លោក​ ហ៊ុន​ សែន​ ៖​ ត្រូវ​រៀន​ស្តាប់​សម្តី​របស់​ខ្ញុំ​ឲ្យ​ច្បាស់ ​មុន​ធ្វើ​ការ​បក​ស្រាយ​ទាំង​មិន​ដឹង​ខ្យល់​អី​

ដោយ អ៊ឹង ប៊ុនថន
14/11/2018
RFI

media
លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា
@FB/PM Hun Sen


ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​លោក ​ហ៊ុន ​សែន ​បាន​ចេញ​ប្រតិកម្ម​ជាថ្មី​ទៀត​ទៅលើ​​អ្នក​ច្បាប់​ និង​​មេធាវី​​របស់​មេដឹក​នាំ​​គណ​បក្ស​​ប្រឆាំង​​ ទាក់​ទង​នឹង​ការ​​ដោះ​លែង​លោក​ កឹម​ សុខា​ ឬ​មិន​ដោះ​លែង​។​ ជា​ប្រតិកម្ម​តាម​រយៈ​បណ្តាញ​ព័ត៌​មាន​ដែល​ស្និទ​នឹង​រូប​លោក​ ដោយ​​ឆ្លើយ​​តប​​ទៅ​កាន់​ក្រុម​អ្នក​ច្បាប់​ និង​មេធាវី​ដែល​បាន​លើក​ឡើងថា​ ការ​មិន​ដោះលែង​ លោក​ កឹម​ សុខា​ ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ​ និង​រដ្ឋ​ធម្មនុញ្ញ​។​

គឺតាមរយៈ បណ្តាញព័ត៌មាន Fresh Newsនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានថ្លែងថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិន​អាច​កើត​បាន​ដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬ​តុលាការ​មិន​ទាន់​កាត់​ឲ្យ​មាន​ទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយ​ត្រឹម​សេះ​ដុះ​ស្នែង»​។ ​លោកប្រមុខរដ្ឋាភិបាលបន្តថា អ្នកដែលចូលចិត្តវាយប្រហារលើរូបលោក គឺ«អត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយ​និង​ផ្លូវ​ច្បាប់»​ដែល​លោកបាននិយាយនោះទេ ហើយគេរៀបអន្ទាក់ដាក់លោក តែ​«ពេលនេះ​គេដើរ​ជាន់​អន្ទាក់​ខ្លួន​ឯង​ទៅវិញ»។​

លោក ហ៊ុន សែន ថ្លែងទៀតថា «ក្រុមអ្នកច្បាប់ និងមេធាវីដែល​គាំទ្រ​ជន​ពាល​ខាង​នយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុន​ធ្វើ​ការ​បក​ស្រាយ​ទាំង​មិន​ដឹង​ខ្យល់​អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជា​បុគ្គល​គ្មាន​កាយ​សម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ភាសា​របស់​នាយក​រដ្ឋមន្ត្រី»។

ប្រតិកម្មជាថ្មីទៀតរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី​ក្រុម​អ្នក​ច្បាប់​និង​មេធាវី​ការ​ពារ​ក្តីឲ្យមេដឹកនាំគណបក្សប្រឆាំង បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី​ នៅ​យប់​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការមិនដោះលែងលោក កឹម សុខា ជា​ការ​រំលោភ​លើ​ឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។

នៅក្នុងអត្ថបទព័ត៌មាននោះ លោកបណ្ឌិត ហ៊ាង ឬទ្ធី បានហៅការថ្លែងរបស់លោក ហ៊ុន សែន ដែលថាមិនដោះលែងលោក កឹម សុខា រហូតដល់សេះដុះស្នែងនោះ គឺជា​បង្ហាញ​ច្បាស់​តុលាការកម្ពុជាមិនឯករាជ្យ។ លោកថា អ្នកដែលមានអំណាចធំជាងគឺ លោក ហ៊ុន សែន។ ចំណែក លោក ផែង ហេង សហមេធាវីការពារក្តី លោក កឹម សុខា បានស្នើ​ឲ្យ​ចៅក្រមទម្លាក់ការ​ចោទ​ប្រកាន់​លើកូន​ក្តី​របស់លោក​ដោយ​ថា​គ្មានភស្តុតាងគ្រប់គ្រាន់​ក្នុង​ការចោទ​ប្រកាន់​លើ លោក កឹម សុខា ឡើយ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី បានបបួលលោក ហ៊ុន សែន ភ្នាល់គ្នាថា លោក កឹម សុខា នឹងត្រូវដោះលែង នៅចុងឆ្នាំនេះឬ ត្រឹមខែមីនាឆ្នាំ២០១៩ខាងមុខ។ លក្ខខណ្ឌនៃការភ្នាល់នេះ លោក សម រង្ស៊ី ថា បើខ្លួនឈ្នះការភ្នាល់ លោកសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ តែបើខ្លួនលោកចាញ់វិញ លោកសុខចិត្តឲ្យលោក ហ៊ុន សែន ចាប់ខ្លួន យកទៅឃុំទន្ទឹមគ្នានឹងលោក កឹម សុខា ហើយ លោក ហ៊ុន សែន ក៏បានទទួលយកការភ្នាល់នេះដែរ។

ប៉ុន្តែសហមេធាវី​ការពារ​ក្តីឲ្យ​លោក កឹម សុខា បានចេញ​សេចក្តី​ថ្លែងការណ៍មួយ ដោយ​ហៅ ការ​យក​សេរីភាព​ លោក កឹម សុខា មក​ភ្នាល់គ្នានេះ គឺ​ធ្វើ​ឲ្យជាតិ​កាន់តែ​បែក​បាក់​ធ្ងន់​ធ្ងរ​ និង​ឈឹ​ផ្សារ​ថែមទៀត៕

What Next?

Recent Articles

3 Responses to "លោក​ ហ៊ុន​ សែន​ ៖​ ត្រូវ​រៀន​ស្តាប់​សម្តី​របស់​ខ្ញុំ​ឲ្យ​ច្បាស់ ​មុន​ធ្វើ​ការ​បក​ស្រាយ​ទាំង​មិន​ដឹង​ខ្យល់​អី​"

  1. 😈omen😈 says:

    ចុះកាលពីពេលមុនល្បងថាល្បងអាចសម្លាប់អ្នកប្រឆាំងពីរបីរយនាក់ដើម្បីថរក្សាែសន្តិភាពស្អីគេនេះវាយ៉ាងម៉េចដែរ ល្បងជួយបកប្រែអោយមហាជនខ្មែរលោកយល់ផងបានទេល្បងខ្លាចពួកគាត់មិនយល់ន័យសម្ដីល្បង។នៅមានសម្ដីបែបឈ្លើយៗច្រើនទៀតដែលមហាជនលោកនៅចងចាំជានិច្ចទោះបីល្បងស្លាប់ដប់ជាតិទៀតក៏ដោយ។

  2. Anonymous says:

    OH……..my GOD ….. please help me >>> translate what this animal mean . GOD bless KAMPOUCHEA

  3. Anonymous says:

    Veitcong mafia dictator have a lot of crimes’ killing too many people since he become a veitcong dog