ពលករ​ខ្មែរ​នៅ​ថៃ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​បាន​ចូល​ធ្វើ​ការ​វិញ​​ក្រោយ​ដូរ​ថៅកែ

ដោយ សេក បណ្ឌិត
2019-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ។ Provided photo
រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ។ Provided photo


តំណាង​ពលករ​ខ្មែរ​ធ្វើការ​នៅ​រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​រោងចក្រ​នេះ​បញ្ឈប់​ពី​ការងារ​កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ ពួកគេ​បាន​ធ្វើ​ការងារ​វិញ​ហើយ។ សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ពលករ​ចំណាកស្រុក​ស្វាគមន៍​ការ​សម្របសម្រួល​របស់​ថៅកែ​រោងចក្រ​នេះ។

តំណាង​ពលករ​ដែល​ធ្វើការ​នៅ រោងចក្រSC WADO លោក រស់ ប៊ុនធឿន ឱ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃទី​២០ មករា ថា ក្រោយ​រោងចក្រ​នេះ​បាន​ប្ដូរ​ពី​ថៅកែ​ថៃ មក​ថៅកែ​ជា​ជនជាតិ​ជប៉ុន ថៅកែ​រោងចក្រ​ថ្មី​បាន​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ទាំង​ប៉ុន្មាន​ចូល​ធ្វើ​ការងារ​វិញ។ លោក​បន្ត​ទៀត​ថា ថៅកែ​ថ្មី​បាន​ផ្តល់​ប្រាក់ខែ​គោល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​ពលករ​ខ្មែរ​ស្មើនឹង​ពលករ​ជា​ជាតិ​ថៃ​ដែរ ហើយ​ថែមទាំង​ផ្ដល់​លិខិតឆ្លងដែន​ឱ្យ​ពលករ​ខ្មែរ​ជា​អ្នករក្សា​ទុក​ដោយ​ខ្លួនឯង​ថែម​ទៀត​ផង៖ «បុគ្គលិក​ម្នាក់ៗ​គេ​សប្បាយ​ចិត្តនឹង​ការងារ​ពេល​បាន​ដំណឹង​ល្អ​ពី​រោងចក្រ​ហៅ​ចូល​ធ្វើ​ការងារ​អ៊ីចឹង​ទៅ​គេ​ចូល​ធ្វើ​វិញ​ទៅ»

តំណាង​ពលករ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ថៅកែ​រោងចក្រ​ផ្ដល់​អត្ថប្រយោជន៍​ការងារ​ស្មើនឹង​ពលរដ្ឋ​ថៃ ព្រោះ​ថៅកែ​រោងចក្រ​បាន​ចុះ​សង្កេត​ដោយ​ផ្ទាល់​ឃើញ​ថា ពលករ​ខ្មែរ​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ​ដូច​ពលករ​ជនជាតិ​ថៃ​ដែរ៖ «ធ្វើការ​ងារ​មាន​លុយ​គុណ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​ធម្មតា​ដូច​ថៃ ដល់​អ៊ីចឹង​ខ្មែរ​យើង​មាន​កម្លាំង​នឹង​ធ្វើ​ការងារ ពី​មុន​នឹង​យើង​មិន​បាន​អាទិភាព​ដូច​ថៃ​ទេ»

កាលពី​ចុង​ឆ្នាំ​២០១៨ ក្នុង​អំឡុង​ខែ​វិច្ឆិកា ថៅកែ​រោងចក្រ SC WADO ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ បាន​បញ្ឈប់​ពលករ​ខ្មែរ​ជាង ៥០​នាក់​ពី​ការងារ ដោយ​លើក​ហេតុផល​ថា គ្មាន​ការងារ​ឱ្យ​ធ្វើ។ ពលករ​ប្រាប់​ថា អ្នក​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ថៅកែ​មិនបាន​ផ្ដល់​លិខិត​ឆ្លងដែន​ឱ្យ​ពួកគេ​វិញ​ទេ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​នូវ​ការ​ផ្ដល់​ដំណោះស្រាយ​នេះ។ ប៉ុន្តែ លោក​យល់ថា ករណី​នេះ​ផ្អែក​តាម​ច្បាប់​ការងារ ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​លើ​ការខាតបង់​របស់​ពលករ​ក្នុង​អំឡុង​បាត់បង់​ការងារ។ លោក​បន្ត​ទៀត​ថា ក្នុង​ករណី​មាន​វិវាទ​ការងារ​ភាគី​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ សិទ្ធិមនុស្ស និង​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេល​ជួយ​ដល់​ពលករ៖ «ខ្ញុំ​ឱ្យ​មាន​យន្តការ​រដ្ឋ​ចូលរួម​ធ្វើ​អន្តរាគមន៍​ណា ភាគី​ទាំង​បី​ត្រូវ​សហការ​គ្នា​ក្រុមហ៊ុន​នាំ​ពលករ ក្រុមហ៊ុន​នៅ​ប្រទេស​ទទួល ហើយ​អាជ្ញាធរ​រដ្ឋ​ក្នុងនាម​ជា​អាណាព្យាបាល​ដែល​មាន​ស្ថានទូត​ស្ថាន​កុងស៊ុល​គួរតែ​ជួយ​ធ្វើ​អន្តរាគមន៍​ឱ្យ​មាន​ប្រសិទ្ធភាព»

ក្រុម​ពលករ​ឱ្យ​ដឹង​ថា ការ​សម្រេច​របស់​ថៅកែ​ដែល​ហៅ​ពលករ​ខ្មែរ​ឱ្យ​ចូល​ធ្វើ​ការងារ បន្ទាប់ពី​មាន​សារព័ត៌មាន​ផ្សាយ ការបញ្ឈប់​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឱ្យ​ថៅកែ​រោង​មាន​ព្រួយបារម្ភ​ពី​ទង្វើ​របស់​ខ្លួន ខណៈ​មានការ​ចោទ​ប្រកាន់​ថា ការ​បញ្ឈប់​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles