ជន​ជាតិ​ដើម​ភាគ​តិច​ជង​ ជួ​ប​អាជ្ញាធរ​ខេត្ត​កោះកុង​ស្នើសុំ​ឱ្យ​ជួយ​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ

ដោយ សុ ជីវី
2019-01-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ នាំគ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ខេត្ត​កោះកុង​នៅថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​សុំ​ឱ្យ​ជួយ​រឿង​ស្វ័យ​អត្តសញ្ញាណ​របស់​ពួក​គាត់។ រូប​ថត៖ កញ្ញា ផេង ស្រីស សកម្មជន​បរិស្ថាន
ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ នាំគ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ខេត្ត​កោះកុង​នៅថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​សុំ​ឱ្យ​ជួយ​រឿង​ស្វ័យ​អត្តសញ្ញាណ​របស់​ពួក​គាត់។ រូប​ថត៖ កញ្ញា ផេង ស្រីស សកម្មជន​បរិស្ថាន


តំណាង​ជនជាតិ​ដើ​ម​ភាគ​តិច​ជង​នៅ​តំបន់​អារ៉ែង ចំនួន​ ២២នាក់​ បាន​នាំគ្នា​ឡើ​ង​មក​ជួប​អាជ្ញាធរខេត្ត​​​កោះកុង នៅ​ថ្ងៃ​ទី១៤ មករា ដើម្បី​ស្នើសុំ​ឱ្យ​​ជួយ​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ឱ្យ​ពួក​គាត់។ ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច ជា​នីតិ​វិធី​សំខាន់​មួយ​ ដែល​ជន​ជាតិ​ដើម​ភាគតិច​ត្រូវ​បំពេញ មុន​នឹង​អាច​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​សហគមន៍​ជន​ជាតិដើម​ភាគតិច​នៅ​ក្រសួង​មហាផ្ទៃ​បាន។

ប្រធាន​សហគមន៍​ជន​ជាតិដើម​ភាគ​តិច​ជង ​ភូមិ​ជំនាប់​តំបន់​អារ៉ែង លោក​ ហ៊ឹង ពៅ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋមាន​ការ​សង្ឃឹម​ច្រើន​ជាង​មុន​ថា ដំណើរ​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញណ​របស់​ពួក​គាត់​​អាច​នឹង​​ចេញ​រួច​នៅពេល​នៅខាងមុខ ដោយសារ​តែ​អាជ្ញាធរ​ខេត្ត​បាន​សន្យា នៅ​ថ្ងៃ​ចន្ទ ទី១៤ មករា​ថា នឹង​ជួយ​ពន្លឿន​ករណី​នេះ​ និង​​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បោះត្រា និង​ជួយ​សម្រួល​ដល់​ពួក​លោក​ផង​ដែ។ លោក​ថា ពលរដ្ឋ​ចង់​ឱ្យការ​ធ្វើស្វ័យ​អត្តសញ្ញាណ​នេះ ដំណើរ​ការ​ទៅ​មុខ​ឱ្យបាន​ឆាប់​រហ័ស​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​បំពេញ​នីតិវិធី​ផ្សេង​ទៀត​ ឈាន​ដល់​ការ​ចុះ​បញ្ជី​ជានីតិ​បុគ្គល​ ដើម្បី​មាន​សិទ្ធិសម្រេច​ជោគ​វាសនា​សហគមន៍​ដោយ​ខ្លួន​ឯងបាន៖ «»

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​​តំបន់​អារ៉ែង​ដែល​ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​​ ​ព្រួយ​បារម្ភ​​ខ្លាច​​បាត់​បង់​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់​ដើម ដោយ​សារ​បច្ចុប្បន្ន​ មាន​ជន​​ចំណូល​​​ថ្មីជាច្រើន​បាន​​​ទៅ​ដល់​តំបន់នោះ​ ហើយ​​​​​បាន​ទិញ​ដី​​​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួនជាច្រើនកន្លែង​​ទៀត​ផង។ ​​​​ពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​​នោះ​ទេ ប៉ុន្តែគ្រាន់​តែ​ចង់​បាន​កិច្ច​ការពារ​ផ្លូវ​ច្បាប់​ទៅ​លើ​ដីធ្លី ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​អារ៉ែង ដូច្នេះ​ទើប​ពួក​គាត់​ប្រឹង​ប្រែង​​ឱ្យ​មាន​ការ​ទទួល​ស្គាល់​សហគមន៍​របស់​ពួក​គាត់​ជាផ្លូវ​ការ​បែប​នេះ។

ពលរដ្ឋ​នៅ​ទីនោះ​​បាន​ប្រឹង​ប្រែងគ្រប់​បែបយ៉ាង ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​សហគមន៍​របស់​ពួក​គាត់​តាម​ផ្លូវ​ច្បាប់ ក៏​ប៉ុន្តែ​រយៈពេល​ជាង​ ២ឆ្នាំ កន្លង​ទៅ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​បាន​ជាប់​គាំង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​បញ្ជូន​សំណើ​សុំ​ធ្វើស្វ័យ​អត្តសញ្ញណរបស់​ពួក​គាត់​ទៅអាជ្ញាធរ​ថ្នាក់លើ។ ពួក​គាត់​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ការ​តស៊ូទាម​ទារ​តទៅទៀត រហូតទាល់តែ​សហគមន៍​របស់​ពួក​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​តាម​ផ្លូវ​ច្បាប់។

សកម្ម​ជន​បរិស្ថាន​ អ្នក​នាង លីម គីមស័រ ដែល​តាម​ដាន​រឿង​នេះ​ ថ្លែងថា ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តំបន់អារ៉ែង​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ ដែល​គួរ​តែ​​អាជ្ញាធរទទួល​ស្គាល់សហគមន៍​របស់​​ពួក​គាត់​តាម​ផ្លូវ​ច្បាប់។ នាង​បន្តថា ប្រសិន​បើ​មាន​ចំណុច​ខ្វះ​ខាត​ណាមួយ អាជ្ញាធរ​គួរ​តែ​យោគ​យល់ និង​ជួយ​បំពេញ​​បន្ថែម​ឱ្យ​ពលរដ្ឋ​ ដើម្បីឱ្យ​​ដំណើរ​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណរបស់​ពួក​គាត់​នេះ អាច​សម្រេច​បាន​ដោយ​ជោគជ័យ៖ «»

ការ​ចុះ​បញ្ជី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចត្រូវឆ្លងកាត់ច្រើនដំណាក់ និង​ត្រូវ​បំពេញ​ឯកសារ​ជា​ច្រើន។ ដើម្បីអាចក្លាយជាសហ​គមន៍​​​ជន​ជាតិ​ដើម​ភាគ​តិចមួយទៅបាន នីតិវិធី​តម្រូវ​ឱ្យ​មានការធ្វើ​ស្វ័យ​អត្ត​សញ្ញាណ​ខ្លួន​ឯង​ថា ជា​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ណា​មួយ មុន​នឹង​បំពេញ​នីតិវិធី​ជា​បន្ត​បន្ទាប់​ទៀត។ បន្ទាប់ពីត្រូវបានទទួលស្គាល់ថា ជាសហ​គមន៍​​​ជន​ជាតិ​ដើម​ភាគ​តិចហើយ សហ​គមន៍​​​ជន​ជាតិ​ដើម​ភាគ​តិចនោះ អាច​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហ​ភាព​បាន៕


What Next?

Recent Articles