ក្រុម​ប្រឹក្សា​​​បក្ស​ប្រឆាំង រិះគន់​ការ​បង្កើត​ស្រុក​ថ្មី​​នៅ​ខេត្ត​កំពង់ធំ​​ថា ជា​ការ​​ចែក​កៅអី​គ្នា​អង្គុយ ជា​ជាង​ការ​ផ្ដល់​​សេវា​ដល់​ពលរដ្ឋ

2019-01-22
RFA

រូប​សំណាក​ដំរី​ជាន់​ខ្លា នៅ​ទី​រួម​ខែត្រ​កំពង់ធំ (RFA/អ៊ួន ឈិន)
រូប​សំណាក​ដំរី​ជាន់​ខ្លា នៅ​ទី​រួម​ខែត្រ​កំពង់ធំ (RFA/អ៊ួន ឈិន)


ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់​ឆ្នោត មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់​ស្រប​នឹង​ការ​​​បង្កើត​ស្រុក​ថ្មី​បន្ថែម​ទៀត សម្រាប់​ខេត្ត​កំពង់ធំ​ទេ។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ កាត់​ឃុំ​ចំនួន​៨ ពី​ស្រុក​បារាយ​ បង្កើត​ជា​ស្រុក​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ខេត្ត​កំពង់ធំ។

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត ខេត្ត​កំពង់ធំ​ម្នាក់ នៃ​បក្ស​ប្រឆាំង លោក គឹម សុខហេង យល់​ថា ការ​បង្កើត​ស្រុក​ថ្មី​បន្ថែម​ទៀត សម្រាប់​ខេត្ត​កំពង់ធំ មិន​មាន​ភាព​ប្រសើរ​ជាង​មុន​ទេ ប៉ុន្តែ​ការ​បង្កើត​នេះ ជា​ការ​បង្កើន​ការ​ចំណាយ​ថវិកា​រដ្ឋ ខណៈ​អ្នក​ដែល​ត្រូវ​បញ្ចូល​ធ្វើ​ជា​មន្ត្រី​នៅ​សាលា​ស្រុក​ថ្មី​នេះ អាច​​ឡើង​តាម​ខ្សែ បក្ខ​ពួក ជា​ជាង​ការ​ប្រឡង​ដោយ​សមត្ថភាព។ លោក គឹម សុខហេង អះអាង​ថា គ្មាន​ភាព​ចាំបាច់​ណា​មួយ ដែល​ត្រូវ​កាត់​ឃុំ​​នៃ​ស្រុក​បារាយ ដើម្បី​បង្កើត​ជា​ស្រុក​ថ្មី​ទេ៖ «ដូច​អត់​មាន​ចាំបាច់​អី​ផង។ កន្លងមក វា​និយាយ​ឲ្យ​ចំ វា​ ៣៨ឆ្នាំ​ហើយ អត់​បង្កើត (ស្រុក​តាំង​គោក) យើង​ក៏​នៅ​តែ​ធ្វើការ​បាន។ និយាយ​ឲ្យ​ចំ​យើង​នៅ​តែ​គ្រប់គ្រង​ទៅ​លើ​ឃុំ​ទាំង ១៨បាន។ មាន​ពិបាក​គ្រប់គ្រង​ឯណា អត់​ទេ។ កាល​ណា​យើង​បង្កើត (ស្រុក) ត្រូវ​បង្កើត​ទាំង​បុគ្គលិក បង្កើត​ទាំង​មន្ត្រី អភិបាល​ស្រុក​អី​ទៀត​ហើយ»

មេដឹកនាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ មករា បាន​ចេញ​អនុក្រឹត្យ​មួយ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​​​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២២ មករា បង្ហាញ​ថា លោក ហ៊ុន សែន សម្រេច​កាត់​ឃុំ​ចំនួន​៨ នៃ​ស្រុក​បារាយ ដើម្បី​បង្កើត​ជា​ស្រុក​មួយ ដាក់​ឈ្មោះ​ថា ស្រុក​តាំងគោក។ ឃុំ​ដែល​ត្រូវ​កាត់​នោះ មាន ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូយោង ឃុំ​ស្រឡៅ ឃុំ​ស្វាយភ្លើង និង​ឃុំ​អណ្ដូង​ពោធិ៍ ដើម្បី​បង្កើត​ជា​ស្រុក​តាំងគោក ដោយ​តម្រូវ​ឲ្យ​ដាក់​ទីតាំង​សាលា​ស្រុក នៅ​ត្រង់​ឃុំ​សូយោង។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​ក្រសួង​មហាផ្ទៃ ខណៈ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​ទាំង​ពីរ​រូប គឺ​លោក ខៀវ សុភ័គ្គ និង​លោក ផាត សុផានិត មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ។

ក្រោយ​ពេល​លោក ហ៊ុន សែន សម្រេច​បង្កើត​ស្រុក​មួយ​បន្ថែម​ទៀត​ ខេត្ត​កំពង់ធំ នឹង​មាន​ក្រុង​១ ​ស្រុក​៨ គឺ ក្រុង​ស្ទឹងសែន ស្រុក​បារាយណ៍ ស្រុក​កំពង់ស្វាយ ស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​ប្រាសាទ​សំបូរ ស្រុក​សណ្ដាន់ ស្រុក​សន្ទុក ​ស្រុក​ស្ទោង និង​ស្រុក​តាំងគោក។ ស្រុក​បារាយ​ ដែល​​ត្រូវ​​កាត់​ឃុំ​៨ បង្កើត​ជា​ស្រុក​តាំងគោក នឹង​នៅ​សល់​ត្រឹម​ឃុំ​ចំនួន ១០។ របាយការណ៍​ជំរឿន​ប្រជាជន​ឆ្នាំ១៩៩៨ បង្ហាញ​​ថា ស្រុក​បារាយណ៍​មាន​ប្រជាជន​សរុប ១៥៩.៥៨៦នាក់។

កាល​ពី​ដើម​ខែ​តុលា ​ឆ្នាំ​២០១៨ លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ ​បញ្ឈប់​ការសិក្សា​បង្កើត​រដ្ឋបាល​ខេត្ត​ថ្មី ក្រោយ​ពេល លោក ដឹង​ថា ​ដំណឹង​ចង់​បង្កើត​រដ្ឋបាល​​ខេត្ត​ថ្មី​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​រង​ការរិះគន់​ពី​សាធារណជន។ លោក ហ៊ុន សែន ខឹង​សម្បារ និង​ស្ដី​បន្ទោស​​មន្ត្រី​របស់​លោក ​ដែល​ធ្វើ​ឱ្យ​គម្រោង​សិក្សា​នេះ​បែក​ខ្ទរខ្ទារ មិន​ព្រម​ធ្វើ​ដោយ​ស្ងាត់ៗ ដូច​មុន ព្រោះ​មាន​មន្ត្រី​​របប​លោក​​មួយ​ចំនួន​ បាន​លឺ​ដំណឹង​បង្កើត​រដ្ឋបាល​​ខេត្ត​ថ្មី នាំគ្នា​​រត់​ការ​រក​ដំណែង​នៅ​ខេត្ត​ថ្មី​ មុន​លោក ប្រកាស​បង្កើត​ខេត្ត​។ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​ពង្រីក​សេវា​ជូន​ពលរដ្ឋ មិន​ចាំបាច់​ទាល់​តែ​បង្កើត​រដ្ឋបាល​ថ្មី​ទេ៖ «ហើយ​កុំ​បាច់​យក​ហេតុផល អា បញ្ជូន​សេវា​ទៅ​កៀក​ប្រជាជន កុំ​យក​ហេតុផល​ហ្នឹង បញ្ហា​ស្ថិត​នៅ​លើ​យើង​ធ្វើ ឬ​មិន​ធ្វើ តែ​ប៉ិន​ហ្នឹង​ទេ»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា យល់​ថា ឃុំ​នៃ​ស្រុក​បារាយ​មិន​គួរ ​ត្រូវ​បាន​បំបែក​ដើម្បី​បង្កើត​ ជា​ស្រុក​ថ្មី​ទេ ព្រោះ​ជម្រើស​នៃ​ការ​បង្កើត​ស្រុក​ថ្មី មិន​ទាន់​ជា​តម្រូវ​ការ​ចាំបាច់៖ «មើល​ទៅ​លើ​ទឹកដី​នៅ​ខេត្ត​កំពង់ធំ មាន​ចំនួន​ស្រុក​ដល់​ទៅ​៨​ហើយ។ អ៊ីចឹង​ណាស់ វា​មាន​ច្រើន​ដែរ​ហើយ តែ​តម្រូវ​ការ​នៃ​ការ​បង្កើត​ស្រុក​វា​មិន​មែន​ជា​កត្តា ចាំបាច់​បំផុត នៅ​ក្នុង​ការ​កកើត​រដ្ឋបាល​ស្រុក​ថ្មី​ទេ។ ប៉ុន្តែ​ស្រុក​បារាយ​ហ្នឹង មាន​ស្រាប់​ហើយ មន្ត្រី​មាន​ស្រាប់​ហើយ រដ្ឋបាល​មាន​ស្រាប់​ហើយ មាន​ទាំង​អភិបាល​ស្រុក (មេឃុំ) អស់​ហើយ មន្ត្រី​អាជ្ញាធរ​មាន​អស់​ហើយ គួរ​តែ​ពង្រឹង​ការ​គ្រប់គ្រង ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ ដល់​ប្រជា​ពលរដ្ឋ ឲ្យ​បាន​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ​ទៅ។ ពង្រឹង​ពី​គុណភាព​មន្ត្រី ពង្រឹង​ពី​សន្តិសុខ​ សុវត្ថិភាព ការ​ផ្ដល់​សេវា​សាធារណៈ​គ្រប់​គ្រាន់​ឲ្យ​ពលរដ្ឋ​ទៅ​ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​ចំណុច​ល្អ​ជាង​បង្កើត​ស្រុក​ថ្មី»

សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​យោបល់​ថា ជម្រើស​ល្អ គឺ​មេ​ដឹក​នាំ​​របប​​ក្រុង​ភ្នំពេញ​ មិន​ចាំ​បាច់​បង្កើត​ស្រុក​បន្ថែម​ទេ គឺ​គួរ​តែ​ពង្រឹង​សេវា​សាធារណៈ ​ដល់​ទីតាំង​មូលដ្ឋាន​ឃុំ ពង្រឹង​គុណភាព​មន្ត្រី​សាធារណៈ ទើប​ជា​ចំណុច​ល្អ ព្រោះ​បើ​សេវា​សាធារណៈ​ និង​គុណភាព​មន្ត្រី​ នៅ​តែ​ដដែល បើ​ទោះ​ជា​បង្កើត​ស្រុក​បន្ថែម​យ៉ាង​ណា ក៏​គ្មាន​គុណភាព​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles