កូនស្រី ២រូប​​របស់​លោក​ ជា វិជ្ជា ​សន្យា​​​បន្តកិច្ច​ការ​ឪពុក ​ដើម្បី​​ជួយ​​ដល់​​សង្គម​​ខ្មែរ

ដោយ ហេង រស្មី
2019-01-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កូនស្រី​លោក​ ជា វិជ្ជា​ កញ្ញា​ ជា វិជ្ជាតា​ (ខាងស្ដាំ) និង​ ជា វិជ្ជា នារីរ័ត្ន នៅ​ប្រទេស​ហ្វាំងឡង់។ រូបថត៖ ពី​លោកស្រី ជា គឹមនី ភរិយា​លោក ជា វិជ្ជា
កូនស្រី​លោក​ ជា វិជ្ជា​ កញ្ញា​ ជា វិជ្ជាតា​ (ខាងស្ដាំ) និង​ ជា វិជ្ជា នារីរ័ត្ន នៅ​ប្រទេស​ហ្វាំងឡង់។ រូបថត៖ ពី​លោកស្រី ជា គឹមនី ភរិយា​លោក ជា វិជ្ជា


ក្រោយ​ពី​បាន​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ អស់​រយៈ​ពេល ១៥ឆ្នាំ កូន​ស្រី​ទាំង​ពីរ​របស់​សព​លោក ជា វិជ្ជា ត្រូវ​បាន​ក្លាយ​ជា​សិស្ស​ពូកែ​នៅ​ក្នុង​ថ្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យុវតី​ទាំង​ពីរ​អាច​និយាយ​បាន ៦​ភាសា​ផ្សេងៗ គ្នា​យ៉ាង​ស្ទាត់​ជំនាញ។ កូន​ស្រី​ទាំង​ពីរ​ប្រាថ្នា​នៅ​ថ្ងៃ​អនាគត​នឹង​ដើរ​តាម​គន្លង​ឪពុក ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្នុង​សង្គម។

ភរិយា​របស់​លោក ជា វិជ្ជា លោកស្រី ជា គឹមនី អួល​ដើម​ក​បន្តិច​នៅ​ពេល​រំលឹក​ពី​ជោគជ័យ​របស់​កូន​ស្រី​ទាំង​ពីរ ក្នុង​ការ​សិក្សា​នៅ​ឯ​ប្រទេស​ហ្វាំងឡង់​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ លោកស្រី​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ១៥ឆ្នាំ​ក្រោយ​ពេល​ស្វាមី​របស់​លោក​ស្រី​ឈ្មោះ ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីល្បាញ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា​ ឆ្នាំ​២០១៤​នៅ​ក្បែរ​តូប​លក់​ការ​សែត​មួយ​ក្បែរ​វត្ត​លង្កា​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។

រស់​នៅ​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​ឯក្រៅ​ប្រទេស​អ្នក​ស្រី​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​ចិញ្ចឹម​កូន​ស្រី​ទាំង​ពីរ​ក្រោយ​ពី​លោក​ ជា វិជ្ជា​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ក៏​ប៉ុន្តែ​លោកស្រី​មិន​អស់​សង្ឃឹម​ក្នុង​ការ​តស៊ូ​ទេ​ក្នុង​ការ​បីបាច់​ថែរក្សា​កូន​តាំង​ពី​អាយុ​ជាង​២ឆ្នាំ​រហូត​ដល់​ធំ​ដឹង​ក្តី។

អ្នក​ស្រី​ ជា គឹមនី​ បាន​រៀប​រាប់​ថា ​កូនស្រី​ទាំង​ពីរ​ស្ដាប់​ដំបូន្មាន​អ្នក​ស្រី​ណាស់​រហូត​រៀន​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​ក្នុង​ថ្នាក់​រៀន។​កូន​ស្រី​ច្បង​រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់​ឆ្នាំ​ទី២ ចំណែក​ឯ​កូន​ស្រី​ប្អូន​រៀន​នៅ​មធ្យម​សិក្សា​នៅ​ឡើយ​ជា​មួយ​នឹង​កូនសិស្ស​ចម្រុះ​​ជាតិសាសន៍។

អ្នក​ស្រី​និយាយ​ថា​ កូន​ស្រី​ច្បង​អាច​និយាយ​បាន​៦​ភាសា​ផ្សេងៗ​គ្នា​​យ៉ាង​ស្ទាត់ជំនាញ​គឺ​ភាសា​ខ្មែរ​ជា​ភាសា​កំណើត​ ភាសា​ ហ្វាំងឡង់​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ និង​ភាសា ស្វីស​។ចំណែក​ឯកូន​ស្រី​ទី​ពីរ​និយាយ​បាន​បួន​ភាសា​គឺ​ភាសា​ ខ្មែរ​ បារាំង​ អង់គ្លេស​ និង​ ហ្វាំងឡង់៖ «ខ្ញុំ​មាន​មោនភាព​ហើយ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​តស៊ូ​ទៅ​ទៀត​ដោយ​សារ​ឃើញ​កូន​ខ្ញុំ​អត់​មាន​ផល​វិបាក​អ្វី​រឿង​ការ​រៀន​សូត្រ»

មុន​ពេល​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​លោក​ ជា វិជ្ជា គឺ​អ្នក​ស្រី​ ជា គឹមនី​មាន​កូន​ស្រី​ពីរ​នាក់​គឺ​ កូន​ច្បង​កញ្ញា ជា វិជ្ជាតា អាយុ ១៧ឆ្នាំ និង​កូន​ប្អូន​កញ្ញា ជា វិជ្ជា នារីរ័ត្ន អាយុ ១៥ឆ្នាំ។

អ្នក​ស្រី​ព្រមទាំង​កូន​ស្រី​ទាំង​ពីរ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ទៅ​ក្រុង​បាងកក​ប្រទេស​ថៃ​អស់​រយៈពេល​៩ថ្ងៃ​មុន​មក​ដល់​ប្រទេស​ហ្វាំងឡង់​ជាទី​កន្លែង​ដែល​អ្នក​ស្រី​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​នៅ​ទីនោះ។​

កញ្ញា ជា វិជ្ជាតា ប្រាប់​អាស៊ី​សេរី​ថា នៅ​ពេល​នឹក​ឃើញ​ឪពុក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ធ្វើ​ឲ្យ​សន្ទុះ​ចិត្ត​នៃ​ការ​សិក្សា​បាន​ប្រឹងប្រែង​ឡើង​រហូត​ដល់​បាន​ចំណាត់​ថ្នាក់​លេខ១ នៅ​ក្នុង​ថ្នាក់​ក្នុង​ចំណោម​សិស្ស​សរុប​ទាំង​អស់ ២៥នាក់។

កញ្ញា​និយាយ​ថា​ គោល​​បំណង​នា​ពេល​អនាគត​នឹង​យក​ចំណេះ​ដឹង​ដែល​បាន​សិក្សា​នៅ​ឯក្រៅ​ប្រទេស​ទៅ​បន្ត​ការ​ងារ​របស់​ឪពុក​ដើម្បី​រក​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​ដ៏​រាប​ណា​គ្មាន​គ្រប់​គ្រង​ដោយ​របប​ក្រុង​ភ្នំពេញ៖ «ពីព្រោះ​អី​ខ្ញុំ​ចង់​ជួយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​ធ្វើ​ដូច​ប៉ា​ ជួយ​មនុស្ស​ផ្សេងៗ ទាំង​អស់​គ្នា​ហើយ​ខ្ញុំ​គិត​ថា​អា​ហ្នឹង​ល្អ​អោយ​ពិភព​លោក»

កូន​ស្រី​ម្នាក់​ទៀត​របស់​លោក ជា វិជ្ជា គឺ​កញ្ញា ជា វិជ្ជា នារីរ័ត្ន និយាយ​ថា ប្រព័ន្ធ​សិក្សា​នៅ​ក្រៅ​ប្រទេស​វា​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ណាស់ បើ​ប្រៀប​ធៀប​នៅ​កម្ពុជា។ កញ្ញា​បញ្ជាក់​ថា ម្ដាយ​តែង​តែ​អប់រំ​កូន​ឲ្យ​ខំ​រៀន​ ហើយ​ការ​សិក្សា​នៅ​ប្រទេស​ហ្វាំងឡង់​បាន​ធ្វើ​ឲ្យ​កញ្ញា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់៖ «អា​នេះ​គ្រាន់​តែ​ជា​ជាប់ Interested ខ្ញុំ»

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ​ ដែល​ទើប​នឹង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ហ្វាំងឡង់ និយាយ​ថា ការ​អប់រំ​នៅ​ទី​នេះ​មាន​លំដាប់​អន្តរជាតិ យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្នា បើ​ទោះ​បី​ជា​ជន​ជាតិ​ហ្វាំងឡង់ និង​ ជន​អន្តោប្រវេសន៍ ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​ណា​ក៏​ដោយ៖ «ប្រព័ន្ធ​អប់រំ​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ ហើយ​លើក​ទឹក​ចិត្ត ជា​ពិសេស ក្មេង​ឲ្យ​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ឲ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​ការ​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ជា​ពិសេស គឺ​សីលធម៌ និង​គុណធម៌​នៅ​ក្នុង​សង្គម»

ការអប់រំ​នៅ​ហ្វាំងឡង់ គឺ​ជា​ប្រព័ន្ធ​អប់រំ​ដែល​មាន​អាហារូបត្ថម្ភ​យ៉ាង​ពេញ​លេញ​ដែល​បម្រើ​ដល់​សិស្ស​ពេញ​ម៉ោង។ ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ មាន​កម្មវិធី​ថែ​រក្សា​កុមារ (សម្រាប់​ទារក​និង​កុមារ​តូចៗ) និង មត្តេយ្យមួយ​ឆ្នាំ (ឬ​មត្តេយ្យ​សម្រាប់​ក្មេង​អាយុ​ប្រាំ​មួយ​ឆ្នាំ)

ការ​សិក្សា​សម្រាប់​មធ្យម​សិក្សា​មានរយៈពេល៩ ឆ្នាំ​ ដោយ​ចាប់​ផ្តើម​សិក្សា​ចាប់​ពី​អាយុ ៧ឆ្នាំ និង​បញ្ចប់​នៅ​អាយុ ១៦​ឆ្នាំ។

បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ប្រព័ន្ធ​អប់​រំ​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​ អោយ​ដឹង​ថា​ ការអប់រំ​ទូទៅ​និង​​អនុវិទ្យាល័យ​ រហូត​ដល់​ឧត្ដម​សិក្សា​មិន​តម្រូវ​អោយ​បង់​ប្រាក់​នោះ​ទេ។ យុទ្ធសាស្ត្រ​របស់​ប្រទេស​ហ្វាំងឡង់​សម្រាប់​ការសម្រេច​បាន​នូវ​សមភាព​និង​ភាព​ប្រសើរ​ក្នុង​វិស័យ​អប់រំ​បាន​ផ្អែក​លើ​ការ​កសាង​ប្រព័ន្ធ​គ្របដណ្ដប់​ដ៏​ទូលំទូលាយ​មួយ​ដែល​ផ្ដល់​មូលនិធិ​ជា​សាធារណៈ​ដោយ​ជ្រើសរើស​យក​តាមដាន​ឬ​ស្ទ្រីម​សិស្ស​ក្នុងអំឡុងពេល​នៃ​ការ​អប់រំ​មូលដ្ឋាន​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment