ភាពយន្ត​ឯកសារ​អំពី ‍«គុន​ល្បុក្កតោ‍» នឹង​ចាក់​បញ្ចាំង​នៅ​ក្រុង Philadelphia

វប្បធម៌


កញ្ញា សំ​ ថារ័ត្ន ជា​តួរ​អង្គម្នាក់​ក្នុងខ្សែភាពយន្តឯកសារ Surviving Bokator។ (រូបភាពផ្តល់ឲ្យ)


09 វិច្ឆិកា 2018
ចាប ចិត្រា
វីអូអេខ្មែរ

ខ្សែ​ភាពយន្ត​ឯកសារ​ Surviving Bokator ស្តី​ពី​គ្រូ​ក្បាច់​គុនរស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ម្នាក់​ដែល​មាន​បំណង​ស្ដា​រក្បាច់​គុនបុរាណ​ខ្មែរ «ល្បុក្កតោ‍» នឹង​ត្រូវ​ដាក់​បញ្ចាំង នៅ​ទី​ក្រុង Philadelphia នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​យោង​តាម​ការ​សេចក្ដី​ប្រកាស​ព័ត៌មាន។

អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​កាណាដា​ពីរ​រូប​គឺ លោក Mark Bochsler និង​ភរិយា អ្នកស្រី Sandra Leuba បាន​ចំណាយ​ពេល​ជាង​៥ឆ្នាំ ដើរ​តាម​និង​ចង​ក្រង​ដំណើរ​របស់​លោក​គ្រូ​ធំ​ក្បាច់​គុន​ម្នាក់ និង​ក្រុម​កូន​សិស្ស​របស់​លោក ដែល​ព្យាយាម​ធ្វើ​ឲ្យ​ក្បាច់​គុន​ល្បុក្កតោ​បុរាណ​ខ្មែរ​រស់​ឡើង​វិញ។ ក្បាច់​គុន​ល្បុក្កតោ​ស្ទើរ​តែ​រលាយ​សាបសូន្យ​នៅ​ក្នុង​អំឡុង​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ ដោយសារ​គោល​នយោបាយ​បោស​សម្អាត​វប្បធម៌​នៃ​របប​ខ្មែរក្រហម។

លោក Bochsler បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក​មាន​សំណាង​ណាស់ ដែល​មាន​ឱកាស​ចងក្រង​ចលនា​តាមមូលដ្ឋាន​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​វប្បធម៌​ខ្មែរ​ដ៏​ពិសេស​មួយ​នេះ។ យោង​តាម​លោក Bochsler រឿង​រ៉ាវ​នៃ​តួអង្គ​ទាំងអស់ ដែល​ម្នាក់ៗ​មានគោល​បំណង​និង​ជីវប្រវត្តិ​ដោយ​ឡែក​ពី​គ្នា បង្កើត​បាន​ជា​ការ​បំផុស​គំនិត​ដ៏​សំខាន់​មួយ​សម្រាប់​ពិភពលោក​អំពី «​សមត្ថភាព​របស់​ជាតិសាសន៍​មួយ​ក្នុង​ការ​តស៊ូ​ឆ្លង​កាត់​ភាព​លំបាក​ ហើយ​ក្រោក​ឈរ​ឡើង​វិញបន្ទាប់​ពី​មាន​ការ​បាត់​បង់​ដ៏​ធំ​ធេង»។

លោក Bochsler បាន​ថ្លែង​ថា៖ «ខ្សែ​ភាពយន្ត​ឯកសារ Surviving Bokator គឺ​ជា​សាច់​រឿង​ផ្ទាល់​ខ្លួន​ ដែល​បង្ហាញ​ពី​រឿងរ៉ាវ​ទូលំ​ទូលាយ​នៃ​ប្រទេស​ក្រោយ​សង្គ្រាម​មួយ ដែល​កំពុង​តស៊ូ​ដើម្បី​កសាង​អត្តសញ្ញាណ​ប្រពៃណី​របស់​ខ្លួន​ឡើង​វិញ»។

ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក Mark Bochsler ជា​អ្នក​ដឹក​នាំ​រឿង។ កញ្ញា សំ​ ថារ័ត្ន ជា​តួរអង្គ។អ្នកស្រី Sandra Leuba ជា​អ្នក​ផលិត​ភាពយន្ត។ (រូបភាពផ្តល់ឲ្យ)

ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក Mark Bochsler ជា​អ្នក​ដឹក​នាំ​រឿង។ កញ្ញា សំ​ ថារ័ត្ន ជា​តួរអង្គ។អ្នកស្រី Sandra Leuba ជា​អ្នក​ផលិត​ភាពយន្ត។ (រូបភាពផ្តល់ឲ្យ)


ខ្សែ​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល ៩៧នាទី នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ម៉ោង ៦:៤៥ នាទី​ល្ងាច នៅ​ថ្ងៃ​សុក្រ​ទី៩ ខែវិច្ឆិកា នៅ​មជ្ឈមណ្ឌល​ភាពយន្ត​ Lightbox ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania។

What Next?

Recent Articles

Leave a Reply

Submit Comment