ប្រធាន​សហជីព​ខ្លះ​ ​គ្រោង​ដាក់​បណ្ដឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម

លោក អាត់ ធន់ (​កណ្ដាល​) ​កាលពី​ពេល​កន្លង​ទៅ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ប្រធាន​សហជីព​ខ្លះ​ក្នុង​ចំណោម​ ៦ ​នាក់​គ្រោង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២ ឆ្នាំ​កន្លះ​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា​ប្រធាន​សហជីព​ ៣ ​នាក់​ក្នុង​ចំណោម​នោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​បាតុកម្ម​ហិង្សា​នៅ​តាម​ផ្លូវ​វេងស្រេង​កាលពី​ចុង​ឆ្នាំ​ ២០១៣​។

កាលពី​ថ្ងៃទី​ ១១ ខែ​ធ្នូ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ឲ្យ​ប្រធាន​សហជីព​ ៦ នាក់​រួមមាន​លោក អាត់ ធន់ លោក ជា មុនី​​លោកស្រី យ៉ាង សោភ័ណ្ឌ​លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង​លោកស្រី ម៉ម ញឹម ជាប់​ពន្ធនាគារ​ម្នាក់ៗ​ ២ ​ឆ្នាំ​កន្លះ ប៉ុន្តែ​ត្រូវ​ព្យួរទោស​ពាក់ព័ន្ធ​នឹង​បទចោទ «​ផ្ដួចផ្ដើម​ឲ្យ​មាន​ការបំផ្លាញ​ទ្រព្យសម្បត្តិ​» ​និង​បង្គាប់​ឲ្យ​សង​ប្រាក់​ចំនួន​ ៣៥ ​លាន​រៀល​ទៅ​ដើមបណ្តឹង​ចំនួន​ ២ ​នាក់​ផង​ដែរ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​បាន​រៀបចំ​ពាក្យបណ្ដឹង​ដាក់​ទៅ​ឧទ្ធរណ៍​រួច​ហើយ​ដោយ​​យក​ទៅ​ដាក់​នៅ​ថ្ងៃ​ ១៨ ​ធ្នូ​នេះ ព្រោះ​លោក​មិន​អាច​ទទួល​យក​សាលក្រម​បាន​ទេ ហើយ​​បាន​គាំទ្រ​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ដែល​ថា​លោក​មិន​ពាក់ព័ន្ធ​។

លោក​បន្ត​ថា​លោក​នាយករដ្ឋមន្ត្រី​ជា​អ្នកគ្រប់គ្រង​សន្ដិសុខ​ជាតិ​ទាំងមូល លោក​អាច​ដឹង​គ្រប់​រឿង​ថា អ្នក​ណា​បាន​ប្រព្រឹត្ត​អ្វីខ្លះ​? ​ជាក់ស្ដែង​ករណី​នៅ​ផ្លូវ​វេងស្រេង​លោក​ពិត​ជា​មិន​បាន​ពាក់ព័ន្ធ​មែន​។

លោក ​ស៊ីណា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​សង្ឃឹម និង​ជំរុញ​ទឹកចិត្ត​ពួក​ខ្ញុំ​ឲ្យ​បន្ត​កិច្ចការ​របស់​ខ្លួន ព្រោះ​ខ្ញុំ​ក៏​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ដែរ ហើយ​ការដែល​សម្ដេច​បានលើក​ឡើង​នេះ ក៏​ជា​សញ្ញា​ល្អ​មួយ​…​ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ជោគជ័យ​នៅ​សាលាឧទ្ធរណ៍​»​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (​ស៊ីខៅឌូ​) កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ ប៉ុន្ដែ​កាលពី​ថ្ងៃទី​ ១២ ខែ​ធ្នូ លោក​បាន​គាំទ្រ​អំណះអំណាង​របស់​លោក​នាយករដ្ឋមន្ត្រី និង​ថា​នឹង​ប្ដឹង​ឧទ្ធរណ៍​។

លោក​ថា​៖ «​ខ្ញុំ​បាន​រៀបចំ​មេធាវី និង​ឯកសារ​ត្រៀម​សម្រាប់​ដាក់​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ​ដើម្បី​ប្រឆាំង​នឹង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​​ខ្ញុំ​ក៏​ស្នើសុំ​ឲ្យ​ឧទ្ធរណ៍​ពិចារណា​លើ​អង្គហេតុ​ឲ្យ​បាន​ច្បាស់ ព្រោះ​ការចោទប្រកាន់​នេះ​ពិត​ជា​ធ្វើឲ្យ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​»​។

ចំណែក​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​ដោយ​លោកស្រី​មិន​បាន​លើក​ទូរស័ព្ទ​។

ដោយឡែក​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ១២ ធ្នូ ភរិយា​របស់​លោក​បាន​ថ្លែង​ថា​អ្នកស្រី​មិន​សូវ​យល់​ពី​នីតិវិធី​របស់​តុលាការ​ទេ ប៉ុន្ដែ​ថា​នឹង​ប្ដឹង​ឧទ្ធរណ៍​។

អ្នកស្រី​បញ្ជាក់​ថា​៖ «…​ខ្ញុំ​នឹង​នៅ​រង់ចាំ​មើល​ស្ថានការណ៍​បន្ត​​ទៀត ហើយ​ខ្ញុំ​ក៏​នឹង​រៀបចំ​ពាក្យ​​បណ្ដឹង​ដាក់​ទៅ​ឧទ្ធរណ៍​តាម​អនុសាសន៍​របស់​សម្ដេច​ដែរ​»​។

ទាក់ទង​នឹង​ករណី​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ ១២ ខែ​ធ្នូ ឆ្នាំ​នេះ​ថា​ប្រធាន​សហជីព​ចំនួន ​៣ នាក់​រួម​មាន​លោក អាត់ ធន់ ប៉ាវ ស៊ីណា និង​លោក ជា មុនី មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ ដោយ​លោក​ថា​មាន​ភ័ស្ដុតាង ប៉ុន្តែ​ ៣ ​នាក់​ទៀត​លោក​មិន​ហ៊ាន​អះអាង​នោះ​ទេ​៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles