លោក ស ខេង បញ្ជាក់ថានឹងមិនមាន​ការពន្យារពេល​ផ្លាស់​ទី​ជនជាតិវៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាបទេ


|
https://www.vodhotnews.com

លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ ។ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)


រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃលោក ស ខេង បញ្ជាក់ជំហរថានឹងមិនការពន្យាពេល​ផ្លាស់​ទី​ជនជាតិវៀតណាមពីផ្ទៃ​បឹង​ទន្លេសាបឲ្យឡើងមកនៅលើគោកនោះទេ ដោយថាដើម្បីការពារ​បរិស្ថាន​នៅតំបន់​នោះ។​

ការបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីប្រធានសមាគមវៀតណាមនៅខេត្តកំពង់ឆ្នាំងបានដាក់លិខិតស្នើសុំទៅរដ្ឋាភិបាលឲ្យពន្យាពេលក្នុងផ្លាស់​ប្ដូរទីលំនៅរបស់ជនជាតិវៀតណាមពីផ្ទៃទឹកបឹងទន្លេ​សាប​ឡើងមកនៅលើគោកវិញ។

ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តត្បូងឃ្មុំថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ស ខេង ថ្លែងថា វិធានការផ្លាស់ប្ដូរទីលំនៅជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំងក្នុងតំបន់ទន្លេសាបមកនៅលើដីគោកវិញមិនមានការពន្យាពេលនោះទេ។

លោកបន្ថែម​ថា៖ «នៅខេត្តកំពង់ឆ្នាំងមានការបម្លាស់ទីអ្នកដែលនៅក្នុងទឹកទន្លេសាប គេហៅថា ផ្សារក្រោម ហើយមូលហេតុដោយសារថា ជាគោលការណ៍យើងមិនអនុញ្ញាតឲ្យកសាងភូមិអី ផ្ទះសម្បែងអីនៅលើទឹកទេ ប៉ុន្តែមិនទាន់ធ្វើបានគ្រប់កន្លែងទេ។ ខេត្តកំពង់ឆ្នាំងគឺជាខេត្តដែលបានចាប់ផ្ដើមធ្វើមុនគេ ហើយក៏បានរៀបចំជាផែនការអី រៀបចំអី។ ការពិតហើយ គឺថាក្នុងដំណើរការ ធ្វើទៅវាមានបញ្ហាប្រឈម វាមិនមែនអត់ទេ ហើយដំណាក់កាលអន្តរកាលជៀសមិនផុតការលំបាកទេ ប៉ុន្តែយើងនឹងខិតខំដោះស្រាយដើម្បីបរិស្ថាន»។

លោក ស ខេង ក៏បាន​បញ្ជាក់ផងដែរថា​មិនមានការចាប់បញ្ជូនជនជាតិវៀតណាមណា​ម្នាក់ទៅស្រុកកំណើតវិញដែរ ប្រសិន​បើពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីនោះ។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ មានប្រាប់វី.អូ.ឌីនៅថ្ងៃនេះថា អាជ្ញាធរបានផ្លាស់ប្តូរ​ទីលំនៅ​ជនជាតិវៀតណាមពីផ្ទៃទឹកបឹងទន្លេសាប​មកលើគោកគិតរហូតមកដល់​ពេលនេះ​មានជាង១២០០គ្រួសារ ហើយនៅសល់ជាង ៦០០ គ្រួសារទៀត មិនទាន់បានបម្លាស់ទីនោះទេ ដោយថា ពួកគេកំពុងចិញ្ចឹមត្រីនៅក្រោមផ្ទះបណ្ដែតទឹក។

លោកថា៖ «មកដល់ពេលនេះ យើងកំពុងប្រមូលផ្ដុំដាក់មួយដុំ។ យើងអត់ឲ្យនៅរាយប៉ាយ ។ ពីមុនគាត់នៅលាយឡំគ្នា រាយប៉ាយ។ មកដល់ម៉ោងនេះ គឺយើងបានរៀបចំប៊ែតត្រីនេះទៅតាមការកំណត់របស់ខេត្ត ដែលក្រុមការងាររបស់ខេត្តបានកំណត់ឲ្យនៅម្ដុំណាៗ។ ជំហានទី២ យើងបានអនុវត្តបណ្ដើរៗហើយ គឺថា យើងបានឲ្យរើបង្គន់ រើជញ្ជាំង រើអីហ្នឹង ហើយហ្នឹងឲ្យចប់សព្វគ្រប់តាមគម្រោងការណ៍របស់ខេត្តឲ្យហើយអស់នៅក្នុងខែ កក្កដា ឆ្នាំ២០១៩ »។

លោក ស៊ុន សុវណ្ណរិទ្ធ បន្តថា អាជ្ញាធរកម្ពុជាបានផ្ដល់ដីទំហំ ៤០ ហិកតាស្ថិតនៅភូមិដំបូលកកោះឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ដើម្បីជួលឲ្យជនជាតិវៀតណាមដែលត្រូវបានផ្លាស់​ទីលំនៅពីក្នុងទឹកមកនៅលើដីគោកនោះ។

ប្រធានសមាគមសមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល​ មានប្រសាសន៍ថា កាលពីខែកញ្ញា កន្លងទៅ លោកបានស្នើសុំទៅក្រសួងមផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធដើម្បីសុំពន្យាពេលបម្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកមកលើគោកពិតមែន។​ លោកបន្តថា​ មូលហេតុ​ដែលសមាគម​លោកបាន​ស្នើទៅក្រសួងមហាផ្ទៃ ព្រោះ​ពេលនោះលោក​យល់​ថា​តំបន់ថ្មី​មិនទាន់មានហេដ្ឋារចនាសម្ព័ន​ត្រឹម​ត្រូវ​ ប៉ុន្តែនៅពេលនេះគ្មានជម្រើសអ្វីក្រៅពី​ធ្វើតាមការកំណត់របស់អាជ្ញាធរកម្ពុជានោះឡើយ។

លោកថា៖ «គេណែនាំឲ្យក្មេងៗទាំងអស់ហ្នឹង ឡើងរៀនមានសាលានៅជុំវិញ តំបន់យើងនៅបណ្ដោះអាសន្ន។ […]អញ្ចឹងគាត់ណែនាំឲ្យទាំងអស់គ្នា តាមមណ្ឌលសុខភាពត្រូវទទួលបងប្អូនខាងវៀតណាមឈឺ អីហ្នឹង ត្រូវតែទទួលហើយព្យាបាលឲ្យ។ ឥឡូវទឹកជិតស្រកវិញហើយ អាជ្ញាធរកំពុងគិតរៀបចំទី១ រឿងធ្វើម៉េចជួយទឹកស្អាតឲ្យប្រជាជនប្រើ ទី២ ដល់ពេលដីហ្នឹង វាគោកហើយ អញ្ចឹងគាត់ត្រូវរៀបចំ ឈួសឆាយធ្វើផ្លូវ ឲ្យប្រជាពលរដ្ឋដើរពេលទឹកស្រក»។

បើតាមអភិបាលរងខេត្តកំពង់ឆ្នាំងលោក​ស៊ុន សុវណ្ណរិទ្ធ ជន​ជាតិ​វៀត​ណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាប​ក្នុងខេត្តនេះ មាន​ចំនួន​២,៣៩៧​គ្រួសារ ស្មើនឹង១០០៨៧ នាក់។ លោក​ឲ្យដឹងទៀតថា​តំបន់​ដែល​​ជន​ជាតិ​វៀត​ណាមដែល​រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ម្តុំ​ផ្សារ​ក្រោម និង​នៅ​តំបន់​ឆ្នុក​ទ្រូ ស្ថិត​ក្នុងស្រុក​បរិបូរណ៌ និង​នៅ​ស្រុក​កំពង់​ត្រឡាចជា​ដើម​។

ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh នៅប្រទេសសឹង្ហបុរី​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក Pham Binh Minhបានបង្ហាញក្ដីបារម្ភចំពោះការបម្លាស់ទីជនជាតិវៀតណាមពីក្នុងទឹកផ្ទៃបឹងទន្លេសាប​មកនៅលើគោកវិញ។តាមការចុះផ្សាយរបស់​សារព័ត៌មាន​ Vietnam News លោក ប្រាក់ សុខុនបា្រប់ទៅភាគីវៀតណាមថា កម្ពុជា ប្ដេជ្ញា​ជួយ​គាំទ្រ​​សហគមន៍​​វៀតណាមដែល​រស់​នៅ​លើ​បឹង​ទន្លេ​សាប ដើម្បី​ពួក​គេ​ឡើង​មក​រស់​នៅ​លើ​គោក​បាន​ត្រឹម​ត្រូវ​។ ក្នុងជំនួបនោះដែរ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​វៀតណាម បានរំលឹកទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ពីសំណើរបស់​នាយករដ្ឋ​មន្ដ្រី​វៀតណាម លោក ង្វៀន សួនហ្វុក ដែលស្នើទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធានសមាគមសមាគម​វៀត​ណាមប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ួច វ៉ឹងប៊ែល ឲ្យដឹង​ថា​ជនជាតិវៀតណាមជាង ៧០០០ គ្រួសារ​ កំពុងរស់នៅតាមដងទន្លេសាបក្នុងខេត្តចំនួន ៥ មានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។

បើតាមរបាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅដើមឆ្នាំ២០១៨នេះ បង្ហាញថា ជនបរទេសរស់នៅកម្ពុជាមានប្រមាណ​​ជាង ​១៧ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ​ដល់​ទៅ​ជាង ៩៩ភាគរយ ខណៈ​ជន​ជាតិ​វៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួ​ន​ជាង ៧ម៉ឺន៦ពាន់នាក់ ហើយ​ជន​ជាតិ​វៀតណាមជាង ១ម៉ឺន៤ពាន់នាក់​ទៀត កំពុង​រស់​នៅដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​៕

អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ស ខេង បញ្ជាក់ថានឹងមិនមាន​ការពន្យារពេល​ផ្លាស់​ទី​ជនជាតិវៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាបទេ"

  1. Anonymous says:

    Of course Sar Kheng will serve Vietnamese like his family. If those people are Cambodian, they will have to face Hun Sen court, that’s how the current Cambodia government treat their own people. It is very sad and embarrassing that this government still declare themselves as smart people and know the laws??? Must be animal law that humans world never recognized.

  2. Anonymous says:

    The bunch of veitcong groups are the slave of Youn-hanoi