ចិនប្រកាសផ្ដល់​ជំនួយឥតសំណងដល់​កម្ពុជាជិត៦០០លានដុល្លារ


|
https://www.vodhotnews.com

លោក ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ជំនួយឥតសំណងដល់កម្ពុជាជិត៦០០លាន​ដុល្លា ខណៈ​លោកនាយករដ្ឋមន្រ្តីហ៊ុន​សែន​ទៅ​បំពេញ​ទស្សនៈកិច្ចរយៈពេល​៤ថ្ងៃ​នៅទីនោះ។  

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថាក្នុងទំព័រហ្វេសប៊ុករបស់លោកថា ក្នុងជំនួបមួយកាលពីថ្ងៃម្សិលមិញ នៅទីក្រុងប៉េកាំង ប្រទេសចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសផ្ដល់ជំនួយឥតសំណងដល់កម្ពុជាចំនួន ៤ពាន់លានយ័ន ឬស្មើនឹងជិត ៦០០លានដុល្លារអាមេរិក។ 

លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា​៖ «ជា​មួយគ្នានេះ ប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៤ពាន់លានយ័ន សម្រាប់រយះពេល៣ ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ និងឯកឧត្តម​ប្រធានា​ធិបតី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីទំនាក់ទំនងទ្វេ ភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែល​មានការយកចិត្តទុកដាក់ដូចគ្នា»។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា​ រិះគន់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន សែន កម្ពុជាកំពុងងាកទៅអោបជើងចិន និងផ្គើនសហគមន៍អន្ដរជាតិ ក្រោយពីពួកគេរិះគន់រឿងបញ្ហារំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ម្យ៉ាងទៀត លោកថា ជំនួយរបស់ចិនតែងភ្ជាប់មកជាមួយនូវលក្ខខណ្ឌ និងផលប្រយោជន៍របស់គេ ដូចជា ការពង្រីកឥទ្ធិពលក្នុងតំបន់ និងក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង។  

អតីតមន្ដ្រីបក្សប្រឆាំងរូបនេះរិះគន់ទៀតថា កម្ពុជាមិនទាន់អាចធានាឯករាជ្យភាព ទំនាក់ទំនងការទូត និងអធិបតេយ្យភាពរបស់ខ្លួននៅឡើយទេ ដោយថា រដ្ឋាភិបាលតែងពឹងផ្អែកខ្លាំងលើប្រទេសកុម្មុយនីស្ដចិន និងមានទំនាក់ទំនងល្អក់កករជាមួយប្រទេសលោកសេរី។   

លោក មាជ សុវណ្ណារ៉ា ផ្តល់បទសម្ភាសន៍(រូប ពីហ្វេសប៊ុក Meach Sovannara)


លោកបន្ដថា៖ «ជំនួយចង់បង្ហាញថា បើកម្ពុជាអត់អនុគ្រោះពន្ធពីសហភាពអឺរ៉ុប ពីជប៉ុន អត់ពីអាមេរិក GSP ច្បាប់ដាក់ទណ្ឌកម្មអីក៏ដោយក៏កម្ពុជាមិនខ្វល់ ។ ប៉ុន្ដែ អាហ្នឹងវាជាជំនួយអន្ដរកាលដើម្បីដោះវិបត្តិនយោបាយ ឬផ្គើននឹងការដាក់សំពាធនៃសហភាពអឺរ៉ុប ក៏ដូចជា ពួកគេបញ្ចឹមប្រទេស […] កម្ពុជាពុំទាន់មានស្ថិរភាពនឹងនរក្នុងផ្នែកនយោបាយការទូតក្នុងនាមជាប្រទេសប្រជាធិបតេយ្យ ហាក់ដូចជាមានវៀតណាម និងចិននៅពីក្រោយ»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម និងនយោបាយ លោកបណ្ឌិត មាស នី បារម្ភថា ប្រសិនបើកម្ពុជាឈានជើងដើរផុតចំណុច «បន្ទាត់ក្រហម» នោះ លោកថា វាអាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាអព្យាក្រឹត្យភាព ដែលថា កម្ពុជាអាចផ្លាស់ប្ដូរទៅជាការដឹកនាំតាមបែបកុម្មុយនីស្ដ និងឈានទៅបង្កើតជាសង្គ្រាមត្រជាក់។ លោកថា ចរន្ដនយោបាយបែបនេះ នឹងបង្កជាវិបត្តិសង្គម ដោយថា ពលរដ្ឋដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យអាចសំដែងការមិនពេញចិត្តចំពោះវត្តមានរបស់ចិន និងការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។  

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី


លោកបន្ដថា៖ «យើងមានការព្រួយបារម្ភខ្លាចរដ្ឋាភិបាលដើរផុតបន្ទាត់ក្រហម ដែលជាប្រទេសអព្យាក្រឹត្យ ហើយទម្លាក់ខ្លួនទៅជាប្លុកកុម្មុយនីស្ដវិញនោះ ខ្ញុំគិតថា ហានិភ័យនឹងអាចកើតមានច្រើនសម្រាប់រដ្ឋាភិបាល ដោយសារតែ ខ្មែរមិនពេញចិត្តទេជាមួយនឹងរបបកុម្មុយនីស្ដ […] ប្រសិនបើរដ្ឋាភិបាលត្រូវដើរទៅចំណុចមួយដែលត្រូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ រដ្ឋាភិបាលអាចមានការពិបាកកាន់តែខ្លាំងទៀត»។

សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាជុំវិញការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីកម្ពុជារៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយ ដែលគ្មានវត្តមានអតីតបក្សប្រឆាំងចូលរួម និងធ្វើឲ្យបក្សកាន់អំណាចក្ដោបក្ដាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា។ 

សហគមន៍អន្ដរជាតិ ជាពិសេសសហភាពអឺរ៉ុបបានជំរុញឲ្យរដ្ឋាភិបាលវិលទៅរកតុចរចានយោបាយ និងផ្សះផ្សារជាតិឡើងវិញ ដើម្បីរក្សាប្រព័ន្ធអុគ្រោះពន្ធរបស់ខ្លួន និងបញ្ចៀសនូវទណ្ឌកម្មផ្សេងៗទៀត។ ប៉ុន្ដែ រដ្ឋាភិបាលតែងចាត់ទុកការព្រមានទាំងនេះថា ជាការជ្រៀតជ្រែក និងលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាទៅវិញ៕      


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment