ចិន​សន្យា​ផ្ដល់​ជំនួយ​ជិត ៦០០លាន​ដុល្លារ ដល់​របប​ក្រុង​ភ្នំពេញ​សម្រាប់​រយៈ​ពេល ៣ឆ្នាំ

2019-01-22
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) នា​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


អ្នកវិភាគ​ថា ចិនមិនមែនជាដៃគូពាណិជ្ជកម្ម​ គួរ​ឲ្យ​ទុកចិត្ត


មហាអំណាច​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​របប​លោក ហ៊ុន សែន ចំនួន ៤ពាន់​លាន​យ័ន ឬ​ស្មើ​នឹង​ជិត ៦០០លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈ​ពេល ៣ឆ្នាំ ចាប់​ពី​ឆ្នាំ២០១៩ ដល់ ២០២១ ខាង​មុខ។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន អះអាង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (Xi Jinping) បាន​ថ្លែង​ថា ចិន​នឹង​បន្ត​នាំ​ចូល​អង្គរ​ពី​កម្ពុជា​ឱ្យ​បាន ៤០ម៉ឺន​តោន​ក្នុង​ឆ្នាំ២០១៩ នេះ។ លោក​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើន​ឡើង​ដល់ ១០ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២៣ ខាង​មុខ ខណៈ​កាល​ពី​ឆ្នាំ២០១៧ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ មាន​ប្រមាណ ៦ពាន់​លាន​ដុល្លារ​អាមេរិក។ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​អះអាង​ថា នឹង​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ចិន​ទៅ​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ។

ចិន​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​នៅ​ឆ្នាំ២០១៨ កន្លង​ទៅ ទំហំ​ទុន​វិនិយោគ​សរុប​របស់​ចិន​មាន​ប្រមាណ ៣ពាន់ ៦រយ​លាន​ដុល្លារ ឬ​ស្មើ​នឹង ៥៣ភាគ​រយ នៃ​ទំហំ​វិនិយោគ​សរុប ៦ពាន់ ៨រយ​លាន​ដុល្លារ។

ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ចិន​មាន​ចំនួន​កាន់​តែ​ច្រើន បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន ក៏​បាន​កើន​ឡើង​ខ្លាំង​ផង​ដែរ។ គិត​ត្រឹម​ចុង​ឆ្នាំ២០១៨ កម្ពុជា​ជំពាក់​បំណុល​ចិន​ជាង ៤ពាន់​លាន​ដុល្លារ ក្នុង​ចំណោម​បំណុល​បរទេស​សរុប​ជាង ៩ពាន់​លាន​ដុល្លារ។ ស្ថាប័ន​អន្តរជាតិ និង​អ្នក​តាម​ដាន​សង្គម​ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន តាម​រយៈ​ជំនួយ និង​កម្ចី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង ហើយ​និន្នាការ​បែប​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ឯករាជ​ភាព​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​បាន​ដោយ​ខ្លួន​ឯង​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles