លោក​ កែវ រ៉េមី៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន

លោក កែវ រ៉េមី (​ទី​ ២ រាប់​ពី​ស្ដាំ​) និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​ ៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ម្សិលមិញ​។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​ កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង និង​មួយ​ចំនួន​នៅក្នុង​អាស៊ី​នៅ​អឺរ៉ុប និង​អាមេរិក ខណៈ​ពលរដ្ឋ​សហគមន៍​ និង​ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​ ៧០ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​ «​រួម​គ្នា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​និង​ប្រជាធិបតេយ្យ​»​។

ការលើក​ឡើង​របស់​លោក​ កែវ រ៉េមី ធ្វើ​ឡើង​នៅក្នុង​ពិធី​អបអរសាទរ​ខួប​ទី​ ៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ​ក្រោម​ប្រធានបទ​ «​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស​» ព្រឹក​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​ដែល​មាន​លោក​​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​ចូលរួម​ជា​អធិបតី និង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ ៣០០០ ​នាក់​ក្នុង​នោះ​មាន​សមាជិក ព្រឹទ្ធសភារដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​តំណាង​សហគមន៍ តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រជាពលរដ្ឋ សិស្ស និស្សិត នៅ​សាល​មហាស្រប​កោះពេជ្រ​នៃ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ​។

លោក​ កែវ រ៉េមី ថ្លែង​ថា​នៅ​លើ​សកលលោក​នេះ​មិន​មាន​ប្រទេស​ណា​មួយ មាន​ការ​គោរព​សិទ្ធិមនុស្ស​ដោយ​ឥតខ្ចោះ​នោះទេ​។ លោក​អះអាង​ថា​នៅ​បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​គឺ​សុទ្ធ​តែ​មាន​បញ្ហា​សិទ្ធិមនុស្ស​ដូចគ្នា​។ វា​គ្រាន់​តែ​មាន​បញ្ហា​តិច​ ឬ​ច្រើន​តែ​ប៉ុណ្ណោះ ហើយ​លោក​បាន​លើក​ឡើង​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​រឿង​ទទួល​ជនភៀសខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា​នៅក្នុង​ពន្ធនាគារ និង​ការរំលោភ​សិទ្ធិ​។

លោក កែវ រ៉េមី ថ្លែង​ថា​៖ «​នៅ​សហគមន៍​អឺរ៉ុប​ក៏​នៅ​មាន​បញ្ហា​សិទ្ធិមនុស្ស មាន​ការ​ចោទប្រកាន់​ក្នុង​ការទទួល​ជនភៀសខ្លួន​ពី​ប្រទេស​សេរី​។ នេះ​ជា​ចំណុច​មួយ​ដែល​ខ្វះខាត​។ ប្រទេស​អូស្ត្រាលី​ក៏​មាន​បញ្ហា មាន​ការ​ចោទប្រកាន់​ខ្លាំង ទាក់ទង​ទៅ​នឹង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ធ្វើ​ដំណើរ​តាម​ទូក​មក​ប្រទេស​អូស្ត្រាលី ហើយ​បាន​យក​ទៅ​ដាក់​លើ​កោះ​មួយ​ដែល​មាន​បញ្ហា​ថា មិន​មាន​ការយកចិត្ត​ទុកដាក់​នៅ​ទី​នោះ​»​។

លោក​ រ៉ុង ឈុន ថ្លែង​ក្នុង​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ម្សិលមិញ​។ ផា លីណា


លោក​បាន​សង្កត់ធ្ងន់​ថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ​មាន​ការ​យល់ច្រឡំ​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ប៉ុន្តែ​តាម​ការពិត​សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះ​ទេ ហើយ​ប្រទេស​នេះ​មាន​បញ្ហា​ច្រើន​ណាស់​។ លោក​បាន​លើក​ឡើង​នូវ​ការសិក្សា​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​អាមេរិក​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​អ្នក​ជាប់គុក​ដ៏ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​រហូត​ទៅ​ដល់​ ២៥ ​ភាគរយ​នៃ​អ្នក​ជាប់គុក​នៅ​ទូទាំង​សកលលោក​ដែល​មាន​ចំនួន​ស្មើ​នឹង​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បាន​អះអាង​ថា ៦០ ​ភាគរយ​នៃ​អ្នក​ជាប់គុក​នោះ​មាន​ស្បែក​ខ្មៅ ជនជាតិ​ម៉ិកស៊ិក និង​អាស៊ី​។

លោក​ រ៉េមី ​បាន​បញ្ជាក់​ថា​៖ «​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ជិត​ខាង និង​មួយ​ចំនួន​នៅក្នុង​អាស៊ី​នៅ​អឺរ៉ុប​នៅ​អាមេរិក​។ ស្ថានភាព​របស់​យើង​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឡើង​ថ្លែង​ថា​ពិធី​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចូលរួម​ការគោរព​សិទ្ធិមនុស្ស​កាន់​តែ​ល្អប្រសើរ​ខ្លាំង ដើម្បី​គោលការណ៍​ប្រយោជន៍​ជាតិ​។ លោក​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើក​ទឹកចិត្ត​ខ្ពស់​ដល់​គ្រប់​អង្គការ សមាគម​នានា ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ដោយ​អាច​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន មុន​ពេល​ធ្វើ​សកម្មភាព​ដូច​ពេល​មុន​ឡើយ​។ លោក​បន្ត​ថា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាន់​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស និង​សេរីភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ ពិសេស​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​ការប្រមូល​ផ្តុំ​តវ៉ា​ដោយ​សន្តិវិធី តែ​សិទ្ធិ​ទាំង​នេះ​ស្ថិត​ក្រោម​ច្បាប់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកសម្របសម្រួល និង​ថ្លឹងថ្លែង​ចំពោះ​សិទ្ធិ​របស់​បាតុករ និង​សិទ្ធិ​របស់​អ្នក​ដទៃ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ និង​គោលការណ៍​សណ្តាប់ធ្នាប់​សាធារណៈ​។

លោក​បញ្ជាក់​ថា​៖ «​បើ​យើង​ក្រឡេក​មើល​ការប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូចជា Facebook Twitter Whatup Line Telegram​។​ល​។ តាមរយៈ​សេវា អ៊ីនធឺណិត បើ​តាម​ទិន្នន័យ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ប្រើប្រាស់​បាន​កើនឡើង​ជាង​ ៣០០ ​ដង​ពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១៧ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ទទួល​ព័ត៌មាន​គ្រប់​ច្រកល្ហក​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។ សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ដោយ​យក​ចិត្ត​ទុកដាក់ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​នូវ​រាល់​គោលការណ៍​ចាត់តាំង​អនុវត្ត​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ក្នុង​ការ​ថែរក្សា​សិទ្ធិមនុស្ស​ឈាន​ទៅ​រក​ការអនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​យ៉ាង​ពិតប្រាកដ​»​។

ក្នុង​ឱកាស​នោះ​ដែរ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​មាន​ប្រសាសន៍​ថា ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​គោរព​នោះ​ទេ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កើត​មាន​សង្គ្រាម​ភាពចលាចល និង​អសន្តិសុខ​សង្គម​ហើយ​ថា​ជាក់ស្តែង​ប្រជាជន​កម្ពុជា​ធា្លប់​ទទួល​រង​នូវ​ការរំលោភ​សិទ្ធិមនុស្ស​គ្រប់​បែប​យ៉ាង​ចាប់​តាំងពី​ការកើត​មាន​សង្គ្រាម​នា​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ​មក​ម្ល៉េះ ជាពិសេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ ​ដោយ​ពួកគេ​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ខ្ទេចខ្ទី​លើ​គ្រប់​វិស័យ​មាន​ជាអាទិ៍​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និង​សិទ្ធិមនុស្ស សាសនា ប្រពៃណី និង​វប្បធម៌ ហើយ​ថា​ប្រជាជន​មិន​ដែល​ហ៊ាន​បញ្ចេញមតិ​ទាមទារ​យុត្តិធម៌ ប្រើប្រាស់​សិទ្ធិ និង​សេរីភាព ឬ​ប្រជាធិបតេយ្យ​ចំពោះ​មុខ​រដ្ឋអំណាច​អាវ​ខ្មៅ​នោះ​ឡើយ ពីព្រោះ​សិទ្ធិ​ទាំងឡាយ​ត្រូវ​បាន​អង្គការ​ខ្មែរក្រហម​ដកហូត​ទាំងអស់​។

លោក​ញ្ជាក់​ថា​៖ «​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​នៅ​កម្ពុជា​តាម​នយោបាយ​ឈ្នះឈ្នះ​នា​ឆ្នាំ​ ១៩៩៨ និង​ទប់ស្កាត់​ទាន់​ពេលវេលា​នូវ​ចលនា​បដិវត្តន៍​ពណ៌​ដែល​បាន​ប៉ុនប៉ង​បង្កើត​សង្គ្រាម​នៅ​កម្ពុជា និង​បាន​នាំ​មក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ​មាតុភូមិ​ដូច​សព្វ​ថ្ងៃ​នេះ​»​។

ដោយឡែក​ក្នុង​ការ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ពី​ម្សិលមិញ​នេះ​ដែរ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​អ្នក​ចូលរួម​ប្រមាណ​ ៥០០ ​នាក់​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សហគមន៍ ក្រុម​សង្គម​ស៊ីវិល​។ ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទី​នោះ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ពួកគេ​ដង្ហែ​ក្បួន​ក្រោម​ហេតុផល​ថា​ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​។

លោក ស មូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ថ្លែង​ថា​ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​ ៧០ ​ដែល​មាន​ប្រធានបទ​ «​រួម​គ្នា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រជាធិបតេយ្យ​» នេះ​គឺ​ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "លោក​ កែវ រ៉េមី៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន"

  1. Anonymous says:

    it does not make any deference as this guy KEO RAMY want to cover his boss whit a small leaf. this smelly dead elephant is too stinky and too big to have a small leaf to cover it. that right the US did not give VISA for this manipulator to visiting his daughter in the US. sorry Mr your job is uncertainty because you chosen to work for a bad company . this is only my comparison to a company but this is not that mean it’s life and dead for your own nation. the expression said copping whit a murder you will be guilty as that murder also . we knew that this criminal can not do without his supporter. after the water clear what do you think Cambodian will saying about you???? I tell you what…. right now you do not have to tell international community they knew every thing about your boss. gold still be gold no matter what but your fake gold will never hiding from hot temperature . soon it will mailing down like ice and some people that can not see will hate the most . this is what I se in the near future Mr. GOD bless Cambodia and it’s people