មេដឹកនាំ​ទាំង​១០​ប្រទេស​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី

ដោយ មាន ឫទ្ធ
2018-11-13
RFA

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់​អាវ​ស] ចាប់​ដៃ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​គណៈប្រតិភូ ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ នា​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧។ AFP
ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) [ពាក់​អាវ​ស] ចាប់​ដៃ​ជាមួយ​មេដឹកនាំ​ប្រទេស​អាស៊ាន និង​គណៈប្រតិភូ ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ នា​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៧។ AFP


កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ប្រទេស​សិង្ហ​បុរី ដោយមាន​ការចូលរួម​ពី​បណ្ដា​ក្រុម​មេដឹកនាំ​មកពី​ប្រទេស​ទាំង១០ ក្នុង​តំបន់​អាស៊ាន រួម​ទាំង​លោក ហ៊ុន សែន ផង និង​មេដឹកនាំ​មកពី​ប្រទេស​ពាក់ព័ន្ធ​នានា។ ក្រុម​មេដឹកនាំ​អាស៊ាន គ្រោង​ពិភាក្សា​គ្នា​ដើម្បី​ដាក់ ចេញ​នូវ​ការ​អនុម័ត​ក្របខ័ណ្ឌ​ស្ដីពី​ទីក្រុង​ឆ្លាតវៃ​អាស៊ាន និង​ការវាយតម្លៃ​អំពី​សមិទ្ធផល​នានា​ដែល​អាស៊ាន​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៨។

ពួកគេ​ក៏​នឹង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ចម្បងៗ ជុំវិញ​ការ​ផ្លាស់ប្ដូរ​កត្តា​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ ស្រប​ពេល​ដែល​មានការ​កើន ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន និង​គោល​នយោបាយ គាំពារ​និយម។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មេដឹកនាំ​អាស៊ាន និង​ដៃ​គូ​មកពី​ប្រទេស​ពាក់ព័ន្ធ​ចំនួន ៦​ផ្សេងទៀត រួមមាន អូស្ត្រាលី ចិន នូវែលហ្សេឡង់ ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង ក៏​នឹង​ចរចា​គ្នា​ដើម្បី​អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ ហៅថា «​ភាពជា​ដៃគូ​វិស័យ​សេដ្ឋកិច្ច​ទូលំទូលាយ​ប្រចាំ​តំបន់»

ស្រប​ពេល​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ នេះ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR អំពាវនាវ​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំងអស់ ធ្វើ​យ៉ាងណា​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​ជំរុញ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នៅ​កម្ពុជា ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១៥ វិច្ឆិកា ហើយ​ប្រទេស​ថៃ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្ដូរ​វេន ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles