សិស្សសាលា​ជា​ច្រើន​នាក់​នៅ​ខេត្ត​​ត្បូងឃ្មុំ​ពុល​ចំណី​អាហារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ

2018-11-16
RFA

ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ ដែល​កុមារ​ពុល​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ (រូប៖ ហ្វេសប៊ុក កំពង់ចាម កំពង់ចិត្ត)
ទិដ្ឋភាព​ក្នុង​មន្ទីរពេទ្យ ដែល​កុមារ​ពុល​ទទួល​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ (រូប៖ ហ្វេសប៊ុក កំពង់ចាម កំពង់ចិត្ត)


សិស្ស​បឋមសិក្សា​ទន្លេបិទ​ឃុំ​ទន្លេ​បិត ស្រុក​ត្បួង​ឃ្មុំ ខេត្ត​ត្បួង​ឃ្មុំ​ ចំនួន​៤០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដោយ​សង្ស័យ​ថា​ពុល​ចំណី​អាហារ​លក់​នៅ​ក្នុង​សាលារៀន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ​វិច្ឆិកា។

មេឃុំ​ទន្លេបិទ លោក ភឹន ឈុន មាន​ប្រសាសន៍​ថា កុមារ​ទាំង​នោះ​បាន​ហូប​ ចំណីអាហារ​របស់​គ្រូ​ម្នាក់​ ដែល​បាន​ដាក់​លក់​នៅ​ក្នុង​សាលា ក្រោយ​មក​ស្រាប់​តែ​មាន​អាការ​វិលមុខ​ និង​ក្អួត​ចង្អោរ​ហើយ​ទន់ដៃទន់ជើង​តែ​ម្ដង៖ «អាការ​នឹង​មុន​ដំបូង​ក្អួត​ ហើយ​កុមារ​មក​មណ្ឌល​សុខ​ភាព​មុន​គេ​វា​ក្អួត ហើយ​បាន​ធូរ​ តែ​កុមារ​មក​ក្រោយ​ទៀត​ដាក់​សេរ៉ូម​ទៅ​មិន​បាន​ធូរ​ទេ​ វា​ទៅ​ជា​ឈឺ​ពោះ​ទៅវិញ​ ហើយ​ឃើញ​មិន​ស្រួល​ពួក​ខ្ញុំ​ក៏​បាន​រាយការណ៍​ទៅ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត ហើយ​ខាង​ខេត្ត​បញ្ជា​ឲ្យ​ប្រញាប់​យក​កុមារ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ភ្លាមៗ»

លោក ភិន ឈុន បន្ថែម​ទៀត​ថា សមត្ថកិច្ច​បាន​បញ្ជូន​ចំណីអាហារ ​និង​ទឹក​ក្រូច​ដែល​ក្មេង​ផឹក​ទៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៃ​ការ​ពុល​នេះ។ រីក​កុមារ​ដែល​ពុល​ទាំង ៤០នាក់​នោះ មួយ​ចំនួន​ធំ​បាន​ដឹង​ខ្លួន​ហើយ ប៉ុន្តែ​គ្រូពេទ្យ​មិន​ទាន់​ឲ្យ​ចេញ​ទៅ​ផ្ទះ​នៅ​ឡើយ​ទេ ក្នុង​នោះ​​មាន ២នាក់​ធ្ងន់ធ្ងរ ហើយ​នៅ​ម៉ោង ៦ល្ងាច ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ខេត្ត​កំពង់ចាម​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment