“ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កោះកុង​ផ្ដល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន​និង​ជីវភាព​ពលរដ្ឋ”

ដោយ ទីន ហ្សាការីយ៉ា
2018-11-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​នៅ​ស្រុក​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​ពីរ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយ​ក្រុម​សន្តិសុខ​ដុត​ផ្ទះ​ពួកគាត់ ៤៥​ខ្នង កាល​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​យក​ដី​ធ្វើ​តំបន់​ទេសចរណ៍។ Photo: RFA
ប្រជាពលរដ្ឋ​នៅ​ស្រុក​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​ពីរ គឺ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង នៅ​ថ្ងៃ​៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (UNION DEVELOPMENT GROUP) ក្រោយ​ក្រុម​សន្តិសុខ​ដុត​ផ្ទះ​ពួកគាត់ ៤៥​ខ្នង កាល​ពី​ដើម​ខែ​កុម្ភៈ ដើម្បី​យក​ដី​ធ្វើ​តំបន់​ទេសចរណ៍។ Photo: RFA


ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល អះអាង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន យូ ញៀន (UDG) និង​ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់ នៅ​ក្នុង​ខេត្ត​កោះកុង បាន​ផ្តល់​ផល​ប៉ះពាល់​ធំធេង​ដល់​បរិស្ថាន និង​ផ្ដល់​ផលវិបាក​យ៉ាង​ច្រើន​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនោះ។ ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ របប​លោក ហ៊ុន សែន ពិនិត្យមើល​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន និង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​អោយ​បាន​ឆាប់។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​កោះកុង អេស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុមហ៊ុន​ចិន យូញៀន (Union Development Group) បាន​អូស​បន្លាយ​ពេល​ជា ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន និង​អាជ្ញាធរ មិនទាន់​ជួយ​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​នោះ​ទេ។

ប្រជាពលរដ្ឋ អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ខ្នាត​ធំ​ទាំងពីរ បាន​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង ច្រើន​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដូចជា​ការបាត់បង់​សិទ្ធិ​ប្រើប្រាស់ និង​គ្រប់គ្រង​ដីធ្លី បាត់បង់​មុខ​របរ​ចិញ្ចឹមជីវិត ជំពាក់​បំណុល​ធនាគារ កូនៗ​បាត់បង់​ឱកាស​សិក្សា បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក និង​បាត់បង់​ធនធានធម្មជាតិ នាំមក​នូវ​ក្តី​អន្តរាយ​ដល់​បរិស្ថាន និង​ប្រព័ន្ធ​ជីវចម្រុះ ព្រមទាំង​ការ​រំលោភបំពាន​លើ​រូបរាងកាយ និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផង​ដែរ។

តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី សាំង ពុយ រៀបរាប់​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំង ពីរ មិន​បាន​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ លោកស្រី​បន្ត​ថា ជាង​១០​ឆ្នាំនេះ ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​ស្រុត​ចុះ​ខ្លាំង ព្រោះ​គ្មាន​ដី​បង្កបង្កើនផល គ្មាន​មុខរបរ​ដូច​មុន និង​ជំពាក់ បំណុល​ធនាគារ៖ «ក្រុមហ៊ុន បាន​ចូល​មក​រំលោភ​ផ្ទះ រុះរើ​ផ្ទះ ហើយ​ឈូស​ឆាយ​ផលដំណាំ​ចោល​ទាំងអស់ ហើយ​កន្លងមក​១០​ឆ្នាំ​ហើយ​ក្រុមហ៊ុន អត់​អោយ​យើង​ចូល ទៅ​ក្នុង​ដី​យើង​នឹង​ទេ។អយុត្តិធម៌​សម្រាប់​យើង​ជា​ពលរដ្ឋ​ម្ចាស់​ដី​ណាស់។ យើង​មាន​ប្លង់​កម្មសិទ្ធិ ម៉ែ​ខ្ញុំ​រស់នៅ​តាំងពី​ឆ្នាំ​៩០​ជាង​៨០​ជាង​មេះ ខ្ញុំ​ឃើញ​រូបភាព​គាត់​កាលពីមុន​គាត់​ដាំ​ដុះ ពេលនោះ​យើង​នៅ​ក្មេង អ៊ីចឹង​សូម្បីតែ​យើង​អត់​មាន​លុយ​ដុល្លារ​ពិតមែន តែ​យើង​មាន​ជីវភាព​ល្អ តែ​ឥឡូវ ១០​ឆ្នាំ​ហើយ យើង​អត់​មាន​ចំណូល​ទេ គេ​បំផ្លាញ​របស់​យើង​អស់​ធ្លាក់ខ្លួន​ក្រ។ យើង​តវ៉ា​ជាង​១០​ឆ្នាំ ដាក់​ញត្តិ​គ្រប់​ក្រសួង តែ​បាន​ត្រឹម​សន្យា​ខ្យល់ ប្រាប់​ថា នឹង​ដោះ​ស្រាយៗ ។​ក្រុមហ៊ុន​មក​វិនិយោគ​នេះ អត់​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ បានតែ​ទៅលើ​អាជ្ញាធរ ឬ​អ្នក​ឈ្មួញ​កណ្ដាល​ទៅវិញ»

លោកស្រី សាំង ពុយ សម្ដែង​ការ​សោកស្ដាយ​ដែល​របប​លោក​ហ៊ុន សែន បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​យក​កម្មសិទ្ធិ​ដីធ្លី​ពី​ពលរដ្ឋ​រហូត​មានការ​ទួញ​យំ​ហើយ​ពេល​បាត់បង់​ដីធ្លី​មក​ប្តឹង តែ​បែរជា​មិនបានការ ដោះស្រាយ ហើយ​ខ្លះ​ទៀត​ដោះស្រាយ​ដែរ ប៉ុន្តែ​បាន​ត្រឹមតែ​ចេញ​កម្មសិទ្ធិ​ដីធ្លី និង​ចែក​ដី​សម្បទាន​សង្គម​តិចតួច ខណៈ​អ្នកខ្លះ​ត្រូវ​បាន​គេ​ទន្ទ្រាន​យក​ដី​ស្រស់ៗ​ដោយ​ឲ្យ​តម្លៃ​ថោកៗ​ក្រោម​ហេតុផល​យក​ដី​អភិវឌ្ឍន៍។ លោកស្រី​បន្ត​ថា ទំនាស់​ដីធ្លី​ទាំងនេះ ក៏​មាន​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ខ្លះ​នៅ​ជាប់​គុក ដូចជា​តំណាង​ពលរដ្ឋ​សហគមន៍​ព្រែក​ខ្សាច់ គឺ​លោក ហេង សុខ ខណៈ​អ្នកខ្លះ​អស់​ដី​រស់នៅ ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ខ្ញុំគេ​នៅ​បរទេស៖ «កន្លងមក ច្រើនដង​ណាស់ ក្រុមហ៊ុន​តែងតែ​យក​កម្លាំង និង​សន្តិសុខ​អី មក​គំរាមកំហែង​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​នៅតែ​អះអាង​ថា ដី​នេះ បាន​សម្បទាន​ពី​រដ្ឋាភិបាល​ហើយ ដូច្នេះ​ក្រុមហ៊ុន ត្រូវតែ​បាន​ដី​នេះ ទោះបី​ពលរដ្ឋ​មិន​ទទួល​សំណង​ក៏​ក្រុមហ៊ុន​យក​ដី​ដែរ។ នៅ​ពេល​គេ​យក​ទៅ​នៅ​កន្លែង​ថ្មី គឺ​ពលរដ្ឋ​មិន​អាច​យក​ទូក​មក​នេសាទ បាន​ដូច​មុន ម្យ៉ាង​ក្រុមហ៊ុន​គ្រប់គ្រង​ដី​ទីនោះ​អស់ហើយ។ អ្នកខ្លះ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង​ដូចជា​ថៃ​ជាដើម ធ្វើ​អោយ​ក្នុង​ស្រុកភូមិ​ស្ងាត់ អស់ហើយ។ ពលរដ្ឋ​ភាគច្រើន​ជំពាក់ លុយ​ពីរ​បី​អង្គការ ហើយ​ខ្លះ​សង​គេ​មិនទាន់ ក៏​ខំប្រឹង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដើម្បី​រកលុយ​ដោះ​បំណុល»

កាលពី ខែ​ឧសភា ឆ្នាំ​២០១០ ក្រុមហ៊ុន​កោះកុង អេស​.​អ៊ី​.ហ្សិត ដែល​មាន​លោក លី យ៉ុងផាត់ ជា​ប្រធាន បាន​ជួល​ដី​រយៈពេល ៩៩​ឆ្នាំ​ពី​ក្រសួងបរិស្ថាន លើ​ទំហំ​ផ្ទៃដី​ជាង ៩​ពាន់ (.៩៧៧) ហិកតារ ដើម្បី​ដាំ​ដំណាំ​កសិ​-​ឧស្សាហកម្ម ក្នុង​តំបន់​គ្រប់គ្រង​ឧទ្យាន​ជាតិ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។ ដី​នេះ​បាន​ប៉ះពាល់​លើ​ពលរដ្ឋ​៣​ភូមិ និង​មាន​ពលរដ្ឋ​រាប់រាយ​គ្រួសារ​ពាក់ព័ន្ធ ប៉ុន្តែ​មាន​ខ្លះ​បាន​ទទួល​ការ​សម្របសម្រួល និង​នៅសល់​អ្នក​តវ៉ា​មួយ​ចំនួនទៀត។ ទន្ទឹមគ្នា​នេះ ក្រុមហ៊ុន​លោក ឧកញ៉ា លី យ៉ុង​ផាត់ ធ្លាប់​ប្ដឹង​ពលរដ្ឋ​ដាក់​ពន្ធនាគារ ៣​ករណី មាន​២​ករណី​គឺ​ពាក់ ព័ន្ធ​រឿង​ដីធ្លី ហើយ​រហូត​មក​ដល់​ពេលនេះ មាន​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ហេង សុខ មិនទាន់​ត្រូវ​បាន​ដោះលែង​នោះ​ទេ។ ចំណែក ១​ករណី​ទៀត ពាក់ព័ន្ធ​រឿង​ជំនួញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ដោយ​ក្រុមហ៊ុន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​២​នាក់ ដែល​តែង​ធ្វើ​សកម្មភាព និង​ប្រមូល​ព័ត៌មាន​អំពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង។

ចំណែក​ក្រុមហ៊ុន​ចិន​យូញៀន បាន​ជួល​ដី​ពី​របប​លោក ហ៊ុន សែន កាលពី​ក្នុង​ឆ្នាំ​២០០៨ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំនួន​៥ នៃ​ស្រុក​ពីរ គឺ​បុទុមសាគរ និង​គិរីសាគរ ខេត្ត​កោះកុង លើ​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន​៦​ពាន់​ហិកតារ ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ និង​ទីលាន​វាយកូនគោល​ដែល​មាន​តម្លៃ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ជួល​ដី​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ​ថែមទៀត។ ការ​​​ផ្តល់​ដី សម្បទាន​នេះ គឺ​បាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ហើយ​មកដល់ពេលនេះ នៅ​មិនទាន់​ដោះស្រាយ​ចេញ​ទាំងស្រុង​នៅឡើយ ខណៈ​ដែល​ក្រុមហ៊ុន​បន្ត​គំរាមកំហែង និង​បន្ត​ឈូស​ឆាយ​ដី​ព្រៃ រីឯ​ពលរដ្ឋ​បន្ត​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដដែល។

ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ខ្នាត​ធំ​ទាំងពីរ​នេះ មិន​ទាន់​បាន​អភិវឌ្ឍន៍​អ្វី​ឲ្យ​បាន​ជឿនលឿន​ទៅ មុខ​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី បណ្ដាល​ឲ្យ​បាត់បង់​ធនធាន ធម្មជាតិ ប៉ះពាល់​បរិស្ថាន ព្រោះ​តំបន់​នោះ​ជា​តំបន់​ឧទ្យានជាតិ និង​កំពុង​បូម​ខ្សាច់​ពី​តំបន់​វិនិយោគ នោះ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។ លើស​ពី​នេះ​ក្រុមហ៊ុន ក៏​មិនបាន​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ដែរ មានតែ​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​តិច​តូច​ប៉ុណ្ណោះ៖ «ខាង​ព្រៃឈើ ក៏​ប៉ះពាល់​ដែរ​ព្រោះ​ប្រជាពលរដ្ឋ​ពឹង​លើ​ព្រៃឈើ​ដែរ ហើយ​ការ​បូម​ខ្សាច់​ក៏​បណ្ដាល​អោយ​រងគ្រោះ​ដល់​អ្នករក​នេសាទ គឺ​រក​មិនបាន ដូច​មុន។ គេ​បូម​ខ្សាច់​ទៅ​លក់​នៅ​បរទេស​ទាំង​កប៉ាល់។ បើ​និយាយ​ពី​រឿង​ជីវភាព វា​ពិបាក​ជាង​មុន​ឆ្ងាយ​ហ្មង ពីមុន​រក​នេសាទ ក៏​បាន រក​ផល​ពី​ព្រៃឈើ​ក៏បាន ហើយ​យើង​បង្កបង្កើនផល​ក៏​វា​ងាយស្រួល ដល់ពេល​ពួកគាត់​មក​វិនិយោគ​មក គឺ​អត់​អោយ​ពួក​យើង​ចូល​ធ្វើ​ទប់ស្កាត់​គំរាមកំហែង ចាប់​ដាក់គុក ដាក់​ខ្នោះ​អ៊ីចឹង​ទៅ គឺ​ជាង​១០​ឆ្នាំ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អី​សោះ។ ពួក​យើង​រវល់​តែ​ឡើង​ចុះ​ចុះឡើង​ដើម្បី​តវ៉ា​ច្រើន​សារ គឺ​ធ្វើ​អោយ​ភាព​ក្រីក្រ​រឹត​ក្រ​ទៅៗ​។ ពលរដ្ឋ​សុំ​អោយ​សម្ដេច​តេជោ បញ្ចប់​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង និង​ដោះលែង​តំណាង​លោក ហេង សុខ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ឧកញ៉ា លី យ៉ុង ផាត់ បានទេ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​វិញ នៅ​ពេល​លឺ​អាស៊ីសេរី​សុំ​សម្ភាសន៍ និង​ខល​ទៅទៀត​មិន​លើក​ឡើយ។ ចំណែក​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ចុច​បិទ​ទូរស័ព្ទ​វិញ​ដូចគ្នា​ដែរ។

រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត ភត្រា មាន​ប្រសាសន៍​ថា ស្ថានភាព​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ទាំងពីរ​មិន​ធ្ងន់ធ្ងរ​ដូច​មុន​ឡើយ ហើយ​ក្រសួងបរិស្ថាន កំពុង​បន្ត​ខិតខំ​ដោះស្រាយ​ជម្លោះ​ដែល​នៅ​សេសសល់ តាមរយៈ​កំណត់​អត្តសញ្ញាណ​របស់​ប្រជាជន​ដែល​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង។ លោក​បន្ត​ថា ក្រសួង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ដាក់​សំណើរ ឬ​របាយការណ៍​ភស្តុតាំង និង​បញ្ជី​ស្នាម​ផ្សេងៗ​ជូន​ក្រសួង​ដើម្បី​ពិនិត្យ​ដោះស្រាយ​តាម​បច្ចេកទេស​និង​នីតិវិធី។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូប​នេះ អះអាង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ មិនបាន​ផ្ដល់​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវភាព​ប្រជាពលរដ្ឋ ដូច​ការចោទប្រកាន់​តាម​ប្រព័ន្ធ​ព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល​ឡើយ ព្រោះ​មកដល់​ពេល​នេះ ក្រសួង​មិនដែល​ទទួល​ពាក្យ​បណ្ដឹង​នោះ​ទេ៖ «ចំពោះ​ការចោទប្រកាន់​គឺជា​សិទ្ធិ​របស់​ពួកគាត់ ប៉ុន្តែ​សម្រាប់​ក្រសួងបរិស្ថាន​យើង​អនុវត្ត​ទៅតាម​កិច្ចការ​របស់​យើង តាម​នីតិវិធី​ច្បាប់​ដែល​យើង មាន​ហើយ​ការ​ផ្តល់​នូវ​គម្រោង​វិនិយោគ​នេះ សុទ្ធសឹងតែ​ឆ្លងកាត់​នូវ​ការវាយតម្លៃ​ផល​ប៉ះពាល់ បរិស្ថាន សង្គម សេដ្ឋកិច្ច​ផ្សេងៗ ដែល​ធានា​ថា គម្រោង​ដែល​អនុវត្ត​ទៅ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​នោះ​ទេ អ៊ីចឹង​ហើយ​បានជា​បញ្ហា​អ្វីដែល​ក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ មាន​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ គឺ​សូម​ធ្វើជា​ពាក្យ​បណ្តឹង ឬមួយ​ក៏​ប្រាប់​ដល់ មន្ត្រី​របស់​យើង ដើម្បី​យើង​ធ្វើការ​សិក្សា ថា​តើ​បន្ទាប់ពី​ដោះស្រាយ​ហើយ​មាន​បញ្ហា​អ្វី​កើតឡើង ឬក៏​បញ្ហា​អ្វី​ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ដំណោះស្រាយ​នោះ»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក នេត ភត្រា គឺ​ប្រជាពលរដ្ឋ អះអាង​ថា ពួកគាត់ តែងតែ​ឡើង​ទៅ​ដាក់​ញត្តិ​ជា​បន្តបន្ទាប់ តែ​ពុំ​ដែល​មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​ក្រសួង និង​ក្រុមហ៊ុន តែងតែ​ចោទ​ពលរដ្ឋ​វិញ​ថា រស់នៅ​អាស្រ័យ​ផល​លើ​ដី​ក្រ​ហ៊ុន ឬ​ដី​រដ្ឋ​ជាដើម។

អ្នក​សម្របសម្រួល​ស្ដីទី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ទាំងពីរ ពិតជា​មិនបាន​ផ្ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ទឹកដី នៅ​តំបន់​នោះ​មែន ព្រោះ​ការ​ដោះស្រាយ​កន្លង​មក មាន​ការ​រិះគន់​ថា គ្មាន​តម្លាភាព និង​យុត្តិធម៌ នោះ​ទេ។ ក្រុមហ៊ុន​ទាំងពីរ រង​ការ​ចោទ​ថា ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត មិន​គោរព​តាមច្បាប់​ឡើយ ដូចជា ឈូស​ឆាយ​ផលដំណាំ ដុត​កម្ទេច​ផ្ទះ​ពលរដ្ឋ ការ​រំលោភបំពាន ការ​គំរាមកំហែង ការចោទប្រកាន់ និង​ការ​ប្តឹង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ដី​ចាស់ បណ្ដាល​ឲ្យ​បាត់​បង់​មុខរបរ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​សាមគ្គីភាព និង​ឯកភាព​គ្នា​ក្នុង​សហគមន៍ ។​ក្មេងៗ ជាច្រើន បាន​នាំ​គ្នា​ឈប់​រៀន ដោយសារ​ការ​ខ្វះខាត​ជីវភាព ហើយ​បង្ខំចិត្ត​ចំណាកស្រុក។ លោក​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយ​ចំនួន ក៏​មិនបាន​ជួយ​ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ដែរ ប៉ុន្តែ បែរ​ឆ្លៀត​ស្វែងរក​ផលប្រយោជន៍​ពី​ភាព​រងគ្រោះ​របស់​ពលរដ្ឋ​ថែម​ទៀត។ លើស​ពី​នេះ ធនធាន​ធម្មជាតិ ក៏បាន​បង់​តាមរយៈ​ការទន្ទ្រាន​របស់​ក្រុមហ៊ុន​ដែរ ជាពិសេស មានការ​ចោទ​ថា ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្ងំ​បូម​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទំនាស់​ដីធ្លី និង​ផល​ប៉ះពាល់​នេះ គឺជា​កំហុស​របស់​របប​លោក ហ៊ុន សែន ដែល​មិនបាន​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​ទីតាំង​ដី​ដែល​ត្រូវ​ផ្តល់​ឱ្យ​ក្រុមហ៊ុន ខណៈ ដី តំបន់​នោះ​មាន​ពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជា​យូរយារ​មក​ហើយ។ លោក​ថា របប​លោក ហ៊ុន សែន គួរតែ​សើរើ​មើល​ឡើងវិញ​នូវ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដោយសារតែ​ក្រុមហ៊ុន​នៅ​មិនទាន់ បាន​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «វា​គឺជា​កំហុស​របស់​រដ្ឋាភិបាល មុន​ពេល​ដែល​ផ្ដល់​ដី​សម្បទាន ទៅ​អោយ​ក្រុមហ៊ុន គួរតែ​បាន​សិក្សា​អោយ​បាន​ច្បាស់លាស់​សិន អំពី​ផល​ប៉ះពាល់ បរិស្ថាន និង​សង្គម ហើយ​បើសិនជា​បាន​ផ្តល់​ទៅ​ហើយ ប៉ះពាល់​គួរតែ​ខិតខំ​បង្ហាញ​ឆន្ទៈ​អោយ​បាន​ខ្ពស់ ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ ទទួល​បាន​យុត្តិធម៌​មកវិញ។ កុំ​អូស​បន្លាយ​ទំនាស់​នីមួយ​ជាង​១០ គឺ​ធ្វើ​អោយ​ពលរដ្ឋ​ប្រាកដជា​រងគ្រោះ​ហើយ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត»

លោក ហួរ អ៊ីន លើកទឹកចិត្ត​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​នេះ ឱ្យ​បន្ត​ការ​ទាមទារ​ដោយ​សន្តិវិធី និង​តស៊ូ​មតិ​តទៅទៀត ដើម្បី​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ​ឈប់​រំលោភ​យក​ដីធ្លី និង​សងជំងឺចិត្ត​ដល់​ពួកគាត់​វិញ។

បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច នៅតែ​ជា​បញ្ហា​មួយ ដែល​ផ្ដល់​ផលវិបាក​ចំពោះ​ប្រជាជន​កម្ពុជា​ភាគច្រើន ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនោះ ប៉ុន្តែ​របប​លោក​ហ៊ុន សែន តែងតែ អះអាង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ដើម្បី​ជួយ​សម្រាល​ជីវភាព ផ្ដល់​ការងារ​ឲ្យ​ប្រជាជន​កម្ពុជា និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles