អតីតមេគុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​បញ្ជូន​ពី​ពេទ្យ​ទៅ​ដល់​ពន្ធនាគារ​ខេត្ត​កណ្តាល​​វិញ​

ដោយ មួង ណារ៉េត
2018-11-13
RFA

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC


អតីតមេគុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពន្ធនាគារ​ខេត្ត​កណ្តាល​​វិញ​ហើយ កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១២ ខែ​វិច្ឆិកា ក្រោយ​សម្រាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរ​ពេទ្យ​នៅ​ភ្នំពេញ​អស់​ជា​ច្រើន​សប្តាហ៍​រួច​មក។

លោក កាំង ហ្កេកអ៊ាវ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ កាល​ពី​ថ្ងៃ​ទី២០ ខែតុលា ដោយសារ​ជំងឺ​រាគរូស និង​ថប់​ដង្ហើម​ខ្លាំង។ ដំបូង លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ ក្រុង​តាខ្មៅ ប៉ុន្តែ​លោក​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត។

ស្ថានភាព​ជំងឺ​លោក ឌុច ធ្ងន់​ខ្លាំង រហូត​មន្រ្តី​ពន្ធនាគារ​អស់​សង្ឃឹម​ថា នឹង​អាច​សង្គ្រោះ​បាន។

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​លោក ចាត ស៊ីនាង រៀបរាប់​ប្រាប់​សារព័ត៌​មាន AFP នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆកា​ថា លោក​មិន​សង្ឃឹម​ថា លោក ឌុច អាច​នៅ​រស់​បាន​នោះ​ទេ។ ប៉ុន្តែ គាត់​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ ឥឡូវ​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​វិញ​ហើយ។

ទោះជាយ៉ាងនេះក្តី មន្រ្តី​ពន្ធនាគារ​ដដែល អះអាង​ថា លោក ឌុច នៅ​មាន​ស្ថានភាព​សុខភាព​ខ្សោយ​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ តាម​ជួយ​ទប់​គាត់​ ពេល​ចូល​បន្ទប់​ទឹក​ម្តងៗ។

លោក ឌុច ដែល​ឆ្នាំ​នេះ​មាន​អាយុ ៧៦ឆ្នាំ ត្រូវ​បាន​ចាប់​ឃុំ​​ខ្លួន​តាំង​ពី​ឆ្នាំ ១៩៩៩ ដោយ​តុលាការ​កម្ពុជា។ ក្រោយ​មក​ ទើប​លោក​ត្រូវ​បាន​គេ​យក​មកឃុំ​ខ្លួន​នៅ​សាលាក្តីខ្មែរ​ក្រហម និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយសារ​តែ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​របស់​លោក នៅ​គុក​ទួល​ស្លែង ឬ​មន្ទីរ​ស២១ ដែល​មាន​​អ្នក​ទោស​ជាង​មួយ​ម៉ឺន ២​ពាន់​នាក់ ត្រូវ​បាន​ធ្វើ​ទារុណ្ឌកម្ម សួរចម្លើយ រួច​ហើយ​យក​ទៅ​សម្លាប់​ចោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles