លោក ​Ted Yoho​ ប្តេជ្ញា​ស្នើ​ច្បាប់​ HR5754​ ឡើង​វិញ​ក្រោយ​​អស់​សុពលភាព​នៅ​ចុង​ខែ​ធ្នូ

នយោបាយ

លោក Ted Yoho សមាជិក​សភានិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​​ស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា​៖ ​គោល​នយោបាយ​ដើម្បី​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស‍»​។


14 ធ្នូ 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

សេចក្តី​ព្រាងច្បាប់​ HR5754 ​នេះ​ត្រូវ​បាន​ដាក់​ចូល​សភាជាតិ​កាលពីថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ​ ដោយ​សមាជិកសភា​ ធិត យូហូ (Ted Yuho) ​ហើយ​ត្រូវបាន​អនុម័ត​ដោយ​សភា​ពេញអង្គ​ ដោយ​គ្មាន​ការជំទាស់​ នៅថ្ងៃទី​២៥ ខែកក្កដា​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​ជាតិ។

សេចក្តី​ព្រាង​ច្បាប់​លេខ​ HR5754 ​ដែល​មាន​គោលដៅ​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​កម្ពុជា​នឹង​អស់​សុពលភាព​ នៅពេល​ដែល​សភាតំណាងរាស្ត្រ​បច្ចុប្បន្ន​បញ្ចប់​អាណត្តិនៅ​ដំណាច់ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ។ ប៉ុន្តែ​ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ថា​ នឹង​ដាក់ស្នើ​ច្បាប់​នេះ​ឡើង​វិញ​ភ្លាមៗ​ ក្រោយពី​រដ្ឋ​សភា​ថ្មី​ចូល​កាន់​តំណែង​នៅ​ដើម​ឆ្នាំក្រោយ។

សេចក្តី​ព្រាងច្បាប់​ HR 5754​ ឬ​ហៅថា​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨‍»​ កំពុង​តែ​ជាប់គាំង​នៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចាប់តំាង​ពី​ខែ​កក្កដា​មក ​ហើយ​មន្ត្រី​នៃ​គណៈកម្មាធិការ​នេះ​បាន​ប្រាប់​វីអូអេ​ថា​នៅមិន​ទាន់​បាន​ដាក់​ចូល​ក្នុងកាលវិភាគ​សម្រាប់​យក​មក​ពិភាក្សា​ទេ។ ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ឡើយ។

តាមនីតិវិធី​គឺ​សេចក្តីព្រាង​ច្បាប់​ស្នើឡើង​ដោយសភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បញ្ចប់​សុពលភាព​ជា​ស្ថាពរ ​បើសិន​ជា​មិន​ទទួល​បាន​ការ​អនុម័ត​ដោយ​ព្រឹទ្ធសភា​ និង​បញ្ជូន​ទៅ​ប្រធានាធិបតី ​ដើម្បី​ចុះហត្ថលេខា​ឱ្យ​ក្លាយ​ជា​ច្បាប់​នៅ​មុន​ពេល​សភា​តំណាងរាស្ត្រ​ផុត​អាណត្តិ​ទេ។

រូបឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

រូបឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)


សេចក្តី​ព្រាងច្បាប់​ HR5754 ​នេះ​ត្រូវ​បាន​ដាក់​ចូល​សភាជាតិ​កាលពីថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ​ ដោយ​សមាជិកសភា​ ធិត យូហូ (Ted Yoho) ​ហើយ​ត្រូវបាន​អនុម័ត​ដោយ​សភា​ពេញអង្គ​ ដោយ​គ្មាន​ការជំទាស់​ នៅថ្ងៃទី​២៥ ខែកក្កដា​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​ជាតិ។​ សេចក្តី​ព្រាងច្បាប់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី​២៦ ខែ​កក្កដា ​ហើយ​ត្រូវ​បាន​បញ្ជូនបន្ត​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា។​

លោក ធិត យូហូ អ្នក​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋ Florida ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ប្តេជ្ញា​ថា ប្រសិន​បើ​ព្រឹទ្ធសភា​មិន​អាច​អនុម័ត​បាន​នៅ​ដំណាច់ខែ​ធ្នូនេះ​ទេ​ គឺ​លោក​នឹង​ដាក់​ស្នើ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង​វិញ។

លោក ធិត យូហូ ​ដែល​ក៏ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ថា៖

​«គោលដៅ​របស់​យើង​ គឺ​ស្នើ​ច្បាប់​នេះ​ នៅ​ពេល​ដែល​យើង​ចូល​ធ្វើការ​វិញ​ គឺ​ប្រហែល​ជា​នៅ​ខែ​មករា‍»។

សេចក្តី​ព្រាង​ច្បាប់លេខ​ HR 5754​ ​មាន​គោលដៅ​លើកកម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​ គោរព​សិទ្ធិ​សេរីភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ ជាពិសេស​ដើម្បី​បង្ហាញ​ក្តី​កង្វល់​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រោយ​មក​បាន​រំលាយ​អតីត​គណបក្ស​ប្រឆាំង​នេះ។

ចាប់​តាំងពី​សេចក្តី​ព្រាងច្បាប់​ត្រូវបាន​អនុម័ត​កាលពី​ខែ​កក្កដា​ គឺ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​គ្មាន​បក្ស​ប្រឆាំង​ ហើយ​ឈ្នះ​យក​អាសនៈ​សភា​ទាំង១២៥​និង​បង្កើត​រដ្ឋាភិបាល​ឯកបក្ស​មួយ​ ដែល​មាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រទេស​ចិន។

នាពេលថ្មីៗ​នេះ​ដោយសារ​មាន​សម្ពាធ​នយោបាយ​ និង​សេដ្ឋកិច្ច​ពី​សហគមន៍​បស្ចិម​ប្រទេស​ គឺ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បានបន្ទន់​ជំហរ​បន្តិច​ដោយ​បង្កើន​ល្បឿន​បញ្ចប់​ការ​កាត់​ទោស​មេដឹកនាំសហជីព ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​បណ្តាញ​សារព័ត៌មាន​ ដែល​មាន​ដូច​ជា​ VOA​ និង​ RFA ហើយ​កាលពីថ្ងៃព្រហស្បតិ៍​រដ្ឋសភា​បានអនុម័ត​សំណើ​វិសោធន​កម្មច្បាប់ ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​អតីត​បក្ស​ប្រឆាំង​ចំនួន១១៨នាក់​វិលត្រឡប់​ទៅធ្វើ​នយោបាយ​ឡើងវិញ។

ប៉ុន្តែ​លោក​ Ted Yoho ​មើលឃើញ​ថា ​នេះ​មិន​មែន​ជា​ចេតនា​ពិត​របស់​លោក​ហ៊ុន សែន ទេ៖

​«ខ្ញុំគិត​ថា​វាជា​រឿង​ក្លែងក្លាយ​ទេ។ ចំពោះ​លោក​ ហ៊ុន សែន ​ដែល​ធ្វើ​ដូច្នេះ​ ក្រោយពី​ការ​បោះឆ្នោត​ចប់​ហើយ​ គឺ​គាត់​គ្មានចាញ់​អ្វីទេ ​ពីព្រោះ​គ្មាន​ការ​បោះ​ឆ្នោត​ទេ​ ហើយ​គាត់​អាច​ទាមទារ​រកភាព​ស្របច្បាប់​ដែល​បាន​ជាប់​ឆ្នោត​ជាថ្មី​ បើទោះជា​គាត់​បាន​បណ្តេញ​បក្ស​ប្រឆាំង​ចេញពី​ប្រទេស ​ឬ​ដាក់គុក​អ្នក​ដែល​នៅក្នុង​ប្រទេស។ ហើយ​រឹតត្បិត​បណ្តាញ​សារព័ត៌មាន។ ប៉ុន្តែ​នៅពេល​ការបោះឆ្នោត​បាន​ចប់​សព្វគ្រប់ហើយ​ ស្រាប់​តែ​គាត់​មក​អះអាង​ថា​ គាត់​ជា​មនុស្ស​ល្អ។ គាត់​គោរព​តាម​ច្បាប់‍»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុន រ៉ានី ចូលរួមការឃោសនាបោះឆ្នោតជាតិ រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាគឺលោកស្រី ប៊ុន រ៉ានី ចូលរួមការឃោសនាបោះឆ្នោតជាតិ រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។


លោក​បាន​បន្ថែម​ថា ​សេចក្តី​ព្រាងច្បាប់​ថ្មី​របស់​លោក​ក៏​នឹង​មាន​ការ​ទាមទារ​ និង​ដាក់​ទណ្ឌកម្ម​ដដែល​ ហើយ​ថា​ សហគមន៍​អន្តរជាតិ​មិនគួរ​កែប្រែជំហរ​ដោយ​គ្រាន់តែ​ឃើញ​ការ​ផ្លាស់ប្តូរ​តិចតួច​របស់​លោក​ហ៊ុន សែន​ ឡើយ៖

លោក​បន្ថែម​ថា៖​

«នេះ​គ្រាន់តែ​ជា​ល្បែង​គាត់​លេង​ដែល​យើង​មិនលេង​តាម​ទេ។ ពិភពលោក​សេរី​មិន​ជឿតាម​រឿង​អត់​បាន​ការ​នេះ​ទេ។ ហើយ​ប្រសិន​បើ​គាត់ពិតជា​គិត​គូ​រពីការ​បន្សល់ទុក​កេរមរតក​សម្រាប់ខ្លួនគាត់​ផ្ទាល់​ និង​ប្រទេស​របស់​គាត់​ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ តើ​គាត់​ខ្លាចអី​ បើ​សិន​ជា​គាត់​ធ្វើ​ការងារ​ល្អ​ គឺ​ពលរដ្ឋ​នឹង​បោះឆ្នោត​ជ្រើសរើស​គាត់ហើយ ​បើ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ។ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​មិន​គិត​អីចឹង​ទេ​ ពីព្រោះ​គាត់​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ដូចនេះ​ទេ។ ការណ៍​ដែល​គាត់​មក​ធ្វើ​សំណើ​ ដើម្បី​ឱ្យ​គេ​មើល​ឃើញ​ថា​គាត់​ជា​មនុស្សល្អ​ ហើយ​គាត់​ចង់​បាន​យុត្តិធម៌។ បើ​សិន​ជា​អ្នកណា​ជឿតាមហ្នឹង​ គឺ​ពិតជា​ការ​ប្រមាថ​ដល់​ពលរដ្ឋ​កម្ពុជា។ ​ហើយ​ខ្ញុំ​គិត​ថា​ សម្រាប់​ពលរដ្ឋ​កម្ពុជា​ វា​គឺជា​ការប្រមាថ​ដល់​ពួកគេ​ហើយ​ ដែល​គិត​ថា​គាត់​នឹង​គោរព​តាម​ច្បាប់​ ហើយ​នៅ​ពេល​នេះ‍»។

អម​នឹង​សេចក្តី​ស្នើច្បាប់​ HR 5754 ​គឺ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រ​ក៏បាន​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះមានលោក ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​លោក ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាដើម។ កូន កូន​ប្រសា​និង​ក្មួយ​ប្រសារ​មួយ​ចំនួន​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ផង​ដែរ។

រហូត​ដល់​ពាក់កណ្តាល​ខែ​ធ្នូ​នេះ​ មន្ត្រី​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា និង​មន្ត្រី​នៃ​ការិយាល័យ​លោក​ សមាជិក​ព្រឹទ្ធសភា​ម៉ាកូ រ៉ូប៊ីអូ​ ដែល​ជា​ប្រធាន​អនុគណៈកម្មាធិការ​ ​ទទួល​បន្ទុកលទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​របស់​ព្រឹទ្ធសភា មិន​បាន​បញ្ជាក់​ថា​សេចក្តីព្រាង​ច្បាប់​ HR 5754 ​នេះ​នឹង​ត្រូវ​ដាក់​ចូល​ពិភាក្សា​នៅពេល​ណា​នៅ​ឡើយ​ទេ។

ក្នុងពេល​កន្លងមក​ សកម្មជន​ខ្មែរ​អាមេរិកាំង​បាន​ធ្វើ​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​នានា​ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។​

បើទោះបីជា​ពេលវេលា​កាន់តែ​ខើចខ្លី​សម្រាប់​អនុម័ត​ច្បាប់​នេះ ប៉ុន្តែ​សម្រាប់​សកម្មជន​នៅ​ក្នុងសហគមន៍​ខ្មែរ​អាមេរិកាំង​នៅតែ​រក្សា​ក្តីសង្ឃឹម​នៅ​ឡើយ។

លោក ប៉ុន ​សៅរី ​អ្នកនាំពាក្យ​នៃ​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​ បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា​ លោក​នៅ​តែ​រក្សា​ក្តី​សង្ឃឹម ​ដោយ​សារ​តែ​លោក​បាន​ទទួល​ការសន្យា​ពីមន្ត្រី​នៅ​ការិយាល័យ​របស់លោក​សមាជិក​ព្រឹទ្ធសភា ​ម៉ាកូ រ៉ូប៊ីអូ ​ថា​នឹង​ខិតខំ​ជំរុញ​ច្បាប់​នេះឱ្យបាន​ទៅមុខ​កាន់តែ​ឆាប់នៅមុន​ដំណាច់​ឆ្នាំ​២០១៨។

លោក​បាន​បន្ថែម​ថា៖

«ប៉ុន្តែ ​ទោះជា​យ៉ាងណា​ក៏ដោយ​ យើង​មិនទាន់​ប្រាកដ​ទេ​ថា​ ច្បាប់​នេះ​នឹង​មិន​ត្រូវ​អនុម័ត​នោះ​ ពេល​ដែល​ខ្ញុំ​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សមាជិក​ព្រឹទ្ធសភា​ ម៉ាកូ រ៉ូប៊ីអូ​ គាត់​ថា​រឿងអ្វី​ទាំងអស់​អាច​កើត​ឡើង​បាន​អីចឹង​ យើង​នៅ​តែមាន​សង្ឃឹម​បើទោះបី​ជា​ច្បាប់​នេះ​មាន​ពេល​វេលា​តិចតួច​ ដែល​យើង​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​អនុម័ត​យ៉ាង​ណាក៏ដោយ‍»។​

យ៉ាងណាក៏ដោយ​ លោក​ ប៉ុន សៅរី បានពន្យល់​ថា បើ​សិន​ជា​ខកខាន​មិន​សម្រេច​បាន​នៅ​ត្រឹម​ដំណាច់​ខែ​ធ្នូ​នេះ​ទេ​ គឺនឹង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ក្នុងរយៈពេល​ពីរឬបីខែ​ដើមឆ្នាំ​២០១៩​ ដើម្បីសម្រេច​ច្បាប់​នេះ​ឱ្យបាន នៅពេល​ដែល​រដ្ឋសភាថ្មី​បាន​ស្នើឡើង​ជាថ្មី។

លោក​ប៉ុន សៅរី បាន​បន្ថែម​ថា៖

«ច្បាប់ហ្នឹង​បើមិន​អាច​អនុម័ត​បាន​នៅចុងឆ្នាំ​២០១៨ទេ ​គឺ​ត្រូវ​ដាក់ស្នើ​ឡើងវិញ​ពីរដ្ឋ​សភា​ពេញអង្គថ្មី​ ដែល​នឹង​ចាប់​ដំណើរការ​នៅ​ខែ​១ ឆ្នាំ​២០១៩នេះ ប៉ុន្តែ​យើង​អត់​មាន​ផលពិបាក​ទេ ពីព្រោះថា​ច្បាប់​ហ្នឹង​ត្រូវបាន​ផ្តួចផ្តើមដោយ​សមាជិក​រដ្ឋ​សភា​ អាឡាំង សូវឹនសល និង​ ធិត យូហូ ជាដើម​ ហើយ​ពួកគាត់​សុទ្ធ​តែ​ជា​អ្នកគាំទ្រ​ច្បាប់​ហ្នឹង ​ហើយ​គាត់​នឹង​យកទៅ​ស្នើឡើង​សារជាថ្មី​ ហើយ​នឹង​អនុម័ត​ដោយ​រដ្ឋ​សភា​ជាថ្មី‍»។​

លោក​ជា មាស​ អ្នកនាំពាក្យ​នៃគណបក្ស​សង្គ្រោះជាតិនៅសហរដ្ឋ​អាមេរិក (CNRP-USA)។ (រូបថតផ្តល់ឲ្យ)

លោក​ ជា មាស​ អ្នកនាំពាក្យ​នៃគណបក្ស​សង្គ្រោះជាតិនៅសហរដ្ឋ​អាមេរិក (CNRP-USA)។ (រូបថតផ្តល់ឲ្យ)


ការណ៍នេះ​នឹង​ត្រូវ​ការ​ឱ្យ​សកម្មជន​ខ្មែរអាមេរិកាំង ​ដូច​ជា​រូបលោក​ជាដើម​ ត្រូវ​ធ្វើ​ដំណើរ​មក​ជួប​អ្នក​តំណាង​រាស្រ្ត​ឱ្យ​បាន​ញឹកញាប់​ដើម្បី​រំលឹក​ពួកគេ។​

លោក​ជា មាស​ អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះជាតិ​សហរដ្ឋ​អាមេរិក (CNRP-USA) ដែល​បាន​ដឹកនាំ​ប្រតិភូ​មក​ជួប​នឹង​អ្នកតំណាងរាស្ត្រ​កាលពីថ្ងៃទី​៧ ខែ​ធ្នូ យល់​ថា សហគមន៍​ខ្មែរ​នឹង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​នេះ​ជាប់​ជាប្រចាំ​ទៀត​នៅ​ឆ្នាំ​ក្រោយ។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ដែរ ​ពីព្រោះច្បាប់​ 5754 នេះ​ជារឿង​របស់​យើង​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​គេ​មាន​រឿង​របស់​គេ​ដែរ។ អីចឹង​យើង​ជាអ្នកសុំ​គេ​ គឺ​មិន​អាច​បង្ខំគេ​បានទេ។ អីចឹង​យើង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​សំទុះ​របស់​ខ្មែរ​អាមេរិកាំង ​ខ្ញុំ​គិត​ថា​នៅតែ​ដដែល​តាម​បណ្តា​រដ្ឋ​នីមួយៗ ​ប៉ុន្តែវា​ខ្វះនូវ​អ្នក​ជួយ​ដាស់តឿន‍»។

លោក ​ជា​ មាស ​ទទួល​ស្គាល់​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​មានកម្រិត​ទាប​ជាង​សហគមន៍​អាស៊ី​ដទៃ​ទៀត​ ក្នុងការ​ធ្វើ​ការ​បញ្ចុះបញ្ចូល​ស្ថាប័ន​ច្បាប់​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក។

លោក​បន្ថែម​ថា៖

«រឿង​សហប្រតិបត្តិការ​ជាមួយ​នឹង​ព្រឹទ្ធសភា​រាង​មិន​សូវ​មាន​សំទុះ​ខ្លាំង​ ដោយសារ​ចំនួន​នៃ​ខ្មែរ​យើង​នៅ​សហរដ្ឋ​អាមេរិក​នេះ​តិច​នៅក្នុងការ​ធ្វើការ​ហ្នឹង»។

រីឯ​លោក​ ទូច វិបុល ​ប្រធាន​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​ យល់​ថា​ សកម្មជន​ខ្មែរ-​អាមេរិកាំង​ នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​ស្ថាប័ន​នីតិប្បញ្ញតិ្ត​របស់​សហរដ្ឋ​អាមេរិក​ជាប្រចាំ​ដើម្បី​ធានា​ថា ​បញ្ហា​កម្ពុជា​មិនត្រូវ​បាន​គេ​បំភ្លេច​ចោល​ទេ។

សហរដ្ឋ​អាមេរិក​មាន​ច្បាប់​មួយទៀត​ដែល​កំពុងប្រើប្រាស់​ ហើយ​អាច​យក​មក​ដាក់​ទណ្ឌកម្ម​មន្ត្រី​នៅ​ប្រទេស​នានា​នៅលើ​ពិភព​លោក​ ដែល​រំលោភសិទ្ធិ​មនុស្ស​ គឺ​ច្បាប់​ម៉ានិតស្គី Magnitsky។ សហរដ្ឋ​អាមេរិក​បាន​ប្រើ​ច្បាប់​នេះ​ដាក់​ទណ្ឌកម្ម​មេបញ្ជាការ​កងអង្គរក្ស​របស់​លោក ​ហ៊ុន សែន​ គឺ​លោក​នាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុនហៀង ​ដោយសារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ប៉ុន្តែ​បើទោះបីជា​យ៉ាង​នេះ​ក៏ដោយ ​ក៏​លោក ធិត យូហូ ​នៅតែ​ប្តេជ្ញា​ថា​ លោក​នឹង​ជំរុញ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ HR5754 ​ឡើងវិញ​សម្រាប់​កម្ពុជា​នៅឆ្នាំ​ក្រោយនេះ៕

What Next?

Recent Articles