ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ ខណៈអឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធនាំចូល​


|
https://www.vodhotnews.com

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ ខណៈអឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធនាំចូល​ប្រទេស​ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​១០​ម៉ឺន​តោន​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អង្ករ​ដែល​ប្រទេស​ចិន​សន្យា​ទិញ​ពី​កម្ពុជា​កើន​ដល់​ចំនួន​៤០​ម៉ឺន​តោន​ ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​នា​ថ្ងៃ​នេះ​ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក ស៊ី ជីនពីង បាន​ជំរុញ​មក​កាន់​លោក​ក្នុង​ការ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ឲ្យ​កើន​ដល់​១ពាន់លានដុល្លារ​នា​ឆ្នាំ​២០២៣​ខាង​មុខ ខណៈ​ឆ្នាំ​២០១៩​នេះ​ប្រទេស​នេះ​នឹង​សន្យា​បង្កើន​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​។

លោក​សរសេរ​ថា៖ « ឯកឧត្ដម​បន្ត​ថា ចិន​និង​កម្ពុជា នឹង​បន្ត​រួម​គ្នា​សហគមន៍​ដែល​ជា​សហគមន៍​រួម​គ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ច​សហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជន និង​ប្រជាជន » ។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី ស្វាគមន៍​ទៅ​នឹង​ការ​បង្កើន​ការ​ទិញ​នេះ ខណៈ​លោក​ថា​វា​នឹង​អាច​ឆ្លើយ​តប​បាន​មួយ​ចំនួន​ទៅ​នឹង​វិធានការ​យក​ពន្ធ​អង្ករ​របស់​អឺរ៉ុប តែ​ទោះ​ជា​យ៉ាង​ណា​វា​អាស្រ័យ​លើ​កម្លាំង​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក​ថា៖ « ស្រូវ​របស់​យើង​នៅ​ឆ្នាំ​២០១៨​នេះ​ ផលិត​បាន​លើស​ដល់​ទៅ​៥​លាន​កន្លះ សម្រាប់​បម្រើ​ដល់​ការ​នាំ​ចេញ និង​ប្រើប្រាស់​មួយ​ចំនួន​ក្នុង​ស្រុក។ អញ្ចឹង​យើង​មាន​លទ្ធភាព​ផលិត​លើស តែ​លទ្ធភាព​នាំ​ចេញ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ដែល​សម្រេច​ឲ្យ​គេ​ឬ​អត់ វា​អាស្រ័យ​លើ​សមត្ថភាព​Logistic របស់​យើង » ។

ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ប្រទេស​ចិន​បាន​ផ្ដល់​កូតា​នាំ​ចូល​អង្ករ​កម្ពុជា​ជាង​៣០ម៉ឺន​តោន តែ​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​នាំ​ចូល​ទៅ​ប្រទេស​ចិន​បាន​តែ​ជាង​១៧​ម៉ឺន​តោន​ប៉ុណ្ណោះ។
សហភាព​អឺរ៉ុបកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​អង្ករ​ដែល​នាំ​ចូល​ពី​កម្ពុជា និង​ភូមា ដោយចាប់​ផ្ដើម​អនុវត្តន៏​ចាប់​ពីថ្ងៃសុក្រសប្តាហ៍មុន។

ទីប្រឹក្សា​អង្គការ​កសិកម្ម​សេដាក​លោក សម វិទូ យល់ថា​ខណៈ​ដែល​អឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នោះ​ ការ​បង្កើន​កូតា​របស់​ចិន​គឺ​អាច​ជួយ​ដល់​កម្ពុជា​មួយ​កម្រិត​ផង​ដែរ តែ​អ្វី​ដែល​កម្ពុជា​ត្រូវ​ពិនិត្យ​នោះ​ថា​តើ​កម្ពុជា​អាច​នាំ​អង្ករ​បង្គ្រប់​កូតា​៤០​ម៉ឺន​តោន​នេះ​ដែរ​ឬ​ទេ។

លោក​ថា៖ « បើ​ទោះ​ជា​ចិន​ឲ្យ​ថែម​ដល់​ទៅ​៤០​ម៉ឺន​តោន​ប៉ុន្តែ សមត្ថភាព​របស់​យើង​បើ​សិន​ជា​ខ្ញុំ​អាច​ប៉ាន់​ស្មាន​គឺ​ថា ប្រហែល​ជា​អាច​នាំ​ចូល​ទៅ​ពី​២០​ទៅ​២៥​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​ទោះ​ជា​មាន​កូតា​ក៏​ដោយ។ ព្រោះ​ថា​អង្ករ​យើង​ក៏​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​របស់​ចិន​ដែរ » ។

លោក​ឲ្យ​ជា​យោបល់​ថា​រដ្ឋាភិបាល​គួរ​តែ​បញ្ចុះ​ថ្លៃ​អគ្គិសនី ពង្រីក​ប្រព័ន្ធ​ធារា​សាស្ត្រ​ឲ្យ​បាន​ទូលំទូលាយ ពង្រឹង​គុណភាព​កសិកម្ម និង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​បញ្ចុះ​ថ្លៃ​ដើម និង​បង្កើន​ការ​នាំចេញ​របស់​កម្ពុជា។

យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម ​អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ដោយ​​៧០​ក្រុម​ហ៊ុន ទៅ​កាន់​ប្រទេស​៦០​ នៅ​ទូ​ទាំង​ពិភព​លោក ក្នុង​នោះ​ប្រទេស​ចិន​ជាង​១៧​លាន​តោន ដែល​ស្មើ​នឹង​ជាង​២៧​ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៨៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment