សហជីព​ថា រដ្ឋ​គួរ​ប្រឹងប្រែង​ដោះស្រាយ​រឿង EBA មិន​ត្រូវ​រឹតត្បិត​ការ​បញ្ចេញ​មតិ​រឿង​នេះ​ឡើយ

ដោយ ហេង រស្មី
2019-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


សហជីព​ឯករាជ្យ​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​រក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​មិន​ត្រូវ​រឹតត្បិត​ការ​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ​ឡើយ។

គណៈរដ្ឋមន្ត្រី​របប​ក្រុងភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ហាមប្រាម​មិន​ឱ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ដែល​របប​នេះ​យល់ថា ជា​រឿង​មិន​ពិត ពាក់ព័ន្ធ​នឹង​បញ្ហា EBA នោះ​ឡើយ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ការ​លើកឡើង​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​បញ្ហា EBA ដោយសារ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

លោក​ថ្លែង​ថា របប​ក្រុងភ្នំពេញ​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចេញ​ទស្សនៈ​រឿង EBA ថា​ជា​ការ​ញុះញង់​នោះ​ឡើយ ផ្ទុយទៅវិញ របប​នេះ​គួរតែ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​កុំ​ឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​វិញ​ទើប​ត្រឹមត្រូវ។ «»

កាលពី​ថ្ងៃទី១៧ មករា កន្លង​ទៅ របប​ក្រុងភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់ និង​គ្រប់​រូបភាព​ចំពោះ​អ្នកឆ្លើយឆ្លង​ព័ត៌មាន និង​អ្នកធ្វើ​អត្ថាធិប្បាយ​ទាំងឡាយ​ណា​ដែល​បញ្ចេញមតិ និង​ទស្សនៈ​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​បញ្ហា EBA

របប​នេះ​ចាត់​ទុក​ការ​ប្រើ​ពាក្យ​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ចរិត​ការងារ​របស់​ខ្លួន​ថា ជា​ការ​ញុះញង់ ឬ​ប្រឆាំង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។ របប​នេះ​អះអាង​ថា ខ្លួន​នឹង​ដំណើរ​ការ​ជជែក​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​បន្ត​ទៅ​ទៀត ដើម្បី​រក​ដំណោះស្រាយ​រឿង EBA នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ប្រសិនបើ​មានការ​បំភ្លៃ​ព័ត៌មាន​រឿង EBA មែន របប​ក្រុងភ្នំពេញ​គួរ​មានការ​ការ​ហាម​ប្រាម ក៏ប៉ុន្តែ​លោក​កត់សម្គាល់​ថា កន្លង​មក​នេះ ការ​លើកឡើង ឬ​ការ​ព្រួយបារម្ភ​ទាំងឡាយ​ជុំវិញ​ការ​ដក​ប្រព័ន្ធ​ពន្ធ​របស់​សហភាព​អឺរ៉ុប​នេះ សុទ្ធសឹងតែ​ជា​រឿង​ពិត មិន​មានការ​ប្រឌិត​ឡើយ។ លោក​ជំរុញ​ឱ្យ​របប​នេះ​ប្រឹងប្រែង​រក​ដំណោះស្រាយ​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA នេះ បន្ត​ទៅ​ទៀត។ «»

ក្រោម​កម្មវិធី “​ទំនិញ​គ្រប់មុខ លើកលែង​គ្រឿង​សព្វាវុធ ឬ​EBA” កម្ពុជា​បាន​រួចផុត​កាតព្វកិច្ច​ពន្ធ​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​កាលពី​ឆ្នាំ២០១៧ កន្លងទៅ ផលិត​ផល​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ បាន​ផ្ដល់​ប្រាក់ចំណូល​លើស​ពី ៥ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ប្រាក់ចំណូល​ច្រើន​ជាងគេ​នៃ​ការនាំចេញ​ផលិតផល​គ្រប់​ប្រភេទ​របស់​កម្ពុជា។

ខណៈ​ឱសានវាទ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេះតែ​បន្ត​ទៅមុខ របប​ក្រុងភ្នំពេញ​មិនទាន់​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅឡើយ ហើយ​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ណាមួយ​ដែល​កើត​ចេញ​ពី​ការ​ចរចា​រវាង​របប​លោក ហ៊ុន សែន ជាមួយ​នឹង​សហភាព​អឺរ៉ុប​នោះ ក៏​មិនទាន់​លេចចេញ​ជា​រូបរាង​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន នឹង​មាន​ជំនួប​ដាច់ដោយឡែក​មួយ​ជាមួយ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាលស្ត្រូ​ម (Cecilia Malmstrom) ក្នុង​អំឡុង​ពេល​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អឺរ៉ុប នៅ​ពេល​ឆាប់ៗ​ខាងមុខ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កេត សោផាន់ បាន​អះអាង​ថា លោក ប្រាក់ សុខុន នឹង​ពន្យល់​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​អំពី​វិធានការ និង​ផែនការ​ដែល​របប​នេះ​គ្រោង​ធ្វើ​ពាក់ព័ន្ធ​នឹង​លំហ​នយោបាយ សេរីភាព​សារព័ត៌មាន និង​កិច្ចការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ដូចជា​រឿង​សិទ្ធិ​ការងារ និង​សហជីព​ជាដើម។

ទោះជា​យ៉ាងណា សារព័ត៌មាន​អន្តរជាតិ​ផ្នែក​វាយនភណ្ឌ​ដែល​មាន​ឈ្មោះថា អាផារែល អ៊ីនសាយឌើ (Apparel Insider) បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មាន​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​រួចហើយ ក្នុង​ការ​ចាប់ផ្ដើម​ដក​ការ​បញ្ជាទិញ​របស់​ខ្លួន​ពី​កម្ពុជា ដោយសារ​ពួកគេ​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ សារព័ត៌មាន​នេះ​អះអាង​ទៀត​ថា ប្រឈមមុខ​នឹង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នឹង​ត្រូវ​បាត់បង់​ការ​បញ្ជាទិញ​ផលិតផល​វាយនភណ្ឌ​ដ៏​ច្រើន​សម្បើម ពី​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​របស់​ប្រទេស​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "សហជីព​ថា រដ្ឋ​គួរ​ប្រឹងប្រែង​ដោះស្រាយ​រឿង EBA មិន​ត្រូវ​រឹតត្បិត​ការ​បញ្ចេញ​មតិ​រឿង​នេះ​ឡើយ"

  1. so socheath says:

    ជួយតែខ្លួនអ្ហែង ឲ្យតែវាមានវាសនាល្អទៅអាអើយ អាល្ងង់ រ៉ុង ឈុន !