មន្ត្រី​សង្គម​ស៊ីវិល​​អះអាង​ថា​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ​​​នៅ​តែ​មាន​ច្រើន​ខណៈ​អាជ្ញាធរ​ទប់ស្កាត់​មិន​សូវ​មាន​ប្រសិទ្ធភាព

ដោយ វ៉ែន សុមេធ
2018-12-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ព្រះសង្ឃ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ។ រូបថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ (Photo: RFA)
សកម្មភាព​ព្រះសង្ឃ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្ដរមានជ័យ។ រូបថត​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ (Photo: RFA)


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​ឧត្ដរមានជ័យ​ព្រួយបារម្ភ​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​​ក្នុង​ខេត្ត​នេះ​ប្រឈម​នឹង​វិនាស​ហិនហោច​ក្នុង​ពេល​ឆាប់ៗ​ ប្រសិន​បើ​អាជ្ញាធរ​មិន​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ។ ការ​លើក​ឡើង​នេះ​ដោយសារ​​​​​ជនខិលខូច​នៅ​តែ​បន្ត​​លួច​កាប់​ឈើ​តំបន់​អភិរក្ស​ដើម្បី​យក​ឈើ​ទៅ​ធ្វើ​អាជីវកម្ម​ និង​ទន្ទ្រាន​​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​​កើត​មាន​គ្រប់​ទីកន្លែង​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​ឧត្ដរមានជ័យ​ លោក ស្រី ណារ៉េន ឲ្យ​ដឹង​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៤​ ធ្នូ​ថា សព្វ​ថ្ងៃ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់​វិធាន​ការ​ទៅ​លើ​ជន ប្រព្រឹត្ត​ខ្លះ​ដែរ​ ប៉ុន្តែ​ហាក់​ធ្វើ​បែប​គោះ​ទឹក​បង្អើល​ត្រី ហើយ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ជនល្មើស​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាន​ដដែល។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ទៀត​ថា ព្រៃឈើ​តាម​សហគមន៍​នានា​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​ជនល្មើស​លួច​កាប់​ឈើ​យក​ទៅ​ធ្វើ​អាជីវកម្ម​កើត​មាន​គ្រប់​ទីកន្លែង​ ហើយ​មិន​មាន​ការ​ថមថយ​នោះ​ទេ​ ដូច​ជា​ ព្រៃ​សហគមន៍​សង្ឃ​រូប​រុក្ខ​វន្ត​ជា​ដើម​ ដែល​ជន​ខិល​ខូច​តែង​ចូល​​កាប់​ឈើ​ជា​ប្រចាំ៖ «ព្រោះ​សហគមន៍​មួយ​ចំនួន​គាត់​ល្បាត​បាន​តែ​ពេល​ទេ ដល់​ពេល​យប់​អត់​មាន​អ្នក​ល្បាត​ទេ​ នេះ​ដែល​ជា​បញ្ហា​មួយ​ដែល​ជនល្មើស​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ជា​បន្តបន្ទាប់​។ដូច្នេះ​ទាល់​តែ​យើង​គិត​ថា​រាប់​តាំង​ពី​ឈ្មួញ​ធ្វើ​សិប្បកម្ម​ណា​មាន​ច្បាប់​ និង​សិប្បកម្ម​ណា​អត់​ច្បាប់​នឹង​ត្រូវ​រឹត​បន្តឹង​រឿង​នេះ​បាន​តឹងរ៉ឹង ហើយ​បើ​យើង​នៅ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​សិប្បកម្ម​ខុស​ច្បាប់​យូរ​ទៅ​នឹង​ហិនហោច​អស់​ព្រៃ​ឈើ​ជា​មិន​ខាន​»

ចំណែក​ព្រះ​មេគុណ​ខេត្ត​ឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរ​ដីកា​ថា ព្រៃ​ឈើ​ហិនហោច ​ដោយសារ​កន្លង​មក​ខ្វះ​ការ​សហការ​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ហើយ​សព្វ​ថ្ងៃ​ព្រៃ​ខ្លះ​​មាន​តែ​ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ការពារ​ព្រៃឈើ ហើយ​ម្យ៉ាងទៀត​ជា​ទូទៅ​អាជ្ញាធរ​ច្រើនតែ​ទៅ​យាយី​ដល់​អ្នក​ការពារ​ព្រៃឈើ​ដូច​ជា​យក​អន្ទាក់​ទៅ​ដាក់​ពាំង​ផ្លូវ មិន​ឲ្យ​ពួកគាត់​ចូល​ទៅ​ដល់​ទីតាំង​ដែល​ជន​ប្រព្រឹត្ត​ធ្វើ​សកម្មភាព​ជា​ដើម។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ លោក ភួង លីណា អះអាង​ប្រាប់​អាស៊ី​សេរី​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​អភិរក្ស​ព្រៃ​សង្ឃរុក្ខវន្ត ​មួយ​រយៈ​ចុង​ក្រោយ​នេះ បាន​ថយ​ចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ដោយសារ​មាន​ព្រះសង្ឃ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​​សហការ​គ្នា​ទប់ស្កាត់​បាន​ល្អ​ ធ្វើ​ឲ្យ​ជន​ខិលខូច​​​មាន​ការ​ខ្លាច​រអា​​​ហ៊ាន​ចូល​ទៅ​ទន្ទ្រានព្រៃ​ដូច​ពេល​មុន​ៗ។ លោក ភួង លីណា អះអាង​ទៀត​ថា សព្វថ្ងៃ​អ្នក​ដែល​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិទ្ធិ​មិន​មាន​​​ទេ មាន​តែ​បទ​ល្មើស​អ្នក​លួច​កាប់​ឈើ​ប្រណិត​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​កើត​មាន​តិចតួច៖ «មាន​ការ​លប​លួច​ពេល​បាទ ដែល​យើង​មាន​ការ​ពិបាក​បន្តិច​ចំពោះ​​ផ្នែក​សហគមន៍​សង្ឃ​រុក្ខ​វន្ត នៅ​រតនៈ រុក្ខា​ ស្ថាន​ភាព​បើ​ប្រៀបធៀប​ពេល​មុន​វា​មាន​ការ​ថយ​ ប៉ុន្តែ​វា​អត់​ថយ​ដូច​លឿន​នៅ​សង្ឃ​រុក្ខ​វន្ត​នៅ​ឡើយ​ទេ។មូលហេតុ​ទី​១​ដោយសារ​តែ​កម្លាំង​របស់​យើង​ទាំង​អស់​គ្នា​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ពេល​នេះ​យើង​ឃើញ​ថា​អាជ្ញាធរ​ដែន​គ្រប់​ជាន់​ថ្នាក់​គាត់​មាន​ការ​ចូលរួម​ច្រើន​ក្នុង​ការ​បង្ក្រាប​និង​ការ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​សារប្រយោជន៍​របស់​​ព្រៃឈើ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​ ស្រី ណា​រ៉េន​ នៅ​តែ​អះអាង​ថា​អ្នក​លួច​ទន្ទ្រាន​ដី​ព្រៃ​និង​អ្នក​លួច​កាប់​ឈើ​លក់​នៅ​តែ​កើត​មាន​ច្រើន​ដោយ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ ក្នុង​នោះ​ជនល្មើស​មាន​ទាំង​អ្នក​មាន​អំណាច​និង​ប្រជាពលរដ្ឋ​។លោក​ថា សព្វ​ថ្ងៃ​នៅ​តំបន់​មួយ​ចំនួន​ត្រូវ​ជន​ល្មើស​លួច​កាប់​ព្រៃឈើ​​អស់​ហើយ​ដី​ក្លាយ​ទៅ​ជា​ទីវាល​​ និង​​បន្ត​ចូល​ទៅ​លួច​​កាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍ ​ដែល​ប្រជា​ពលរដ្ឋ​ការពារ​ទៀត​ផង។

របាយការណ៍​មន្ត្រី​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វន្ត​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន​ ៣​ស្រុក រួមមាន​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ​មាន​ផ្ទៃដី​ជាង​ ១​ម៉ឺន ​៨​ពាន់​ហិកតារ​ (១៨.០០០) ក្នុង​នោះ​ព្រៃឈើ​ប្រមាណ ៦​ពាន់​ហិកតារ​ត្រូវ​លិច​ទឹក​ងាប់​ដើម​ឈើ ដោយសារ​​ចិន​​ធ្វើ​ទំនប់​និង​ប្រឡាយ​ទឹក​អោយ​ប្រជាជន​យក​ទឹក​ធ្វើ​ស្រែ​ប្រាំង។

លោក ស្រី ណារ៉េន កត់សំគាល់​ទៀត​ថា ក្នុង​ខេត្ត​​នេះ​មាន​សហគមន៍​ព្រៃឈើ​ទាំងអស់​ចំនួន​ ១៣​កន្លែង និង​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ហើយ​សព្វថ្ងៃ​មន្ត្រី​សហគមន៍​មានការ​រុញរា​ក្នុង​ការ​ការពារ​ព្រៃឈើ ព្រោះ​ពួកគាត់​គ្មាន​អាវុធ និង​គ្មាន​អំណាច ដើម្បី​ទប់ស្កាត់​ជន​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ ដែល​ជា​ទូទៅ​មាន​អាវុធ​ហើយ​មានអំណាច តែងតែ​គំរាមកំហែង​ដល់​ពួកគាត់ ធ្វើ​ឲ្យ​អ្នក​ការពារ​ព្រៃឈើ​មានការ​លំបាក ទើប​​បណ្ដាល​ឲ្យ​ព្រៃឈើ​ចេះតែ​ហិនហោច​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles