មន្ត្រី​បក្ស​កាន់​អំណាច​ថា មិន​ទាន់​មាន​មន្ត្រី​បក្ស​ប្រឆាំង​​ដាក់​លិខិត​សុំ​ធ្វើ​នយោបាយ​នៅ​ឡើយ​ទេ

ដោយ ហេង រស្មី
2018-12-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA


មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ក្នុងចំណោម ១១៨​នាក់ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ មិន​មាន​មន្ត្រី​ណា​ម្នាក់​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ដើម្បី​សុំ​ចូល​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​អាស៊ីសេរី តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ថា តើ​មាន​មន្ត្រី​ជាន់ខ្ពស់​ណាខ្លះ​ដែល​បាន​សរសេរ​លិខិត​មុនគេ​ឲ្យ​លោក ហ៊ុន សែន មេដឹកនាំ​ទីក្រុង​ភ្នំពេញ​ដើម្បី​ថ្វាយ​បន្ត​ទៅ​ព្រះមហាក្សត្រ​នៅឡើយ​ទេ។

រដ្ឋសភា​ឯកបក្ស​របស់​របប​លោក ហ៊ុន សែន នៅ​ថ្ងៃនេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ធ្នូ​នេះ​ដើម្បី​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ក្នុងចំណោម​ ១១៨​រូប ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​មាន​​សិទ្ធិ​​ធ្វើ​​នយោបាយ​​ឡើងវិញ។

សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ ១១៨​នាក់ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយះ​ពេល ៥​ឆ្នាំ​ក្រោយ ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​រំលាយ​តាម​អំណាច​នៃ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ថ្លែងប្រាប់​ក្រុម​កម្មករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​ពុធ លោក​បាន​ធានា​អះអាង​ថា ក្រោយពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​ថា លោក បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូប​ណា ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ត្រឹមត្រូវ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ចាត់ទុកថា អ្នក​ដែល​សរសេរ​លិខិត​ស្នើសុំ​ចូល​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន ថា ជា​ការ​ក្បត់​បក្ស។

លោក ហេង ដាណារ៉ូ អតីត​សមាជិកសភា​ខាង​គណបក្ស​ង្គ្រោះជាតិ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​មិន​សរសេរ​លិខិត​ដើម្បី​ស្នើសុំ​ការ​លើកលែងទោស​ទេ៖ «ជំហរ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​អត់​មាន​ត្រូវ​ការ​សរសេរ​លិខិត​ទៅ​គាត់​ទេ ពី​ព្រោះ​ខ្ញុំ​អត់​មានទោស​គឺ​គាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ ដោយ​រំលោភ​ក្នុងនាម​យើង​ជា​សិទ្ធិ​បុគ្គល ហើយ​គាត់ (ហ៊ុន សែន) ប្រើ​តុលាការ​ដើម្បី​បំបិទ​សិទ្ធិ​យើង ដូច្នេះ​ខ្ញុំ​គ្មាន​ធ្វើ​លិខិត​សុំទោស សុំ​ឲ្យ​គាត់​លើកលែងទោស​ទេ»

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន បាន​អំពាវនាវ​ដល់​សមាជិក​គណបក្ស​សង្គ្រោះជាតិ ទាំង​១១៨​នាក់​កុំ​អោយ​ចាញ់ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន។

លោក​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កែតម្រូវ​ស្ថានភាព​នយោបាយ​របស់​របប​លោក ហ៊ុន សែន មិនមែន​ជា​លើកទីមួយ​ទេ។ លោក​ថា បើ​អ្នកនយោបាយ​ណា​ដែល​នៅតែ​បន្ត​ចាញ់បោក​លោក​ហ៊ុន សែន​ទៀត​ជា​មនុស្ស​ឆោតល្ងង់​បំផុត៖ «បើសិនជា​យើង​ស្នើសុំ​កាល​លើកលែងទោស​វា​ស្នើ​ហ្នឹង​​យើង​ទទួល​ស្គាល់​ថា យើង​មានទោស​ពីព្រោះ​មកដល់​ឥឡូវនេះ​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ករណី​លោក កឹម សុខា មក​ដល់​ពេល​នេះ​រក​មិន​ឃើញ​កំហុស​ឆ្គង​អ្វី​ផង»

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ កំពុង​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​ខណៈ​ពេល​ដែល​សមាជិក ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ជាច្រើន​នាក់ បាន​រត់​ភៀសខ្លួន​មក​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​តាម​ប្រមាញ់​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles