APHR៖ មេដឹកនាំ​អាស៊ាន​ត្រូវ​តែ​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន បញ្ចប់​ការ​​បង្រ្កាប​លើ​អ្នកដែលមាននិន្នាការជំទាស់​


|
https://www.vodhotnews.com

លោក Charles Santiago ប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (រូបភាព៖ ហ្វេសប៊ុក ASEAN Parliamentarians for Human Rights – APHR)


សភា​អាស៊ាន​ដើម្បី​​សិទ្ធិមនុស្សហៅ​កាត់​ថា APHR ​​ បាន​ស្នើ​​ទៅ​កាន់​មេដឹកនាំ​​អាស៊ាន​ទាំង​អស់ត្រូវតែ​ជំរុញ​​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ចប់ការបង្រ្កាបលើអ្នកដែល​មាន​និន្នាការផ្សេងពីគាត់​។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ​សភា​អាស៊ាន​ដើម្បី​​សិទ្ធិមនុស្ស​ ​បាន​ស្នើ​ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ឲ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំកំពូល​ អាស៊ានលើកទី៣៣ ​នៅ​ប្រទេស​សិង្ហបុរី នា​សប្ដាហ៍​ក្រោយ ដើម្បី​ជំរុញ​ដល់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គោរព​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​និន្នាការផ្ទុយពីរូបលោក​​។

ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago និយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖

«មេដឹកនាំអាស៊ានមិនអាចអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជារួចខ្លួនចេញពីការលុបបំបាត់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះឡើយ។ ពួកគេត្រូវតែជំរុញទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឱ្យបញ្ចប់ការ បង្ក្រាបរបស់គាត់ទៅលើ​​និន្នាការផ្សេង និងរៀបចំការបោះឆ្នោតថ្មីដោយសេរី និងយុត្តិធម៌ »

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សួស យ៉ារ៉ា មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​របស់សភា​អាស៊ាន​ដើម្បី​​សិទ្ធិមនុស្ស ​មិន​មាន​ឥទ្ធិពល​ដល់​អាស៊ាន​ទេ​ ព្រោះ​ស្ថាប័ន​នេះ​គ្មាន​យន្តការ​ណា​មួយ​ក្នុង​អាស៊ាន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ « APHRនេះជាពួកក្រៅច្បាប់ទេ មិនមែនក្នុងច្បាប់ទេ! ទីពីរ គឺគ្រាន់តែជាពួកមួយដែលគ្រាន់តែប្រមូលផ្ដុំក្នុងបណ្ដាញសង្គមមួយដែលធ្វើសំឡេងឲ្យឡើងដើម្បីបន្លំសាធារណជនទាំងក្នុងស្រុក ទាំងក្នុងតំបន់អាស៊ានទាំងមូល និយាយឲ្យចំគឺពួកកូរអំបិលទេ មិនមែនជាស្អីទេ! សភារបស់អាស៊ានគេហៅថា IPA នេះបានហៅថាសភាស្របច្បាប់ គឺរដ្ឋសភានីមួយៗមានសមាជិកសភា​​គេបញ្ជូនទៅប្រជុំនៅសមាគមមួយដែលហៅថាIPA ហ្នឹងបានហៅថាសមាគមនៃសភាប្រជាជាតិអាស៊ានស្របច្បាប់ »

អ្នក​វិភាគ​គោល​នយោបាយ និង​ជា​សាស្ត្រាចារ្យ​ជំនាញ​ការ​ទូត និង​កិច្ចការ​ពិភព​លោក​នៅ​មហាវិទ្យាល័យ Occidental ទីក្រុង​ឡូសអែនជឺលែស សហរដ្ឋអាមេរិក លោក​អៀ សុផល បាន​លើក​ឡើង​ប្រាប់ VODថា បើ​ទោះ​បី​សភា​អាស៊ាន​ដើម្បី​​សិទ្ធិមនុស្ស ​មិន​មាន​តួនាទី​ក្នុង​អាស៊ានក្តី​ តែ​លោក​យល់​ថា​វា​ជា​រឿង​ល្អ​មួយដែល​ ស្ថាប័ននេះ​ជំរុញឲ្យមេដឹកនាំអាស៊ាន​យក​បញ្ហានេះ​ជជែក​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​​​។

លោក​សរសេរបន្ត​ថា៖ « ពេល​សម្ដេច​នាយក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​អាស៊ាន ដោយ​គំរាមពីដំណើរការ​របស់​ស្ថាប័ន​នេះ ព្រោះតែបញ្ហា​ផ្ទៃក្នុង (​​ដូច​ដែល​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​អាស៊ាន-អូស្ត្រាលី)គឺ​ដូច​ជា​គាត់​កំពុង​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​លូក​លាន់​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដូច​គ្នា។ ទាំង​សង​ខាង​គឺ​អាច​លេង​ល្បែង​នេះ» ។

កាល​ពី​ថ្ងៃ​ម្សិលមិញ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូណា ស្មីត ​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ទៀ​ត​ទៅ​រដ្ឋាភិបាល​កម្ពុជា ​​​ឲ្យ​ដោះ​លែង​លោក កឹម សុខា ផង​ដែរ ដោយ​ចាត់​ទុក​ថា​ការ​បន្ត​ឃុំខ្លួន​​មេដឹកនាំ​បក្ស​​ប្រឆាំង​រូប​នេះ​គឺជា​សកម្ម​ភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​គាត់៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment