អ្នកវិភាគនយោបាយ​វ័យ​ក្មេង ព្រមាន​ពី​ការ​ប្រេះឆា​សាមគ្គីភាព​ជាតិ​ក្នុង​ចំណោម​យុវជន​ខ្មែរ ដោយសារ​តែ​ជាប់​រវល់​ខ្លាំង​ក្នុង​រឿង​គំនិត​ផ្តួចផ្តើម​បំបែក​កំណត់ត្រា​ពិភពលោក

ដោយ មាន ឫទ្ធិ
2018-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទូក ង កម្ពុជា មាន​ប្រវែង ៨៧,៣ម៉ែត្រ ផ្ទុក​មនុស្ស​បាន ១៧៩នាក់ បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក (Guinness World Record) ជា​ទូក ង ដែល​វែង​ជាង​គេ​បំផុត​លើ​លោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។  រូបថត៖ ហ្វេសប៊ុក Sar Sokha (Photo courtesy of Sar Sokha)
ទូក ង កម្ពុជា មាន​ប្រវែង ៨៧,៣ម៉ែត្រ ផ្ទុក​មនុស្ស​បាន ១៧៩នាក់ បាន​បំបែក​កំណត់ត្រា​ឯតទគ្គកម្ម​ពិភពលោក (Guinness World Record) ជា​ទូក ង ដែល​វែង​ជាង​គេ​បំផុត​លើ​លោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក Sar Sokha (Photo courtesy of Sar Sokha)


អ្នកវិភាគ​នយោបាយ​វ័យ​ក្មេង​​​ព្រមាន​ថា​ ​ការបំផុស​យុវជន​ខ្មែរ​ឲ្យ​គិត​តែ​ជាប់រវល់​ខ្លាំង​ក្នុង​រឿង​ផ្តួចផ្តើម​គំនិត​បំបែក​កំណត់​ត្រា​ពិភពលោក​ Guinness World Recordចៀស​ជាង​គិតគូរ​ពី​បញ្ហា​ប្រទេសជាតិ​ ​និង​ប្រជាធិតេយ្យ ​អាច​បណ្តាល​ឲ្យ​មាន​ការបែកបាក់​សាមគ្គីភាព​ជាតិ​ក្នុង​ចំណោម​យុវជន​ខ្មែរ​ទៅ​វិញ​ទេ​។ ​ការលើកឡើង​នេះ​ ​គឺ​ក្រោយពេល​ដែល​របប​ក្រុង​ភ្នំពេញ​ តាមរយៈ​ក្រុម​យុវជន​ដឹកនាំ​ដោយ​កូនប្រុស​លោក​ ហ៊ុន ​សែន ​និង​លោក​ ស ​ខេង ​គឺ​លោក​ ហ៊ុន​ ម៉ានី ​និង​លោក​ ស ​សុខា ​ទើប​បាន​ដណ្តើម​យក​កំណត់​ត្រា​ពិភពលោក​ថ្មី​មួយ​ទៀត​ ​ខាង​ទូក​ ​«ង​»​ ​វែង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ កាលពី​ថ្ងៃ​ទី១២ វិច្ឆិកា​។

ក្រៅពី​ចំណុច​វិជ្ជមាន​ដែល​អាច​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ និង​បង្ហាញ​ស្នាដៃ​ខ្មែរ​ថា​ចេះ​រួបរួម​គ្នា​ ​និង​រំឭក​ពី​អ្វី​ដែល​ខ្មែរ​ធ្លាប់​មាន​នោះ​ អ្នកវិភាគ​នយោបាយ​វ័យ​ក្មេង​លោក​ ​ហង្ស ​វិទូ ​មើល​ឃើញ​ថា​ ​ការព្យាយាម​បំផុស​យុវជន​ខ្មែរ​ឲ្យ​ជាប់រវល់​ចូលរួម​ក្នុង​សកម្មភាព​ដណ្តើម​យក​ ​ឬ​បំបែក​កំណត់​ត្រា​ពិភពលោក​ Guinness World Recordអាច​បង្កឲ្យ​មាន​ការបែកបាក់​សាមគ្គីភាព​ជាតិ​ ​ប្រសិនបើ​នៅតែ​មាន​ការរើសអើង​ និង​ភាពលំអៀង​ផ្នែក​នយោបាយ​ក្នុង​ចំណោម​យុវជន​ខ្មែរ​ ​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយគ្នា៖ «រឿង​ការសាមគ្គី​គ្នា​នេះ​ ​ខ្ញុំ​យល់​ស្រប ​ប៉ុន្តែ​គ្រាន់​តែ​ថា​ការ​សាមគ្គី​ជាតិ​នេះ ខ្ញុំ​គិត​ថា ដូចជា​មិន​មាន​ទេ ​ដោយសារ​តែ​យើង​ឃើញ​ថា​ ​ក្រុមការងារ​ដែល​រៀបចំ​បំបែក​ឯក​ទគ្គកម្ម​នេះ​ ​ភាគ​ច្រើន​គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​ហើយ​យើងអត់​ដែល​ឃើញ​មាន​មកពី​គណបក្ស​ប្រឆាំង​ ​ឬ​មក​ពី​ក្រុម​ផ្សេងៗ ដែល​មិន​មែន​ជា​ខ្សែ​ ​និង​បក្សពួក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ក្នុង​នេះ​យើង​ឃើញ​ដូចជា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ទេ ​ជាពិសេស​គឺ​អ្នក​ដែល​គាំទ្រ​តែម្តង។ អ៊ីចឹង​ខ្ញុំ​សួរ​ថា​ ​បើសិនជា​រួបរួម​តែ​គ្នា​ឯង​ ​អត់​មាន​ភាគី​ផ្សេង​ចូលរួម​ ​នោះ​គេ​ហៅ​ថា​ការរួបរួម​យ៉ាងម៉េច​កើត។ ទី​ពីរ​ ​យើង​មើល​ឃើញ​ថា​ ​នៅក្នុង​ហ្នឹង​ ​ក៏​នៅតែ​មាន​ការរើសអើង​ ​គឺ​មាន​តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​អ្នក​ផ្សេង​អី​មិន​មាន​ចូល​ទេ។ មួយ​ទៀត​ការរៀបចំ​នេះ​ហាក់បីដូចជា​មិន​បាន​បើក​ទូលាយ​ទេ។ គឺ​ធ្វើ​តែ​គ្នា​ឯង។ ត្បិតតែ​មាន​អ្នកចូលរួម​មែន ​តែ​ចូលរួម​ដើម្បី​លម្អ ​ដើម្បី​មើល​ស្នាដៃ​តែ​ប៉ុណ្ណឹង​ឯង»

លោក​ ​ហង្ស ​វិទូ ​លើកឡើង​ដូច្នេះ​ ស្រប​ពេល​កម្ពុជា​ទើបនឹង​បំបែក​កំណត់​ត្រា​ពិភពលោក​ Guinness World Record ​ថ្មី​មួយ​ទៀត​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី១២ វិច្ឆិកា​ ​ម្សិល​ម៉ិញ​នេះ​ ​ដែល​នោះ​គឺ​ការបង្កើត​ទូក​ ​«ង​»​ ​វែង​ជាង​គេ​ក្នុង​ពិភពលោក​ ​មាន​ប្រវែង​រហូតដល់​ទៅ​ជិត​ ១០០​ម៉ែត្រ ​ហើយ​អាច​ផ្ទុក​បាន​ចំណុះ​មនុស្ស​ រហូតដល់​ទៅ​ជិត​ ២០០នាក់​។ ​នេះ​ជា​កំណត់​ត្រា​ពិភពលោក​ថ្មី​ ​ដែល​កម្ពុជា​ទើប​ដណ្តើម​បាន​ពី​ប្រទេស​ចិន​ ​ដែល​ធ្លាប់​ជា​ម្ចាស់​បង្កើត​ទូក​ ​«ង​»​ ​វែង​ជាង​គេ​ក្នុង​ពិភពលោក​ កាលពី​ពេល​មុន​។ ​ការបង្កើត​ទូក​ ​«ង​»​ ​វែង​ជាង​គេ​នេះ​ ត្រូវ​ចំណាយ​រយៈពេល​អស់​ជាង​ ៦​ខែ​ ​និង​អស់​ទឹក​ប្រាក់​ជាង​ ៦ម៉ឺន​ដុល្លារ​អាមេរិក​ ក្រោម​គំនិត​ផ្តួចផ្តើម​ និង​បង្កើត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​របស់​កូនប្រុស​លោក​ ហ៊ុន ​សែន ​និង​លោក​ ស ខេង ​គឺ​លោក​ ហ៊ុន​ ម៉ានី ​និង​លោក​ ស ​សុខា ​ដែល​ជា​ប្រធាន​ ​និង​អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មការផលិត​ទូក​ ​«ង​» ​ដើម្បី​បំបែក​ឯក​ទគ្គកម្ម​ពិភពលោក​ ​ចេញផ្សាយ​ថ្ងៃ​ទី១២ វិច្ឆិកា​ ​អះអាង​ថា​ ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​នេះ​ ​នឹង​អាច​ចូលរួមចំណែក​លើក​តម្កើង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ ​និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​វិស័យ​ទេសចរណ៍​ ក្រោម​អត្ថន័យ​នៃ​ទស្សនវិជ្ជាមួយ​គឺ​ «​រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​»​។ ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ​ទូក​ ​«ង​»​ ​វែង​ជាង​គេ​នេះ​ ​គឺជា​និមិត្ត​រូប​នៃ​ការរួម​កម្លាំង​សាមគ្គី ​នៃ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ ​និង​ជា​សក្ខីភាព​បង្ហាញ​ថា​ ​«​ខ្មែរ​សាមគ្គី ​ខ្មែរ​ឈ្នះ​» ​ព្រមទាំង​បង្ហាញ​ឲ្យ​ពិភពលោក​ ​បាន​ដឹង​ថា​ ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិយាកាស​សប្បាយរីករាយ ​ជាមួយ​សុខ​សន្តិភាព​ ​និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ។

ជាមួយគ្នា​នេះ​ លោក​ ស ​ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ដែល​ចូលរួម​ក្នុង​ពិធី​បំបែក​ឯក​ទគ្គកម្ម ​ទូក​ ​«ង​» ​វេង​ជាង​គេ​ក្នុង​ពិភពលោក​នេះ​ ​ប្រព្រឹត្តិ​ទៅ​នៅ​តំបន់​អ្នកលឿង​ត្រើយ​ខាងកើត​ ​នៃ​ខេត្ត​ព្រៃវែង​ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ ហ៊ុន ​សែន ​ស្រង់​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ១២ វិច្ឆិកា ​ថា​ ​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ ​រហូតដល់​បាន​បំបែក​ឯក​ទគ្គកម្ម​នេះ​ ​ព្រោះ​តម្រូវឲ្យ​មាន​ការរួបរួម​គ្នា​ ​ការតស៊ូ ​ភាព​អំណត់​ ​និង​សាមគ្គីភាព​រវាង​ខ្មែរ​ និង​ខ្មែរ។

ផ្ទុយពី​ការលើកឡើង​នេះ​ លោក ហង្ស វិទូ ​យល់​ថា​ ​ការនាំគ្នា​ផ្តោត​តែ​ទៅលើ​រឿង​បំបែក​ឯក​ទគ្គកម្ម​នេះ​ពេក​ ​នឹង​មិន​ត្រឹមតែ​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ ​ឬ​ខ្ជះខ្ជាយ​ថវិកា ​ពេល​វេលា​ ​និង​ធនធាន​មនុស្ស​ច្រើន​នោះ​ទេ ​តែ​ថែមទាំង​ធ្វើឲ្យ​យុវជន​អាច​សប្បាយ​ភ្លេច​ខ្លួន​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ ​ភ្លេច​គិត​ពី​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ ​និង​ស្មារតី​ស្នេហា​ជាតិ​ ​ឬ​ការបង្រួបបង្រួម​ជាតិ​ទៅ​វិញ​ទេ ​ខណៈ​ដែល​ខ្វះ​សាមគ្គីភាព​ពិត​ប្រាកដ​រវាង​ភាគី​ខ្មែរ​ដទៃទៀត​ ក្រៅពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច៖ «បើ​យើង​និយាយ​ពី​ការខាតបង់​ថាមពល​នេះ​ ​វា​អាច​ដែរ​ ​នៅ​ត្រង់​ថា​ ​បើ​គាត់​ធ្វើ​មិន​បាន​មាន​តម្លាភាព​ល្អ​ទេ ​វា​អាច​ធ្វើឲ្យ​មិន​ត្រឹមតែ​មិន​បាន​សាមគ្គី​ទេ ​ប៉ុន្តែ​វា​អាច​បែកបាក់​សាមគ្គី​ទៅ​វិញ​។ ​រឿង​ថាមពល​ ​គឺ​វា​អស់​ហើយ​នៅ​ពេលណា​ដែល​យើង​ប្រឹងប្រែង​ ​ផ្តោត​ទៅលើ​រឿង​ហ្នឹង​ច្រើន​ពេក ​ដោយ​ភ្លេច​គិត​រឿង​សំខាន់​ៗ​របស់​ជាតិ​ ​វា​អាច​ធ្វើឲ្យ​យុវជន​ វា​មិន​ខុសពី​យើង​សាង​អង្គរវត្ត​ទេ​។ ​មូលហេតុ​មួយ​នៃ​ការធ្វើឲ្យ​សម័យ​មហានគរ​មាន​បញ្ហា​ធ្លាក់ចុះ​ ​គឺ​ដោយសារតែ​ ​អ្នកដឹកនាំ​ជំនាន់​មុន​គាត់​ព្យាយាម​នៅក្នុង​ការបង្អួត​ពេក ​ពី​មួយ​សម័យ​ទៅ​មួយ​សម័យ​ ​គឺ​ព្រះមហាក្សត្រ​ព្យាយាម​សាង​កំពែ​អង ​សាង​ប្រាសាទ​ច្រើន​ទៅ​ៗ​ រហូតដល់​ទៅ​អស់​ធនធាន​ច្រើន​។ ​ដល់​ពេល​អស់​ធនធាន​ច្រើន​ពេក​ ​ប្រជាពលរដ្ឋ​ក៏​ហត់​នឿយ ​យុវជន​ក៏​ហត់​នឿយ ​គឺ​វា​ធ្វើឲ្យ​ប្រទេសជាតិ​ ធ្លាក់​ចុះ​​តាម​ហ្នឹង​ដែរ​។ ​នេះ​គឺជា​គម្រូ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ដោយសារតែ​អ្នកដឹកនាំ​ខ្មែរ​ផ្តោត​អួត​សំខាន់​ទៅលើ​មុខ​មាត់​ ​ភ្លេច​ពី​បញ្ហា​ជាតិ​ ​បញ្ហា​រួបរួម​រហូតដល់​ធ្លាក់​បែកបាក់​មហានគរ»

លោក​ ​ហង្ស ​វិទូ ​មិន​មើលឃើញ​ថា​ ​ការចូលរួម​របស់​យុវជន​ភាគ​ច្រើន​នៅក្នុង​ការរៀបចំ​នេះ​ ​គឺ​ដើម្បី​ប្រយោជន៍​កិត្តិយស​ជាតិ​ពិតប្រាកដ​នោះឡើយ​ ​តែ​យុវជន​ទាំងនោះ​ ​ភាគ​ច្រើន​ចូលរួម​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ដើម្បីឲ្យ​មាន​បក្ខពួក​ និង​មាន​ខ្សែ​ជាមួយ​ក្រុម​កូន​អ្នក​ធំ ​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ​។ ​លោក​ថា​ ​ប្រសិនបើ​ចង់​មាន​សាម​មគ្គី​ជាតិ​ពិតប្រាកដ​មែន​នោះ​គួរតែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ​ដោយ​មិន​ប្រកាន់​និន្នាការ​ ​ឬ​រើស​អើង​ពណ៌​សម្បុរ​នយោបាយ​ណា​មួយ​ ​ទើប​ជា​រឿង​ជំរុញ​អោយ​មាន​សាមគ្គីភាព​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែ​ទាំងអស់​គ្នា។

នេះ​ ​ជា​លើក​ទី៤ ​ហើយ​ ​ដែល​កម្ពុជា​បំបែក​កំណត់​ត្រា​ពិភពលោក​ Guinness World Recordក្រោយ​ពី​បាន​ក្លាយ​ជា​ម្ចាស់​កំណត់ត្រា​ពិភពលោក​ខាង​ផលិត​ក្រម៉ា​វែង​ជាង​គេ​ ​ប្រវែង​ជាង​ ១គីឡូម៉ែត្រ​ ​កំណត់​ត្រា​ពិភពលោក​ ​ខាង​រាំ​ចង្វាក់​ម៉ាឌី​សុន ​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ជាង​គេ​បំផុត​ដល់​ទៅ​ជាង​ ២ពាន់​នាក់ និង​កំណត់ត្រា​ពិភពលោក​ខាង​នំ​អន្សម​យក្ស​ ​ទម្ងន់​រហូត​ដល់​ទៅ​ជាង​ ៤តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles