សហភាព​សហជីព​កម្ពុជា​ចង់​ឲ្យ​ដើម​បញ្ចប់​បណ្ដឹង​លើ​​ប្រធាន និង​សកម្មជន​សហជីព​ទាំង​អស់​ឲ្យ​បាន​ឆាប់

ដោយ សុ ជីវី
2018-11-13
RFA

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា ដើម្បី​បញ្ចប់​បណ្ដឹង​លើ​​ប្រធាន និង​សកម្មជន​សហជីព​ទាំង​អស់ ដើម​បណ្តឹង​ត្រូវ​តែ​ដក​បណ្តឹង​ទាំង​នោះ​ពី​តុលាការ។

ការ​លើកឡើងរបស់​លោក រង់ ឈុន នេះ បន្ទាប់​ពី​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​​ថា មេធាវី​របស់​ក្រសួង​ការងារ នឹង​ធ្វើការ​ជាមួយ​មេធាវី​នៃ​សហជីព​ដែល​កំពុង​ជាប់​បណ្ដឹង​​នៅ​តុលាការ ដើម្បី​ពន្លឿន​ការបញ្ចប់​នីតិវិធី​សាកសួរ ឬ​សម្រេច​ថា​តើ​សំណុំ​រឿង​ណា​ត្រូវ​បើក​សវនាការ សំណុំ​រឿង​ណា​ត្រូវ​ទម្លាក់​ចោល។

លោក រង់ ឈុន បានប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃច័ន្ទថា ក្រុមសហជីព ដែលរងបណ្តឹងទាំងនោះ គឺដោយសារចេញមុខ ជួយការពារសិទ្ធិរបស់កម្មករតែប៉ុណ្ណោះ។ លោកថាការប្តឹងចោទប្រកាន់នេះ គឺពុំមានយុត្តិធម៌ឡើយ៖ «បទ​ដែល​​ចោទ​​ទាំង​​នេះ មក​​លើ​​ថ្នាក់​​ដឹក​​នាំ​សហជីព​ទាំង​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន គឺ​ពាក់ព័ន្ធ​តែ​ពី​រឿង​ការពារ​ផល​ប្រយោជន៍​កម្មករ​ទេ មិន​មែន​បទ​ល្មើស​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យក​ទទួល​រង​ពាក្យ​បណ្តឹង ហើយ​ពាក្យ​បណ្តឹង​ទាំង​នោះ បើ​យើង​ពិនិត្យ​ទៅ គឺ​មិន​ពិបាក​ទេ គ្រាន់​តែ​ដើម​​បណ្តឹង​​ដក​​ពាក្យ​​បណ្តឹង ហើយ​តុលាការ​ទម្លាក់​ចោល​ទៅ​បិទ​សំណុំ​រឿង មិន​ធ្វើ​សនវការ គឺ​វា​ចប់​សព្វ​គ្រប់​អស់​ហើយ មិន​មាន​រឿង​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ»

ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ អះអាងថា សំណុំ​រឿង​ប្តឹង​ប្រឆាំង​សហជីព​កម្មករ​ជានីតិ​វិធី​របស់​តុលាការ ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ពិត​ប្រាកដ​អំពី​ការបញ្ចប់​សំណុំ​រឿង​ទាំង​នោះ​ឡើយ។

កាលពី​សប្ដាហ៍​កន្លង​ទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ​បាន​បញ្ជា​ទៅ​រដ្ឋមន្រ្តី​នៃ​ក្រសួង​២ គឺ​ក្រសួងការងារ និង​ក្រសួង​យុត្តិធម៌​ អោយ​បញ្ចប់​បណ្ដឹង​នានា​ប្រឆាំង​មេដឹកនាំ​សហជីព ដើម្បី​​បើក​លំហ​សេរីភាព​ក្នុង​វិស័យ​ការងារ និង​ផ្តល់​ឱកាស​ដល់​មេ​ដឹក​នាំ​សហជីព​ទាំង​នោះ អាចធ្វើការបានដោយមិនមានការភ័យខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles