អ្នក​ធ្វើ​ការ​ជាមួយ​កសិករ​ព្រមាន​ពី​លទ្ធភាព​ផ្ទុះ​ការ​បះបោរ​ក្នុង​ចំណោម​កសិករ​ខ្មែរ​បើ​អឺរ៉ុប​យក​ពន្ធ​អង្ករ

ដោយ មាន ឫទ្ធិ
2019-01-15
RFA

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA
អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA


សកម្មជន​ការពារ​សិទ្ធិ​កសិករ​ព្រមាន​ថា កសិករ​ក្រីក្រ​អាច​នឹង​ផ្ទុះ​ការ​ងើប​ឡើង​តវ៉ា ឬ​បះបោរ ដោយសារតែ​របប​លោក ហ៊ុន សែន នៅ​មិនទាន់​បាន​ត្រៀមខ្លួន​ទុក​ជាមុន​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ សម្រាប់​ហេតុការណ៍​អាក្រក់​ដែល​សហភាព​អឺរ៉ុប អាច​នឹង​គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន មើល​ឃើញ​ពី​ចំណុច​ចម្បងៗ​មួយ​ចំនួន​ដែល​របប​ក្រុងភ្នំពេញ នៅ​មិន​ទាន់​បាន​ដាក់​ចេញ​នៅឡើយ សម្រាប់​ជា​ការ​ត្រៀម​ទុកជាមុន ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​សម្រេច​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា។ ចំណុច​ទាំងនោះ រួមមាន ការ​បម្រុង​ថវិកា​សម្រាប់​ជួយ​ទិញ ឬ​ផ្ដល់​ជា​កម្ចី​ដល់​កសិករ​ខ្នាត​តូច ការ​បម្រុង​ថវិកា​សម្រាប់​ចេញ​ខាត​ជំនួស​កសិករ និង​ការពង្រីក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ទទួល​ទិញ​អង្ករ​កម្ពុជា។

ការ​លើកឡើង​របស់​អ្នកធ្វើការ​ជាមួយ​កសិករ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ស្ថាពរ​មួយ​នៅ​ថ្ងៃ​សុក្រ ទី១៨ មករា ចុង​សប្ដាហ៍​នេះ ថា​តើ​ត្រូវ​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា ឬ​ភូមា យ៉ាងណា​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៥ មករា ថា គណៈកម្មការ​អឺរ៉ុប កំពុង​អនុវត្ត​នីតិវិធី​ផ្ទៃក្នុង មុន​នឹង​ឈាន​ទៅ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ស្ថាពរ​ចុងក្រោយ អំពី​ការ​ដាក់​វិធានការណ៍​យកពន្ធ​នេះ នៅ​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​នេះ ប្រសិនបើ​ពុំ​មាន​ការជំទាស់​ណាមួយ។ សហភាព​អឺរ៉ុប បាន​បើក​ការស៊ើបអង្កេត​ស្ទើរ​ពេញ​មួយ​ឆ្នាំ ២០១៨ ជុំវិញ​ករណី​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ ក្រោយ​ពេល​ប្រទេស​អ៊ីតាលី​បាន​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ ២០១៨ ដោយសារតែ​ប្រទេស​នេះ​យល់ថា បរិមាណ ឬ​តម្លៃ​អង្ករ​នាំចូល​ពី​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ផ្ទាល់​របស់​ខ្លួន ខណៈ​ប្រទេស កម្ពុជា និង​មីយ៉ាន់ម៉ា ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA »​។ កាលពី​ចុង​ឆ្នាំ ២០១៨ ក្រុម​ប្រទេស​ទាំង២៨ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប បាន​បរាជ័យ​ម្ដង​រួច​មក​ហើយ​ក្នុង​ការ​បោះឆ្នោត​ផ្អែក​តាម​មតិ​ភាគច្រើន ដើម្បី​អនុម័ត​លើ «​វិធានការណ៍​ការពារ» តាមរយៈ​ការ​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ។

ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប សម្រេច​យកពន្ធ​លើ​ការ​នាំចូល​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​មែន​នោះ នោះ​ប្រទេស​ទាំងពីរ ត្រូវ​បង់ពន្ធ​ក្នុង​អត្រា​ជិត ២០០​ដុល្លារ​អាមេរិក ( ១៩៨,៣១ ដុល្លារ​) ក្នុង​អង្ករ​មួយ​តោន សម្រាប់​ឆ្នាំ​ដំបូង២០១៩ ។ អត្រាពន្ធ​នេះ នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១៧០​ដុល្លារ ក្នុង​អង្ករ​មួយ​តោន ក្នុង​ឆ្នាំ ២០២០ និង ជាង ១៤១​ដុល្លារ ក្នុង​អង្ករ​មួយ​តោន នៅ​ឆ្នាំ​២០២១។

កន្លងទៅ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ដោយ​កូនប្រសា​រលោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ បាន​ទម្លាក់​កំហុស​នៃ​បញ្ហា​សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​អង្ករ​កម្ពុជា​នេះ ថា​បណ្ដាល​មក​ពី​បញ្ហា​ផ្ទៃក្នុង​នៅ​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ​ខ្លួន​ឯង។ យ៉ាងណាក៏ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ការ​ដាក់​វិធានការណ៍​នេះ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​កសិករ លំហូរ​ពលកម្ម​ចេញពី​វិស័យ​កសិកម្ម​ទៅ​វិស័យ​ដទៃ​ទៀត ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នា​ពេល​អនាគត។ សហព័ន្ធ​នេះ ទទួល​ស្គាល់​ថា ហេតុការណ៍​នេះ ក៏​អាច​បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ កើន​ឡើង​វិញ និង​ប៉ះពាល់​ដល់​អនាគត​កូនចៅ​កសិករ ដែល​ពឹង​ផ្អែកលើ​ចំណូល​ពី​វិស័យ​នេះ។

លោក ថេង សាវឿន ថា របប​ក្រុងភ្នំពេញ ចាំបាច់​ត្រូវ​ស្វែងរក​វិធានការណ៍​ធានា​ថា កសិករ​ខ្មែរ​នឹង​មិន​ទទួល​ផល​ប៉ះពាល់ ប្រសិនបើ អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា​មែន​នោះ៖ «ក៏ប៉ុន្តែ​ការ​ត្រៀមខ្លួន​មួយទៀត​សម្រាប់​ការ​ផ្គត់ផ្គង់ ឬ​ការ​ត្រៀម​ហិរញ្ញប្បទាន​សម្រាប់​ជួយ​ដល់​កសិករ​នៅ​ពេល​ដែល​គាត់​មិន​មាន​ទីផ្សារ ស្រូវ​គាត់​លក់​មិន​ចេញ តើ​អ្នកណា​គេ​ដែល​ជា​អ្នក​ជួយ​ទិញ ឬ​ជួយ​ចេញ​ខាត​ដល់​កសិករ គឺ​នៅ​មិន​ទាន់​បាន​ត្រៀមលក្ខណៈ។ ទី​ពីរ​ប្រព័ន្ធ​នៃ​ការ​វេច​ខ្ចប់​ដូចជា​ឡ​សម្ងួត​ស្រូវ​អង្ករ ក៏​មិនទាន់​ត្រៀម​ពេញលេញ​ដែរ។ ដូច្នេះ ការ​ត្រៀម​ខ្លួន​ហ្នឹង មាន​មួយ​ផ្នែក​ខ្លះ​ត្រូវ​បាន​ត្រៀម​ហើយ ក៏ប៉ុន្តែ នៅ​មាន​ផ្នែក​ធំ​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​បាន​ត្រៀម និង​អនុវត្ត​បាន​នៅឡើយ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ជាយថាហេតុ ដោយ​ទីផ្សារ​ចង្អៀត ឬ​មិន​មាន​ទីផ្សារ​នោះ»

លោក ថេង សាវឿន មិន​ទាត់​ចោល​ឡើយ​ពី​ការណ៍​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ការ​ងើប​តវ៉ា ឬ​បះបោរ​ក្នុងចំណោម​ស្រទាប់​កសិករ​ក្រីក្រ ប្រសិនបើ​របប​ក្រុងភ្នំពេញ បណ្ដោយ​ឲ្យ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅដល់​កសិករ​ក្រីក្រ៖ «យើង​មិនទាន់​ឃើញ​មាន​ទិដ្ឋភាព​បែប​ហ្នឹង​នៅឡើយ​ទេ​។ ប៉ុន្តែ​យើង​ពិបាក​ព្យាករណ៍​ណាស់ ពី​ព្រោះ​ថា​ធម្មតា ក្រពះ​ជា​រឿង​សំខាន់​ណាស់ ដូច​ករណី​រឿង​ដីធ្លី​អ៊ីចឹង។ កាលណា​គាត់​បាត់បង់​ដីធ្លី គឺ​ច្បាស់​ណាស់​ថា គាត់​តវ៉ា​។ អ៊ីចឹង បើ​ផល​ប៉ះពាល់​ណាមួយ​កើតឡើង ខ្ញុំ​គិត​ថា ការ​តវ៉ា វា​អាច​កើតមានឡើង​នា​ពេល​ណាមួយ​មិន​ខាន​ទេ បើសិនជា​រឿងរ៉ាវ​ហ្នឹង បណ្ដោយ​ឲ្យ​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​នោះ»

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាងគេ​ពី​កម្ពុជា មាន​ចំនួន​ស្មើនឹង​ជិត ២៧​ម៉ឺន​តោន ឬ​ស្មើនឹង​ជិត ៤៣​ភាគរយ នៅ​ឆ្នាំ​២០១៨ ។ ក្នុង​ឆ្នាំ​ដដែល​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​សរុប​ចំនួន​ជាង ៦​សែន​តោន ( ៦២៦.២២៥ តោន​) ខណៈ​ប្រទេស​ចិន ជា​ប្រទេស​នាំ​មុខ​គេ​នៃ​ការទិញ​អង្ករ​ពី​កម្ពុជា ក្នុង​ចំនួន​ដល់​ទៅ​ជាង ១៧​ម៉ឺន​តោន ស្មើនឹង​ជាង ២៧​ភាគរយ។

សំណើ​ឲ្យ​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា និង​មីយ៉ាន់ម៉ា​នេះ គឺជា​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត ពី​រឿង​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ ឬ EBA » ពី​កម្ពុជា ដោយសារ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ បាន​គាស់​រម្លើង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប​លើ​គ្រប់​មុខទំនិញ​ទាំងអស់ បូករួម​ទាំង​អង្ករ​ផង។

បើ​ទោះ​ជា​មាន​ពេល​ខ្លះ លោក ហ៊ុន សែន បាន​ប្រកាស​ក្តែងៗ​ពី​ការ​មិន​ខ្លាច​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ធ្វើជា​ឌឺដង​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រញាប់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច មក​លើ​របប​លោក​ឲ្យ​កាន់តែ​ឆាប់​នោះ នា​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​យក​វត្តមាន​នៃ​គណបក្សប្រឆាំង និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើជា​ចំណាប់ខ្មាំង ដោយ​លោក​ព្រមាន​ថា បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា នោះ​លោក​នឹង​ឈាន​ទៅ​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

បច្ចុប្បន្ន មិនមែន​មានតែ​សហភាព​អឺរ៉ុប​ទេ ដែល​គ្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ សមាជិក​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ក៏បាន​ស្នើ​ច្បាប់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​សហរដ្ឋអាមេរិក ចេញពី​កម្ពុជា​ផង​ដែរ បន្ថែម​ពីលើ​សេចក្ដី​ស្នើ​ច្បាប់​បង្ក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​មក​លើ​ក្រុម​មន្ត្រី និង​បក្ខ​ពួក​លោក ហ៊ុន សែន។ អ្នកវិភាគ​ហៅ​ហេតុការណ៍​ជា​បន្តបន្ទាប់​នេះ​ថា របប​លោក ហ៊ុន សែន កំពុង​ត្រូវ​យីអ៊ុន​ដាក់ អារក្ខ​ជាន់ ដោយសារតែ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles