តិភាព​ យុត្តិធម៌​ ​និង​ស្ថាប័ន​រឹងមាំ​ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ​កម្ពុជា​ ​ត្រូវ​ធានា​ថា​ ​មិន​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​បាន​គេ​ទុកចោល​ឡើយ​ ​ក្នុង​នោះ​រួម​ទាំង​ ​ស្រី​ ​អ្នក​ក្រីក្រ ​អ្នក​ដែល​ស្ថិត​នៅ​ជិត​បន្ទាត់​ក្រីក្រ ​អ្នក​ដែល​មិន​មាន​ភាព​ជា​តំណាង​ ​និង​អ្នក​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ក្នុង​សង្គម ព្រមទាំង​អ្នក​ទាំងឡាយ​ដែល​រស់​នៅ​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ។ អ្នកស្រី​ ​លើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ទាំងអស់​ក្នុង​សង្គម​កម្ពុជា​ ​ឲ្យ​មាន​ស្មារតី​សហការ​គ្នា​ពិតប្រាកដ។ ​ក្នុង​ន័យ​នេះ​ ​អ្នកស្រី​ ​ចង់​ឃើញ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ​ត្រូវ​បាន​ធានា​ថា​ ​ពួកគេ​អាច​សហការ​គ្នា​ធ្វើ​ការ ​ដោយ​គ្មាន​ការ​ភិតភ័យ​ ​ចំពោះ​ការសងសឹក​ណាមួយ​ពី​គ្រប់​ជាន់​ថ្នាក់​ ​រាប់​ទាំង​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។ អ្នកស្រី​ចង់​ឃើញ​ របប​ក្រុង​ភ្នំពេញ​ចាត់វិធានការ​ធានា ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​ ​និង​លុបបំបាត់​ចោល​ការរើសអើង​ទាំងអស់​ ​ដោយ​អ្នកស្រី​អំពាវ​ឲ្យ​របប​ក្រុង​ភ្នំពេញ​កែ​លម្អ​នូវ​មធ្យោបាយ​ដោះស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី ​ដោយ​ផ្ដោត​លើ​គោលការណ៍​ដោះស្រាយ​គ្រប់​ជ្រុងជ្រោយ​ ​និង​ប្រកបដោយ​តម្លាភាព​ ​និង​ភាព​ត្រឹមត្រូវ។

អ្នកស្រី​ ​គ្រោង​នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ​ខាងមុខ៕


What Next?

Recent Articles

One Response to "អ្នកស្រី រ៉ូណា ស្មីត បន្ត​អំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា ​និង​សកម្មជន​ដទៃ​ទៀត"

  1. Anonymous says:

    This beast regime leaded by former communist veitcong dictator will release but U N must followed this veitcong mafia dictator ‘ we knew that ‘they are the worse dictator in khmer history’

Leave a Reply

Submit Comment