សិទ្ធិមនុស្ស
| ម៉ោង ៣:៣១ ល្ងាច
https://www.vodhotnews.com
ក្រុមសហជីពមួយចំនួនបានជំរុញទៅរដ្ឋាភិបាលបើកការស៊ើបអង្កេតឲ្យបានពិតប្រាកដទៅលើឃាតកម្មមេដឹកនាំសហជីព លោក ជា វិជ្ជា ខណៈឃាតកម្មនេះកន្លងផុតទៅ១៥ឆ្នាំហើយ សមត្ថកិច្ចនៅតែមិនទាន់វែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយមកដាក់ទោសបាននៅឡើយ។
ក្នុងពិធីរំឭកខួប នៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅថ្ងៃនេះ ក្រុមសហជីពរួមទាំងមិត្តភក្តិប្រមាណជិត១០០នាក់ ជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាកន្លែងរូបសំណាករបស់លោកនៅមុខវត្តលង្ការក្បែរវិមានឯករាជ្យ។ ក្នុងពិធីនោះ តំណាងសហជីព និងមិត្តភក្តិមួយចំនួនបានថ្លែងសារ ដោយជំរុញទៅសមត្ថកិច្ច និងរដ្ឋាភិបាលត្រូវស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធមកទោសឲ្យខាន់តែបាន ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ មានប្រសាសន៍ថា ឃាតកម្មករបាញ់សម្លាប់លោក ជា វិជ្ជា បានកន្លងផុតទៅរយៈពេល១៥ឆ្នាំហើយ គឺមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ខណៈរដ្ឋាភិបាលបានបង្កើតគណៈកម្មការស៊ើបអង្កេតបណ្តឹងលើឃាតកម្មនោះក៏ដោយ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវលើឃាតកម្មនោះគឺស្មើសូន្យដដែល។
លោកបន្ថែមថា៖ «នៅក្នុងឱកាសប្រារព្ធពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួប១៥ឆ្នាំនៃមរណភាពរបស់លោកនាពេលនេះ សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវ និងសំណូមពរដល់សមត្ថកិច្ច នគរបាលយុត្តិធម៌ ជាពិសេសរដ្ឋាភិបាលចាត់ការស៊ើបអង្កេតតាមនីតិវិធីស្វែងរកមុខឃាតករពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករដែលបានសម្លាប់លោក ជា វិជ្ជា មកផ្តន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនិងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា»។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណីសមត្ថកិច្ចមិនអាចវែកចាប់ឃាត់ករពិត និងអ្នកបញ្ជាពីក្រោយការសម្លាប់លោក ជា វិជ្ជា មកដាក់ទោសបានដោយសាររឿងឃាតកម្មករនោះអាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចនៅពីក្រោយ។
លោកបន្ថែមថា៖ «ពីព្រោះនៅពេលដែលមានការគំរាមគាត់ យើងបាននាំគាត់ទៅប្តឹងនៅព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។ ប៉ុន្តែពីរបីថ្ងៃក្រោយមក អ្នកព្រហ្មទណ្ឌកំរិតស្រាលនោះបានមកជំរាបវិញថា លេខតេលេហ្វូននេះមានឋានៈតួនាទីធំណាស់ ខ្ញុំអត់ហ៊ានប៉ះពាល់គេទេ។ សូមលោក ជា វិជ្ជា អញ្ជើញទៅរកកន្លែងសុវត្ថិភាព។ ដូច្នេះយើងអាចសន្និដ្ឋានបានថា សុំណុំរឿងយឺតយ៉ាវបែបនេះប្រហែលជាជាប់ពាក់ព័ន្ធទៅនឹងមន្រ្តីដែលមានឋានៈខ្ពស់ឬធំនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា»។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ការអនុវត្តច្បាប់របស់នគរបាលយុត្តិធម៌ និងចំណាត់ការរបស់រដ្ឋាភិបាលនៅកម្ពុជាហាក់មានស្តង់ដា២ ដោយថា ករណីឃាតករលើមេសហជីព មន្រ្តីអង្គការសង្គមស៊ីវិល និងសកម្មជនផ្សេងទៀតគឺអាជ្ញាធរកម្ររកឃាតករពិតឃើញណាស់ ខណៈរឿងកម្មករពាក់ព័ន្ធទៅលើមន្រ្តីរដ្ឋាភិបាលគឺរកឃាតករឃើញ។
លោក អាត់ ធន់ ឲ្យដឹងថា ជុំវិញរឿងឃាតកម្ម និងការគំរាមកំហែងលើសហជីពនេះ អង្គការ ILO ធ្វើការស៊ើបអង្កេត និងរាយការណ៍ករណីនោះទៅអង្គការផងដែរ។
លោកបន្ថែមថា៖ «ប្រសិនជាករណីនេះ រកឃើញថា វាជាឃាតកម្ម។ ហើយវាអំពើមួយដែលបង្ករផលប៉ះពាល់ដល់សេរីភាពសហជីព ឬក៏គំរាមកំហែងថ្នាក់ដឹកនាំសហជីព វាពិតជាមានការរំលោភទៅលើអនុសញ្ញាអន្តរជាតិ។ អញ្ចឹងសុំឲ្យរដ្ឋាភិបាលរកឃាតករឲ្យពិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីធានាថា មេសហជីពផ្សេងទៀតត្រូវបានការពារ ឬក៏រួចផុតពីការគំរាមកំហែងនៃការធ្វើការសកម្មភាពសហជីព»។
វី.អូ.ឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេជុំវិញបញ្ហានេះ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត នៅតែមានសង្ឃឹមថា ករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា នេះអាចរកនឹងរកឃាតករពិតប្រាកឃើញ ប្រសិនសមត្ថកិច្ច និងរដ្ឋាភិបាលមានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួន បើទោះបីជារឿងឃាតកម្មនោះបានកន្លងហួសទៅយូរឆ្នាំហើយក៏ដោយ។
លោកបន្ថែមថា៖ «ពីព្រោះយើងឃើញនៅស្រុកគេមានករណីយូរអញ្ចឹងដែរ ប៉ុន្តែគេមានឆន្ទៈក្នុងការស្វែងរកគេនៅតែរកឃើញហ្នឹង។ ប៉ុន្តែករណី លោក ជា វិជ្ជា នេះយើងតាំងពីមុនគាត់ត្រូវបានគេសម្លាប់ គឺវាមានភស្តុតាងជាបណ្តើរៗមកហើយទាក់ទងនឹងការផ្ញើរសារគំរាមសម្លាប់រហូតគាត់ប្តឹងទៅដល់សមត្ថកិច្ច ហើយសមត្ថកិច្ចមិនហ៊ានរកជនដែលគំរាមគាត់ហ្នឹងទៅទៀត។ អញ្ចឹងអ្វីដែលពិតប្រាកដគឺឆន្ទៈទេ តើមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា និងឆន្ទៈក្នុងការស្វែងរកជនដៃដល់ និងអ្នកនៅពីក្រោយ»។
មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាលោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៤ ខណៈដែលលោកកំពុងអានកាសែតនៅខាងលិចរបងវត្តលង្ការ។
កាលឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយ ដើម្បីស្រាវជ្រាវរកមុខឃាតកពិតដែលសម្លាប់លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។ ប៉ុន្តែ រហូតមកដល់ពេលនេះ គណៈកម្មការនោះនៅមិនទាន់បង្ហាញព័ត៌មានថ្មីទាក់ទងនឹងឃាតកម្មលើអ្នកទាំងបីរូបនេះនៅឡើយទេ៕