ស្ត្រី​ខ្មែរ​នៅតែ​បន្ត​រងគ្រោះ​ជួញដូរ​ផ្លូវ​ភេទ​ទៅ​រៀបការ​ជាមួយ​បុរស​ចិន

ដោយ ម៉ៅ សុធានី
2018-12-15
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ Photo: RFA
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ Photo: RFA


សង្គម​ស៊ីវិល​លើកឡើង​ថា ស្ត្រី​ខ្មែរ​ជាច្រើន ដែល​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ដល់ ៣៥​ឆ្នាំ បន្ត​ចាញ់បោក​មេខ្យល់​ថា នឹង​មាន​អនាគត​ល្អ នៅ​ពេល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន។ ក៏ប៉ុន្តែ​ស្ត្រី​ជាច្រើន​បាន​សម្រេច​វិលត្រឡប់​មក​ស្រុកកំណើត​វិញ ដោយ​មិន​អាច​ទ្រាំទ្រ​នូវ​ការ​រំលោភបំពាន​រាល់​ទម្រង់​រូបភាព រួមមាន​ការ​វាយ​ធ្វើបាប​រូបរាងកាយ ផ្លូវចិត្ត និង​ការ​បង្ខំ​រួមភេទ ជាដើម។

តើ​មូល​ហេតុអ្វី បានជា​ការ​ជួញដូរ​ស្ត្រី​ខ្មែរ ទៅ​រៀបការ​ជាមួយ​បុរស​ចិន នៅតែ​បន្ត​កើតមានឡើង?

សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ លើកឡើង​ដូច​ៗ​គ្នា​ថា ប្រការ​ដែល​ស្ត្រី​ខ្មែរ​នៅតែ​បន្ត​រងគ្រោះ ចាញ់ល្បិច​មេខ្យល់​ជួញដូរ​ផ្លូវ​ភេទ និង​សុខចិត្ត​ទៅ​រៀបការ​ជាមួយ​បុរស​ចិន គឺ​ដោយសារ​ភាព​ក្រីក្រ កម្រិត​ការ​សិក្សា​ទាប និង​ក្តី​ស្រម័យ​ថា ខ្លួន​នឹង​មាន​ភ័ព្វវាសនា​ល្អ មាន​លុយកាក់ ជួយ​ក្រុម​គ្រួសារ​ទី​ទាល់​ក្រ។ ក៏ប៉ុន្តែ​ស្ត្រី​រងគ្រោះ ភាគច្រើន​ត្រឡប់​មក​កម្ពុជា​វិញ គ្មាន​អ្វី​ទាំងអស់ ហើយ​ខ្លះ​រហូតដល់​ទុក​កូន​ចោល ជាមួយ​ក្រុម​គ្រួសារ​ខាង​ប្តី ដោយ​មិនដឹង​ថា ពេលណា នឹង​បាន​ជួប​កូនៗ​របស់​ពួកគេ​។ បន្ថែម​ពី​នេះ មាន​ស្ត្រី​ខ្មែរ​ខ្លះ ត្រូវ​រងគ្រោះ​ក្នុង​ការ​ជួញដូរ​ផ្លូវ​ភេទ ដោយសារ​បុរស​ចិន​បាន​លក់​នាង​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ទៀត។

ប្រធាន​បណ្ដាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នកស្រី វុន សម្ភស្ស បាន​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១១ ខែ​ធ្នូ ថា តាម​ការ​ជួប​ផ្ទាល់​ជាមួយ​ស្ត្រី​រងគ្រោះ​ដែល​វិលត្រឡប់​ពី​ប្រទេស​ចិន​វិញ ពួកគេ​ច្រើន​មាន​ជំងឺ​ផ្លូវចិត្ត ដោយសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​ការ​វាយ​ធ្វើបាប ផ្លូវកាយ​ផ្លូវចិត្ត និង​បង្ខំ​រួមភេទ​ច្រើនដង​ក្នុង​មួយថ្ងៃ។ មិនតែប៉ុណ្ណោះ ស្ត្រី​ទាំងនោះ​ត្រូវ​បាន​បុរស​ជា​ប្តី បង្ខាំង​ទុក​ឲ្យ​នៅតែ​ក្នុង​ផ្ទះ ធ្វើការ​ធ្ងន់​ជាច្រើន​ម៉ោង មិនបាន​សម្រាក និង​មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត ឬ​មិត្តភ័ក្ដិ ដែល​ស្គាល់​ទៅ​ប្រទេស​ចិន​ដូចគ្នា ពីព្រោះ​បុរស​ជា​ប្តី ភ័យខ្លាច​ប្រពន្ធ​ខ្លួន​រត់ចោល៖ «គឺ​គាត់​ប្រឈម​បញ្ហា​ច្រើន។ អ្នក​ខ្លះ​ទៅ​បម្រើការ ឬ​ទៅ​រៀបការ​នៅ​ស្រុក​ចិន ពេល​មក​ស្រុក​ខ្មែរ​វិញ គឺ​គាត់​មាន​បញ្ហា​សតិ ដោយសារ​គេ​ធ្វើបាប អ្នកខ្លះ​យក​ទៅ​បម្រើ​អ្នក​ជា​បុរស ជា​ប្តី និង​ក្រុម​គ្រួសារ គឺ​ថា​គ្រាន់​តែ​មាន​ថា ការ​ជាមួយ​យើង ប៉ុន្តែ​យក​យើង​ទៅ​ធ្វើ​បាប​ដដែល»

អ្នកស្រី វុន សម្ភស្ស បន្ត​ថា អត្រា​ជួញដូរ​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន នៅ​តែ​មាន​ការ​កើនឡើង​ខ្លាំង ដោយសារ​ភាគច្រើន​មេខ្យល់​ដែល​បោក​ប្រាស់ ស្ត្រី​ក្មេងៗ​ទាំងនោះ គឺ​ច្រើន​ជា​ក្រុម​គ្រួសារ និង​ជា​អ្នកជិតខាង​ដែល​ពួកគេ​ស្គាល់​ច្បាស់ និង​ទុកចិត្ត​ជាទីបំផុត៖ «សម្រាប់​ខ្ញុំ ការ​ចាញ់បោក​ទៅ​ស្រុក​ចិន មិន​ចុះថយ​ទេ គឺ​កាន់តែ​កើន​ឡើង​ថែមទៀត​បច្ចុប្បន្ន។ ពួកគាត់​នៅ​ស្រុកស្រែ​ចម្ការ ចាញ់បោក​មេខ្យល់ ដែល​ត្រូវជា​សាច់ញាតិ​គាត់ ដែល​កុហក​ថា នៅ​ពេល​មាន​គ្រួសារ​នៅ​ស្រុក​ចិន​ហើយ មិន​លំបាក​ទេ។ ខ្លះ​ថា ពេល​បាន​ប្តី​បរទេស​នឹង​បាន​ជីវភាព​ធូរស្រាល។ ប៉ុន្តែ​ធាតុ​ពិត​អត់​មាន​អ៊ីចឹង​ទេ»

កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «ការ​ជួញដូរ​កូនក្រមុំ នៅ​តំបន់​ទន្លេ​មេគង្គ» ដោយ​រៀបរាប់​ពី​ស្ត្រី​ខ្មែរ​រងគ្រោះ​ម្នាក់​ឈ្មោះ ណារី ដែល​ទើប​ត្រឡប់​មកដល់​កម្ពុជា​វិញ​ពី​ប្រទេស​ចិន និង​មាន​កូន​ប្រុស​ម្នាក់​ទុកចោល​នៅ​ជាមួយ​ប្តី ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​មក​ជាមួយ​ម្ដាយ។ ណារី ចំណាយ​ពេល​៦​ឆ្នាំ រស់នៅ​ជាមួយ​ស្វាមី​ជនជាតិ​ចិន ហើយ​ពេល​រៀបការ នាង​មាន​អាយុ ១៧​ឆ្នាំ។ នាង​បាន​និយាយ​ថា បងប្រុស​បង្កើត បាន​លួងលោម​និង​បញ្ឆោត​នាង​ឲ្យ​យល់ព្រម​រៀបការ។

ប្រភព​ដដែល​ឲ្យ​ដឹង​ផង​ដែរ​ថា បញ្ហា​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ដែល​កូនក្រមុំ​មិនដែល​ស្គាល់​មុខ​នេះ គឺ​មាន​កើតឡើង​យ៉ាង​ច្រើន​នៅ​តំបន់​ទន្លេ​មេគង្គ ក្នុង​នោះ រួមមាន​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ប្រទេស​ភូមា ដែល​ក្នុង​មួយឆ្នាំៗ មាន​កូន​ក្រមុំ​ក្មេងៗ រាប់​ម៉ឺន​នាក់ សុខចិត្ត​ទៅ​រៀបការ​ជាមួយ​ស្វាមី​ចិន ដោយ​រំពឹង​ថា នឹង​មាន​វាសនា​ល្អ មាន​លុយ​មាន​កាក់​ជួយ​ក្រុម​គ្រួសារ​ទី​ទាល់ក្រ និង​សង​ប្រាក់​ជំពាក់​មីក្រូហិរញ្ញវត្ថុ។ ប្រភព​បន្ត​ថា បុរស​ចិន​ម្នាក់ៗ ត្រូវ​ចំណាយ​ប្រាក់​ពី​ចន្លោះ ១​ម៉ឺន ដល់​១​ម៉ឺន ៥​ពាន់​ដុល្លារ ដើម្បី​ទិញ​ស្ត្រី​មក​ធ្វើជា​ប្រពន្ធ។ បញ្ហា​ដែល​បុរស​ចិន នៅ​ប្រទេស​ចិន មិន​អាច​រក​ស្ត្រី​ចិន​ដូចគ្នា រៀបការ​ជាមួយ​បាន ដោយសារតែ​នយោបាយ «គ្រួសារ​មួយ កូន​មួយ» របស់​រដ្ឋាភិបាល​ចិន រយៈពេល ៣​សតវត្ស​កន្លង​មក​នេះ បណ្ដាល​ឲ្យ​ខ្វះ​ស្ត្រី ដោយ​គ្រួសារ​នីមួយៗ ចង់​បានតែ​កូនប្រុស​ស្នង​ត្រកូល។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ខ្លះ​ដែល​ត្រូវ​បាន​មេខ្យល់​ឆបោក​ថា អា​ចរក​ការងារ​ធ្វើ​បាន​ប្រាក់ខែ​ច្រើន បែរជា​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​រៀបការ និង​ត្រូវ​បាន​ជួញដូរ ធ្វើជា​ស្ត្រី​ពេស្យា​ផង​ដែរ។ បន្ថែម​ពី​នេះ ស្ត្រី​រងគ្រោះ​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់​ដាក់​ពន្ធនាគារ ដោយសារ​គ្មាន​លិខិតឆ្លងដែន​ជាដើម។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ជាច្រើន​ដង​តាម​ទូរស័ព្ទ​តែ​គ្មាន​អ្នកទទួល។ ក៏ប៉ុន្តែ​លោកស្រី ជូ ប៊ុនអេង បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍​នេះ កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង ហើយ​បញ្ហា​ធំ​បំផុត គឺ​លុយ​នេះ​ហើយ ដែល​ជំរុញ​ស្ត្រី​ខ្មែរ​សុខចិត្ត​ទៅ​រៀបការ​ជាមួយ​បុរស​ចិន។ លោកស្រី​បញ្ជាក់​ថា ស្ត្រី​វ័យក្មេង និង​ស្រស់​ស្អាត គឺ​មាន​តម្លៃ​ខ្ពស់។

លោកស្រី ជូ ប៊ុនអេង បន្ត​ថា តួលេខ​ផ្លូវការ​របស់​ក្រសួងមហាផ្ទៃ បង្ហាញ​ថា ស្ត្រី​ខ្មែរ​ចំនួន ១​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​រៀបការ​ជាមួយ​បុរស​ចិន នៅ​បណ្ដា​ខេត្ត ហ្គួងដុង (Guandong) ហ្គីយូ (Guizhou) និង​ខេត្ត​យូណាន (Yunnan) នៃ​ប្រទេស​ចិន។ ស្ត្រី​ក្មេងៗ​និង​ស្រស់​ស្អាត​ទាំងនោះ រំពឹង​ថា ខ្លួន​នឹង​មាន​វាសនា​ល្អ អាច​រស់នៅ​សុខដុមរមនា ជាមួយ​ប្ដី​ជនជាតិ​ចិន និង​អាច​សន្សំ​ប្រាក់ យក​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ទី​ទាល់​ក្រ។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៥ មាន​ស្ត្រី​ខ្មែរ​ចំនួន ៨៥​នាក់ ត្រូវ​បាន​ជួយ​អន្តរាគមន៍​និង​ដឹក​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ដែល​ស្ត្រី​ទាំងនោះ ត្រូវ​បាន​លក់ និង​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ចិន។ ស្ត្រី​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ទៅ​៣៥​ឆ្នាំ ដែល​ភាគច្រើន​ចាញ់បោក​មេខ្យល់ ដែល​រស់នៅ​ក្នុង​សហគមន៍​ជាមួយ​គេ។

ប៉ុន្តែ កម្ពុជា​មិន​មាន​ស្ថិតិ​ច្បាស់លាស់​ពី​អត្រា​ស្ត្រី​ខ្មែរ​ចេញទៅ​រៀបការ​ជាមួយ​បុរស​ចិន​ក្នុង​មួយឆ្នាំៗ និង​ត្រូវ​បាន​ជួយសង្គ្រោះ​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ទទួលរង​ការ​ធ្វើ​បាប និង​ជួញដូរ​ផ្លូវ​ភេទ​ទេ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ លោកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ ត្រូវ​ពង្រឹង​និង​ពង្រីក​វិធានការ​តឹងរ៉ឹង​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​និង​ការពារ​ដល់​ជនរងគ្រោះ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់ បំបាត់​ឲ្យ​អស់​នូវ​មេខ្យល់​ដែល​ទៅ​ឃោសនា​បោក​ប្រាស​និង​ភូត​កុហក នៅ​តាម​ភូមិ​ឃុំ បន្ថែម​ទៅ​នឹង​បង្កើត​កម្មវិធី​ផ្ដល់​ព័ត៌មាន​និង​ជួយសង្គ្រោះ​នៅ​តាម​ស្ថានទូត និង​កុងស៊ុល នៅ​ក្នុង​ប្រទេស​ចិន៖ «ខ្ញុំ​ចង់​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល ឲ្យ​លុបបំបាត់​មេខ្យល់​ដែល​ជា​អ្នកដើរ​ប្រមូល​មនុស្ស ឲ្យ​បាន​ច្រើន​បំផុត។ ហើយ​បង្កើត​ជា​មជ្ឈមណ្ឌល​ផ្សេងៗ ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​អ្នក​ដែល​ចង់​ទៅ ឲ្យ​បាន​ដឹង​ច្បាស់​ពី​គ្រោះថ្នាក់ និង​ការ​ប្រថុយប្រថាន​នេះ ព្រោះថា​ឥឡូវនេះ គឺ​មាន​ទៅ​ឆ្លងដែន​តាម​ស្រុក​យួន​ផង។ ហើយ​បន្ថែម​នេះ ត្រូវ​មាន​ភារៈធាវី នៅ​ស្ថានទូត សម្រាប់​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ»

ការ​ឆបោក​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​នឹង​ជនជាតិ​ចិន ធ្វើឡើង​ដោយមាន​បណ្ដាញ​ច្បាស់លាស់។ របាយការណ៍​ស្រាវជ្រាវ​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) បាន​រក​ឃើញ​ថា ក្រុម​មេខ្យល់ បាន​រៀបចំ​ជា​ពីរ​ដំណាក់កាល។ ដំណាក់កាល​ទី​១ មេខ្យល់​បាន​ចងក្រង​គ្នា​ជា​បណ្ដាញ ដោយ​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ក្រុម​ទៀត​នៅ​ប្រទេស​ចិន។ ក្រុម​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និត​ជាមួយ​ឪពុកម្ដាយ និង​ជនរងគ្រោះ​ផ្ទាល់។ ក្រុម​នៅ​ក្នុង​ប្រទេស មេខ្យល់​មាន​គ្នា​ច្រើន ដើរ​តាម​ភូមិ ឃុំ និង​រោងចក្រ​កាត់ដេរ ដើម្បី​បង្អួត​ពី​កូនចៅ ឬ​សាច់ញាតិ​របស់​ខ្លួន ដែល​មាន​ប្តី​ជា​ជនជាតិ​ចិន មាន​ជីវភាព​ធូរធារ និង​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។

ដំណាក់កាល​ទី​២ ក្រុម​មេខ្យល់​ទាំងនោះ បាន​រៀបចំ​ល្បិច បញ្ជូន​ស្ត្រី​រងគ្រោះ​ឆ្លង​ប្រទេស​ដោយ ធ្វើ​លិខិត​ឆ្លងដែន​ទិដ្ឋាការ និង​ឯកសារ​អត្តសញ្ញាណប័ណ្ណ ដែល​ភាគច្រើន​ធ្វើ​ដោយ​ក្លែងបន្លំ​ឈ្មោះ អាយុ និង​អាសយដ្ឋាន​របស់​ជន​រងគ្រោះ។ ករណី​ខ្លះ​ស្ត្រី​ទាំងនោះ ត្រូវ​ជិះ​យន្តហោះ​តាម​ច្រក​អន្តរជាតិ​ភ្នំពេញ និង​ករណី​ខ្លះ​ទៀត ត្រូវ​បាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ ចិន និង​វៀតណាម នាំចេញ​តាម​ច្រក​ព្រំដែន​បាវិត ឬ​ច្រក​ប្រទេស​ឡាវ៕


What Next?

Recent Articles