ប្រមុខ​ការទូត​ខ្មែរ​ប្រាប់​សមភាគី​វៀតណាម​ថា​នឹង​ជួយ​គាំទ្រ​ដល់​ជនជាតិ​វៀតណាម​នៅ​លើ​បឹង​ទន្លេសាប

ដោយ អ៊ឹម រចនា
14/11/2018
RFI

media
ប្រមុខ​ការទូត​វៀតណាម លោក Pham Binh Minh និង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហបុរី
Nhan Dan Online


ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ប្រាប់​សមភាគី​វៀតណាម​ថា កម្ពុជា ប្ដេជ្ញា​ជួយ​គាំទ្រ​​សហគមន៍​​វៀតណាមដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប ដើម្បី​ពួក​គេ​ឡើង​មក​រស់​នៅ​លើ​គោក​បាន​ត្រឹម​ត្រូវ​។ ការ​អះអាង​ដូច្នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ក្រប​ខណ្ឌ នៅ​ប្រទេស​សិង្ហបុរី រវាង​លោក ប្រាក់ សុខុន និង​រដ្ឋ​មន្ដ្រី​ការ​បរទេស​វៀតណាម លោក Pham Binh Minh។

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ក្រប​ខណ្ឌ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហបុរី លោក Pham Binh Minh រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​វៀតណាម បាន​ទទួល​ស្គាល់​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ជួយ​សម្រួលការ​ផ្លាស់​ទី​លំនៅ​របស់​សហគមន៍​ជនជាតិ​វៀតណាម​នៅ​លើ​បឹង​ទន្លេ​សាប​។

សូម​រំឭក​ជូន​ថា អាជ្ញាធរខ្មែរ ចាប់​តាំង​ពីដើម​​ខែ​តុលា​មក បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ផ្លាស់​ទី​សហគមន៍​ជនជាតិ​វៀតណាម​​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង មក​នៅ​លើ​គោក​វិញឲ្យ​អស់​​​។ អាជ្ញាធរ​បាន​អះអាង​ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ទាំង​ជាង​២០០០​គ្រួសារ បាន​បិទ​បញ្ចប់​រួច​រាល់​ហើយ​តាំងពី​ចុង​ខែ​តុលា​។ ការងារនា​ពេល​នេះ គឺ​សម្អាត​បឹង​ទន្លេ​សាប កែ​ច្នៃ​កន្លែង​ចិញ្ចឹម​ត្រី​នៅ​ទី​នោះ​ឲ្យ​មាន​ស្តង់ដារ​ដើម្បី​ឈាន​ទៅ​បង្កើត​ជា​តំបន់​កសិ​ទេសចរណ៍​ ព្រម​ទាំង​សម្រប​សម្រួល​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម​រស់​នៅ​លើ​គោក​បាន​សមរម្យ។​

ជុំ​វិញ​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជនជាតិ​វៀតណាម​នៅ​លើ​គោក លោក Pham Binh Minh ប្រមុខ​ការទូត​វៀតណាម បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​លក្ខខណ្ឌ​រស់​នៅ​របស់​​គ្រួសារ​ជនជាតិ​វៀតណាម​នៅ​​ទីតាំង​ថ្មី។ រដ្ឋ​មន្ដ្រី​ការទូត​វៀតណាម​បាន​រំឭក​ឡើង​វិញ​ពី​សំណើ​របស់​នាយករដ្ឋ​មន្ដ្រី​វៀតណាម ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន។ ជា​សំណើ​ផ្ដាំ​ផ្ញើ​ឲ្យ​មើល​ថែ​សហគមន៍​ជនជាតិ​វៀតណាម​ដែល​ផ្លាស់​ពី​បឹង​ទន្លេ​សាប​ទៅ​នៅ​លើ​គោក ធ្វើ​យ៉ាង​ណា​បង្ក​ភាព​ងាយ​ស្រួលក្នុង​​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​អ្នក​ទាំង​នោះ​។ សម្រាប់​វៀតណាម ដើម្បី​ឲ្យ​ពលរដ្ឋ​វៀតណាម​រស់​នៅ​បាន​សុខសាន្ត គឺ​ទាល់​តែ​អាជ្ញាធរ​ខ្មែរ មាន​ផែនការ​ត្រឹម​ត្រូវ ពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ ជា​អាថិ៍ សាលា​រៀន និង​មន្ទីរ​ពេទ្យ​ជា​ដើម​។

ជា​ការ​ឆ្លើយ​តប ប្រមុខ​ការទូត​ខ្មែរ លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​សហគមន៍​វៀតណាម ដែល​ចាក​ចេញ​ពី​បឹង​ទន្លេ​សាប​ទៅ​រស់​នៅ​លើ​គោក​។

គួរ​ជម្រាប​ដែរ​ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ចេញ​ពី​បឹង​ទន្លេ​សាប ស្ថិត​នៅ​ក្នុង​ផែនការ​របស់​អាជ្ញាធរ​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ ជនជាតិ​វៀតណាម​ដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប ធ្លាប់​តវ៉ា​ជំទាស់​នឹង​ផែនការ​នេះ ប៉ុន្តែ​នៅ​ទី​បំផុត ក្រោម​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​តឹងរ៉ឹង ដោយ​សហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា គ្រួសារ​ជនជាតិ​វៀតណាម​ជាង​២០០០​គ្រួសារ បាន​យល់​ព្រម​ផ្លាស់​ទៅ​នៅ​លើ​គោក​។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​អះអាង​ថា ខ្លួន​កំពុង​បន្ត​សហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា រៀបចំ​រចនាសម្ព័ន្ធ​បណ្ដើរ​ៗ​នៅ​កន្លែង​រស់​នៅ​ថ្មី រួម​មាន សាលា​រៀន មន្ទីរ​ពេទ្យ ប្រព័ន្ធ​ទឹក​ស្អាត បណ្ដាញ​អគ្គិសនី និង​ផ្លូវ​ថ្នល់​ជា​ដើម​៕

What Next?

Recent Articles

One Response to "ប្រមុខ​ការទូត​ខ្មែរ​ប្រាប់​សមភាគី​វៀតណាម​ថា​នឹង​ជួយ​គាំទ្រ​ដល់​ជនជាតិ​វៀតណាម​នៅ​លើ​បឹង​ទន្លេសាប"

  1. Anonymous says:

    Why not, just keep taking care of your Vietnamese boss and continue to lock up your own people and take their property give it to Vietnamese or Chinese. Your are worse than pol pot