អាជ្ញាធរ និង​សង្គមស៊ីវិល អះអាងផ្ទុយគ្នាពីចំណាត់ការ​កាយ​អាចម៍​ដី​ចេញ​ពីឆ្នេរព្រែកត្រែង


|
https://www.vodhotnews.com

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)

អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ក្រុមហ៊ុនដែលបានចាក់ដីលុបរំលោភ​លើ​ឆ្នេរព្រែកត្រែង​នោះ កំពុងធ្វើការកាយដីចេញពីឆ្នេរវិញហើយ ប៉ុន្តែ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន លើកឡើង​ព្រម​គ្នា​ថា ក្រុមហ៊ុនមិនបានកាយចេញវិញឡើយ​រហូតមកបច្ចុប្បន្ននេះ។

ក្នុង ​វីដេអូ​រយៈ​ពេល​​​ជាង ១​នាទី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក យុវជន​មួយ​ក្រុម បាន​អះ​អាង​ថា អាចម៍​ដី​ដែល​ត្រូវ​បាន​ចាក់​រំលោភ​លើ​ឆ្នេរ​ព្រែក​ត្រែង​ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ស្រី ជឹង សុភាព ភរិយា​របស់​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​កាយ​ចេញ​នៅ​ឡើយ​ទេ។

ប៉ុន្តែ អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឱ សារឿន ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រុមហ៊ុន​កំពុង​តែ​ដំណើរការ​កាយ​អាចម៍​នោះ​ចេញ​ហើយ ក្រោយ​ពី​អាជ្ញាធរ​ជំរុញ។

លោក ឱ សារឿន ថ្លែង​ថា៖ «ក្រុមហ៊ុនត្រូវការពេលវេលា​សម្រាប់ការងារ​ហ្នឹង។ ចំពោះអាជ្ញាធរ​​ដាក់កម្រិតជូនគាត់ហើយ គ្រាន់តែថា ពេលវេលាយ៉ាងហើយ អាស្រ័យលើក្រុមហ៊ុនគាត់ធ្វើ​តាមជំហានៗរបស់គាត់ តាមអ្វីយើងសង្កេត។ អ្វីដែលយើងចង់បាន ក៏ចង់បានលឿនដែរ ហើយអាជ្ញាធរបានសំណូមពរឲ្យក្រុមហ៊ុន​ ជំរុញឲ្យគាត់ធ្វើឲ្យលឿនដែរ​ គាត់ថា នឹងធ្វើតាមជំហានៗ»

ទោះជាយ៉ាងណា ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាប្រចាំខេត្តព្រះសីហនុ (CNRO) លោក សុខ សុខុម ក៏​បាន​អះ​អាង​ផង​ដែរ​ថាអាចម៍​ដី​នោះ មិន​ត្រូវ​បាន​កាយ​ចេញ​នោះ​ឡើយ ៤​ខែ​ក្រោយ​ពី​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក សុខ សុខុម ថ្លែងថា៖ «ទោះបីបុគ្គលនោះគឃ្លើននឹងច្បាប់ ហើយចាក់អត់មានច្បាប់យ៉ាងណាក៏ដោយ ក៏នៅតែគេហ៊ានដាក់ទៀត ប៉ុន្តែ អត់មានវិធានការរតាមផ្លូវច្បាប់ទេ មិនដឹងថា បុគ្គលនោះ [អាជ្ញាធរ] ខ្លាចអំណាចអ្នកប្រព្រឹត្តខុសច្បាប់យ៉ាងណាទេ»

លោក ឱ សារឿន ពុំ​អាច​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​អំពី​វិធានការ​ជាក់​លាក់​ទៅ​លើ​ក្រុមហ៊ុន​ចាក់​ដី​រំលោភ​ឆ្នេរ​សមុទ្រ​នោះ​ឡើយនៅ​ពេល​ត្រូវ​បាន​សួរ​​អំពី​វិធានការ​បន្ទាប់​របស់​អាជ្ញាធរ​ទៅ​លើ​សកម្មភាព​ចាក់​ដី​រំលោភ​ឆ្នេរ​សមុទ្រ​នោះ។

វីអូឌី​ បាន​ព្យាយាម​ស្វែង​រក​ការ​បក​ស្រាយពី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​លោក ដោល ដាវុធ ប៉ុន្តែ ពុំ​អាច​ទាក់​ទង​លោក​ទាំង​ពីរបាន​នោះ​ឡើយ។

វីអូឌី​ ក៏​បាន​ព្យាយាម​ស្វែង​រក​ការ​បក​ស្រាយ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ផង​ដែរ ប៉ុន្តែ លោក​ប្រាប់​ថា លោក​ជាប់​រវល់។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំមុន​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ទៅ​ក្រសួងរៀបចំដែនដី ឲ្យចុះត្រួតពិនិត្យនិងចាត់វិធានការ​កាយអាចម៍​ដីចេញពីឆ្នេរព្រែកត្រែង ដើម្បី​ឲ្យឆ្នេរ​មួយ​មានលក្ខណៈតាមធម្មជាតិដូចដើម​វិញបន្ទាប់ពីរកឃើញថា ក្រុមហ៊ុន​អ្នកស្រី ជឹង សុភាព បាន​ចាក់​ដី​រំលោភ​នោះ។

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)


កាលពីថ្ងៃទី១ ខែធ្នូ លោក ហ៊ុន សែន ក៏​បានបញ្ជាផ្ទាល់មាត់​ផង​ដែរ ឲ្យអភិបាលខេត្តព្រះសីហនុ ស្តារមុខមាត់ខេត្តនេះឡើងវិញនិងទប់ស្កាត់កុំឲ្យមានសកម្មភាពចាក់ដីលុបសមុទ្របន្តទៀត៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles