ភរិយា​អតីតមន្រ្តី​ CNRP និងសហជីពខេត្តព្រះសីហនុ ​ហៅការចាប់ខ្លួនសាច់ញាតិនិងមន្រ្តី​ខ្លួន​ជារឿង​អយុត្តិ​ធម៌


|
https://www.vodhotnews.com

អតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

ភរិយាអតីតចៅសង្កាត់រងគណបក្សសង្រ្គោះជាតិ និងមន្ត្រីសហភាពការងារកម្ពុជា អំពាវនាវបន្ថែមទៀតឱ្យអាជ្ញាធរខេត្តព្រះសីហនុដោះលែងស្វាមី និងមន្រ្តី​ខ្លួន​ ឱ្យមានសេរីភាពឡើងវិញ ដោយពួកគេថាការចាប់ខ្លួនអ្នកពីរជារឿងអយុត្តិធម៌។

ភរិយាអតីតចៅសង្កាត់រងទី១សង្កាត់ ១ ក្រុងព្រះសីហនុ អ្នកស្រី សំ សារ៉ាត់ បញ្ជាក់ថា អាជ្ញាធរនៅមិនទាន់បញ្ចប់ការសាកសួរប្តីអ្នកស្រីនិងមន្ត្រីសហជីពម្នាក់នៅឡើយ ខណៈពួកគេកំពុងជាប់ឃុំនៅស្នងការនគរបាលខេត្ត​​។ អ្នកស្រី​ថា ការចាប់ខ្លួនប្តីអ្នកស្រីជារឿងអយុត្តិធម៌ ដោយអះអាងថាស្វាមីគាត់មិនបាន​រារាំង ឬញុះញង់ពលរដ្ឋឲ្យ​រារាំងអាជ្ញាធរមិនឲ្យធ្វើការងារ​ដូចការចោទប្រកាន់ឡើយ។

អ្នកស្រីបន្ថែមថា៖ «វាអត់ដឹងថាត្រូវថ្លែងយ៉ាងណា បើសង្គមចេញមកវាបែបនេះហើយបងមិនដឹងថាបែបណា។ ​វាអយុត្តិធម៌ៗ ដោយមិនអាចថ្លែងហ្មង់។ បើសិនជាមានទោសចាប់ប្តីបងក្នុងលក្ខណៈគាត់បានទៅកាប់គាត់ទៅបំផុសបំផុស ប្រជាពលរដ្ឋឬនាំប្រជាពលរដ្ឋ មកស្រែកជយ្ឃោសន៍ ឬក៏ធ្វើអី ដាក់ដបសាំង ឬធ្វើអីនាំអី បងក៏អត់មានបញ្ហាដែលក្នុងការទទួល។ តែនេះ អត់អាលីងសោះហ្មង់។ អត់បាននៅក្នុងការកើតហេតុ គ្រាន់តែជិះម៉ូតូមក ហើយលើកដៃជម្រាបសួរគេ ហើយគេមកចាប់អីចឹង វាអយុត្តិធម៌ជ្រុលពេក។ វាហួសហេតុពេក»។  

កាលពីថ្ងៃម្សិលមិញ ​ មន្ត្រីសហភាពការងារកម្ពុជានៅខេត្តព្រះសីហនុ ១រូប គឺលោក ទេព សុផា និងអតីតចៅសង្កាត់រងសង្កាត់១ ​មក​ពី​គណបក្សសង្គ្រោះជាតិ លោក ឆាយ រដ្ឋ ត្រូវបានសមត្ថកិច្ច​ខេត្ត​នេះ ចាប់ខ្លួន​ ដោយអាជ្ញាធរចោទថាបានញុះញង់ និងរារាំងការអនុវត្តច្បាប់របស់មន្ត្រីរាជការ។  

មន្រ្តីសម្របសម្រួល​សហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា ថាមកទល់ពេលនេះ ខាងលោកនិងគ្រួសារចៅសង្កាត់រង មិនទាន់ដឹងខាងណាអ្នកបញ្ជាឱ្យចាប់ខ្លួនអ្នកទាំងពីរនៅឡើយ ដោយស្ថាប័នពាក់ព័ន្ធបានរុញបញ្ហានេះដាក់គ្នាទៅវិញទៅមក។ លោកអះអាងថា ការចាប់ខ្លួនមន្ត្រីរបស់លោក និងអតីតមន្ត្រីបក្សប្រឆាំង ជាការគំរាមកំហែងដល់ពលរដ្ឋដទៃនិងអយុតិ្តធម៌ ហើយលោកថាការចាប់ខ្លួននេះមិនអាចបញ្ចប់ជម្លោះដីធ្លីនៅតំបន់នោះបានទេ។  

លោកបន្ថែមថា៖ «វាមិនអាចទេ ព្រោះរឿងហ្នឹងវាមិនមែនជារឿងរបស់គាត់ពីរនាក់ ហើយរឿងហ្នឹងវាមិនមែនជារឿងរបស់បុគ្គលដែរ ព្រោះអីរឿងចាប់ខ្លួននេះជារឿងដោយឡែក រឿងដីជារឿងដោយឡែក។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីបញ្ហាហ្នឹង គឺគាត់នៅជជែកដើម្បីស្វែងរកដំណោះស្រាយ»។  

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋទាំង ២នាក់នោះ ដោយសារពួកគេប្រព្រឹត្តរឿងខុសច្បាប់ គឺបង្ករការរំខានដល់ការងាររបស់អាជ្ញាធរ។ 

លោកបន្ថែម៖ « ខ្ញុំគ្រាន់តែជម្រាបលោកជារួមថា ជាគោលការណ៍រួមកាល​ណាតែគាត់ធ្វើខុសច្បាប់ អាជ្ញាធរគេចាប់ហើយ គ្រាន់តែថា ចាប់អ្នកណា ទុកអ្នកណានោះ ជាសិទ្ធិរបស់តុលាការ»។ 

មកទល់រសៀលថ្ងៃនេះ អ្នកទាំងពីរបន្តឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅឡើយ។  

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏បានលើកឡើងថាការចាប់ខ្លួនអតីតមន្ត្រីបក្សប្រឆាំង និងមន្ត្រីសហជីព គឺមិនអាចបញ្ចប់ជម្លោះដីធ្លីនៅតំបន់នោះបានទេ ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយបញ្ហានេះជូនពលរដ្ឋនោះ។

អ្នកស្រី បន្ថែមថា៖ «វាត្រូវតែមានដំណោះស្រាយហើយក្មួយ ដោយសារពលរដ្ឋភាគច្រើនកាលមុនហ្នឹងគាត់ជួលផ្ទះគេនៅ ហើយដល់ឥលូវហ្នឹងផ្ទះនៅកំពង់សោម គឺមានតម្លៃខ្ពស់ គឺមិនមែន មួយខែ៤ម៉ឺន៥ម៉ឺនដូចមុនទេ។ គឺ៥០ដុល្លារឡើង ហើយពួកគាត់ខ្លះ ធ្វើការកម្មករគេ រកម្នាក់ពីរនាក់ មកចិញ្ចឹមមាត់៤ឬ ៥នាក់នៅក្នុងផ្ទះហ្នឹង»។  

អ្នកភូមិអះអាងថា ដីជាង ៩ហិកតា ត្រូវរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលចេញពីតំបន់ការពារជូនពលរដ្ឋ ប៉ុន្តែពលរដ្ឋថា​អាជ្ញាធរវាស់ចែកឲ្យតែពាក់កណ្តាល ហើយនៅសល់ប្រមាណ៥ហិកតា ដែលមានពលរដ្ឋទាមទារ២០០គ្រួសារទៀត អាជ្ញាធរមិនព្រមផ្តល់ជូនពួកគាត់ឡើយ។ 

ពលរដ្ឋម្នាក់ដែលរត់ចេញពីការតាមចាប់របស់អាជ្ញាធរកាលពីថ្ងៃម្សិលមិញថា ពួកគាត់នៅតែបន្តទាមទារដីតំបន់នោះដោយសន្តិវិធីដដែល ទោះបីមានការចាប់ខ្លួនទៀតក៏ដោយ ​ដោយថាពួកគាត់គ្មានជម្រើសអ្វីផ្សេងទេ ក្រៅពីសុំឱ្យអាជ្ញាធរផ្តល់ដីតំបន់ជូនពលរដ្ឋ ២០០គ្រួសារសម្រាប់រស់នៅប៉ុណ្ណោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment