អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ ជំនួប​លោក ហ៊ុន សែន នឹង​អ្នក​សារព័ត៌មាន​ពុំ​មែន​ជា​ការ​លើក​ស្ទួយ​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ទេ

2019-01-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ពេល​​ជួប​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ ២០១៩។ រូបថត៖ ហ្វេសប៊ុក៖ Samdech Hun Sen, Cambodia Prime Minister
លោក ហ៊ុន សែន ពេល​​ជួប​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ ២០១៩។ រូបថត៖ ហ្វេសប៊ុក៖ Samdech Hun Sen, Cambodia Prime Minister


អ្នកធ្វើការខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ឡើង​ថា របប​ក្រុង​ភ្នំពេញ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​ឯករាជ្យ និង​បើក​ទូលាយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ។

ការលើក​ឡើង​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ជួប​ក្រុម​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី១១ មករា ដោយ​លោក​ជំរុញ​ឲ្យ​បង្កើត​ច្បាប់​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែងក្លាយ និង​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

នាយកមជ្ឈមណ្ឌលព័ត៌មានកម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ដឹង​កាល​ពី​ថ្ងៃ​ទី១៣ មករា​ថា ជំនួប​លោក ហ៊ុន សែន និង​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១១ មករា គឺ​ជា​ការ​ជួប​ជុំ​មួយ​ដែល​លោក ហ៊ុន សែន មិន​បាន​បើក​ចំហ​ឲ្យ​អ្នក​សារព័ត៌មាន​ថ្លែង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​ជា​អ្នក​ព័ត៌មាន​ឯករាជ្យ​នោះ​ឡើយ។

លោក​បន្ថែម​ថា បើ​សិន​ជា​ជំនួប​នោះ លោក ហ៊ុន សែន បើក​ចំហ​ឲ្យ​អ្នក​សារព័ត៌មាន​មតិ​នោះ អ្នក​សារព័ត៌មាន​មួយ​ចំនួន​នឹង​មាន​ឱកាស​លើក​ពី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប ដែល​កំពុង​រង​នូវ​ការ​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នោះ​ហើយ៖ «បើ​សិន​ជា​ផ្ដល់​វេទិកា​ឲ្យ​អ្នក​សារព័ត៌មាន​លើក​ពី​កង្វល់​ផ្សេងៗ ហើយ​នៅ​ពេល​នោះ​អ្នក​សារព័ត៌មាន​ក៏​លើក​ពី​ការ​ចោទ​ប្រកាន់​មក​លើ​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី និង​បញ្ហា​ផ្សេងៗ ទៀត ហើយ​លទ្ធផល​ក៏​នឹង​ដឹង​នៅ​ពេល​នោះ​ដែរ»

អ្នក​សារព័ត៌មាន​ជិត ៤០​នាក់​នៅ​មួយ​ថ្ងៃមុន​ពិធី​ ដែល​លោក ហ៊ុន សែន ជួប​ជាមួយ​អ្នក​​សា​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១១ មករា គឺ​ពួក​គេ​បាន​រួម​គ្នា​ផ្តិត​មេ​ដៃ​នៅ​លើ​លិខិត​រួម​មួយ ដោយ​អំពាវនាវ​ជា​ថ្មី​ដល់​តុលាការ​គ្រប់​លំដាប់​ថ្នាក់ បញ្ចប់​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ព្រម​ទាំង​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ។

ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នេះ បាន​បរាជ័យ​អំពី​ផែនការ ដែល​ពួក​គេ​គ្រោង​នឹង​លើក​ពី​បញ្ហា​នេះ​ដោយ​ផ្ទាល់​នា​ឱកាស​ជូប​លោក ហ៊ុន សែន នៅ​ក្នុង​ពីធី​ជូបជុំ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១១ មករា​នោះ ដោយសារ​តែ​ពិធី​នេះ មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ថ្លែង​ពី​ទុក្ខ​កង្វល់​ផ្សេងៗ ក្រៅ​ពី​អង្គុយ​ស្ដាប់​លោក ហ៊ុន សែន ថ្លែង​តែ​ម្នាក់​ឯង​នោះ។

លើស​ពី​នេះ​ទៀត ក្រុម​អ្នក​សារព័ត៌មាន បារម្ភ​ពី​ការ​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាងសុធារិន្ទ ទាក់ទង​នឹង​ការ​ផ្ដល់​ព័ត៌មាន​ដែល​នាំ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នោះ គឺ​ជា​ការ​ចោទ​ប្រកាន់​​មួយ​ដ៏​ធ្ងន់ធ្ងរ។ ពួកគេ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា កំពុង​បង្ក​ភាព​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារ​ព័ត៌មាន​ដទៃ​ទៀត ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​របប​លោក ហ៊ុន សែន បាន​ធ្លាក់​ចំណាត់ថ្នាក់​យ៉ាង​គំហុក រហូត​ដល់ ១០​លេខ គឺ​ធ្លាក់​ពី​លេខ ១៣២ ក្នុង​ឆ្នាំ​២០១៧ មក​លេខ ១៤២ ក្នុង​ឆ្នាំ​២០១៨ គឺ​ក្នុង​ចំណោម​ប្រទេស ១៨០។

តាមរយៈ​សន្ទស្សន៍​នៃ​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (the Reporters Without Borders) បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចំណាត់​ថ្នាក់​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន ដោយ​ឈរ​នៅ​លេខ​រៀង ទាប​ជាង​ប្រទេស​អាស៊ាន​ដូច​គ្នា ដូច​ជា​ទាប​ជាង​ប្រទេស​ថៃ និង​ភូមា​ជា​ដើម។

របប​លោក ហ៊ុន សែន កំពុង​ចម្លង​តាម​គំរូ​ប្រទេស​ចិន​កុម្មុយនិស្ត ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​គាំទ្រ​រដ្ឋ និង​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក ហ៊ុន សែន នៅ​ក្នុង​ឱកាស​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ លោក​បាន​ស្នើសុំ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ពិភាក្សា​បង្កើត​ច្បាប់​គ្រប់គ្រង​លើ​ឧក្រិដ្ឋកម្ម​ព័ត៌មាន​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែង​ក្លាយ ព្រម​ទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ខណៈ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កំពុង​ធ្វើ នៅ​ក្រសួង​ព័ត៌មាន​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles