សង្គម​ស៊ីវិលជាតិ និង​អន្តរជាតិ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ បញ្ឈប់​ទង្វើ​គាប​សង្កត់​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី

ដោយ សេក បណ្ឌិត
2018-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA
ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លើក​បដា​តវ៉ា​នៅ​គ្រា​ពួក​គាត់​ចាំ​យាម​ដី​ស្រែ​ចម្ការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ RFA


អង្គការ​សង្គមស៊ីវិលជាតិ​ និង​អន្តរជាតិ​​ ជំរុញ​ឱ្យ​អាជ្ញាធរ​របបលោក ហ៊ុន សែន បើក​សិទ្ធិសេរីភាពឱ្យ​បាន​​​ទូលំ​ទូលាយ​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​ ជាពិសេស​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី ដើម្បី​ឱ្យ​ពួក​គេ​អាច​​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី និង​គ្មាន​ការ​រារាំង។ អាជ្ញាធរ​ក្រុង​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន​ បាន​រឹតត្បិត​​សកម្មភាព​តវ៉ាដីធ្លី​របស់​ក្រុម​ពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​នានា បើ​ទោះ​ជា​មាន​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​​​មហាផ្ទៃឱ្យ​មាន​ការ​បើក​លំហ​សេរីភាព​របស់​ពួក​គេ​យ៉ាងណា​ក្តី។

អង្គការ​សម្ពន្ធភាព​ប្រជាជន​​ដើម្បី​អធិបតេយ្យភាព​ស្បៀង ហៅ​កាត់​ថា PCFS (The People’s Coalition on Food Sovereignty) អំពាវនាវ​ឱ្យ​របបក្រុង​ភ្នំពេញ បញ្ឈប់​ទង្វើ​គាប​សង្កត់​ដោយ​ឥត​លាក់លៀម​របស់​ខ្លួន​ត​ទៅ​​ទៀត។ ការ​ស្នើរបស់​សម្ពន្ធអង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីននេះ ធ្វើ​ឡើង​តាម​រយៈសេចក្តីប្រកាស​ព័ត៌មាន​មួយ ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី១១ វិច្ឆិកា កន្លង​ទៅ​បន្ទាប់​ពី​សម្ពន្ធ​អង្គ​ការ​នេះ​ពិនិត្យ​ឃើញ​ថា របបលោក​ ហ៊ុន សែន នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​សហ​គមន៍​មូលដ្ឋាន​ដដែល។

កាល​ពីសប្តាហ៍​មុន មាន​ពលរដ្ឋ​ជាច្រើន​មក​ពី​តាម​បណ្តាខេត្ត​ បាន​លើក​គ្នា​មក​ដាក់​ញត្តិនៅតាម​ស្ថាប័ន​ពាក់​ព័​ន្ធ​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ​ ដើម្បីស្នើសុំ​អន្តរាគមន៍​ដោះ​ស្រាយ​​​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ ក៏​ប៉ុន្តែ​សកម្ម​ភាព​ទាំងនេះ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ទៅវិញ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ អំឡុង​ពេល​អ្នក​រាយ​ការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ផ្តោត​ទៅលើ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គ​ការ​សហប្រជាតជាតិ (SDGs) ពី​សំណាក់​របបលោក ហ៊ុន សែន។

ពលរដ្ឋ​ជា​ច្រើន​​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​ ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​មក​ក្នុង​ក្រុង​ភ្នំពេញ ខណៈ​ពលរដ្ឋ​រាប់​រយ​នាក់​ផ្សេង​​ទៀត មក​ពី​ខេត្ត​ព្រះសីហនុ ស្វាយរៀង ព្រះវិហារ និង​ខេត្ត​កណ្តាល ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​ទៅប្រមូ​លផ្តុំ​គ្នា​នៅទីលាន​ប្រជាធិបតេយ្យ​ថ្មីក្នុងខណ្ឌ​ឫស្សីកែវ ក្រោម​ការឃ្លាំមើល​យ៉ាងតឹង​រ៉ឹង ហើយ​សូម្បី​តែអ្នក​សាព័ត៌មាន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​ទីលាន​នោះ​ដែរ។ ក្រុម​អ្នក​តវ៉ា​សុទ្ធសឹង​តែ​ជា​ប្រជាកសិករ និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃជាមួយ​ក្រុម​អ្នក​មាន​លុយមាន​អំណាច និង​អ្នកវិនិយោគ​ចិន។

សហប្រធាន​អង្គការ​ PCFS ពិភពលោក អ្នកស្រី ស៊ីលវៀ ម៉ាឡារី (Sylvia Mallari) បញ្ជាក់​នៅក្នុង​សេចក្តីថ្លែង​ការណ៍​ថា អ្នកស្រី និង​អង្គការ​សមាជិក ខក​ចិត្ត​ជា​ខ្លាំង​ដែល​ក្រុម​ពលរដ្ឋ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ប្រមូល​ផ្តុំគ្នា បញ្ចេញ​មតិ និង​សម្តែង​ទុក្ខ​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​រដ្ឋាភិបាល។ អ្នក​ស្រី​បន្ត​ថា នេះ​ជា​រឿង​ផ្ទុយ​​ពី​សិទ្ធិ និង​សេរីភាព​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ក៏​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ផ្តល់​សិទ្ធិដល់​ក្រុម​សង្គម​ស៊ីវិល​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង​ផង​ដែរ។ អ្នក​ស្រី​បន្ថែម​ថា ហេតុ​ផល​ដែល​អាជ្ញាធរ​បាន​លើក​ឡើង​ថា ដើម្បី​ថែ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​នោះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ និង​គ្រាន់​តែ​ជា​លេស​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​របស់​សហគមន៍​ប៉ុណ្ណោះ។

កាល​ពី​ពេល​ថ្មីៗ នេះ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​មន្រ្តី​ក្រោម​ឱវាទ ឱ្យ​ធ្វើ​ការ​ជាមួយ​នឹង​សមាគម អង្គការ​មិន​មែន​​រដ្ឋាភិបាល និ​ង​សហគមន៍​មូលដ្ឋាន។ ក្រសួង​មហាផ្ទៃថ្លែង​​ថា សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​បាន​ចុះ​បញ្ជី​តាម​ច្បាប់​ ព្រម​ទាំង​សហគមន៍​មូលដ្ឋាន​ មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​​​ដោយ​គ្មាន​ការ​ររាំង​ និង​រំលោភ​បំពាន​ឡើយ។ ក្រសួង​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​ការ​រារាំង​ ឬ​រឹតត្បិត​ពី​​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហ​គមន៍​​មូលដ្ឋាន​ ត្រូវ​រាយការណ៍​ករណីនេះ​ជូន​អភិបាល​ខេត្ត​ ក្រុង​ ឬ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​សម្រួល​ និង​ដោះ​ស្រាយ​បញ្ហា​នោះ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន គាំទ្រ​ចំពោះ​សេចក្តី​ប្រកាស​ពត៌មាន​ និង​ការ​អំពាវនាវ​របស់​អង្គការ​​ PCFS ដោយ​សារ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា គឺ​ជា​សមាជិក​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​មើល​ឃើញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អនុវត្ត​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​ស្តីពីការបើក​សេរីភាព​ដល់​សង្គម​ស៊ីវិល​ឱ្យ​បាន​ពេញ​លេញ​នៅឡើយ​ទេ៖ «យើង​ស្នើ​ឱ្យរដ្ឋាភិបាល​​ ក៏​ដូច​​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ មេត្តា​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​សេច​ក្ដី​​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ផ្ដល់​ឱ​កាស​ទៅ​ដល់​ប្រជា​ពលរដ្ឋ។ ឱ្យ​សហគមន៍​ដែល​មាន​បញ្ហា​ហ្នឹង ធ្វើ​ការ​​ជួប​ប្រជុំ​ សម្ដែង​មតិ​ និង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​អំពី​បញ្ហា​របស់​គាត់​ដោយ​សន្តិវិធី​​ហ្នឹង​ឱ្យ​បាន​ពេញ​លេញ ពី​ព្រោះ​ពួក​គាត់​ឡើង​មកតវ៉ា​ហ្នឹង​ គឺ​​ពួក​គាត់​មាន​បញ្ហា​ដោយ​ការ​រំលោភ​បំពាន​ពីសំណាក់​ក្រុម​ហ៊ុន ពី​សំណាក់​អ្នក​មាន​អំណាច និង​ការ​មិនទទួលបាន​​ដំណោះ​ស្រាយ​សមរម្យ ​(ចំពោះ) ​បញ្ហា​របស់​ពួក​គាត់​ដែល​​ត្រូវ​​អូស​បន្លាយ​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ»

អាស៊ីសេរី​មិន​អាចទាក់ទង​មន្ត្រី​នាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​​របស់​អង្គការ PCFS បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ វិច្ឆិកា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ក្រៅពី​បញ្ហា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​នេះ អង្គការ​សម្ពន្ធភាព​ប្រជាជន​​ដើម្បី​អធិបតេយ្យភាព​ស្បៀង (PCFS) ក៏​បាន​សង្កត់​ធ្ងន់​អំពី​រឿង​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះវិហារ​ទៅ​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ (PKH) ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​ស្ករ​ស ហេង ហ្វូ (Hengfu) របស់​ចិន​ផង​ដែរ។

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ បាន​កោះ​ហៅ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែពី​រនាក់ រួម​មាន​ លោក​ ប៉ិក សោភ័ណ និង​លោក​ លូត សាំង ព្រម​ទាំង​ពលរដ្ឋ​មួយ​ចំនួន​​ទៀត ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ក្នុង​សំណុំ​រឿង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់ និង​សម​គំនិត​ក្នុង​​អំពើ​ចាប់​ឃុំ​ឃាំង។ ចៅក្រម​ស៊ើបសួរក៏​​​បាន​ព្រមាន​ចេញ​ដីការ​នាំ​ខ្លួន​ផង​ដែរ​ ប្រសិន​បើ​ពួកគេ​មិន​ព្រម​ចូល​ខ្លួន​តាម​កាល​កំណត់​ទេ​នោះ។

ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះវិហារ​នេះ ធ្វើ​ឡើង​តាម​បណ្តឹង​​របស់​​ក្រុម​ហ៊ុន ឡាន ហ្វេង និង​រ៉ូយ ហ្វេង ដែល​​ជា​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ក្រុម​ហ៊ុន​ ហេង ហ្វូ​ ដែល​បាន​ប្តឹង​អ្នក​ភូមិ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ជុំ​វិញ​ការ​ឃាត់​គ្រឿង​ចក្រ​របស់​ពួក​គេ​​ កាល​ពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ (PKH) លោក អាង ជាតិ​ឡោម​ ថ្លែង​ថា ការ​ចោទ​ប្រកាន់​បុគ្គលិក​របស់​លោក​នេះ ជា​រឿង​មិន​សម​ហេតុ​ផល​ឡើយ​ ព្រោះ​ពួក​គេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នោះ​ឡើយ​ ផ្ទុយ​ទៅវិញ ពួក​​គេ​ថែម​ទាំង​បាន​ជួយ​ពន្យល់​អ្ន​ក​ភូមិ​កុំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​គ្រឿង​ចក្រ​ទាំង​នោះ​ទៀត​ផង៖ «យើង​ត្រូវ​បញ្ជូន​មន្ត្រី​របស់​យើង​ចុះ​ទៅ​តាម​ដាន​រាល់​សកម្មភាព​​តវ៉ា​របស់​ប្រជាជន​ ក្នុង​បំណង​ការពារ​កុំ​ឱ្យ​​កើតមាន​​អំពើហិង្សា​​។ ខ្ញុំ​បញ្ជាក់ហើយ​បញ្ជាក់​ទៀត​ថា​ ​ថ្ងៃ​នោះ​ប្រសិនបើ​​​អត់មាន​​​មន្ត្រី​​របស់​ខ្ញុំ​នៅ​ទី​នោះទេ ​​ត្រាក់​​ទ័រ​ពីរ​គ្រឿង​នោះ ​ប្រហែល​ជា​ត្រូវ​ឆេះ​ហើយ​។ អ៊ីចឹង​យើង​ត្រូវ​ទៅហ្នឹង គឺ​​ទប់​មិន​ឱ្យ​មាន​​​អំពើ​ហិង្សា​កើត​ឡើង​ ប៉ុន្តែ​លទ្ធផល​ហេតុ​អ្វី​បាន​ជា​ខាង​ក្រុម​ហ៊ុន​ ឬ​ក៏​ខាង​តុលាកា​រ​ទៅ​ជា​ចោទ​ប្រកាន់​​មក​លើ​មន្ត្រី​របស់​យើង​ទៅ​​វិញ?​ អាហ្នឹង​នៅ​តែ​ជា​សំនួរ​ដដែល ដោយសារ​​​​​ពួក​គាត់​មិនបាន​ឃើញ​ពី​អ្វី​ដែល​ជា​​បំណង​ល្អ​របស់​យើង​ទេ»

អង្គការ​សម្ពន្ធភាព​ប្រជាពលរដ្ឋ​ដើម្បី​អធិបតេយ្យភាព​ស្បៀង (PCFS) មើល​ឃើញ​ថា វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​​ក្រុមហ៊ុន​ចិន​នៅខេត្ត​ព្រះវិហារ​នេះ បាន​ដើរ​មក​ដល់​ចំណុចមួយ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ ដែល​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់។

ទោះជាយ៉ាងណា ​ពាក់ព័ន្ធ​នឹង​បញ្ហា​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករ​ស​ចិន​នៅ​ខេត្ត​ព្រះវិហារ​នោះ មន្ត្រី​នាំពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ទំនាស់​នេះ ត្រូ​វ​បាន​ដោះ​ស្រាយ​​បញ្ចប់​រួច​ទៅ​ហើយ ហើយ​លោក​បាន​ចោទ​ប្រកាន់​អ្នក​ដែល​នៅ​ទាម​ទារ​រក​ដំណោះ​ស្រាយ​រឿង​នេះ​ថា ជា​ក្រុម​ប្រឆាំង​ចិន ឬ​ប្រឆាំង​នឹង​របប​របស់​លោក​ប៉ុណ្ណោះ៖ «រឿង​ចិន​នៅ​ព្រះវិហារ​ហ្នឹង គេ​ដោះស្រាយ​រួច​ហើយ អត់​មាន​រឿង​អ្វី​ពាក់​ព័ន្ធ​តទៅទៀត​ទេ។ ទីមួយ​លក្ខខណ្ឌ​ក្រុមហ៊ុន​ចិន​ហ្នឹង​អត់​ទទួល​បាន​ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​សន្យា​ឱ្យ គេ​ទទួល​បាន​តែពាក់​កណ្តាល​ទេ តាម​ខ្ញុំ​ដឹង។ ហើយ​ពាក់កណ្តាល​ទៀត​បែង​ចែក​ឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​កន្លែង​ហ្នឹង លើក​លែង​តែ​ពួក​មាន​និន្នការនយោបាយ​​ប្រឆាំង​ទេ​ ដែល​នៅ​តែ​ទាម​ទារ​នេះ​ទាម​ទារ​នោះ។ ឬមួយ​ក៏​ការ​ទាម​ទារ​គ្រាន់​តែជា​រឿង​នយោបាយ​ដើម្បី​ឱ្យ​មាន​គំនិត​មួយ​ប្រឆាំង​នឹង​ចិន​ ឬ​ប្រឆាំង​ជាមួយនឹង​​រាជរដ្ឋាភិបាល

នាយក​ប្រតិបត្តិ​អង្គការ​ពន្លកខ្មែរ (PKH) លោក​ អាង ជាតិ​ឡោម​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ លោក​អះ​អាង​ថា សកម្មភាព​របស់​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​រឿង​វិវាទ​ដីធ្លី​នេះ គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​​ពលរដ្ឋ​រង​គ្រោះ​ប៉ុណ្ណោះ មិន​មាន​បំណងទៅ​​ប្រឆាំង​ជន​ណា ឬ​ក្រុម​ណា​មួយ​នោះ​ឡើយ។ លោក​បន្ថែម​ថា បញ្ហា​គឺ​ស្ថិត​នៅត្រង់​ថា គម្រោង​របស់​ចិន​នៅខេត្ត​ព្រះវិហារ​នេះ មិន​បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​ដល់​សហ​គមន៍​​មូលដ្ឋាន​ឡើយ​ ផ្ទុយ​ទៅវិញ​គម្រោង​នេះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទៅវិញ​ទេ៖ «យើង​អត់​មាន​ជំហរ​អ្វី​ទៅ​ប្រឆាំង​ចិន​ ឬ​ទៅ​ប្រឆាំង​កា​រងារ​អភិវឌ្ឍន៍​​ដែល​​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិ​បាល​ទេ ប៉ុន្តែ​យើង​ប្រឆាំង​អំពើ​ពុក​រលួយ។ យើង​​ប្រឆាំង​ទង្វើ​ទាំងឡាយ​ណា​ដែល​ខុស​ច្បាប់។ យើង​ប្រឆាំង​​សកម្មភាព​បំ​ផ្លិច​បំផ្លាញ​​ធន​ធាន​ធម្ម​ជាតិ។ ឧទាហរណ៍​ ​ដូច​ករណី​ឈូស​ដី​ប្រជា​ជនអ៊ីចឹង នេះ​ជា​ការ​រំលោភ​សិទ្ធិរបស់​ប្រជា​ជន»

ពាក់ព័ន្ធនឹងដំណោះ​ស្រាយ​វិញ លោក អាង ជាតិឡោម បាន​ឲ្យ​ដឹង​ថា កន្លង​មក​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​មាន​តិចតួច ហើយ​មាន​សម្រាប់​​​​​​​​​​​​​​​​​​​​តែ​អ្នក​ចំណូល​ថ្មី​ដែល​ទៅ​ចាប់​​​យក​ដី​នៅ​តំបន់​នោះ​ប៉ុណ្ណោះ ចំណែក​ពល​រដ្ឋ​ម្ចាស់​ស្រុក ពិសេស​ជនជាតិ​ដើម​ភាគ​តិច​កួយ មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​ឡើយ។

សហប្រធាន​អង្គការ​ PCFS ពិភព​លោក អ្នកស្រី ស៊ីលវៀ ម៉ាឡារី (Sylvia Mallari) ថ្លែង​ថា ទង្វើ​គាប​សង្កត់​របស់​​រដ្ឋ​អំណាច​ បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​នៅ​តាម​ទី​ជន​បទ​ប្រឆាំង​នឹង​ការ​រំលោភ​យក​ដីធ្លី និង​ការ​រំលោភ​​​​បំពាន​ដទៃ​ទៀត​លើ​​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​សង្កត់​ធ្ងន់​ថា របប​លោក ហ៊ុន សែន ស្តាប់​តែ​ភាគី​ក្រុមហ៊ុន និង​ខ្នង​បង្អែក​បរទេស​របស់​ខ្លួន​ ដោយ​មិន​ខ្វល់​នឹង​ផល​ប៉ះពាល់​ទៅ​លើ​ជន​ជាតិ​ដើម​ភាគ​តិច សហគមន៍​មូលដ្ឋាន និង​បរិស្ថាន​នោះ​ឡើយ​ ហើយ​ការ​គាប​សង្ក់ត​នេះ​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង​ឡើង​ ដោយ​​សារ​តែ​គម្រោង​ គំនិត​ផ្តួចផ្តើម​វិថី និង​ខ្សែ​ក្រវាត់” របស់​ប្រទេស​ចិន​នោះ​ឯង។

អង្គការ​សម្ពន្ធភាព​ប្រជាពលរដ្ឋ ដើម្បី​អធិបតេយ្យភាព​ស្បៀង (PCFS) អះអាង​ថា មន្ត្រី​របស់​ខ្លួ​ន​បាន​ស្នើ​អ្នក​ស្រី ​រ៉ូណា ស្មីត (Rhona Smith) ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​ចំពោះ​ករណី​បទ​ចោទ​ប្រឆាំង​ទាំង​ឡាយ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​សហគមន៍​ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះវិហារ​នេះ​រួច​ហើយ។ អង្គការ​អន្តរជាតិមួយ​នេះ​រំពឹង​ថា ករណី​គាប​សង្កត់​ទាំង​​ឡាយ​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​រឿង​ដីធ្លី​នេះ នឹង​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ជា​សាកល​តាម​កាល​កំណត់​ស្តីពីបញ្ហា​កម្ពុជា (Universal Periodic Review of Cambodia) របស់​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ខែ​មករា ឆ្នាំ ២០១៩ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles