Mon, 21 January 2019
ខន សាវិ
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេធាវីការពារក្ដីឱ្យសកម្មជននៃអតីតបក្សសង្គ្រោះជាតិប្រចាំនៅខេត្តស្វាយរៀងបញ្ជាក់ថា នឹងដាក់ពាក្យស្នើសុំទៅតុលាការនៅសប្ដាហ៍នេះ ដើម្បីឱ្យកូនក្ដីបាននៅក្រៅឃុំ ដោយលោកអះអាងថា កូនក្ដីរបស់ខ្លួននឹងមិនរត់គេចនោះទេហើយនឹងគោរពតាមនីតិវិធីរបស់តុលាការក្នុងការបញ្ជាឱ្យបង្ហាញខ្លួន។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យលោក គង់ ម៉ាស់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា លោកនឹងទៅជួបកូនក្ដីនៅក្នុងពន្ធនាគារព្រៃសនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិគ្រោះយោបល់អំពីផ្លូវច្បាប់ និងសិទ្ធិមួយចំនួនដែលកូនក្ដីមាន ហើយក្រោយមក លោកនឹងដាក់ពាក្យស្នើសុំទៅតុលាការដើម្បីដោះលែងកូនក្ដីនៅក្រៅឃុំ។
ការលើកឡើងនេះ បន្ទាប់ពីលោក គង់ ម៉ាស់ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី ១៦ មករា ហើយក្រោយមកបានសម្រេចបញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារព្រៃសបណ្ដោះអាសន្ននៅថ្ងៃទី ១៩ ដោយចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ ពីបទជេរប្រមាថសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា ៣០៧ និងមាត្រា ៤៩៥ ប៉ុន្តែលោក សំ សុគង់ ថា ចំណាត់ការរបស់តុលាការនៅពេលនេះ ធ្វើឡើងខុសនីតិវិធី និងបានរំលោភលើសិទ្ធិជនសង្ស័យ។
លោកថា៖ «គាត់ (គង់ មាស់) បានស្នើសុំឱ្យមេធាវីជួយដាក់ពាក្យសុំនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារគាត់យល់ឃើញថា គាត់មានលក្ខខណ្ឌគ្រប់គ្រាន់តាមមាត្រា ២០៥ នៃក្រមនីតិវិធី គឺគាត់ថា សំណុំរឿងរបស់គាត់ គឺសំណុំរឿងមជ្ឈិមពាក់ព័ន្ធនឹងបទចោទញុះញង់ ហើយគាត់បានសន្យាថានឹងមកបង្ហាញខ្លួនតាមដំណាក់កាលនៃនីតិវិធីរបស់តុលាការ។
មេធាវីរូបនេះបន្ថែមថា លោក គង់ ម៉ាស់ គួរត្រូវបានតុលាការចេញដីកាកោះហៅមុនមានការចាប់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ តុលាការបែរជាចាប់ខ្លួនលោកដោយមិនមានដីកាកោះហៅជាមុនទៅវិញ។ លោក សំ សុគង់ ថានីតិវិធីបែបនេះ រំលោភលើសិទ្ធិជនសង្ស័យ និងរំលោភលើនីតិវិធីក្រមព្រហ្មទណ្ឌ ព្រោះជនសង្ស័យពុំបានគេចខ្លួន និងជាពិសេសកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ។
លោកថា៖ «ខ្ញុំគិតថា នៅក្នុងក្រមនីតិវិធីក្រមព្រហ្មទណ្ឌ មុនដីកាបញ្ជាឱ្យចូលខ្លួនហ្នឹង លុះត្រាតែតំណាងអយ្យការគាត់បានចេញដីកាកោះហៅជនសង្ស័យម្ដងជា ២ ដង ហើយជនសង្ស័យហ្នឹងគាត់គេចខ្លួនឬបដិសេធមិនចូលតាមដីកាកោះ អ៊ីចឹងតំណាងមហាអយ្យការមានសិទ្ធិមួយគឺអំណាចបញ្ជាឱ្យចូលខ្លួនបាន»។
ឆ្លើយតបនឹងបញ្ហានេះ លោក អ៊ី រិន្ទ មន្ត្រីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងខ្លីថា តុលាការបានធ្វើឡើងតាមនីតិវិធីទាំងអស់។
មុនការចាប់ខ្លួន នៅក្នុងទំព័រហ្វេសប៊ុក លោក គង់ ម៉ាស់ បានបង្ហោះសារ រិះគន់ជាច្រើនដូចជា «រដ្ឋបាលលោក ហ៊ុន សែន គិតតែរឿងអំណាច មួយថ្ងៃៗមិនបានយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ពិសេសមិនបានយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជូនប្រជាពលរដ្ឋឱ្យមានកម្រិតសមរម្យនោះទេ។ សូមប្រជាពលរដ្ឋខ្មែរងើបឡើងតវ៉ា ដើម្បីជីវភាពរបស់យើងគ្រប់ៗគ្នា។ ប្ដូរ។
លោក គង់ ម៉ាស់ សរសេរសារចុងក្រោយថា «ទឹកទី ១ ៖សហភាពអឺរ៉ុបបានសម្រេចជំហានដំបូងដាក់ទណ្ឌកម្មលើការយកពន្ធ និងដំឡើងថ្លៃលើការនាំចូលអង្ករពីកម្ពុជា ដោយយកពន្ធ ២០០,៧៣ ដុល្លារក្នុងមួយតោន នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី ១៤ មករា កន្លងមកនេះ»។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃធ្លាប់ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោក គង់ ម៉ាស់ ត្រូវបានរកឃើញថា មានការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ អាចបង្កអសន្ដិសុខ និងចលាចលដល់សង្គម ដែលប្រព្រឹត្តឡើងតាំងពីឆ្នាំ ២០១៨ មុនការបោះឆ្នោតតំណាងរាស្ដ្រមកម្ល៉េះ។
លោកបន្តថា អាជ្ញាធរក៏បានរកឃើញរូបថតឯកសារជាច្រើន ដែលពាក់ព័ន្ធកិច្ចការរបស់សកម្មជនអតីតបក្សប្រឆាំងនេះដែរ។
ប៉ុន្តែលោក សំ សុគង់ យល់ថា បទចោទលោក គង់ ម៉ាស់ នៅពេលនេះគឺជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ហើយលោក គង់ ម៉ាស់ គ្រាន់តែបញ្ចេញមតិក្នុងនាមជាពលរដ្ឋ។
លោក ម៉ៅ វិបុល ប្រធានអតីតបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀងបានស្នើតុលាការត្រូវទម្លាក់ចោលការចោទប្រកាន់នេះ។ លោកថា៖ «នៅពេលនេះ ខ្ញុំក្នុងនាមប្រធានគណបក្សខេត្តមានការព្រួយបារម្ភដល់សមាជិក សកម្មជន»៕
Contact author: ខន សាវិ