អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទាម​ទារ​ឲ្យ​ថៃ​កុំ​បញ្ជូន​សកម្មជន​ម្នាក់​មក​កម្ពុជា


|
https://www.vodhotnews.com

រូបពីក្រោយសមត្ថកិច្ចនាំខ្លួន លោក រ៉ាត់ រដ្ឋមុនី នៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០១៨ (រូបពី ឡុង គីមហ៊ាង)


ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ទាម​ទារ​ទៅ​ប្រទេស​ថៃ កុំ​ឲ្យ​បញ្ចូន​បុរស​ខ្មែរ​ម្នាក់​មក​កម្ពុជា​វិញ បន្ទាប់​ពី​បុរស​ម្នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង​បាងកក ទៅ​តាម​សំណើរបស់​អាជ្ញាធរ​កម្ពុជា។

ប្រធាន​សហជីព​កម្មករ​សំណង់ លោក រ៉ាត់ រដ្ឋមុនី ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ នៅ​ឯ​ទីក្រុង​បាងកក ហើយ​គ្រោង​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​ទៅ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។

ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ថៃ កុំ​ឲ្យ​បញ្ជូន​សកម្មជន​រូប​នេះ​ត្រឡប់​មក​ប្រទេស​កំណើត​របស់​លោក​វិញ ដោយ​ថា សកម្មជន​រូប​នេះ​នឹង​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ក្រោម​ហេតុ​ផល​នយោបាយ ការ​ឃុំ​ខ្លួន​មិន​ត្រឹម​ត្រូវ និង​ការ​ប្រព្រឹត្ត​មិន​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ប៊្រេដ អាដាម បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ថៃ​មិន​គួរ​ធ្វើ​ទៅ​តាម​សំណើ​របស់​កម្ពុជា ដោយ​ចាប់​បញ្ជូន​ទាំង​បង្ខំ​នូវ​សកម្មជន​ដែល​តែង​តែ​ទម្លាយ​នូវ​បរាជ័យ​របស់​នគរបាល ក្នុង​ការ​បញ្ឈប់​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​នោះ​ទេ។

លោក ប៊្រេដ អាដាម បន្ត​ថា​៖ «អាជ្ញាធរ​ថៃ​គួរ​តែ​ដោះ​លែង​លោក រ៉ាត់ រដ្ឋមុនី ជា​បន្ទាន់ និង​អនុញ្ញាត​ឲ្យ​លោក​ស្វែង​រក​កិច្ច​ការពារ​ពី​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ»។

លោក រ៉ាត់ រដ្ឋមុនី វ័យ ៤៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ទៅ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា ក្រោយ​ពី​វីដេអូ​ឯកសារ​មាន​ចំណង​ជើង​ថា «ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»ផលិត​ដោយ​សារព័ត៌មាន Russia Today ត្រូវ​បាន​ផ្សព្វផ្សាយ​។

វីដេអូ​ឯកសារ​នេះ បាន​បង្ហាញ​នូវ​ការ​លក់​ក្មេង​ស្រី​ក្រី​ក្រ​ឲ្យ​ធ្វើការងារ​ក្នុង​ឧស្សាហកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ ប៉ុន្តែ ​អាជ្ញាធរ​កម្ពុជា​អះ​អាង​ថា វីដេអូ​មួយ​នេះ ជា​ព័ត៌មាន​មិន​ពិត ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិនាម​ប្រទេស​កម្ពុជា៕


អត្ថបទទាក់ទង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles