លោក ហ៊ុន សែន ព្រមានកម្ទេច​បក្សប្រឆាំង បើ​អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ


|
https://www.vodhotnews.com

លោក ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១) ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​កម្ទេច​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ចោលជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣
នៅខេត្តកណ្តាល នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាគឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ​ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

លោក ហ៊ុន សែន ថ្លែងថា៖ «ដោយសារអ្នកជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំ​រឿងសិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអីដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម»

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមែន នឹង​​ផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងនគរ។ ចំណែកការប្រកាសបំផ្លាញបក្សប្រឆាំង គឺជាសេរីភាព​របស់​លោក ហ៊ុន សែន ដោយ​ថា អំណាចគ្រប់យ៉ាងស្ថិតក្នុងដៃរបស់លោក។

លោក ច័ន្ទរ័ត្ន ប្រាប់​ថា៖ «ទីមួយ បញ្ហាជីវភាពរបស់ពួកគាត់ ហើយទីពីរ រឿងសិទ្ធិសេរីភាពរបស់គាត់ហ្នឹង ត្រូវបានរឹតត្បិតបន្ថែមទៀត​ហើយ។ ដូចប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីអីចឹង ប្រសិនបើមានការហ៊ុំព័ទ្ធខ្លាំង មានការដាក់សម្ពាធខ្លាំង វាប៉ះពាល់ដល់គណបក្សប្រឆាំងហើយ កាន់តែខ្លាំង។ អាហ្នឹង ព្រោះ អំណាចនៅលើគាត់ទាំងស្រុង ហើយគាត់អាចដាក់សម្ពាធទៅលើប្រជាពលរដ្ឋ​ខ្លួនឯង និងជាពិសេស គឺ​​អ្នកប្រឆាំងហ្នឹងតែម្តង»

អ្នកឃ្លាំមើល និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រសិនបញ្ហាប្រឈមទាំងឡាយនេះ លោក ហ៊ុន សែន មិនព្រមដោះស្រាយ ហើយជ្រើសរើសយកវិធីបំបែកបក្សប្រឆាំងដើម្បីត្រួតត្រានិងកម្ចេចក្រុមប្រឆាំង​ កម្ពុជានឹងជួបវិបត្តិកាន់តែធំ ពិសេសមនុស្សរាប់ម៉ឺននាក់នឹងបាត់បង់ការងារធ្វើ។

លោកបន្ថែមថា៖ «វាបង្កើតជាការបែកបាក់ជាតិយ៉ាងធំ​រវាងខ្មែរមួយក្រុមធំ ដែលមានពលរដ្ឋគាំទ្រជាងកន្លះនគរ និងខ្មែរមួយក្រុមទៀតដែលកំពុងកាន់អំណាច ​ចាត់ចែងវាសនារបស់ប្រទេសជាតិ ហើយក្នុងលក្ខខណ្ឌរបៀបនេះ នឹងធ្វើឱ្យបរទេសលូកដៃកកូរកកាយបំផ្លាញខ្មែរយ៉ាងងាយ។ ទាំងនេះ ជាកំហុសដែលបង្កើតឡើងដោយក្រុមលោក ហ៊ុន សែន ផ្ទាល់មិនអាចប្រកែកបានទេ»

​កាល​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០១៩ ​សមាជិក​ព្រឹទ្ធសភាអាមេរិកចំនួន​ ២​​រូប ​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជកម្ម ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មទូទៅ GSP ​ជាមួយ​កម្ពុជា ខណៈ​​សហភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​នៃ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​នោះ ក៏​បាន​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពី​កម្ពុជា​ផង​ដែរ ដែល​ប្រព័ន្ធ​នៃ​ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកាជាង ១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ព្រមានកម្ទេច​បក្សប្រឆាំង បើ​អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ"

  1. Anonymous says:

    what wrong whit you Mr CNRP already dead you are over kill Mr .OH yes maybe the dead hunting him so much just about to take his life right now.