ក្រុមប្រឹក្សា​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​មួយ​ចំនួន​ប្រកាន់​ជំហរ​គាំទ្រ​លោក កឹម សុខា និង សម រង្ស៊ី ជា​មេ​ដឹក​នាំ​បក្ស​គ្មាន​ថ្ងៃ​ងាក​រេ

ដោយ សុ ជីវី
2018-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៣។ RFA/Tin Zakariya
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០១៣។ RFA/Tin Zakariya


សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក ​ហ៊ុន សែន ​រំលាយ​ចោល​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​លោក កឹម សុខា និង​លោក​ សម រង្ស៊ី​ ជា​មេ​ដឹក​គណបក្ស​ប្រឆាំង​ដ៏​រឹងមាំ​បំផុត​ នៅ​ក្នុង​បេះដូង​របស់​ពួកគាត់។ ​អ្នក​វិភាគលើក​ឡើង​ថា ការសាមគ្គី​នេះ ជា​ចំណុច​ខ្លាំង​របស់​គណបក្សប្រឆាំង​ ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​ភ័យខ្លាច។

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ភាគច្រើន​លើក​ឡើង​ថា​ ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​របប​លោក​ហ៊ុន សែន​រំលាយ​ចោល​បាន​មួយ​ឆ្នាំ​ហើយ​ក្ដី ក៏​ពួកគេ​នៅ​តាម​មូលដ្ឋាន​​នៅ​តែ​សាមគ្គី​គ្នា​យ៉ាង​ស្អិតល្មួត​ដដែល​ គឺ​គ្រាន់​តែ​មិន​សូវ​បាន​ជួប​ជុំ​គ្នា​ដូច​ពេល​គណបក្ស​នៅ​មាន​ដង្ហើម​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ទាក់ទង​​គ្នា​តាម​រូប​បែប​ផ្សេង​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​​វិញ​ម្ដង។

ចៅ​សង្កាត់​អូរចារ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​កញ្ញា ស៊ិន ចាន់ពៅ​រ៉ូ​ហ្សេត អះអាង​ថា បើ​ទោះ​បី​ជា​កញ្ញា​ត្រឹមតែ​ជា​ចៅសង្កាត់​ដែល​បញ្ចប់​តំណែង​ដោយសារ​ការ​​រំលាយ​គណបក្ស​ប្រឆាំង​ក្ដី ចំពោះ​ស្មារតី​ស្មោះស្ម័គ្រ​ចំពោះ​ប្រជាពលរដ្ឋ​ឥតងាករេ ព្រោះ​ស្រលាញ់​គោលនយោបាយ​របស់​គណបក្ស។ កញ្ញា រ៉ូហ្សេត ប្រកាន់​ជំហរ​ទៀត​ថា មាន​តែ​លោក កឹម សុខា និង​លោក​សម រង្ស៊ី​ទេ ដែល​អាច​ដឹក​នាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន ហើយ​ប្រជាពលរដ្ឋ​មាន​ការងារ​មិន​សូវ​មាន​អ្នក​​ធ្វើ​ចំណាក​ស្រុក​​ច្រើន​ដូច​សព្វថ្ងៃ«គ្មាន​អ្វី​ដែល​ជា​អមត និង​ឋិតថេរ​ក្នុង​លោក​នោះ​ទេ គឺ​អំពើ​ល្អ​នឹង​ឈ្នះ​អំពើ​អាក្រក់ ហើយ​ទឹក​ចិត្ត​នឹង​ឈ្នះ​ទឹកលុយ​តាម​រយៈ​សេចក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ ឲ្យ​តែ​យើង​គិត​ពី​ជាតិ​មាតុ​របស់​យើង​ពេល​នោះ​ជាតិ​យើង​អត់​សាប​សូន្យ​ទេ។ ប៉ុន្តែ​សុំ​ឲ្យ​បងប្អូន​ទាំង​អស់​គាំទ្រ​ក្នុង​ចិត្ត​បើ​មិន​ហាន​គាំទ្រ​ដោយ​ការ​និយាយ​ជា​សាធារណៈ​ទេ​សូម​គាំទ្រ​ដោយ​អារម្មណ៍​ថា ​លោក​ប្រធាន​ទាំង​២ មិន​បែកបាក់​គ្នា​ទេ ហើយ​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ឃុំ​ខ្នាច​រមាស​លោក ឡុង នឹម លើក​ឡើង​ថា ទោះ​បី​ជា​ថ្មី​ៗ ​នេះ​មាន​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​លោក​ សម រង្ស៊ី ដែល​យក​លោក​ កឹម សុខា ធ្វើ​ជា​ល្បែង​ភ្នាល់​ជា​មួយ​លោក​ ហ៊ុន សែន ​ក្ដី ប៉ុន្តែ​លោក​ជឿជាក់​ថា​ អ្នក​ទាំង​ ២ ជា​មេ​ដឹក​នាំ​គណបក្ស​មនុស្ស​តែ​មួយ។ លោក ឡុង នឹម បន្ត​ទៀត​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ប្រជាពលរដ្ឋ​ជា​និច្ច​ ហើយ​លោក​ក៏​នៅ​តែ​គាំទ្រ​អ្នក​ទាំង​ ២​ ជា​មេ​ដឹក​នាំ​គណបក្ស ​​ដែល​មាន​ចំណេះ​ដឹង​ខាង​ប្រជាធិបតេយ្យ​ដែល​សង្គម​កម្ពុជា​កំពុង​ត្រូវ​ការ«បាទ! មូលហេតុ​ព្រោះ​ការ​ដឹក​នាំ​បម្រើ​ពលរដ្ឋ​កន្លង​មក​គឺ​ពួកគាត់​ទាំង​២ ធ្វើ​ដើម្បី​ប្រយោជន៍​រួម ដើម្បី​សេចក្ដី​សុខ​របស់​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់​ ហើយ​ពួកគាត់​មិន​ដែល​គិត​បញ្ហា​បុគ្គល​ឬ​បក្ស​ពួក​យក​ធ្វើ​ជាធំ​នោះ​ទេ»

កាល​លើក​ឡើង​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នេះ​ ដោយសារ​កាល​ពីថ្ងៃ​ទី១០ ខែ​វិច្ឆិកា ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ រិះគន់​​នឹង​ការ​យក​សេរីភាព​លោក កឹម សុខា ភ្នាល់​គ្នា​ ហើយ​មាន​ជំនឿ​​​ថា ពលរដ្ឋ​ខ្មែរ រួម​ទាំង​អ្នក​ដឹក​នាំ​ផង នឹង​មិន​វាយ​តម្លៃ​លើ​ការ​ភ្នាល់​នេះ​ទេ ហើយក៏​មិន​ទាមទារ​ឲ្យ​អនុវត្ត​តាម​ខ​សន្យា​ភ្នាល់​នេះ​ដែរ តែ​ចង់​បាន​ការ​ផ្សះផ្សា​ជាតិ និង​ការ​បង្រួបបង្រួម​ជាតិ​ខ្មែរទាំង​មូល

​ថ្មីៗ នេះ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​​ព្រមព្រៀង​ភ្នាល់​រឿង​ដោះ​លែង ឬ​មិន​ដោះ​លែង​លោក កឹម សុខា មុន​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​ក្រោយ។

សហ​មេធាវី​ថា បើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឆាប់ៗ នោះ​មិន​មាន​ន័យថា លោក ហ៊ុន សែន ចាញ់​ការ​ភ្នាល់​ទេ។

ទោះជា​យ៉ាង​ណា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត យល់​ថា ការ​ចេញ​សេក្តី​ថ្លែងការណ៍​របស់​សហមេធាវី​លោក កឹម សុខា ប្រៀប​ដូច ចង់​ងាក​ចេញ​ពី​លោក​សម រង្ស៊ី ហើយ​ជា​ការ​​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បែក​បាក់​សាមគ្គី​គ្នា ព្រោះ​សហ​មេធាវី​មិន​យល់​ពី​ចេតនា​របស់​លោក សម រង្ស៊ី នោះ​ឡើយ។

ចំណែក​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ថាន សុរិទ្ធ មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ចាម​ប្រមាណ​ ៩០​ភាគ​រយ​នៅ​តែ​សាមគ្គី​គ្នា​ស្អិតល្មួត​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នៅ​រង​ចាំ​សញ្ញា​ជួង​ពី​មេ​ដឹក​នាំ​គណបក្ស​បក្ស ដើម្បី​នាំ​គ្នា​ទៅ​តម្រង់​ជួរ​ធ្វើ​នយោបាយ​បន្ត​ទៅ​ទៀត។ លោក ថាន សុរិទ្ធ បន្ថែម​ទៀត​ គណបក្ស​ប្រឆាំង​រឹងមាំ​ដោយសារ​អ្នក​គាំទ្រ​ស្រលាញ់​ការ​ធ្វើ​នយោបាយ​​លោក​ កឹម សុខា និង​លោក សម រង្ស៊ី ដែល​អ្នក​ទាំង​មាន​មនសិការ​ស្នេហា​ជាតិពិត​ប្រាកដ ហើយ​សុខ​ចិត្ត​ជាប់​គុក​ប្រសើរ​ជាង​ការ​លក់​ឧត្ដមគតិ​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ ដើម្បី​សេចក្ដី​សុខ​ផ្ទាល់ខ្លួន«បើ​សិន​ជា​លោក​ប្រធាន​ទាំង​២​គាត់​បែក​គ្នា​មាន​ន័យ​ថា​ចាញ់​បក្ស​កាន់​អំណាច​ហើយ ដូច្នេះ​បើ​សិន​ជា​គាត់​បែក​គ្នា​មែន​គឺ​មាន​សមាជិក​ភាគ​ច្រើន​នឹង​ឈប់​ធ្វើ​នយោបាយ​ហើយ ពីព្រោះ​ពួកគាត់​សង្ឃឹម​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី​ជា​គេ​អ្នក​សង្គ្រោះ​ជាតិ ដូច្នេះ​បើ​បែកបាក់​គ្នា​គាត់​ឈប់​គាំទ្រ​ហើយ»

ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង​ឯណោះ​វិញ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​លោក កែវ ថៃ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ថ្ងៃ​ទី​១២ វិច្ឆិកា ទើប​តែ​សមាជិក​​គណបក្ស​ខ្លួន​នៅ​ក្នុង​​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ទៅ​រួម​រស់​ជា​មួយ​គណបក្ស​កាន់​អំណាច​ តែ​ការ​ដែល​ចាក​ចេញ​នេះ​ដោយសារ​ពួកគេ​ចង់​រក្សា​សុវត្ថិភាព​ផ្ទាល់​ ព្រោះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់​អំណាច​គំរាមកំហែង«មក​ដល់​ម៉ោង​នេះ​ខ្ញុំ​នៅ​តែ​គាំទ្រ​លោក​ប្រធាន​ សម រង្ស៊ី និង​លោក កឹម សុខា​ដដែល​ ពីព្រោះ​ក្នុង​ស្ថានភាព​នេះ​គ្មាន​ឥស្សរជន​ណា​មក​ជំនួស​ពួក​គាត់​បាន និយាយ​បែប​នេះ​មិន​មែន​ចាត់​ទុក​ពួកគាត់​ជា​ព្រះ​ទេ ប្រសិន​បើ​មាន​អ្នក​ណា​មួយ​មាន​ឥទ្ធិពល​អាច​ជំនួស​គាត់​បាន​ខ្ញុំ​មិន​ថា​ទេ តែ​វា​អត់​មាន​អ្នក​ណា​មាន​ឥទ្ធិពល​ដែល​អាច​ដណ្ដើម​ជ័យជំនះ​ពី​គណបក្ស​កាន់​អំណាច​បាន​ទេ»

អ្នកនាំពាក្យ​របប​លោក​ ហ៊ុន សែន លោក ផៃ ស៊ី​ផាន មាន​ប្រសាសន៍​ថា​​ ការ​សាមគ្គី​គ្នា​របស់​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ស្រលាញ់​គាំទ្រ​លោក​ កឹម សុខា និង​លោក សម រង្ស៊ី​នោះ​ជា​ផល​ប្រយោជន៍​បុគ្គល​ ប៉ុន្តែ​លោក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចាប់​អារម្មណ៍​​​​​​​​​​​​​ចំពោះ​បញ្ហា​នេះ​ទេ«អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ចាប់​អារម្មណ៍​បម្រើ​សេវា​មហាជន​ឲ្យ​មាន​ប្រសិទ្ធភាព​ហើយ​ឆ្លើយ​តប​ពី​មហាជន ហើយ​ទទួល​ស្គាល់​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​នេះ​ឯង នេះ​ហើយ​ដែល​អាទិភាព​សម្រាប់​យើង​ខ្ញុំ​ទាំង​អស់​គ្នា»

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ​ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​បំផុត​ចំពោះ​ការ​សាមគ្គី​របស់​សមាជិក​គណបក្ស​ប្រឆាំង មិន​មែន​មិន​ចាប់​អារម្មណ៍​ដូច​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន នោះ​ទេ ព្រោះ​កន្លង​ទៅ​ភ័យ​រហូត​របប​លោក​ ហ៊ុន សែន ​រំលាយ​គណបក្ស​មួយ​នេះ​ចោល​ហើយ​បង្កើត​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ដើម្បី​គ្រប់គ្រង​អំណាច​តទៅ​មុន​ទៀត«សូម្បី​តែ​ប្រតិកម្ម​របៀប​លេងសើច​សុំ​ភ្នាល់​គ្រាន់​តែ​ជា​សារ​នយោបាយ​កំដរ​អារម្មណ៍​លោក​ សម រង្ស៊ី ផង​ លោក​ហ៊ុន សែន​នៅ​ចេញ​ប្រតិកម្ម​ហើយ​មុខ​ក្នុង​ការ​ភ្នាល់​ទៅ​ទៀត​ ដូច្នេះ​តើ​ចាប់អារម្មណ៍​ឬ​អត់។ មួយ​សកម្មជន​មូលដ្ឋាន​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​តើ​មាន​អ្នក​ណា​អាច​ធ្វើ​សកម្មភាព​បាន​ទេ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ន័យ​ថា​ការ​បំបិទ​សិទ្ធិ សេរីភាព​ពួកគាត់​ទាំង​នោះ​ហើយ គឺ​ជា​ការ​ចាប់​អារម្មណ៍​មួយ​យ៉ាង​ធំ រហូត​ទៅ​ដល់​ថា​អ្នក​ណា​ចេញ​មួយ​ដាក់​មួយ​ចេញ​២ដាក់​ពីរ​ដូច​លោក​ហ៊ុន សែន​បាន​ប្រកាស​នោះ»

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ទៀត​ សព្វ​ថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​​​រឹងមាំ​ខ្លាំង​ ហើយ​គ្មាន​គណបក្ស​ណា​អាច​បំបែក​បំបាក់​អ្នក​គាំទ្រ​បាន​នោះ​ទេ ព្រោះ​ពួកគាត់​យល់​ថា​ ប្រសិន​ជា​ពួកគាត់​លក់​ឧត្ដមគតិ​គឺ​ជា​កំហុស​ដ៏​ធំ​ចំពោះ​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក គឹម សុខ អះអាង​ទៀត​ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង ​២រូប​យល់​ច្បាស់​ពី​របត់​នយោបាយ​ដែល​ត្រូវ​ដើរ​សម្រាប់​ប្រទេស​ជាតិ ពោល​គឺ​ការ​រួបរួម​គ្នា​ដើម្បី​សេចក្ដី​សុខ​របស់​ប្រជា​ពលរដ្ឋ ចំណែក​ឯ​ការ​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​បក្ស​របស់​សមាជិក​មួយ​ចំនួន​តូច​កន្លង​មក​នោះ​ ដោយសារ​អ្នក​ទាំង​នោះ​មិន​យល់​ពី​ចេតនា​របស់​មេ​ដឹក​គណបក្ស​ទាំង​ ២​រូប​​ឲ្យ​បាន​ច្បាស់​លាស់​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles